[៥៣] ឆត្តមាណវកវិមាន ទី ៣ - Monk Cambodia

[៥៣] ឆត្តមាណវកវិមាន ទី ៣

Share This

[៥៣] ឆត្តមាណវកវិមាន ទី ៣
(បិ.៥៥/ទំ.១១៥)
"ព្រះមានព្រះភាគ ជាសក្យមុនីអង្គណា ដ៏ប្រសើរខ្ពស់ ជាងពួកអ្នកប្រាជ្ញ ក្នុងពួក មនុស្ស ទ្រង់បានធ្វើកិច្ចស្រេចហើយ ដល់នូវត្រើយគឺព្រះនិព្វាន ព្រះអង្គប្រកបដោយ កំឡាំង (នឹងញាណ) នឹងសេចក្តីព្យាយាម អ្នកចូរដល់នូវព្រះមានព្រះភាគ ជាព្រះសុគត អង្គនោះ ដើម្បីជាសរណៈចុះ។
អ្នកចូរដល់នូវធម៌ ដែលប្រាសចាករាគៈ (អរិយមគ្គ) មិនរំភើប មិនមានសោក (អរិយផល) ជាសភាវធម៌ដែលបច្ច័យប្រជុំតាក់តែង មិនបាន ជាធម៌មិនគួរខ្ពើម ជាធម៌ដ៏ពីរោះ ដ៏ល្អិត ដែលលោកចែកត្រឹមត្រូវហើយ ដើម្បីជាសរណៈចុះ។
អ្នកប្រាជ្ញទាំងឡាយ បានពោលនូវទានដែលបុគ្គលឱ្យហើយ ចំពោះ គូបុរសដ៏ស្អាត ៤ គូណា ថាជាទានមានផលច្រើន គូនៃបុរសនោះ ចាប់ជាបុគ្គល ៨ ពួក ជាអ្នកឃើញនូវធម៌ អ្នកចូរដល់នូវព្រះសង្ឃនេះជាសរណៈចុះ"។
(ព្រះមានព្រះភាគត្រាស់ថា) "វិមានរបស់អ្នកនេះមានពន្លឺខ្លាំង រកអ្វីប្រៀបគ្មាន យ៉ាងណា ព្រះអាទិត្យ ព្រះចន្ទនឹងផ្កាយផុស្សៈ (ផ្កាយប្រចាំខែបុស្ស) ព្ធដ៏អាកាស ក៏មិនរុងរឿង មិនភ្លឺត្រឹមស្មើយ៉ាងនោះ អ្នកជាអ្វី មកអំពីទេវលោក មកកាន់ផែនដី មួយទៀត រស្មី (វិមានរបស់អ្នកផ្សាយទៅ) អស់ ២៥ យោជន៍ គ្របសង្កត់រស្មីព្រះអាទិត្យ ធ្វើរាត្រីឱ្យដូចជាវេលាថ្ងៃ វិមានដ៏ល្អស្អាត មិនមានមន្ទិល មានផ្កាឈូកក្រហមច្រើនបែប និងមានផ្កាឈូកស មានពណ៌ដ៏វិចិត្រលាយឡំដោយផ្កាផ្សេងៗ វិចិត្រដោយភ្ញីវល្លិ និងភ្ញីផ្កាជាច្រើនយ៉ាង ជាវិមានមិនមានធូលី ទាំងបិទបាំងដោយបណ្តាញមាស ប្រាសចាកធូលី រុងរឿងត្រដែត ព្ធដ៏អាកាស ដូចព្រះអាទិត្យ ដ៏ពាសពេញ ដោយពួក ទេវធីតា (ស្លៀកដណ្តប់) សំពត់កម្ពល់ក្រហម នឹងសំពត់លឿង មានខ្លួនប្រស់ព្រំ ប្រដាប់ដោយគ្រឿងក្រឹស្នា ផ្កាបិយង្គុនឹងគ្រឿងចន្ទន៍ មានស្បែកដ៏ស្តើងភ្លឺថ្លា ដូចមាស ដូចជាអាកាសដែលពេញពាសដោយពួកផ្កាយ ក្នុងវិមាននុ៎ះ មាននរៈនារី ជាច្រើន មាន វណ្ណៈប្លែកៗគ្នា មានគ្រឿងអម្ពរ ស្អិតស្អាងដោយផ្កា មានចិត្តរីករាយក្នុងវិមាននុ៎ះ លុះត្រូវ ខ្យល់បក់ផាត់មកផ្សព្វផ្សាយក្លិនក្រអូប មានគ្រឿងបិទបាំង ជាវិការៈនៃមាស ដ៏វិចិត្រ ដោយបរិក្ខារដ៏រុងរឿង នេះជាផលនៃបុញ្ញកម្មដូចម្តេច អ្នកបានមកកើតក្នុងវិមាននេះ តើដោយផលបុញ្ញកម្ម ដូចម្តេច មួយទៀត អ្នកបាននូវវិមាននេះ ដោយអំពើយ៉ាងណា អ្នកកាលបើតថាគតសួរហើយ សូមអ្នកប្រាប់ នូវហេតុតាមសមគួរដល់អំពើនោះ យ៉ាងនោះ"។
ព្រះសាស្តា ទ្រង់អនុគ្រោះ បានជួប នឹងឆត្តមាណពនោះ ក្នុងផ្លូវនេះ ហើយ ព្រះអង្គទ្រង់ប្រៀនប្រដៅ ចំណែកឆត្តមាណព បានស្តាប់ធម៌ របស់ព្រះអង្គ ជារតនៈដ៏ប្រសើរហើយ ក៏ក្រាប ទូលថា៖
"ខ្ញុំព្រះអង្គនឹងធ្វើតាម ខ្ញុំព្រះអង្គ សូមដល់ព្រះជិនបវរ ព្រមទាំងព្រះធម៌ និងព្រះសង្ឃជាសរណៈ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងនូវសរណគមន៍) ទេ ដល់មកខាងក្រោយ ខ្ញុំព្រះអង្គបានធ្វើឱ្យត្រឹមត្រូវតាមព្រះពុទ្ធដីកា របស់ព្រះអង្គហើយ (ព្រះអង្គបានទូន្មានខ្ញុំព្រះអង្គថា) អ្នកកុំប្រព្រឹត្តនូវ ការសម្លាប់សត្វ ជាអំពើមិនស្អាត មានប្រការផ្សេងៗ ព្រោះថា ពួកជនប្រកបដោយប្រាជ្ញា មិនសរសើរនូវការមិនសង្រួមក្នុងពួកសត្វទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានក្រាប ទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់មកខាងក្រោយ ខ្ញុំព្រះអង្គបានធ្វើត្រឹមត្រូវ តាមព្រះពុទ្ធដីកា របស់ព្រះអង្គហើយ (ព្រះអង្គបានទូន្មានខ្ញុំព្រះអង្គថា) អ្នកកុំកាន់យក ទ្រព្យ ដែលជនដទៃរក្សា កុំគប់រកភរិយា របស់ជនដទៃ ដ្បិតអំពើនេះមិនប្រសើរ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន(ដឹងទេ) ដល់មកខាង ក្រោយ ខ្ញុំព្រះអង្គ បានធ្វើឱ្យត្រឹមត្រូវ តាមព្រះពុទ្ធដីកា របស់ព្រះអង្គហើយ ព្រះអង្គបាន ទូន្មានខ្ញុំព្រះអង្គថា អ្នកកុំនិយាយឱ្យឃ្លាតចាកសេចក្តីពិត ដោយហេតុដទៃឡើយ ព្រោះថាពួកជនដែលប្រកបដោយប្រាជ្ញា មិនសរសើរពាក្យកុហកទេ បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់មកខាងក្រោយ ខ្ញុំព្រះអង្គ បានធ្វើឱ្យត្រឹមត្រូវ តាមព្រះពុទ្ធដីកា របស់ព្រះអង្គហើយ (ព្រះអង្គបាន ទូន្មានខ្ញុំព្រះអង្គថា) សញ្ញា របស់បុរស រមែងប្រាសទៅ ព្រោះគ្រឿងស្រវឹងណា អ្នកចូរលះ ចូរវៀរ នូវគ្រឿងស្រវឹងទាំងអស់នោះចេញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានក្រាប ទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់មកខាងក្រោយ ខ្ញុំព្រះអង្គ បានធ្វើឱ្យត្រឹមត្រូវ តាមព្រះពុទ្ធដីកា របស់ព្រះអង្គហើយ ខ្ញុំព្រះអង្គនោះ បានទទួលយកនូវសិក្ខាបទ ៥ ហើយប្រតិបត្តិតាមធម៌របស់ព្រះតថាគត ហើយដើរទៅកាន់ផ្លូវ ត្រង់ចន្លោះ (ចោរ) បានសម្លាប់ ខ្ញុំព្រះអង្គ ក្នុងទីនោះ ព្រោះហេតុតែភោគសម្បត្តិ ខ្ញុំព្រះអង្គ តែងរលឹកនូវកុសល មានប្រមាណប៉ុណ្ណេះនេះ កុសលដទៃ ក្រៅអំពីនោះ របស់ខ្ញុំព្រះអង្គ មិនមានឡើយ ខ្ញុំព្រះអង្គបានទៅកើត ក្នុងទេវលោក ជាអ្នកបាននូវកាម តាមសេចក្តីប្រាថ្នា ដោយសារ អំពើសុចរិតនោះ សូមព្រះអង្គទ្រង់ទតនូវផល នៃការសង្រួមក្នុងខណៈមួយរំពេច នឹងការ ប្រតិបត្តិធម៌ដ៏សមគួរចុះ ពួកជនជាច្រើន ដែលមានធម៌ថោកទាប (ជាងខ្ញុំ) កាលបាន ឃើញខ្ញុំព្រះអង្គ កំពុងតែរុងរឿង ដោយយស ក៏រមែងស្រឡាញ់ សូមព្រះអង្គទ្រង់ទត ខ្ញុំព្រះអង្គបានដល់នូវសុគតិផង ដល់នូវសេចក្តីសុខផង ដោយសារធម្មទេសនាតិចទេ ចំណែកពួកជនណា ស្តាប់ធម៌របស់ព្រះអង្គរឿយៗ ពួកជននោះ ទំនងជាបាននូវអមត និព្វានជាទីក្សេមមិនខាន បុញ្ញកម្ម សូម្បីមានប្រមាណតិច ដែលបុគ្គលធ្វើហើយ ក្នុងសាសនធម៌របស់ព្រះតថាគត រមែងមានផលច្រើន ធំទូលាយ សូមព្រះអង្គទ្រង់ទតចុះ ឆត្តមាណពញ់ាងផែនដីឱ្យរុងរឿង ដូចព្រះអាទិត្យ ព្រោះបានធ្វើបុណ្យទុកហើយ ជនមួយពួកប្រជុំប្រឹក្សាគ្នាថា កុសលនេះដូចម្តេច យើងត្រូវប្រព្រឹត្តអំពើកុសលដូចម្តេច ពួកយើងនោះ លុះបាននូវអត្តភាពជាមនុស្សវិញហើយ គួរជាអ្នកមានសីល ប្រព្រឹត្ត ប្រតិបត្តិ ឯព្រះសាស្តា មានឧបការៈច្រើន ទ្រង់អនុគ្រោះខ្ញុំព្រះអង្គ ព្រោះហេតុនោះ កាលខ្ញុំព្រះអង្គនៅរស់ ព្រះអង្គក៏ស្តេចមកទាំងថ្ងៃ ខ្ញុំព្រះអង្គនោះក៏បានចូលទៅគាល់ ព្រះអង្គ មានព្រះនាមជាសច្ចបុគ្គល សូមព្រះអង្គអនុគ្រោះឱ្យទាន ខ្ញុំព្រះអង្គសូមស្តាប់ ធម៌ម្តងទៀត ជនពួកណាក្នុងសាសនានេះ លះបង់កាមរាគផង លះបង់ភវរាគានុស្ស័យ ផង លះបង់មោហៈផង ជនពួកនោះ មិនចូលទៅកាន់ដំណេកក្នុងគតិឡើយ ព្រោះបាន ដល់នូវព្រះនិព្វាន ជាធម៌ត្រជាក់"។
ចប់ ឆត្តមាណវកវិមាន ទី ៣។ 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter