ទានញ្ច ការឲ្យទាន.! - Monk Cambodia

ទានញ្ច ការឲ្យទាន.!

Share This

 🍃ទានញ្ច ការឲ្យទាន.!

[ អប្បមាទោ អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ ] ។ ✨ការឲ្យទាន គឺការលះបង់ ការបរិច្ចាគ ការវៀរបង់ផលប្រយោជន៍ដែលទទួលបានដោយការបៀតបៀនអ្នកដទៃ មាន ៣ យ៉ាង គឺ៖


១. ចេតនាទាន (ចាគចេតនា) មានការតាំងចិត្តឲ្យ (មកអំពីចិត្តខាងក្នុង) ដែលជាការឲ្យទានហើយ ប្រព្រឹត្ត​ទៅដើម្បីសេចក្តីមិនលោភលន់ (ធ្វើឲ្យទទួលបាននូវការឆ្អែតចិត្ត)។


២. វិរិតិទាន (អភយទាន) មានការឲ្យអំពីខាងក្នុងចិត្ត ប្រព្រឹត្តទៅដើម្បីវៀរចាកការមានទោសៈ ដូច ការឲ្យ​ដើម្បីវៀរចាកការកន្លងល្មើសសីល ៥ មានការតាំងចិត្តឲ្យការមិនបៀតបៀនអ្នកដទៃ ហើយប្រសិនបើនរណាឲ្យ​យើងថ្នាំងថ្នាក់ចិត្ត (ជាគូសត្រូវ) យើងអត់ធន់ ឲ្យនូវអភយទានបាន (មិនតបត និងចងគំនុំ) នឹងធ្វើឲ្យបាន​អានិសង្សដ៏មានកម្លាំង ។


៣. វត្ថុទាន ( ទេយ្យធម៌ ) ការឲ្យទេយ្យធម៌ដោយសទ្ធា ឬដោយមេត្តា ការឲ្យទានក្នុងខនេះ ត្រូវមានវត្ថុទានទើប​គ្រប់បរិបូណ៌ ប្រព្រឹត្តទៅដើម្បីសក្ការៈ


លក្ខណៈទានដែលកាន់យកថាជាមង្គល អង្គប្រកបសំខាន់ បានដល់ ការមានចេតនាក្នុងការឲ្យ និងការឲ្យព្រោះ​ការមិនលោភ (ជាការលះបង់ដាច់ស្រឡះ) ចំណែកវត្ថុ ទេយ្យធម៌គ្រាន់តែជាអង្គប្រកបរាយរង


» ទេយ្យធម៌ដែលគួរឲ្យ មាន ១០ ប្រការ ៖

១. អន្នំ បាយ គឺរបស់ស៊ី របស់ទំពាស៊ីផ្សេងៗ

២. បានំ ទឹកបរិភោគគ្រប់យ៉ាង

៣. វត្ថំ សំពត់គ្រប់យ៉ាង ដូចជា សំពត់ចីវរជាដើម


៤. យានំ យានពាហនៈ សម្រួលក្នុងការធ្វើដំណើរ ដូច រថ ស្បែកជើង ឆ័ត្រ ស្ពាន ជាដើម


៥. មាលា ផ្កាកម្រងគ្រប់ប្រភេទ ទាំងក្រងហើយ និងមិនបានក្រង


៦. គន្ធំ គ្រឿងក្រអូបសព្វមុខ ដូច ធូប ទៀន …


៧. វិលេបនំ គ្រឿងលាប ដើម្បីស្បែកស្អាត ( សម្រាប់មនុស្សទូទៅ ) និងបន្ធូរអាការចុករួយ ( សម្រាប់ភិក្ខុ ) ដូច រមៀត ម្សៅត្រជាក់ ( បំបាត់កន្ទួលរមាស់ ) ប្រេងល្ង ( បំបាត់ការឈឺចុកចាប់ )


៨. សេយ្យំ ទីដេកនិងទីអង្គុយ ដូច កន្ទេល គ្រែ តាំង កៅអី កម្រាល ជាដើម


៩. អាវសថំ ទីស្នាក់អាស្រ័យ ដូច ផ្ទះ សាលា គ្រឿងប្រក់បិទបាំង ជាដើម


១០. បទីបំ ប្រទីប ដូច ប្រគេនថ្លៃភ្លើង ចន្លុះ អំពូលភ្លើង ជាដើម


បានៈ គឺទឹកភេសជ្ជៈក្នុងវិន័យសម្រាប់ភិក្ខុសាមណេរ ចែកចេញជា ២ ប្រភេទ មួយប្រភេទៗ មាន ៨ យ៉ាង៖


💦ទឹកអដ្ឋបាន ទី ១ មាន ៨​ យ៉ាង៖

១. អម្ពបានំ ទឹកស្វាយ ( ខ្ចី ឬទុំ )

២. ជម្ពុបានំ ទឹកព្រីង

៣. ចោចបានំ ទឹកចេកមានគ្រាប់

៤. មោចបានំ ទឹកចេកគ្មានគ្រាប់

៥. មធុកបានំ ទឹកស្រគំ

៦. មុទ្ទិកបានំ ទឹកចន្ទន៍

៧. សាលុកបានំ ទឹកក្រឳឈូក

៨. ផារុសកបានំ ទឹកមាក់ប្រាង


ទឹកបានៈ ៨ យ៉ាងខាងលើនេះ ផឹកបានគ្រប់ពេល ( តម្បន ឧទកសម្ភិន្នំ វដ្តតិ សុទ្ធំ ន វដ្តតិ ភេសជ្ជៈទឹក​ស្រគំ​នោះ លាយជាមួយទឹកទើបគួរ ឆាន់សុទ្ធ មិនលាយទឹក រមែងមិនគួរ )


💦ទឹកអដ្ឋបាន ទី ២ មាន​ ៨ យ៉ាង៖

១. កោសម្ពបានំ ទឹកផ្លែសង្ឃ័រ

២. កោលបានំ ទឹកផ្លែពុទ្រាតូច

៣. ពទរបានំ ទឹកផ្លែពុទ្រាធំ

៤. ឃតបានំ ប្រេង ( ចម្រាញ់ចេញពីសប្បិ ទឹកដោះថ្លា )


៥. តេលបានំ ប្រេង ចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ មាន សណ្តែក ល្ងជាដើម


៦. យាគុបានំ ទឹកបបរ

៧. បយោបានំ ទឹកដោះស្រស់ ( ខីរៈ )


៨. រសបានំ ទឹករស មានរសរបស់បន្លែជាដើម ( ដែលក្រៅអំពីភេសជ្ជៈ ៧ យ៉ាងខាងដើម )


ទឹកបានៈទាំង​ ៨ យ៉ាងខាងក្រោយនេះ ផឹកបានគ្រប់ពេលក្នុង ៥ ខដំបូង ចំណែកទឹកបានៈ ខទី ៦-៨ ផឹកក្នុង​វេលាមិនហួសពីថ្ងៃត្រង់


ទានសង្គ្រោះដោយន័យម្យ៉ាងទៀត មាន ២ យ៉ាង គឺ៖


១. ការឲ្យអាមិសទាន បានដល់ ការឲ្យបច្ច័យ ៤ មានបាយទឹក និងគ្រឿងឧបករណ៍ប្រើប្រាស់ផ្សេងៗ ជាដើម


២. ការឲ្យធម្មទាន (តែមិនកាន់យកថាជាមង្គល) ការឲ្យធម៌ជាទាន ឈ្មោះថាឈ្នះការឲ្យទាំងពួង (ព្រោះជាការ​ឲ្យប្រាជ្ញាស្មារតី)


កាលយើងមានវត្ថុ មានចេតនាចង់នឹងឲ្យទាន ជួបមនុស្សដែលគួរនឹងបានទទួលនូវទាន កាលមានឱកាសហើយ​ឲ្យទាន ឈ្មោះថាជាការឲ្យទាន ព្រោះមានចេតនាលះបង់ ដោយមិនមានលោភៈជាប់ចំពាក់ មិនមានទោសៈ (ឲ្យ​អភយទាន)


🌱ការឲ្យវត្ថុទាន មានអង្គ ៣ គឺ៖

១. ទាយកោ អ្នកឲ្យទាន មានចេតនាក្នុងកាលទាំង ៣ គឺ


១. ១. កាលមុនឲ្យមានសេចក្តីជ្រះថ្លា មានចិត្តនឹងនរក្នុងខណៈដែលគិតនឹងឲ្យទាន មិនឲ្យមានអ្វីមករារាំង​ការតាំងចិត្ត


១. ២. កាលខណៈឲ្យធ្វើចិត្តជ្រះថ្លា ការធ្វើទានដែលយើងឲ្យនេះ ដើម្បីជាបច្ច័យខាងដើមនៃមគ្គផល ជាការ​លើកលំដាប់ចិត្តឲ្យខ្ពស់ឡើង ( មិនធ្វើព្រោះសេចក្តីលោភក្នុងផលរបស់ទាន ) ទានដែលយើងធ្វើជាការលះបង់​របស់ដែលឥតខ្លឹមសារ ដើម្បីវត្ថុដែលមានខ្លឹមសារ ( ជ្រះថ្លាក្នុងទាននិងផលរបស់ទាន សូម្បីព្រះពុទ្ធទ្រង់ធ្វើយ៉ាង​នេះមកហើយ ជាវត្ថុដែលបណ្ឌិតព្រមទទួល ) ជាការកប់ទ្រព្យទុកដែលជាហេតុជាប់តាមខ្លួនទៅ


១. ៣. កាលឲ្យហើយធ្វើចិត្តឲ្យរីករាយ មិនមានចិត្តកករល្អក់ ជាការបង្ខូចចេតនាដែលល្អតាមក្រោយ ធ្វើឲ្យ​ផលរបស់ទានតិច ជាការធ្វើបុណ្យមិនចូលដល់បុណ្យ ដូច ការស្តាយរបស់ដែលឲ្យហើយ


ការឲ្យទាននឹងមានអានិសង្សច្រើន ដល់បុគ្គលដែលមានចេតនាធ្វើគ្រប់កាលទាំង ៣


២. វត្ថុទាន ជាវត្ថុដែលបានមកដោយសេចក្តីបរិសុទ្ធ និងសុចរិតត្រូវតាមធម៌ ដូច មិនបានមកពីការខ្ចីបុល ការ​លួច និងកេងប្រវ័ញ្ចជាដើម ដោយចំពោះរបស់ដែលឲ្យមានចេតនាធ្វើដោយផ្ទាល់ដៃខ្លួនឯង រមែងញ៉ាំងបីតិឲ្យ​កើតឡើងក្រៃលែង


៣. បដិគ្គាហកោ អ្នកទទួលទាន ជាអ្នកបរិសុទ្ធក្នុងសីល មានសីលបរិសុទ្ធតាំងពីសីល ៥ សីល ៨ រហូតដល់​សីលរបស់ភិក្ខុសាមណេរ ការដែលមានអានិសង្សច្រើនឬតិច ស្រេចនឹងការមានសីលច្រើនឬតិច ក៏បានទទួល​ផលតាមនោះ ឈ្មោះថាទានព្រោះជាការឲ្យដល់អ្នកមានគុណ ដោយសទ្ធាឬដោយហេតុនៃគុណ ជាដើម


ការបរិច្ចាគជាការឲ្យដល់អ្នកដែលមានគុណតិចដោយចិត្តអាណិត ការបានថ្វាយទានដល់សង្ឃ កាន់យកថាមាន​អានិសង្សច្រើន


🌱ធ្វើសង្ឃទាន មានអង្គប្រកប ៣

១. មានចេតនា ( ពោលទុករួចហើយ )


២. មានវត្ថុ បានដល់ ទេយ្យធម៌សម្រាប់ភិក្ខុ ( ចំណែកសម្រាប់ឃរាវាសមានច្រើនជាងសម្រាប់ភិក្ខុ ) ដែលជា​របស់មានប្រយោជន៍ និងមិនខុសចាកផ្លូវធម៌ និងផ្លូវលោក


៣. មានអ្នកទទួល គឺសង្ឃ បែងចែកលក្ខណៈរបស់សង្ឃមាន ២ ប្រភេទ គឺ៖


១. សង្ឃធ្វើសង្ឃកម្ម បានដល់


១. ១. មានភិក្ខុចាប់ពី ៤ រូបឡើងទៅ ដូច ការធ្វើឧបោសថ


១. ២. មានភិក្ខុចាប់ពី ៥ រូបឡើងទៅ ដូច ការបំបួសកុលបុត្រក្នុងបច្ចន្តជនបទ


១. ៣. មានភិក្ខុចាប់ពី ៩ រូបឡើងទៅ ក្នុងមជ្ឈិមប្រទេស ដូច ការបំបួសក្នុងមជ្ឈិមជនបទ


១. ៤. មានភិក្ខុ ២១ រូបឡើងទៅ ទាក់ទងនឹងការធ្វើបរិវាសកម្ម ដើម្បីឲ្យភិក្ខុដែលមានទោស បានចេញ​ចាកទោស


២. សង្ឃដទៃៗ បានដល់


២. ១. ភិក្ខុមួយរូប ក៏ហៅថាសង្ឃបាន


២. ២. ព្រះអរិយៈ សូម្បីត្រឹមតែ ១ រូប ក៏ហៅថាសង្ឃ


២. ៣. សម្មតិសង្ឃ ដូច ភិក្ខុដែលនៅមិនទាន់សម្រេចអរិយមគ្គ ( ក្រុមភិក្ខុបញ្ចវគ្គិយ លើកលែងព្រះអញ្ញា-កោណ្ឌញ្ញ ) អ្នកដែលបួសថ្មីសម្រេចជាភិក្ខុដោយការសូត្រកម្មវាចា


២. ៤. ភិក្ខុ សាមណេរ ឬសហធម្មិក ( អ្នកប្រព្រឹត្តរួមគ្នា បានដល់ ភិក្ខុ សាមណេរ ភិក្ខុនី សិក្ខមានា និង​សាមណេរី ) បានទទួលសម្មតិជាអ្នកតំណាងសង្ឃ សូម្បីមួយរូបក៏ហៅថាសង្ឃ ដូច មានអ្នកថ្វាយសង្ឃទាន តែ​សង្ឃឲ្យលោកមកតំណាង មកទទួលសង្ឃទាន កាន់យកថាជាសម្មតិសង្ឃ សូម្បីលោកជាព្រះអរិយៈក៏ដោយ ព្រោះសង្ឃជាអ្នកតែងតាំង ( សម្មតិ ) ឲ្យមកតំណាង


🍃រឿងព្រាហ្មណ៍ថ្វាយសង្ឃទាន

មានរឿងតំណាលក្នុងកាលមុនមកថា មានព្រាហ្មណ៍ម្នាក់ប្រាថ្នាថ្វាយសង្ឃទាន បានទៅនិមន្តភិក្ខុក្នុងវត្តមកទទួល​សង្ឃទាននៅផ្ទះរបស់គាត់ តែភិក្ខុសង្ឃលោកជាប់កិច្ចរវល់ទាំងអស់អង្គ ទើបបញ្ជូនសាមណេរមួយអង្គ មកជំនួស​ ថ្ងៃក្រោយមក គាត់បានមកទូលសួរព្រះសាស្តាក្នុងរឿងនេះថា ការដែលសាមណេរទៅទទួលវត្ថុសម្រាប់ធ្វើសង្ឃ-ទាននេះ មានអានិសង្សដល់អ្នកប្រគេនដូចម្តេច ទ្រង់ត្រាស់ថា អានិសង្សដូចគ្នានឹងភិក្ខុសង្ឃបានទៅទទួលដែរ ព្រោះសាមណេរទៅក្នុងនាមរបស់សង្ឃ


អានិសង្សរបស់ទាន ដោយប្រភេទនៃបដិគ្គាហកៈ ( អ្នកទទួល ) ព្រះពុទ្ធត្រាស់ទុកក្នុងនវកនិបាតសូត្រ អង្គុត្តរ-និកាយ ដូច្នេះ ព្រាហ្មណ៍ណាបានឲ្យអាហារផ្សេងៗ ដល់លោកិយមហាជន អស់វេលា ៧ ឆ្នាំ ៧ ខែ ក្នុងថ្ងៃចុង​ក្រោយបានឲ្យគ្រឿងអលង្ការមានតម្លៃថ្លៃ ឈ្មោះថាមហាទាន


ការឲ្យទានដល់ព្រះសោតាបន្នមួយរូប មានផលច្រើនជាងមហាទាន ដែលព្រាហ្មណ៍បានធ្វើហើយនោះទៅទៀត ឲ្យបាយដល់ព្រះសកទាគាមីមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះសោតាបន្នទាំងឡាយ ១០០ ដង ឲ្យ​បាយដល់ព្រះអនាគាមីមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះសកទាគាមីទាំងឡាយ ១០០ ដង ឲ្យបាយ​ដល់ព្រះអរហន្តមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះអនាគាមីទាំងឡាយ ១០០ ដង ឲ្យបាយដល់ព្រះ​បច្ចេកពុទ្ធ មានផលច្រើនជាងឲ្យបាយដល់ព្រះអរហន្តទាំងឡាយ ១០០ ដង ថ្វាយបាយដល់ព្រះសម្មាសម្ពុទ្ធមាន​ផលច្រើនជាងឲ្យបាយដល់ព្រះបច្ចេកពុទ្ធទាំងឡាយ ១០០ ដង ប្រគេនបាយដល់សង្ឃមានព្រះពុទ្ធជាប្រធាន​មានផលច្រើនជាងថ្វាយបាយដល់ព្រះសម្មាសម្ពុទ្ធ ថ្វាយវិហារដល់សង្ឃមកអំពីទិសទាំង ៤ មានផលច្រើនជាង​ប្រគេនបាយដល់សង្ឃមានព្រះពុទ្ធជាប្រធាន ( ក្រៅអំពីនេះ ព្រះពុទ្ធបានត្រាស់ទានទុកក្នុងសូត្រដទៃៗ ទៀត )


ការឲ្យទាននឹងមានអានិសង្សច្រើន គឺកុំចំពោះតែភិក្ខុ ព្រោះជាបាដិបុគ្គលិកទាន ( ចំពោះបុគ្គល ) ទើបធ្វើឲ្យបាន​អានិសង្សតិចជាងធ្វើចំពោះសង្ឃ


ទានឈ្មោះថាជាមង្គល ព្រោះជាហេតុនៃការសម្រេចផលក្នុងទិដ្ឋធម៌ ( បច្ចុប្បន្នភព ) និងសម្បរាយភព ( បរលោក ) មានឋានៈ កិត្តិយស កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិស្តុកស្តម្ភ ជាទីស្រឡាញ់របស់ជនទាំងឡាយ ជាដើម


រឿងសេដ្ឋីមិនមានបុត្រ ( អបុត្តកសេដ្ឋី )


អបុត្តកសេដ្ឋីបានប្រើគេឲ្យប្រគេនអាហារបិណ្ឌបាតដល់ព្រះតគរសិខីបច្ចេកពុទ្ធ ( កូនរបស់នាងបទុមវតី ) ដោយ​ផលកម្មល្អនេះ ធ្វើឲ្យអបុត្តកសេដ្ឋីបានកើតក្នុងឋានសួគ៌ ៧ ដង កើតជាសេដ្ឋីក្នុងក្រុងសាវត្ថី ៧ ដង


🌱ផលរបស់ទាន

ផល ( អានិសង្ស វិបាក ) របស់ទាន មាន ៥ គឺ៖

១. ពហុនោ ជនស្ស បិយោ ហោតិ មនាបោ អ្នកឲ្យទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តដល់ជនច្រើន


២. សន្តោ សប្បុរិសោ ភជន្តិ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក


៣. កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ មានកិត្តិស័ព្ទដ៏ពីរោះខ្ចរខ្ចាយទៅ


៤. គិហិធម្មោ អនបគតោ ហោតិ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ( គឺមិនប្រាសចាកសីល ៥ )


ឬម្យ៉ាងទៀត យញ្ញទេវ បរិសំ អមង្កុភូតោ មិនជាទីស្អប់ខ្ពើមរបស់មនុស្សក្នុងសង្គម


៥. កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែង​កើតក្នុងសុគតិ សួគ៌ ទេវលោក


( អង្គុត្តរនិកាយ បពា្ចកនិបាត )


🍁ទោសនៃការមិនស្គាល់ការឲ្យទាន

កាលមិនដែលស្គាល់ការឲ្យ មានតែការទទួលតែម្យ៉ាង រមែងមិនមាននរណាចង់គប់រក សមាគមជាមួយ លុះលះ​លោកនេះទៅហើយ តែងកើតក្នុងភពថ្មីមានឋានៈ និងការរស់នៅតូចទាប លំបាក ក្រខ្សត់ ដូច កើតជាស្មូម​យាចក ជាដើម ហេតុនោះ បើចង់ជាអ្នកមានទ្រព្យ ទើបត្រូវតែស្គាល់ការឲ្យទាន។


អត្ថបទ៖ សិក្សាព្រះធម៌


……………………………….……………………….

🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter