សារីបុត្តសូត្រ (​បុគ្គល ៨ ពួកប្រព្រឹត្ត ប្រឹងប្រែង ​ខ្វល់ខ្វាយ​ ព្យាយាម ដើម្បីលាភសក្ការៈ - Monk Cambodia

សារីបុត្តសូត្រ (​បុគ្គល ៨ ពួកប្រព្រឹត្ត ប្រឹងប្រែង ​ខ្វល់ខ្វាយ​ ព្យាយាម ដើម្បីលាភសក្ការៈ

Share This

 #សិក្សាបិដក៤៨/ទំព័រ ៣២៧

[៨៤] សារីបុត្តសូត្រ (​បុគ្គល ៨ ពួកប្រព្រឹត្ត ប្រឹងប្រែង ​ខ្វល់ខ្វាយ​ ព្យាយាម ដើម្បីលាភសក្ការៈ)​

ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ដ៏មានអាយុ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តដ៏មានអាយុថា បពិត្រលោកដ៏មានអាយុ។ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចាដូច្នេះថា “ម្នាលលោកដ៏មានអាយុទាំងឡាយ បុគ្គល ៨ ពួកនេះ មានពាសក្នុងលោក”។ ៨ ពួក តើដូចម្ដេចខ្លះ?

១. ពួកព្យាយាម តែឥតលាភ ហើយខូចចិត្ត៖ ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះប្រឹងប្រែងខ្វល់ខ្វាយ ព្យាយាមដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះក៏ ក្រៀមក្រំ លំបាក ខ្សឹបខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវសេចក្ដីវង្វេង ព្រោះតែឥតលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ តែជាអ្នកឥតលាភផង ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួលផង ឃ្លាតចាកព្រះសទ្ធម្មផង។

២. ពួកព្យាយាម ហើយបានលាភ ក៏ស្រវឹង (ងេងងោង)៖ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង ភិក្ខុនោះក៏ ស្រវឹង ងេងងោង ដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ងេងងោងផង ឃ្លាតចាកព្រះសទ្ធម្មផង។

៣. ពួកមិនព្យាយាម ឥតលាភ ហើយខូចចិត្ត៖ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះក៏ក្រៀមក្រំ លំបាក ខ្សឹបខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវសេចក្ដីវង្វេង ព្រោះតែឥតលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ ជាអ្នកឥតលាភផង ក៏ក្រៀមក្រំផង ខ្សឹបខ្សួលផង ឃ្លាតចាកព្រះសទ្ធម្មផង។

៤. ពួកមិនព្យាយាម តែបានលាភ ក៏ស្រវឹង (ងេងងោង)៖ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ (កាល) ភិក្ខុនោះមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះក៏ស្រវឹង ងេងងោង ដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ងេងងោងផង ឃ្លាតចាកព្រះសទ្ធម្មផង។

៥. ពួកព្យាយាម តែឥតលាភ ហើយចិត្តនឹងធឹង៖ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះក៏មិនក្រៀមក្រំ មិនលំបាក មិនខ្សឹបខ្សួល មិនគក់ទ្រូងយំកន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះតែឥតលាភនោះទេ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ (តែ) ជាអ្នកឥតលាភផង មិនក្រៀមក្រំផង មិនខ្សឹបខ្សួលផង មិនឃ្លាតចាកព្រះសទ្ធម្មផង។ 

៦. ពួកព្យាយាម បានលាភ តែមិនស្រវឹង៖ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង តែភិក្ខុនោះមិនស្រវឹង មិនងេងងោង មិនដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះទេ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ជាអ្នកមិនស្រវឹងផង មិនងេងងោងផង មិនឃ្លាតចាកព្រះសទ្ធម្មផង។

៧. ពួកមិនព្យាយាម ហើយឥតលាភ តែចិត្តនឹងធឹង៖ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ កាលភិក្ខុនោះមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើងដែរ ភិក្ខុនោះក៏មិនក្រៀមក្រំ មិនលំបាក មិនខ្សឹបខ្សួល មិនគក់ទ្រូងយំកន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះតែឥតលាភនោះឡើយ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមិនមានលាភផង ក៏មិនក្រៀមក្រំផង មិនខ្សឹបខ្សួលផង មិនឃ្លាតចាកព្រះសទ្ធម្មផង។

៨. ពួកមិនព្យាយាម បានលាភ តែមិនស្រវឹង៖ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នាដើម្បីលាភកើតឡើង ភិក្ខុនោះមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង ភិក្ខុនោះមិនស្រវឹង មិនងេងងោង មិនដល់នូវសេចក្ដីប្រមាទ ព្រោះតែលាភនោះ ម្នាលលោកដ៏មានអាយុទាំងឡាយ ភិក្ខុនេះហៅថា អ្នកមានសេចក្ដីប្រាថ្នាដើម្បីលាភ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកលាភផង មិនស្រវឹង មិនងេងងោង មិនឃ្លាតចាកព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ បុគ្គលទាំង ៨ ពួកនេះ មានពាសក្នុងលោក ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter