🍃លោកកាមគុណវគ្គ
ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ [ជាឈ្មោះរបស់តណ្ហា។] ចំពោះរូបនោះ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ទៅកាន់លំនៅនៃមារ ទៅកាន់អំណាច នៃមារ អន្ទាក់នៃមារ ក៏ចងអវយវៈភិក្ខុនោះ ភិក្ខុនោះឈ្មោះថា ជាប់ដោយចំណងនៃមារ គួរមារធ្វើតាមប្រាថ្នាបាន។ បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងបាន ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងបាន ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះអារម្មណ៍នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ទៅកាន់លំនៅ នៃមារ ទៅកាន់អំណាចនៃមារ អន្ទាក់របស់មារ ក៏ចងអវយវៈភិក្ខុនោះ ភិក្ខុនោះឈ្មោះថា ជាប់ដោយចំណងនៃមារ គួរមាធ្វើតាមប្រាថ្នាបាន។
[១៦៤] ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាច នៃមារ អន្ទាក់របស់មារ ក៏របូតចេញអំពីអវយវៈភិក្ខុនោះ ភិក្ខុនោះ ឈ្មោះថា រួចចាកចំណងនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងបានដោយអណ្តាត ជារស គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុ នៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរសនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាច នៃមារ អន្ទាក់របស់មារ ក៏របូតចេញអំពីអវយវៈភិក្ខុនោះ ភិក្ខុនោះឈ្មោះថា រួចចាកចំណងនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាចនៃមារ អន្ទាក់នៃមារ ក៏របូតចេញអំពីអវយវៈភិក្ខុនោះ ភិក្ខុនោះ ឈ្មោះថា រួចចាកចំណងនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។ ចប់សូត្រ ទី១។
[១៦៥] ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាប់ក្នុងរូប ដែលគប្បីដឹងដោយចក្ខុ ទៅកាន់លំនៅនៃមារ ទៅកាន់អំណាចនៃមារ គួរមារធ្វើតាមប្រាថ្នាបាន។ បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងបានដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងលាយ មានមានធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាប់ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ទៅកាន់លំនៅនៃមារ ទៅកាន់អំណាចនៃមារ គួរមារធ្វើតាមប្រាថ្នាបាន។
[១៦៦] ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា រួចចាករូប ដែលគប្បីដឹងបានដោយចក្ខុ មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាចនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា រួចចាកធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាចនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។ ចប់សូត្រ ទី២។
[១៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវទីបំផុតនៃលោក [សំដៅយកចក្រវាល។] ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនទាន់ដល់ នូវទីបំផុតនៃលោក [សំដៅយកសង្ខារ។] ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ លុះព្រះមានព្រះភាគ ពោលពាក្យនេះហើយ ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ទើបភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារវិញទៅ (សេចក្តីដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវ ដំណើរសត្វ ដែលមិនទាន់ដល់នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ឧទ្ទេស នេះ ព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ នរណាហ្ន៎ នឹងគប្បីចែករំលែក នូវសេចក្តីដោយពិស្តារបាន។ លំដាប់នោះឯង ភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ក៏ទ្រង់បានសរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏បានលើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។
[១៦៨] គ្រានោះ ភិក្ខុទាំងនោះ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ដំណាលសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ (សេចក្តីដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតមិនពោល នូវដំណើរសត្វ ដែលមិនបានដល់នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ម្នាលអាវុសោ កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន យើងទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ (សេចក្តីដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោល នូវទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ឧទ្ទេសនេះ ព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ នរណាហ្ន៎ នឹងគប្បីចែករំលែក នូវសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោ យើងទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ក៏ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប មិនបានចែករំលែក នូវសេចក្តីដោយពិស្តារ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ គួរយើងទាំងឡាយ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ គួរសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ សូមព្រះអានន្ទមានអាយុ ចែករំលែកនូវសេចក្តីនោះ។ ព្រះអានន្ទតបថា ម្នាលអាវុសោទាំងឡាយ ដូចបុរសអ្នកត្រូវការខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅកាន់ទីស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមនៅមាន រំលងគល់ រំលងដើម ហើយសម្គាល់នូវមែក និងសន្លឹក ថាជាខ្លឹម ដែលត្រូវស្វែងរក មានឧបមា យ៉ាងណាមិញ សេចក្តីនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង គឺថា ព្រះសាស្តា ទ្រង់គង់ក្នុងទីចំពោះមុខ នៃលោកមានអាយុទាំងឡាយ អ្នកទាំងឡាយ រំលងព្រះមានព្រះភាគ ហើយសម្គាល់នូវយើង ថាជាបុគ្គលគួរសាកសួរចំពោះសេចក្តីនោះ។ ម្នាលអាវុសោទាំងឡាយ ព្រោះថា ព្រះមានព្រះភាគនោះ តែងជ្រាបនូវហេតុដែលគប្បីជ្រាប តែងឃើញនូវហេតុ ដែលគប្បីឃើញ ព្រះអង្គ មានចក្ខុ មានញាណ មានធម៌ មានសភាពជាបុគ្គលប្រសើរ ជាអ្នកប្រតិបត្តិធម៌ ប្រព្រឹត្តធម៌ ណែនាំនូវប្រយោជន៍ ឲ្យនូវព្រះនិព្វាន ជាម្ចាស់នៃធម៌ ទ្រង់មកហើយ ដោយប្រការដូច្នោះ ឯកាលដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺ កាលវេលាដែល អ្នកទាំងឡាយ គួរតែសាកសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ ដោះស្រាយនឹងអ្នកទាំងឡាយយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះ។ ម្នាលអាវុសោអានន្ទ ពិត ដូច្នោះមែន ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុ ដែលគប្បីជ្រាប ទ្រង់ឃើញនូវហេតុ ដែលគប្បីឃើញដោយពិត ព្រះអង្គមានចក្ខុ មានញាណ មានធម៌ មានសភាពជាបុគ្គលប្រសើរ ជាអ្នកប្រតិបត្តិធម៌ ប្រព្រឹត្តធម៌ ណែនាំនូវប្រយោជន៍ ឲ្យនូវព្រះនិព្វាន ជាម្ចាស់នៃធម៌ ទ្រង់មកហើយ ដោយប្រការ ដូច្នោះ ឯកាលដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺ កាលវេលា ដែលពួកយើង គួរតែសាកសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះ ចំណែកខាងព្រះអានន្ទមានអាយុ ព្រះសាស្តា ក៏ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ ព្រះអានន្ទមានអាយុ អាចនឹងចែក រំលែកនូវសេចក្តី ដោយពិស្តារបាន សូមព្រះអានន្ទមានអាយុ ធ្វើនូវសេចក្តីមិនធ្ងន់ [អ្នកសំដែងធម៌ ធ្វើឲ្យគេអារាធនារឿយៗ ឈ្មោះថា ធ្វើឲ្យធ្ងន់ មួយទៀត កាលដែលសំដែងធម៌ ក៏សំដែងឲ្យពិបាកស្តាប់ ពិបាកចូលចិត្តសេចក្តី ក្រពិបាកប្រហែលគេកកាយយកដីខ្សាច់ អំពីបាតភ្នំសិនេរុ ឈ្មោះថា ធ្វើឲ្យធ្ងន់។ អ្នកសំដែងធម៌មិនធ្វើដូច្នេះ ឈ្មោះថា ធ្វើមិនឲ្យធ្ងន់។ អដ្ឋកថា។] ហើយ ចែករំលែកឲ្យទាន។
[១៦៩] ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ ធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំនឹងសម្តែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទមានអាយុ បានសម្តែងសេចក្តីនុ៎ះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ដល់អ្នកទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុតនៃលោក ថាបុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ។ ម្នាលភិក្ខុទាំង ឡាយ មួយទៀត តថាគតមិនពោល នូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អាន ថាលោក ក្នុងលោក ដោយសភាវៈណា សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោទាំងឡាយ បុគ្គល ជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក តើដោយវត្ថុដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយភ្នែកហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយត្រចៀកហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយច្រមុះហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គល ជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថា លោក ក្នុងលោក ដោយអណ្តាតហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយកាយហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយចិត្តហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយសភាវៈណា សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសណា ដោយសង្ខេប មិនចែករំលែកនូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោល នូវទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលលោកមានអាយុទាំងឡាយ បើអ្នកទាំងឡាយ ប្រាថ្នាចង់ដឹង គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរសេចក្តីនុ៎ះទៀតចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។
[១៧០] ភិក្ខុទាំងនោះ បានទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ ដូច្នេះហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរសេចក្ដីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ដល់ខ្ញុំព្រះអង្គទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក្រោកអំពីអាសនៈ ស្ដេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ ពុំយូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ ព្រះអង្គទ្រង់សម្តែង នូវឧទ្ទេសនេះឯង ដោយសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោក ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងគប្បីចែករំលែកនូវសេចក្តី ដោយពិស្តារបាន។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចចែករំលែកនូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងត្រូវចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ត្រូវសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ បាននាំគ្នាចូលទៅ រកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ បានសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអានន្ទមានអាយុ ក៏បានចែករំលែក នូវសេចក្តីដោយអាការនេះ ដោយបទនេះ ដោយព្បព្ជានៈនេះ ដល់ខ្ញុំព្រះអង្គទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ ជាអ្នកមានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ បើទុកជាអ្នកទាំងឡាយ សាកសួរសេចក្តីនុ៎ះ នឹងតថាគត តថាគត ក៏នឹងដោះស្រាយសេចក្តីនោះ ដូច្នោះដែរ ពាក្យនោះ អានន្ទដោះស្រាយ យ៉ាងណានុ៎ះ ជាសេចក្តីរបស់ពាក្យនោះ អ្នកទាំងឡាយ ចូរចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។ ចប់សូត្រ ទី ៣។
[១៧១] ម្នាលភិក្ខុទាំងឡាយ កាលមុនអំពីការត្រាស់ដឹង តថាគត នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា កាមគុណទាំង ៥ ណា ដែលអាត្មាអញ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ចិត្តរបស់អាត្មាអញ ច្រើនត្រាច់ទៅ ក្នុងកាមគុណនោះ ក្នុងបច្ចុប្បន្នកាល ឬចិត្ត ត្រាច់ទៅបន្តិចបន្តួច ក្នុងកាមគុណជាអនាគត។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាមគុណ ទាំង ៥ ណា ដែលអាត្មាអញ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ សេចក្តីមិនធ្វេសប្រហែស ការនឹករឭក ការរក្សានូវចិត្ត អាត្មាអញ គួរធ្វើដោយសមគួរដល់ខ្លួន ក្នុងកាមគុណទាំង ៥ នោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ កាមគុណទាំង ៥ ណា ដែលអ្នកទាំងឡាយ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ចិត្តរបស់អ្នកទាំងឡាយ ច្រើនត្រាច់ទៅក្នុងកាមគុណនោះ ក្នុងបច្ចុប្បន្នកាល ឬ ចិត្តត្រាច់ទៅបន្តិចបន្តួច ក្នុងកាមគុណជាអនាគត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ កាមគុណ ទាំង ៥ ណា ដែលអ្នកទាំងឡាយ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ សេចក្តីមិនធ្វេសប្រហែស ការនឹករឭក ការរក្សានូវចិត្ត អ្នកទាំងឡាយ គួរធ្វើដោយសមគួរដល់ខ្លួន ក្នុងកាមគុណ ទាំង ៥ នោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ចក្ខុរមែងរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏រមែងសាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាត រមែងរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏រមែងសាបរលាបទៅ ក្នុងទីនោះ។បេ។ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ចិត្ត រមែងរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏រមែងសាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ទើបភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុ រលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេសដែល ព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងគប្បីចែករំលែកសេចក្តីដោយពិស្តារបាន។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគសម្តែង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចចែករំលែកនូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរកព្រះអានន្ទ មានអាយុ លុះចូលទៅដល់ហើយ គួរសាកសួរសេចក្តីនុ៎ះ នឹងព្រះអានន្ទមានអាយុ។
[១៧២] គ្រានោះឯង ភិក្ខុទាំងនោះ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ដំណាលសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់សម្តែង នូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តី ដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកយើងក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងចែករំលែកនូវសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោ ពួកយើង ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគប្បីចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ សូមព្រះអានន្ទមានអាយុ ចែករំលែកសេចក្តីឲ្យទាន។ ព្រះអានន្ទសម្តែងថា ម្នាលអាវុសោទាំងឡាយ ដូចបុរស អ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅកាន់ទីស្វែងរកខ្លឹមឈើ។បេ។ សូមព្រះអានន្ទមានអាយុ ធ្វើសេចក្តីមិនធ្ងន់ ហើយចែករំលែកសេចក្តីឲ្យទាន។
[១៧៣] ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ ខ្ញុំនឹងសម្តែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទមានអាយុ ក៏សម្តែងសេចក្តីនុ៎ះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទៅនោះ អ្នកទាំងឡាយ គប្បីដឹង ហេតុនោះ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារនេះ ខ្ញុំអាចដឹងនូវសេចក្តី ដោយពិស្តារបាន។ ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ផ្អែកទៅលើសេចក្តីរលត់ នៃសឡាយតនៈ ទើបទ្រង់សម្តែងថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅ ក្នុងទៅនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេស ដែលព្រះមានព្រះភាគទ្រង់សម្តែង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលលោកមានអាយុទាំងឡាយ បើអ្នកទាំងឡាយ ចង់ដឹង គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរសេចក្តីនុ៎ះ ព្រះមានព្រះភាគ ទ្រង់ព្យាករដល់អ្នកទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះចុះ។
[១៧៤] ភិក្ខុទាំងនោះ ក៏ទទួលពាក្យ នៃព្រះអានន្ទមានអាយុថា ករុណា អាវុសោ រួចក៏ក្រោកអំពីអាសនៈ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅមិន យូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគទ្រង់ សំដែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ ដល់យើងទាំងឡាយ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងចែក រំលែកនូវសេចក្តី ដោយពិស្តារបាន។ បពិត្រព្រះអង្គដ៏សម្រើន ខ្ញុំព្រះអង្គទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តារ ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរក ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ត្រូវសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ ក៏សាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអានន្ទមានអាយុ បានចែករំលែកសេចក្តី ដោយអាការនេះ ដោយលិង្គនេះ ដោយព្យព្ជានៈនេះ ដល់យើងខ្ញុំទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ អានន្ទ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ មានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ បើទុកជាអ្នកទាំងឡាយ សាកសួរសេចក្តីនុ៎ះ ចំពោះតថាគត តថាគត ក៏ដោះស្រាយសេចក្តីនុ៎ះ យ៉ាងហ្នឹងដែរ ពាក្យនោះ អានន្ទ ដោះស្រាយយ៉ាងណា នុ៎ះជាសេចក្តីរបស់ពាក្យនោះ អ្នកទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។ ចប់ សូត្រ ទី៤។
[១៧៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង សក្កទេវានមិន្ទ ចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។
[១៧៦] ម្នាលទេវានមិន្ទ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលដែលភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណ ដែលអាស្រ័យនូវរូបនោះក៏មាន សេចក្តីប្រកាន់មាំនូវរូបនោះក៏មាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលប្រកបដោយសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វានឡើយ។បេ។ ម្នាលទេវានមិន្ទ មានរស ដែលគប្បីដឹងដោយអណ្តាត។បេ។ ម្នាលទេវានមិន្ទ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះក៏មាន សេចក្តីប្រកាន់មាំនូវធម្មារម្មណ៍នោះក៏មាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលប្រកបដោយសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វានឡើយ។ ម្នាលទេវានមិន្ទ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន។
[១៧៧] ម្នាលទេវានមិន្ទ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលដែលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យនូវរូបនោះ មិនមាន សេចក្តីប្រកាន់មាំ នូវរូបនោះក៏ មិនមាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលទេវានមិន្ទ មានរស ដែលគប្បីដឹងដោយអណ្តាត។បេ។ ម្នាលទេវានមិន្ទ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យនូវធម្មារម្មណ៍នោះ មិនមាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍ នោះក៏មិនមាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។ ម្នាលទេវានមិន្ទ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី ៥។
[១៧៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្ត ចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះបញ្ចសិខគន្ធព្វបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។
[១៧៩] ម្នាលបញ្ចសិខៈ មានរូបដែលគប្បីដឹងដោយចក្ខុ។បេ។ ម្នាលបញ្ចសិខៈ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណ ដែលអាស្រ័យនូវធម្មារម្មណ៍នោះ ក៏មានសេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះក៏មាន។ ម្នាលបញ្ចសិខៈ ភិក្ខុដែលប្រកបដោយ សេចក្តីប្រកាន់មាំ មិនបរិនិព្វានឡើយ។ ម្នាលបញ្ចសិខៈ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។
[១៨០] ម្នាលបញ្ចសិខៈ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត។បេ។ ម្នាលបញ្ចសិខៈ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តី ត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មរម្មណ៍នោះ កាលដែលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណ ដែលអាស្រ័យ នូវធម្មារម្មណ៍នោះ មិនមាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មិនមាន។ ម្នាលបញ្ចសិខៈ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ ទើបបរិនិព្វាន។ ម្នាលបញ្ចសិខៈ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី ៦។
[១៨១] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ភិក្ខុមួយរូប ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏សាកសួរសេចក្តីនុ៎ះ ចំពោះព្រះសារីបុត្តមានអាយុថា ម្នាលអាវុសោសារីបុត្ត (ហេតុដូចម្តេច) ភិក្ខុជាសទ្ធិវិហារិក ពោលលាសិក្ខាហើយ វិលមកកាន់ភេទដ៏ថោកទាប។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ពាក្យដែលអ្នកពោលនុ៎ះ រមែងមានដល់ភិក្ខុ ដែលមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ មិនដឹងប្រមាណ ក្នុងភោជន មិនប្រកប នូវសេចក្តីភ្ញាក់រឭក យ៉ាងនេះឯង។ ម្នាលអាវុសោ ភិក្ខុនោះឯង ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ មិនដឹងប្រមាណ ក្នុងភោជន មិនប្រកបនូវសេចក្តីភ្ញាក់រឭក និងបន្តនូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ ម្នាលអាវុសោ ភិក្ខុនោះឯង ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ ដឹងប្រមាណ ក្នុងភោជន ប្រកបនូវសេចក្តីភ្ញាក់រឭក និងបន្ត នូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[១៨២] ម្នាលអាវុសោ ចុះភិក្ខុ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ឃើញនូវរូបារម្មណ៍ ដោយចក្ខុហើយ មិនបានកួចកាន់ នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្បព្ជានៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនោះ ព្រោះហេតុតែមិនសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួម ក្នុងចក្ខុន្រ្ទិយ។ បានឮសម្លេងដោយត្រចៀក។ បានធុំក្លិនដោយច្រមុះ។ បានទទួលរស ដោយអណ្តាត។ បានពាល់ត្រូវ នូវផោដ្ឋព្វារម្មណ៍ ដោយកាយ។ បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្ត មិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គល ដែលមិនសង្រួម នូវឥន្រ្ទិយនោះ ព្រោះហេតុតែមិនសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយ។ ម្នាលអាវុសោ ភិក្ខុជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ យ៉ាងនេះឯង។
[១៨៣] ម្នាលអាវុសោ ចុះភិក្ខុជាអ្នកដឹងប្រមាណក្នុងភោជន តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ បានពិចារណា ដោយឧបាយហើយ ទើបបរិភោគ នូវអាហារ មិនបរិភោគ ដើម្បីលេង មិនបរិភោគដើម្បីស្រវឹង មិនបរិភោគដើម្បីប្រដាប់កាយ មិនបរិភោគដើម្បីស្អិតស្អាងកាយ បរិភោគដើម្បីឲ្យតាំងនៅ នៃកាយនេះ ដើម្បីនឹងញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយធម៌ បរិភោគដោយគិតថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មី មិនឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ (នៃឥរិយាបថ) ក្តី សេចក្តីមិនមានទោសក្តី ការនៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ ម្នាលអាវុសោ ភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។
[១៨៤] ម្នាលអាវុសោ ចុះភិក្ខុជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ធ្វើចិត្តឲ្យបរិសុទ្ធ ចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់មួយថ្ងៃ ធ្វើចិត្តឲ្យបរិសុទ្ធ ចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចនូវដំណេក ដូចសីហៈ ដោយបង្អៀង ខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី គងជើងដោយជើង ជាអ្នកមានសតិសម្បជញ្ញៈ កំណត់ទុកក្នុងចិត្ត នូវឧដ្ឋានសញ្ញា ហើយក្រោកឡើង ធ្វើចិត្តឲ្យបរិសុទ្ធ ចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់បច្ឆិមយាមនៃរាត្រី។ ម្នាលអាវុសោ ភិក្ខុជាអ្នកប្រកប នូវសេចក្តីភ្ញាក់រឭក យ៉ាងនេះឯង។ ម្នាលអាវុសោ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ ជាអ្នកដឹងប្រមាណ ក្នុងភោជន ជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក។ ម្នាលអាវុសោ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះចុះ។ ចប់សូត្រ ទី៧។
[១៨៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ កំពុងសង្ងំ ក្នុងទីស្ងាត់ ទ្រង់មានសេចក្តីត្រិះរិះ ក្នុងព្រះហឫទ័យ កើតឡើងយ៉ាងនេះថា ធម៌ទាំងឡាយ ដែលសម្រាប់ធ្វើវិមុត្តិ ឲ្យចាស់ក្លា របស់រាហុល ចាស់ក្លាហើយតើ បើដូច្នោះ គួរតែតថាគត ទូន្មានរាហុល ក្នុងធម៌ជាគ្រឿងអស់ទៅ នៃអាសវៈខាងលើ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌិបាត ក្នុងបុព្វណ្ហសម័យ លុះត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ក្នុងកាលជាបច្ឆាភត្ត ទ្រង់ត្រឡប់មកអំពីបិណ្ឌបាត ក៏ទ្រង់ហៅព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូលកាន់យកនិសីទនៈមក យើងនឹងចូលទៅឯអន្ធវ័ន ដើម្បីនៅសម្រាក ក្នុងវេលាថ្ងៃ។ ព្រះរាហុលមានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ រួចក៏កាន់យកនិសីទនៈ ដើរទៅតាមក្រោយព្រះមានព្រះភាគទៅ។ ជួនសម័យនោះ មានទេវតាច្រើនពាន់ ដើរទៅតាមព្រះមានព្រះភាគ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះមានព្រះភាគ នឹងទូន្មាន នូវព្រះរាហុមានអាយុ ក្នុងធម៌ជាគ្រឿងអស់ទៅ នៃអាសវៈខាងលើ។
[១៨៦] លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់អន្ធវ័ន ហើយទ្រង់គង់លើអាសនៈ ដែលក្រាលទុក ទៀបគល់ឈើមួយ។ ព្រះរាហុមានអាយុ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមដ៏គួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនុ៎ះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូបទៀង ឬ មិនទៀង។ មិនទៀងទេ ព្រះអង្គ។ បេ។ ចក្ខុវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចក្ខុសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ធម្មជាតនោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ អណ្តាត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ រសទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ជិវ្ហាវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ជិវ្ហាសម្ផ័ស្ស ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ ធម្មជាតនោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ ចិត្តទៀងឬ មិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ធម្មារម្មណ៍ ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ មនោវិញ្ញាណ ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ មនោសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតិណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ តើរបស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់ អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលរាហុល អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយ នឹងរូបផង នឿយណាយ នឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង ធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ ក៏រមែងនឿយណាយ នឹងធម្មជាតនោះផង។បេ។ នឿយណាយនឹងអណ្តាតផង នឿយណានឹងរសផង នឿយណាយ នឹងជិវ្ហាវិញ្ញាណផង នឿយណាយនឹងជិវ្ហាសម្ផ័ស្សផង ធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏រមែងនឿយណាយ នឹងធម្មជាតនោះ ផង។បេ។ នឿយណាយនឹងចិត្តផង នឿយណាយនឹងធម្មារម្មណ៍ផង។បេ។ នឿយណាយ នឹងធម្មជាតនោះផង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏រួចស្រឡះ ចាកអាសវៈ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា រួចស្រឡះហើយ ក៏កើតមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងព្រះសូត្រនេះចប់ហើយ ព្រះរាហុមានអាយុ ជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។ កាលបើព្រះមានព្រះភាគ កំពុងសម្តែងវេយ្យាករណ៍នេះ ចិត្តរបស់ព្រះរាហុលមានអាយុ ក៏រួចស្រឡះ ចាកអាសវក្កិលេសទាំងឡាយ ព្រោះមិនបានប្រកាន់មាំ ទាំងធម្មចក្ខុ ដែលប្រាសចាកធូលី គឺកិលេស ប្រាសចាកមន្ទិល គឺអកុសល ក៏កើតឡើង ដល់ទេវតាជាច្រើនពាន់ថា របស់ណាមួយ មានកិរិយាកើតឡើង ជាធម្មតា របស់ទាំងអស់នោះ តែងរលត់ទៅវិញ ជាធម្មតាដែរ។ ចប់សូត្រ ទី ៨។
[១៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសំយោជនិយធម៌ គឺធម៌ ជាហេតុកើតឡើង នៃសំយោជនៈផង នូវសំយោជនៈផង ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះសំយោជនិយធម៌ តើដូចម្តេច សំយោជនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានរូប ដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ រូបទាំងនេះ ហៅថា សំយោជនិយធម៌។ សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះ ហៅថា សំយោជនៈ ក្នុងចក្ខុសម្ផ័ស្សនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹង ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ទាំងនេះ ហៅថា សំយោជនិយធម៌។ សេចក្តីត្រេកត្រអាលណា ក្នុងធម្មារម្មណ៍នោះ សេចក្តីត្រេកត្រអាលនោះ ហៅថា សំយោជនៈ ក្នុងមនោសម្ផ័ស្សនោះ។ ចប់សូត្រ ទី ៩។
[១៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវឧបាទានិយធម៌ គឺធម៌ ជាហេតុកើត នៃឧបាទានផង នូវឧបាទានផង ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះឧបាទានិយធម៌ តើដូចម្តេច ឧបាទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ រូបទាំងនេះ ហៅថា ឧបាទានិយធម៌។ សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះ ហៅថា ឧបាទាន ក្នុងចក្ខុសម្ផ័ស្សនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលគប្បីដឹង ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ទាំងនេះ ហៅថា ឧបាទានិយធម៌។ សេចក្តីត្រេកត្រអាលណា ក្នុងធម្មារម្មណ៍នោះ សេចក្តីត្រេកត្រអាលនោះ ហៅថា ឧបាទាន ក្នុងមនោសម្ផ័ស្សនោះ។ ចប់សូត្រ ទី១០។
ចប់ លោកកាមគុណវគ្គ ទី២។
ឧទ្ទាននៃលោកកាមគុណវគ្គនោះ គឺ
និយាយអំពីអន្ទាក់មារ ២ លើក អំពីទីបំផុតនៃលោក ១ អំពីកាមគុណ ១ ព្រះឥន្ទ ១ បញ្ចសិខគន្ធព្វបុត្ត ១ ព្រះសារីបុត្ត ១ ព្រះរាហុល ១ សំយោជនៈ ១ ឧបាទាន ១ ព្រោះហេតុនោះ ទើបហៅថា លោកកាមគុណវគ្គ។
(ព្រះត្រៃបិដក លេខ ៣៥)
……………………………….……………………….
🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ



























No comments:
Post a Comment