📜 បឋមសង្គាយនា ព្រឹត្តិការណ៍ដ៏ធំក្នុងព្រះពុទ្ធសាសនា
🌹👉សង្គាយនាលើកទី១ នៅថ្ងៃ ១៥ ខែស្រាពណ៍ គឺ៣ ខែបន្ទាប់អំពីព្រះពុទ្ធអង្គទ្រង់បរិនិព្វាន (៥៤៤ឆ្នាំ មុនគ . ស) 🙏
ប្រវត្តិពិស្តារអំពីការប្រជុំនេះ អាចរកឃើញនៅក្នុងគម្ពីរចុល្លវគ្គ ក្នុងព្រះវិនយបិដក ។ តាមសេចក្តីកត់ត្រាអំពីហេតុដែលកើតឡើង ដែលជម្រុញឲ្យសាវ័កច្បងមហាកស្សបៈបើកការប្រជុំ គឺមកពីព្រះអង្គបានឮពាក្យបន្តុះបង្អាប់ដល់ព្រះវិន័យតឹងរឹងដែលគ្រប់គ្រងជីវភាពភិក្ខុសង្ឃ ។
ភិក្ខុចំណាស់មួយអង្គនាម [ សុភទ្ទ ] ជាអតីតជាងកាត់សក់ បានមកបួសកាលវ័យចាស់ទៅហើយ ។ នៅពេលបានដឹងថាព្រះពុទ្ធទ្រង់ចូលបរិនិព្វាន ភិក្ខុរូបនោះក៏បានពោលពាក្យជំទាស់ទៅលើការគោរពច្បាប់វិន័យដែលព្រះសាស្តាទ្រង់បញ្ញត្តិចំពោះគ្រប់ភិក្ខុ ។ ខណៈភិក្ខុអង្គខ្លះកំពុងតែសោកសង្រេងចំពោះបរិនិព្វានរបស់ព្រះពុទ្ធ នៅពេលនោះ ព្រះមហាកស្សបត្ថេរ ក៏បានឮភិក្ខុសុភទ្ទពោលថា ៖
"ប៉ុណ្ណេះបានហើយ! សូមព្រះករុណាទាំងអស់ឈប់យំសោកទៅ យើងបានរួចខ្លួនពីព្រះមហាសមណៈ (ព្រះពុទ្ធ) ហើយតើ ។យើងតែងតែត្រូវបង្ខិតបង្ខំ នៅពេលដែលព្រះអង្គមានពុទ្ធប្បញ្ញត្តិថា ធ្វើនេះបាន, ធ្វើនោះមិនបាន ។ ប៉ុន្តែឥឡូវនេះយើងអាចធ្វើអ្វីៗដែលយើងចូលចិត្តធ្វើ និង មិនចាំបាច់ធ្វើអ្វីដែលយើងមិនចូលចិត្តធ្វើទៀតទេ ។"
ព្រះមហាកស្សបត្ថេរឮពាក្យទាំងនេះហើយ ព្រះមហាថេរយកព្រះទ័យទុកដាក់ចំពោះព្រះធម៌ និង ព្រះវិន័យដែលអាចត្រូវខូចបង់ មិនអាចស្ថិតស្ថេរតាមសភាពដើម ប្រសិនបើភិក្ខុឯទៀតមានកិរិយាដូចជាភិក្ខុសុភទ្ទនេះ ហើយបកស្រាយព្រះធម៌ និង ព្រះវិន័យខុស តាមតែការពេញចិត្តរបស់ខ្លួន ។
ដើម្បីកុំឲ្យមានការបកស្រាយព្រះធម៌ និង ព្រះវិន័យខុសពីការពិត ព្រះមហាកស្សបៈសម្រេចព្រះទ័យថា ព្រះធម៌ត្រូវតែរក្សាទុកនិងការពារឲ្យបានគង់វង់ ។ បន្ទាប់ពីបានទទួលសេចក្តីយល់ព្រះអំពីគណៈសង្ឃ ព្រះកស្សបៈបានកោះប្រជុំសង្គាយនាព្រះអរហត្ត ៥០០ អង្គ ។ ព្រះអានន្ទ នឹងត្រូវរាប់បញ្ចូលក្នុងគណៈសង្គាយនានេះ ប៉ុន្តែព្រះអានន្ទត្រូវតែសម្រេចជាព្រះអរហត្តសិន ។ ដោយមានព្រះមហាកស្សបៈជាប្រធាន ព្រះអរហត្ត ៥០០ អង្គក៏ប្រជុំសង្គាយនាក្នុងរដូវវស្សាបន្ទាប់ពេលបរិនិព្វានរបស់ព្រះពុទ្ធ ។
វត្ថុទី ១ ដែលព្រះមហាកស្សបៈលើកយកមកសួរភិក្ខុដែលមានចំណេះខ្ពស់បំផុតខាងព្រះវិន័យ គឺមហាថេរឧបាលិ, គឺអំពីវិន័យសង្ឃ ។ ព្រះឧបាលិមានគុណសម្បត្តិប្រសើរណាស់ក្នុងរឿងនេះដោយព្រះពុទ្ធបានបង្រៀនព្រះវិន័យទាំងមូលដល់ព្រះឧបាលិ ។ ជាដំបូងព្រះមហាកស្សបៈសួរមហាថេរឧបាលិ ដោយជាក់លាក់អំពីការជំរះក្តីចំពោះបរាជិក, សង្ឃាទិសេស, អនិយត, និស្សគ្គិយបាចិត្តិយ សុទ្ធិកបាចិត្តិយ,
បាដិទេសនិយ, សេក្ខិយវត្ត និង អធិករណសមថ ។
ព្រះឧបាលិត្ថេរបានប្រគេនចម្លើយសព្វគ្រប់, ប្រកបដោយភាពវ័យឆ្លាត និង បានទទួលសេចក្តីយល់ព្រមជាឱឡារិកពីគណៈសង្ឃ ។ ដូច្នេះព្រះវិន័យបានត្រូវសង្ឃប្រជុំអនុម័តយល់ព្រមជាផ្លូវការ ។
បន្ទាប់មក ព្រះមហាកស្សបៈក៏សួរព្រះអានន្ទត្ថេរ ដែលមានទេពកោសលខ្ពង់ខ្ពស់ខាងការចងចាំព្រះធម៌ ។ ព្រះអានន្ទបានចូលរួមក្នុងសង្គាយនា ដោយព្រះអានន្ទបានសម្រេចអរហត្តផលជាស្ថាពរមុនពិធីសង្គាយនាចាប់ផ្តើម ។ ព្រះមហាកស្សបៈសាកសួរព្រះអានន្ទ នូវសំណួរយ៉ាងវែងដោយសេចក្តីជឿជាក់ និង ទុកព្រះទ័យ អំពីព្រះធម៌ទាំងឡាយដែលព្រះពុទ្ធ ទ្រង់បានសម្តែងហើយ ក្នុងព្រះធម្មទេសនា ។ សំណួររបស់ព្រះកស្សបៈបានបញ្ជាក់អំពីទីកន្លែងនៃធម្មទេសនា និង ក្រុមមនុស្សដែលព្រះពុទ្ធបានប្រទានធម្មទេសនាចំពោះ ។ ដោយការចងចាំឥតខ្ចោះនូវសេចក្តីបង្រៀនទាំងឡាយរបស់ព្រះពុទ្ធ ព្រះអានន្ទបានឆ្លើយតបនឹងសំណួរទាំងអស់យ៉ាងត្រឹមត្រូវ ។ ដូច្នេះហើយព្រះធម្មទេសនាទាំងនោះ ក៏ត្រូវបានអង្គប្រជុំអនុម័តយល់ព្រមជាឯកឆន្ទ ។ អង្គប្រជុំបានយល់ព្រមជាផ្លូវការ ដើម្បីបិទមាតិការ លើច្បាប់តូចស្រាល និងយល់ព្រមដល់ការអនុវត្តន៍ ។ ព្រះសង្ឃបានសូត្រព្រះវិន័យនិងព្រះធម៌ទាំងមូល អស់ពេល ៧ ខែ ដើម្បីឲ្យព្រះសង្ឃដែលមានទេពកោសលខ្ពស់ខាងការចងចាំ ស្តាប់ហើយចងចាំ បានទាំងអស់ ។
សង្គាយនាលើកទី ១ ជាប្រវត្តិសាស្ត្រនេះ មាននាមថា
[ បញ្ចសតិក ] ព្រោះព្រះសង្ឃ ៥០០ អង្គដែលចូលរួម សុទ្ធសឹងតែជាព្រះអរហត្ត ដែលត្រាស់ដឹងពេញបរិបូណ៌ទាំងអស់ ។
ព្រះបាទអជាតសត្តុ ជាស្តេចនៃនគរ មគ្គធៈ បានឧបត្ថម្ភឲ្យធ្វើសង្គាយនាលើកទី ១ នេះ នៅគុហារសត្តបណ្ណៈ ដែលស្ថិតនៅក្រុងរាជគ្រឹហៈ ។ 🙏🙏🙏






























No comments:
Post a Comment