រឿងព្រះបាទអជាតសត្តុ (អជាសត្រូវ) - Monk Cambodia

រឿងព្រះបាទអជាតសត្តុ (អជាសត្រូវ)

Share This

 រឿងព្រះបាទអជាតសត្តុ (អជាសត្រូវ)

ព្រះបាទពិម្ពិសារ គឺជាព្រះមហាក្សត្រសោយរាជក្នុងនគររាជគ្រឹះ ក្នុងដែនមគធៈ។ ព្រះអគ្គមហេសីទី១ព្រះនាម កោសលទេវី ឬហៅម្យ៉ាងទៀតថា វេទេហី ជាបុត្រីរបស់ព្រះបាទមហាកោសល និងជាអនុជរបស់ព្រះបាទបសេនទិកោសល។ ព្រះមហេសីទី២ព្រះនាមចេលៈ ជាក្សត្រីរបស់លិច្ឆវី ក្នុងក្រុងវេសាលី។ ព្រះបាទពិម្ពិសារ មានបុត្រាមួយព្រះអង្គជាមួយនឹងព្រះនាងវេទេហី។ ដោយហេតុថាព្រះនាងវេទេហីចាញ់គភ៌ប្រាថ្នានឹងសោយព្រះលោហិតរបស់ព្រះរាជា ព្រាហ្មព្រះគ្រូទាំងឡាយ នាំគ្នាព្យាករណ៍ថា ព្រះឱរសនេះនឹងជាសត្រូវដល់ព្រះរាជា ហេតុនោះទើបបានថ្វាយព្រះនាមថា អជាតសត្តុ មានសេចក្តីថា មិនមែនសត្រូវ ឬ អជាសត្រូវ ។


ពេលដែលព្រះសុទ្ធត្ថយាងទៅបួស ព្រះអង្គបានឆ្លងកាត់ដែនមគធៈនេះដែលជាដែនដីក្រោមការគ្រប់គ្រងរបស់ព្រះបាទពិម្ពិសារ។ ព្រះបាទពិម្ពិសារបានឃាត់ព្រះពោធិសត្វដើម្បីឲ្យនៅសោយរាជក្នុងដែនដីនេះដោយថ្វាយរាជសម្បត្តិដល់ព្រះអង្គ។ លុះមិនអាចឃាត់ព្រះអង្គបាន ព្រះបាទពិម្ពិសារក៏សូមប្រាថ្នាថា កាលបើព្រះអង្គបានត្រាស់ហើយ សូមព្រះអង្គយាងមកដែនដីនេះដើម្បីនឹងសម្តែងធម៌ទេសនា។ លុះបានត្រាស់ជាព្រះពុទ្ធ ព្រះសម្មាសម្ពុទ្ធក៏យាងមកសម្តែងធម៌តាមសន្យា ក្រោយពីបានសណ្តាប់ព្រះធម៌ទេសនារបស់ព្រះមានព្រះភាគរួចមក ព្រះអង្គក៏មានចិត្តជ្រះថ្លាយ៉ាងក្រៃលែង ថែមទាំងបានសម្រេចគុណធម៌វិសេស គឺបានជាសោតាបន្នបុគ្គលទៀតផង។ ព្រះអង្គគឺជាបុគ្គលសំខាន់មួយក្នុងការជួយជ្រោមជ្រែងទំនុកបំរុងព្រះពុទ្ធសាសនា ហើយក៏ជាអ្នកឧបដ្ឋាកផ្ទាល់របស់ព្រះមានព្រះភាគផងដែរ។

ក្រោយពីបានប្រគល់រាជសម្បត្តិឲ្យបុត្រា អជាតសត្តុ រាជកុមារអង្គនោះមិនបាននៅជាសុខឡើយ ព្រោះភ័យខ្លាចបិតារបស់ខ្លួនដណ្តើមរាជវិញ។ ដោយបានស្តាប់យោបល់ពីព្រះទេវទត្ត ព្រះកុមារ ក៏បានបង្គាប់ឲ្យគេយកព្រះបិតាដាក់ក្នុងគុក បង្អត់អាហារ ហើយបញ្ជារហាមមិនឲ្យនរណាចូលសួរសុខទុក្ខឡើយ ក្រៅពីព្រះមាតារបស់ទ្រង់។ ដោយព្រះនាងទេវីចេះតែលួចយកអាហារទៅថ្វាយព្រះរាជា ព្រះអជាតសត្តុកុមារ ក៏បានហាមលែងអ

ឲ្យព្រះទេវីចូលសួរសុខទុក្ខ។ ព្រះទេវីបានឈរប្រថាប់ទៀបទ្វារ ទ្រង់ព្រះកន្សែងទួញយំថា "បពិត្រព្រះស្វាមី កាលដែលគេនៅក្មេង ព្រះអង្គមិនសម្លាប់គេទេ ទ្រង់ចិញ្ចឹមសត្រូវរបស់ព្រះអង្គទុកដោយព្រះអង្គឯង ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គជាលើកចុងក្រោយហើយ តពីនេះទៅ ខ្ញុំព្រះអង្គនឹងមិនបានឃើញព្រះអង្គទៀតឡើយ បើទោសរបស់ខ្ញុំម្ចាស់មាន សូមមេត្តាព្រះរាជទានអភ័យទោសផងចុះ " ហើយក៏លាស្តេចត្រឡប់ទៅវិញ។ តាំងពីនោះមក ព្រះរាជាក៏មិនបានទទួលអាហារសោយ ទ្រង់នៅមានព្រះជន្មដោយកិច្ចសមាធិប្រកបដោយមគ្គផល ទ្រង់បានដើរចង្ក្រម ក្នុងគុកធ្វើឲ្យរាងកាយទ្រង់នៅសុខភាពល្អ។ ព្រះកុមារឆ្ងល់ ក៏សួរថា បិតាយើងនៅមានព្រះជន្មបានយ៉ាងណា។ កាលទ្រង់ជ្រាបថា បិតាមានព្រះជន្មដោយវិធីចង្រ្កម ព្រះកុមារបានអោយគេ ចូលទៅវះសាច់ព្រះរាជា ហើយបង្គាប់អោយយកប្រេងផ្សំជាមួយអំបិលលាប ហើយឲ្យរោលដោយរងើកភ្លើងគគី ដែលឆេះមិនមានអណ្តាត។

ក្រោយពីអស់ព្រះជន្មាយុ ទ្រង់បានទៅកើតជាសេនាបម្រើឲ្យស្តេចវេស្សវ័ណ ក្នុងទេវលោកជាន់ចាតុមហារាជ។


ក្នុងថ្ងៃដែលព្រះរាជបុត្ររបស់ព្រះបាទអជាតសត្តុប្រសូត្រឡើង។ ដោយក្តីស្រឡាញ់កូន ព្រះបាទអជាតសត្តុ ក៏បានរលឹកនឹកដល់ព្រះបិតារបស់ខ្លួន ក៏បានបញ្ជារឲ្យគេលែងព្រះអង្គ តែរាជអាមាត្របានទូលថា ព្រះបាទពិម្ពិសារសុគតហើយ ព្រះរាជាក៏ទ្រង់សោយសោកយ៉ាងក្រៃលែង មានវិប្បដិសារី ហើយបានរៀបចំចាត់ចែងបូជាសពព្រះវរបិតាក្នុងពេលនោះ។

ព្រះរាជាអង្គនេះ តាំងពីថ្ងៃព្យាយាមផ្តាច់ព្រះជន្មព្រះបិតាខ្លួនមក ទ្រង់មិនអាចផ្ទុំលង់លក់បានឡើយ។ ពេលធ្មេចព្រះនេត្រទាំងពីរចុះ ដោយតាំងព្រះទ័យថា នឹងលក់ ក៏តក់ស្លុតយ៉ាងខ្លាំងដូចត្រូវលំពែងទាំងរយចាក់ដោត ទ្រង់ក៏ភ្ញាក់ភ្លាម ដោយការភ័យរន្ធត់ហួសប្រមាណ។ ដោយបានការណែនាំពីពេទ្យជីវក ព្រះរាជាក៏សម្រេចព្រះទ័យចូលគាល់ព្រះពុទ្ធ។ ក្រោយពីបានស្តាប់ព្រះធម៌ទេសនារបស់ព្រះមានព្រះភាគហើយ ទ្រង់ក៏មានចិត្តជ្រះថ្លា សូមដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក តាំងចិត្តគោរពប្រតិបត្តិតាមឱវាទរបស់ព្រះមានព្រះភាគ ធ្វើសក្ការៈក្នុងព្រះពុទ្ធសាសនានេះរហូតដល់អស់ព្រះជន្ម។ ព្រះអង្គក៏បានផ្គត់ផ្គង់នៅក្នុងការធ្វើសង្គាយនាដែលដឹកនាំដោយព្រះមហាកស្សបៈផងដែរ។


មានការអធិប្បាយថា បើព្រះបាទអជាតសត្តុ មិនបានផ្តាច់ព្រះជន្មព្រះបិតាទេ ទ្រង់នឹងបានសម្រេចសោតាបត្តិមគ្គក្នុងពេលដែលស្តាប់ព្រះធម៌ទេសនាព្រះសម្មាសម្ពុទ្ធកាលនោះ តែដោយទ្រង់សេពគប់មិត្តអាក្រក់ ទើបកើតអន្តរាយដល់ព្រះអង្គ សូម្បីព្រះបាទអជាតសត្តុនេះ ចូលគាល់ព្រះពុទ្ធហើយ ដល់នូវព្រះរតនត្រ័យជាទីពឹងក្តី ក៏ត្រូវកើតក្នុងលោហកុម្ភី (ជាខ្ទះដែកដ៏ធំសម្បើមពោរពេញទៅដោយទឹកស្ពាន់ ឬទឹកទង់ដែងដែលពុះកញ្រ្ជោលជាប់ជានិច្ចនៅអវីចីនរក) លិចចុះទៅបាតខ្ទះ៣ម៉ឺនឆ្នាំ អណ្តែតឡើងមកខាងលើខ្ទះ ៣ម៉ឺនឆ្នាំ ទើបរួចផុតទុក្ខទោស។ ដោយអំពើនៃកម្មសម្លាប់បិតាខ្លួន ព្រះឧទ័យកុមារ ដែលជាព្រះរាជបុត្ររបស់ព្រះបាទអជាតសត្តុ ពេលចម្រើនវ័យឡើង ព្រះកុមារនេះក៏បានប្រព្រឹត្តតាមគន្លងព្រះបិតារបស់ខ្លួន គឺបានធ្វើឃាតព្រះបាទអជាតសត្តុបន្តដែលជាកម្មពៀ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter