🍃ឧទកូបមាសូត្រ ទី៥
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រៀបដូចអ្នកមុជទឹក ក្នុងលោកនេះ មាន ៧ ពួក ។ ៧ ពួក តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមុជទៅហើយ ក៏មុជបាត់ទៅតែម្តង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយមុជចុះទៅវិញ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយឈរ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយក្រឡេក រមិលមើល ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយហែលឆ្លងទៅ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយបានដល់ នូវទីពឹង ហើយឈរនៅ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ជាញ្រហ្មណ៍ ក្នុងលោកនេះ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយ ហើយឈរនៅលើគោក ១ ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា អ្នកមុជហើយ ក៏មុជបាត់ទៅតែម្តង តើដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយអកុសលធម៌ខ្មៅសុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមុជទៅហើយ ក៏មុជបាត់ទៅតែម្តង យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងើបធ្ងោល ហើយមុជទៅវិញ តើដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ រមែងងើបធ្ងោល ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ សទ្ធារបស់បុគ្គលនោះ មិនតាំងនៅ មិនចម្រើនឡើង រមែងសាបសូន្យទៅវិញ ។ ហិរិរបស់បុគ្គលនោះ ឱត្តប្បៈ របស់បុគ្គលនោះ វីរិយៈរបស់បុគ្គលនោះ បញ្ញារបស់បុគ្គលនោះ រមែងមិនតាំងនៅ មិនចម្រើនឡើង មានតែសាបសូន្យទៅវិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយមុជទៅវិញ យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឈរ តើដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុត ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ សទ្ធារបស់បុគ្គលនោះ ក៏មិនសាបសូន្យទៅ មិនចម្រើនឡើង រមែងតាំងនៅដដែល ។ ហិរិរបស់បុគ្គលនោះ ឱត្តប្បៈ របស់បុគ្គលនោះ វីរិយៈរបស់បុគ្គលនោះ បញ្ញារបស់បុគ្គលនោះ រមែងមិនសាបសូន្យទៅ មិនចម្រើនឡើង រមែងតាំងនៅដដែល ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកងើបធ្ងោល ហើយឈរនៅ យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយក្រឡេករមិលមើល តើដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុត ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ បុគ្គលនោះ ជាសោតាបន្ន ព្រោះអស់សញ្ញោជនៈ ៣ យ៉ាង ជាអ្នកមានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិប្រព្រឹត្តទៅក្នុងខាងមុខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយក្រឡេករមិលមើល យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឆ្លងទៅ តើដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ បុគ្គលនោះ ជាសកទាគាមី ព្រោះអស់សញ្ញោជនៈ ទាំង ៣យ៉ាង ព្រោះរាគៈ ទោសៈ មោហៈ ក៏ស្រាលស្តើង រមែងមកកាន់លោកនេះ អស់វារៈតែម្តង ហើយធ្វើនូវទីបំផុត នៃទុក្ខបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឆ្លងទៅ យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយដល់នូវទីពឹង តើដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ ។ បុគ្គលនោះ ជាឱបបាតិកៈ ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាង ហើយបរិនិញ្វន ក្នុងលោកនោះ មិនបានត្រឡប់មក ចាកលោកនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយដល់នូវទីពឹង យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាញ្រហ្មណ៍ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយនាយ ហើយឈរនៅលើគោក តើដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងពួកកុសលធម៌ ជាការល្អ ។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួន ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាព្រាហ្មណ៍ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយខាងនាយ ហើយឈរនៅលើគោក យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ នេះឯង បុគ្គល ៧ ពួក ប្រៀបដូចអ្នកមុជទឹក រមែងមានប្រាកដក្នុងលោក ។
(អង្គុត្តរនិកាយ សត្តកនិបាត អដ្ឋមភាគ ភាគ ៤៧)
……………………………….……………………….
🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ



























No comments:
Post a Comment