សមាធិភាវនាសុត្តំ - Monk Cambodia

សមាធិភាវនាសុត្តំ

Share This

 #សិក្សាបិដក៤២

#រោហិតស្សវគ្គ

[៤២] #សមាធិភាវនាសុត្តំ

ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា[1] នេះមាន ៤ យ៉ាង​​​​​​​។ សមាធិភាវនា ៤ យ៉ាង ដូចម្តេចខ្លះ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនាដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗហើយ ប្រព្រឹត្តទៅដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនាដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗហើយប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ[2] ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលចម្រើន បានធ្វើឱ្យរឿយ​ៗ ហើយប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ១​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខក្នុងបច្ចុប្បន្ន តើដូចម្តេច​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ ជាអកុសលទាំងឡាយហើយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិនឹងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ សម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈនឹងវិចារៈ ក៏ចូលទៅកាន់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លាគឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិនឹងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានសតិនឹងសម្បជញ្ញៈផង ទទួលយកនូវសុខដោយនាមកាយផង ព្រះអរិយទាំងឡាយ តែងសរសើរនូវបុគ្គលដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ សម្រេចសម្រាន្តនៅ ព្រោះលះបង់នូវសេចក្តីសុខផង លះបង់នូវសេចក្តីទុក្ខផង មានសោមនស្សនឹងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍ មិនមែនជាទុក្ខ មិនមែនជាសុខគឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខក្នុងបច្ចុប្បន្ន​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ តើដូចម្តេច​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវអាលោកសញ្ញា (សេចក្តីសម្គាល់ក្នុងពន្លឺ) អធិដ្ឋាននូវទិវាសញ្ញា (សេចក្តីសម្គាល់ក្នុងវេលាថ្ងៃ) គឺថាក្នុងវេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ ក្នុងវេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះដែរ​​​​​​​។ ភិក្ខុមានចិត្តស្ងប់ស្ងាត់ មិនមានកិលេសជាគ្រឿងរួបរឹត តែងចម្រើនចិត្តដែលប្រកបដោយពន្លឺដោយប្រការដូច្នេះ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗហើយ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗហើយ ប្រព្រឹត្តទៅដើម្បីសតិ និងសម្បជញ្ញៈ តើដូចម្តេច​​​​​​​។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ របស់ភិក្ខុក្នុងសាសនានេះ តែងកើតឡើងប្រាកដ តែងឋិតនៅប្រាកដ តែងដល់នូវសេចក្តីអស់ទៅវិញប្រាកដ សញ្ញា… ប្រាកដ វិតក្កៈទាំងឡាយតែងកើតឡើងប្រាកដ តែងឋិតនៅប្រាកដ តែងដល់នូវសេចក្តីអស់ទៅវិញប្រាកដ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗហើយ ប្រព្រឹត្តទៅដើម្បីសតិ និងសម្បជញ្ញៈ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យរឿយ​ៗហើយ ប្រព្រឹត្តទៅដើម្បីអស់ទៅនៃអាសវៈទាំងឡាយ តើដូចម្តេច​​​​​​​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ​ៗ នូវទីកើតនឹងទីរលត់ក្នុងឧបាទានក្ខន្ធទាំង ៥ ថា ដូច្នេះ ការកើតឡើងនៃរូបដូច្នេះ សេចក្តីអស់ទៅនៃរូបដូច្នេះ វេទនាដូច្នេះ ការកើតឡើងនៃវេទនាដូច្នេះ សេចក្តីអស់ទៅនៃវេទនាដូច្នេះ សញ្ញាដូច្នេះ ការកើតឡើងនៃសញ្ញាដូច្នេះ សេចក្តីអស់ទៅនៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ការកើតឡើងនៃសង្ខារទាំងឡាយដូច្នេះ សេចក្តីអស់ទៅនៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីអស់ទៅនៃវិញ្ញាណដូច្នេះ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឱ្យរឿយ​ៗហើយ ប្រព្រឹត្តទៅដើម្បីអស់នៃអាសវៈទាំងឡាយ​​​​​​​។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនាមាន ៤ យ៉ាង នេះឯង​​​​​​​។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ តថាគតបានពោលហើយ ក្នុងបុណ្ណប្បញ្ហា ត្រង់បរាយនវគ្គ ព្រោះសំដៅយកសមាធិភាវនានុ៎ះ​​​​​​​។

បុគ្គលបានពិចារណានូវសភាពធម៌ដ៏ថោកទាប និងឧត្តម ក្នុងលោក សេចក្តីរំភើបចិត្ត បន្តិចបន្តួចរបស់បុគ្គលណា មិនមានក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នករម្ងាប់ (នូវសឹកសត្រូវគឺកិលេស) មិនមានផ្សែងគឺសេចក្តីក្រោធ មិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ឈ្មោះថា ឆ្លងនូវជាតិនឹងជរាបាន​​​​​​​។


[1] & [2]​ ចូរមើលតាមនយលក្ខណៈ ក្នុងសង្គីតិសូត្រ ទីឃនិកាយ ឆដ្ឋមភាគ បាដិកវគ្គ​​​​​​​។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter