ព្រះពុទ្ធបរមគ្រូសម្តែងធម្មចក្កប្បវត្តនសូត្រ.! - Monk Cambodia

ព្រះពុទ្ធបរមគ្រូសម្តែងធម្មចក្កប្បវត្តនសូត្រ.!

Share This

 🙏🌸ព្រះពុទ្ធបរមគ្រូសម្តែងធម្មចក្កប្បវត្តនសូត្រ.!

ក៏ជាថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់ស្ថាបនាព្រះសង្ឃ។ 

(១៥កើត ខែអាសាធ) គឺជាថ្ងៃប្រវត្តិសាស្រ្តក្នុងព្រះពុទ្ធសាសនា ជាថ្ងៃកំណើតព្រះធម៌ និងជាថ្ងៃកំណើតព្រះសង្ឃ ។ ថ្ងៃដែលព្រះពុទ្ធបរមគ្រូសម្តែងធម្មចក្កប្បវត្តនសូត្រ ។ ថ្ងៃ សៅរិ៍ ១៥​កើត ខែ អាសាឍ ឆ្នាំ វក ៥៨៩ មុន គ.ស. ជិត២ខែក្រោយពេលត្រាស់ដឹង ព្រះអង្គបានសម្តែង​ព្រះ​ធម៌ជាលើកដំបូង ក៏ជាថ្ងៃដែលព្រះ​សម្មាសម្ពុទ្ធ​ស្ថាបនា​សង្ឃ។ ព្រះ​អញ្ញាកោណ្ឌញ្ញៈ ជាភិក្ខុសង្ឃដំបូង​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។

……………………………….……………………….


🍃ធម្មចក្កប្បវត្តនសូត្រ ទី១

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​គង់នៅ ក្នុង​ឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះ​ដ៏មានព្រះ​ភាគ ទ្រង់​ត្រាស់​ចំពោះបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង ២ ប្រការនេះ បព្វជិត មិនគួរសេពគប់ឡើយ។ ធម៌អមខាង ២ ប្រការ គឺអ្វីខ្លះ។ ការ​ប្រកប​រឿយ​ៗ​ នូវសេច​ក្ដី​ជាប់​ជំពាក់ ដោយ​កាម​សុខ​ ក្នុង​កាម​ទាំង​​​ឡាយ​ ដែលជាធម៌ ថោកទាប​ ជារបស់​អ្នកស្រុក​ ជារបស់​បុថុជ្ជន មិន​មែន​ជារបស់​អរិយបុគ្គល មិនប្រកបដោយ​ប្រយោជន៍ ១ ការ​ប្រកប​រឿយៗ​ នូវ​សេចក្ដីព្យាយាមធ្វើ​ខ្លួនឯង​ឲ្យ​លំបាក ដែល​នាំ​មក​នូវ​សេចក្ដីទុក្ខ មិនមែន​ជារបស់​អរិយបុគ្គល មិន​ប្រកប​ដោយប្រយោជន៍​ ១។ 


ម្នាលភិក្ខុទាំង​ឡាយ មជ្ឈិមាបដិបទា មិនប៉ះពាល់នូវធម៌​អម​ខាង​ ទាំង ២ នុ៎ះ តថាគត​​​​​ បា​ន​ត្រាស់​ដឹង​ហើយ ជាសេចក្ដី​ប្រតិបត្តិ​ ធ្វើឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​ស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់​ ដើម្បី​ត្រាស់​ដឹង ដើម្បីនិព្វាន​។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ​ តើ​ដូចម្ដេច ដែលតថាគត​ត្រាស់​ដឹង​ហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដីចេះដឹង ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​ស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់​ ដើម្បី​ត្រាស់​ដឹង ដើម្បីនិព្វាន។ (មជ្ឈិមាបដិបទា) គឺ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ប្រការនេះឯង។ អរិយមគ្គ ៨ ប្រការ គឺអ្វីខ្លះ។ គឺសេចក្ដីយល់​ត្រូវ ១ សេចក្ដីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹម​ជីវិតត្រូវ ១ សេចក្ដីព្យាយាមត្រូវ ១ សេចក្ដីរឭកត្រូវ ១ ការធ្វើចិត្តឲ្យនឹងត្រូវ​ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មជ្ឈិមាបដិបទា ដែល​តថាគតត្រាស់ដឹង​ហើយ ជាសេចក្ដីប្រតិបត្តិ ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដីចេះដឹង ប្រព្រឹត្តទៅ​ ដើម្បី​​ស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់​ ដើម្បី​ត្រាស់​ដឹង ដើម្បីនិព្វាន។


[៣៦៦] ម្នាលភិក្ខុទាំងឡាយ ក៏សេចក្ដីទុក្ខនេះឯង ហៅថា អរិយសច្ច គឺជាតិ ជា​ទុក្ខ ១ ជរាជាទុក្ខ ១ ព្យាធិជាទុក្ខ ១ មរណៈជាទុក្ខ ១ ដំណើរជួបប្រសព្វ​ ដោយ​សត្វ ​និង​សង្ខារ​ មិនជាទីស្រឡាញ់​ទាំងឡាយ ជាទុក្ខ ១ ដំណើរព្រាត់​ប្រាស​ចាក​សត្វ​ និង​សង្ខារ ជាទីស្រឡាញ់​ទាំងឡាយ​ ជាទុក្ខ ១ ​បុគ្គល​ប្រាថ្នារបស់​ណា មិន​បាន​របស់​នោះ ​ជាទុក្ខ ១ បើពោល​ដោយ​សង្ខេប ឧបាទានក្ខន្ធ ទាំង​ ៥ ប្រការ ឈ្មោះ​ថា ជាទុក្ខ។ ម្នាលភិក្ខុ​ទាំង​ឡាយ ហេតុ​ជាទីកើត​ឡើង ​នៃទុក្ខ​នេះ ហៅថា អរិយសច្ច។ គឺតណ្ហានេះឯង ជាធម្ម​ជាតិ នាំសត្វឲ្យ​កើត​ទៀត ប្រកប​ដោយសេចក្ដីរីករាយ​ និង​ត្រេកត្រអាល ជាធម្ម​ជា​តិ​ នាំសត្វឲ្យ ត្រេក​ត្រអាល ក្នុង​ភព​នោះៗ។ តណ្ហា គឺអ្វីខ្លះ។ គឺកាម​តណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាល​ភិក្ខុទាំងឡាយ សេចក្ដី​រលត់​នៃ​ទុក្ខ​នេះ​ ហៅថា អរិយសច្ច។​ គឺសភាវៈ​នឿយ​ណាយ និង​ការរលត់​ ដោយ​មិន​មានសេស​សល់ ជា​សភាវៈលះបង់​ គ្រវែង​ចោល ជម្រុះ​ចោល មិន​មាន​អាល័យ ចំពោះ​តណ្ហានោះ។ ម្នាល​ភិក្ខុទាំងឡាយ បដិបទា ជាដំណើរ​ទៅកាន់​ទីរំលត់​ទុក្ខ​នេះ ហៅថា​ អរិយសច្ច។​ គឺអរិយ​មគ្គ ប្រកបដោយ​អង្គ ៨ ប្រការ​នេះឯង។ អរិយមគ្គ គឺអ្វីខ្លះ។ គឺ​សេចក្ដីយល់​ត្រូវ ១​។បេ។ ការដំកល់​ចិត្តត្រូវ ១។


[៣៦៧] ម្នាលភិក្ខុទាំងឡាយ​ ចក្ខុកើតឡើងហើយ ញាណកើត​ឡើង​ហើយ បញ្ញា​កើត​ឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់​តថាគត ក្នុងធម៌​ទាំង​ឡាយ ដែលតថាគត មិនដែល​បានឮ ក្នុង​កាលមុនថា ទុក្ខនេះ ហៅថា អរិយសច្ច ដូច្នេះ​ឡើយ​​។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើង​ហើយ ​ដល់​តថាគត​ថា ទុក្ខនោះ ហៅថា អរិយសច្ច ដែលតថាគត គប្បីកំណត់ដឹង។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ ​ដែលតថាគត​ មិន​ដែល​បាន​ឮ ក្នុង​កាល​មុន​ថា ទុក្ខ​នេះ​ហៅ​ថា អរិយ​សច្ច ដែល​តថាគត បាន​កំណត់​ដឹង​ហើយ។


[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ ប្រាជ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំង​ឡាយ ​​ដែលតថាគត​ មិន​ដែល​បាន​ឮ ក្នុង​កាល​មុន​ថា ហេតុជាទីកើតឡើង ​នៃ​ទុក្ខ​នេះ ហៅ​ថា អរិយ​សច្ច ដូច្នេះ​ឡើយ។  ម្នាល​ភិក្ខុទាំងឡាយ ពន្លឺ​កើតឡើង​ហើយ ដល់​តថាគត​ថា តណ្ហា​ជាហេតុ​ឲ្យ​កើត​ទុក្ខ​នោះ ឈ្មោះ​ថា អរិយសច្ច ដែល​តថាគត​ គប្បី​លះបង់​ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើត​ឡើង​ហើយ ប្រាជ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ ​ដែលតថាគត ​មិន​ដែល​បាន​ឮ ក្នុង​កាល​មុន​ថា តណ្ហា​ ជាហេតុឲ្យ​កើត​ទុក្ខ​នោះ ឈ្មោះ​ថា អរិយ​សច្ច ដែល​តថាគត ​លះចោល​ហើយ។


[៣៦៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ ​ដែលតថាគត​ មិន​ដែល​បាន​ឮមក ក្នុង​កាល​មុន​ថា សេចក្ដីរលត់ទុក្ខ​នេះ ​ហៅ​ថា អរិយ​សច្ច ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ​ ដែលតថាគត​ មិន​ដែល​បាន​ឮមក ក្នុង​កាល​មុន​ថា សេចក្ដីរលត់ទុក្ខ​នោះ ឈ្មោះ​​ថា អរិយ​សច្ច ដែល​តថាគត គប្បីធ្វើឲ្យ​ជាក់​ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ​កើត ឡើង​ហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ​ ដែលតថាគត​មិន​ដែល​បាន​ឮមក ​ក្នុង​កាល​មុន​ថា សេចក្ដីរលត់ទុក្ខ​នោះ ហៅថា អរិយ​សច្ច ដែល​តថាគត ធ្វើឲ្យ​ជាក់​ច្បាស់​ហើយ។


[៣៧០] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំង​ឡាយ​ ដែលតថាគត​ មិន​ដែល​បាន​ឮមក ក្នុង​កាល​មុន​ថា បដិបទា ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ​នេះ ហៅ​ថា​ អរិយ​សច្ច ដូច្នេះ​ឡើយ​។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គតថា បដិបទា ជាដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ​នោះ ហៅ​ថា​ អរិយ​សច្ច ដែល​តថាគត ​​​​គប្បី​ចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង​ហើយ ញាណកើត​ឡើង​ហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់​តថា​គត ក្នុង​ធម៌​ទាំងឡាយ​ ដែលតថាគត​ មិន​ដែល​បាន​ឮមក ក្នុង​កាល​មុន​ថា បដិបទា ជា​ដំណើរ​​​​​​​​​ទៅកាន់​ទី​រំលត់​ទុក្ខ​នោះ ឈ្មោះ​ថា​ អរិយ​សច្ច ដែលតថាគត​ចំរើន​ហើយ។


[៣៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត​ ញាណ​ទស្សនៈ (ការដឹង​ និង​ការ​ឃើញ) មាន​បរិវដ្ដ (វិល) ៣ មានអាការ​ ១២ យ៉ាង​នេះ ក្នុង​អរិយសច្ច​ ទាំង ៤​ នេះ របស់​តថាគត​នៅ​មិន​ទាន់​បរិសុទ្ធ​តាម​ពិត​ត្រឹម​ណា ភិក្ខុទាំង​ឡាយ​ តថាគត ក៏​មិន​ទាន់​ប្ដេជ្ញា​ខ្លួន​ថា ជា​អ្នក​​​ត្រាស់​ដឹង ​ចំពោះសម្មាសម្ពោធិញ្ញាណដ៏​ប្រសើរ ក្នុង​លោក​ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍​ ទាំងមនុស្ស​ជាសម្មតិទេព និង​មនុស្ស​ដ៏​សេស ត្រឹម​ណោះឡើយ។  ម្នាលភិក្ខុទាំងឡាយ លុះ​តែ​ញាណ​​ទស្សនៈ មានបរិវដ្ដ ៣ មាន​អាការ ១២ យ៉ាងនេះ ក្នុងអរិយសច្ច ទាំង ៤ នេះ របស់​តថាគត បរិសុទ្ធ​តាម​ពិត​ក្នុងកាល​ណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្ដេជ្ញាខ្លួនថា ជាអ្នក​ត្រាស់​ដឹង​ ចំពោះ​សម្មាសម្ពោ​ធិញ្ញាណ ​ដ៏​ប្រសើរក្នុង​លោក ព្រម​ទាំង​ទេវលោក មារលោក​ ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ​ទាំងមនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ក្នុងកាលណោះ។ មួយទៀត ញ្ញាណ​ទស្សនៈ កើត​ឡើង​ដល់​តថាគតថា​ វិមុត្តិ គឺ អរហត្តផល ​របស់​តថាគត ​មិន​កម្រើក​ឡើយ ជាតិ​នេះផុត​ត្រឹម​នេះហើយ ឥឡូវ​នេះ ភពថ្មី​មិន​មាន​ទេ។ លុះព្រះ​ដ៏មានព្រះភាគ ត្រាស់​ពាក្យ​នេះ​ចប់​ហើយ​។ ពួក​បញ្ចវគ្គិ​យភិក្ខុ ក៏​មាន​ចិត្ត​ត្រេក​អរ​រីករាយ ចំពោះ​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។


[៣៧២] កាលដែលព្រះ​ដ៏​មាន​ព្រះ​ភាគ កំពុង​សំដែង​នូវ​វេយ្យាករណ៍នេះ ធម្មចក្ខុ  (ភ្នែក​​ឃើញ​ធម៌) ដ៏​ប្រាសចាក​ធូលី គឺ​រា​គាទិក្កិ​លេស ប្រាស​ចាក​មន្ទិល ​គឺ​ទិដ្ឋិ និង​វិចិកិច្ឆា បានកើតឡើង​ហើយ ​ដល់កោណ្ឌញ្ញភិក្ខុ​ដ៏​មានអាយុថា ធម្មជាតណាមួយ ​ដែល​កើតឡើង ជាធម្មតា ធម្មជាត​ទាំង​អស់​នោះ​ ក៏​រលត់​ទៅ​វិញ​ ជាធម្មតា។ កាលបើ​ធម្ម​ចក្ក​​ដែល​ព្រះ​មាន​ព្រះ​ភាគ ​ឲ្យ​ប្រព្រឹត្ត​ទៅ (សំដែង​ដូច​ជា​គេបង្វិលយ៉ាងនេះ​) ហើយ ភុម្មទេវតា​ទាំងឡាយ​ ក៏បន្លឺ​នូវ​សូរសព្ទថា ធម្មចក្កនេះ មិនមានចក្កដទៃក្រៃលែងជាង ទោះ​បី​សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យ​ប្រព្រឹត្តទៅ​បានឡើយ (ឥឡូវ) ព្រះ​ដ៏​មានព្រះភាគ ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ ក្នុង​ឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ពួកទេវតា​ នៅក្នុងឋាន​ចាតុម្ម​ហារា​ជិកទាំងឡាយ ឮ​សំឡេង​របស់​ភុម្មទេវតាទាំងឡាយ​ហើយ ក៏បន្លឺនូវសំលេង​ថា ធម្មចក្ក​​នុ៎ះ មិនមានចក្កដទៃក្រៃលែងជាង ទោះ​បី​សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចឲ្យ​ប្រព្រឹត្តទៅ​បានឡើយ (ឥឡូវ) ព្រះ​ដ៏​មានព្រះភាគ ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ ក្នុង​ឥសិបតនមិគទាយវន ​ជិតក្រុង​ពារាណសី​។ ពួកទេវតា នៅ​ឋានតាវត្តិង្ស ឮ​សំឡេង​របស់​ទេវតា ​នៅក្នុង​ឋានចាតុម្មហារាជិក។ ពួក​ទេវតា​​ ក្នុងឋានយាមៈ។ ទេវតា​នៅក្នុង​ឋានតុសិត។ ពួក​ទេវតា នៅក្នុងឋាននិម្មានរតី។ ពួកទេវតា នៅក្នុងឋានបរិនិម្មិតវសវត្តី។ ទេវតាទាំង​ឡាយ ​ដែលរាប់ក្នុងពពួក​ព្រហ្ម ក៏បន្លឺ​នូវ​​សូរសព្ទថា ព្រះធម្មចក្ក​នុ៎ះ មិនមាន​ចក្កដទៃ​ក្រៃលែងជាង ទោះបី​សមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យ​ប្រព្រឹត្តទៅ​បាន​ឡើយ (ឥឡូវ) ព្រះ​ដ៏​មានព្រះភាគ ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ ក្នុង​ឥសិបតនមិគ​ទា​យ​វន ជិតក្រុងពារាណសី។


[៣៧៣] សំឡេង (កង​រំពង)  ក៏លាន់​ឮឡើង ​ទៅ​ដរាប​ដល់​ព្រហ្ម​លោក ​ក្នុង​ខណៈ មួយរំពេច​នោះ ដោយ​ប្រការដូច្នេះ។ លោកធាតុ ទាំង​ ១​ ហ្មឺន​នេះ ក៏កក្រើក​រំពើក​ញាប់​ញ័រ​។ ទាំង​ពន្លឺ​ភ្លឺ​ធំ​ទូលាយ ប្រមាណមិន​បាន កន្លងលើស​អានុភាព ​របស់​ទេវតា​ទាំងឡាយ ក៏កើត​ប្រាកដ​ឡើង​ក្នុង​លោក។


[៣៧៤] លំដាប់​នោះឯង ព្រះដ៏​មានព្រះភាគ​ ទ្រង់​បន្លឺ​នូវ​ឧទាន​វាចាថា អើហ្ន៎ កោណ្ឌញ្ញ បានត្រាស់​ដឹង​ពិតហើយ អើហ្ន៎ កោណ្ឌញ្ញ ​បាន​ត្រាស់​ដឹង​ពិត​ហើយ។ ព្រោះ​ហេតុ​នោះ ពាក្យ​ថា អញ្ញាកោណ្ឌញ្ញៈនេះ ក៏​បាន​ជាប់​ជានាម ​របស់​ព្រះ​កោណ្ឌញ្ញភិក្ខុដ៏​មានអាយុ​ ដោយ​ប្រការ​ដូច្នេះ។


សំយុត្តនិកាយ មហាវារវគ្គ ឯកាទសមភាគ 

(ព្រះត្រៃបិដកលេខ ៣៩)


……………………………….……………………….

🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter