🍃ធម្មដ្ឋវគ្គ
បុគ្គលកាត់សេចក្តីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថាជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាត់សេចក្តីទាំងពីរ គឺសេចក្តីពិត និងសេចក្តីមិនពិត ណែនាំជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ (ដល់ទោស) បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌ ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្តីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្តាប់ពុទ្ធវចនៈ សូម្បីមានប្រមាណតិច ហើយឃើញធម៌ដោយនាមកាយ គឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌ បុគ្គលនោះឯង ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ។
បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថាជាថេរៈ ដោយហេតុនោះមិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថាចាស់ជាមោឃៈ ។ លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការទូន្មានខ្លួនផង មានក្នុងបុគ្គលណា បុគ្គលនោះឯង ជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ ។
បុគ្គលមានសេចក្តីឫស្យា មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យ (ល្អ) ឬដោយភាពជាអ្នកមានសម្បុរជាទីគាប់ចិត្ត ក៏មិនទាន់បានទេ ។ លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ បុគ្គលណា បានផ្តាច់ផ្តិលដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះជាអ្នកមានទោស ខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថាជាមនុស្សល្អបាន ។
បុគ្គល មិនបានឈ្មោះថាជាសមណៈ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិនមានសីលវ័ត និងធុតង្គវត្ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្តីប្រាថ្នា និងលោភៈ ឈ្មោះថាជាសមណៈដូចម្តេចបាន ។ លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបហៅថា សមណៈ ព្រោះបាបទាំងឡាយ ដែលបុគ្គលនោះរម្ងាប់បានហើយ ។
បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះ មិនទាន់បានទេ ។ លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យ និងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តិដ៏ប្រសើរ ត្រាច់ទៅក្នុងលោក ដោយសេចក្តីចេះដឹង បុគ្គលនោះឯង ទើបហៅថាជាភិក្ខុ ។
បុគ្គលមានសេចក្តីវង្វេង ជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ ដូចបុគ្គលកាន់ជញ្ជឹង ហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះហៅថា មុនី ដោយហេតុនោះ ។
បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថាជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង ។
ម្នាលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីល និងវត្ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណ មានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ ។
ចប់ ធម្មដ្ឋវគ្គ ទី១៩ ។
ធម្មបទគាថា (ព្រះត្រៃបិដក លេខ ៥២)
……………………………….……………………….
🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ



























No comments:
Post a Comment