[៤] រឿងឧបមាអំពីនាងវេទេហិកាគហបតានី
ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានគហបតានីម្នាក់ឈ្មោះនាងវេទេហិកា នៅក្នុងក្រុងសាវត្តីនេះឯង។ ម្នាលភិក្ខុទាំងឡាយ កិត្តិសព្ទដ៏ពិរោះរបស់នាងវេទេហិកាគហបតានីល្បីខ្ចរខ្ចាយសុសសាយទៅយ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្រ្តីស្លូត នាងវេទេហិកាគហបតានី ជាស្រ្តីសភាពរាបទាប នាងវេទេហិកាគហបតានី ជាស្រ្តីស្រគត់ស្រគំ។ ម្នាលភិក្ខុទាំងឡាយ ឯនាងវេទេហិកាគហបតានីមានទាសី១នាក់ ឈ្មោះកាឡី ជាស្រ្តីឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកចាត់ចែងការងារល្អ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង នាងកាឡីទាសីមានសេចក្តីត្រិះរិះដូច្នេះថា នាងម្ចាស់របស់អាត្មាអញ មានកិត្តិសព្ទដ៏ពិរោះល្បីខ្ចរខ្ចាយសុសសាយទៅយ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្រ្តីស្លូត នាងវេទេហិកាគហបតានី ជាស្រ្តីសភាពរាបទាប នាងវេទេហិកាគហបតានី ជាស្រ្តីស្រគត់ស្រគំដូច្នេះ ចុះអ្នកស្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើឱ្យប្រាកដឬ ឬមិនមានកំហឹងខាងក្នុងទេ ឬក៏ដោយសារការងារទាំងនុះ ដែលអញបានចាត់ចែងត្រឹមត្រូវ បានជាអ្នកស្រីជាម្ចាស់អញ មិនបញ្ចេញកំហឹងខាងក្នុងដែលមានដែរ មិនមែនជាមិនមានទេ បើដូច្នោះ មានតែអញល្បងអ្នកស្រីជាម្ចាស់ល្បងមើល។
ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាងកាឡីទាសី ក្រោកឡើងពីដំណេកក្នុងវេលាថ្លៃពេក។ ម្នាលភិក្ខុទាំងឡាយ ក្នុងពេលនោះ នាងវេទេហិកាគហបតានី បាននិយាយនឹងនាងកាឡីទាសីដូច្នេះថា នែមេកាឡី។ នាងកាឡីទាសីឆ្លើយតបថា អ្នកស្រ្តីមានប្រសាសន៍ថាម៉េច។ ចុះហងម្តេចក៏ក្រោកទាល់តែថ្ងៃម្ល៉េះ។ គ្មានអ្វីទេអ្នកស្រី។ នាងវេទេហិកាគហបតានីក៏ខឹងអាក់អន់ចិត្ត ធ្វើមុខក្រញូវស្រដីថា យើមេចោរទាសីគំរក់ បើមិនមានអ្វីទេ ម្តេចក៏ហងឯងក្រោកទាល់តែថ្ងៃម្ល៉េះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ កាឡីទាសីមានសេចក្តីត្រិះរិះដូច្នេះថា អ្នកស្រ្តីជាម្ចាស់អញមានកំហឹងខាងក្នុងដែរ តែមិនធ្វើឱ្យប្រាកដ មិនមែនជាមិនមានទេ ដោយសារការងារទាំងនុះ អាត្មាអញបានចាត់ចែងត្រឹមត្រូវ បានជាអ្នកស្រ្តីជាម្ចាស់អញ មិនបញ្ចេញកំហឹងខាងដែលមានដែរ មិនមែនជាមិនមានទេ បើធ្វើដូច្នោះគួរតែអញល្បងមើលម្ចាស់អញឱ្យលើសជាងនេះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាងកាឡីទាសីក្រោកឡើងពីដំណេក រឹងរិតតែទាល់ថ្ងៃជាងមុនទៅទៀត។
ម្នាលភិក្ខុទាំងឡាយ វេលានោះ នាងវេទេហិកាគហបតានី បាននិយាយនឹងនាងកាឡីទាសីដូច្នេះថា នែមេកាឡី។ កាឡីទាសីឆ្លើយតបថា អ្នកស្រ្តីមានប្រសាសន៍ថាម៉េច។ ចុះហងម្តេចក៏ក្រោកទាល់ថ្ងៃម្ល៉េះ។ គ្មានអ្វីទេ អ្នកស្រី។ នាងវេទេហិកាគហបតានីខឹងអាក់អន់ចិត្ត ក៏បញ្ចេញវាចាដោយសេចក្តីអាក់អន់ចិត្តថា យើមេចោរទាសីគំរក់ បើមិនមានអ្វីទេ ម្តេចក៏ហងក្រោកទាល់ថ្ងៃម្ល៉េះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ កាឡីទាសីមានសេចក្តីត្រិះរិះដូច្នេះថា អ្នកស្រ្តីជាម្ចាស់អញមានកំហឹងខាងក្នុងដែរ តែមិនធ្វើឱ្យប្រាកដ មិនមែនជាមិនមានទេ ដោយសារការងារទាំងនុះដែលអញបានចាត់ចែងត្រឹមត្រូវ បានជាអ្នកស្រ្តីជាម្ចាស់អញ មិនបញ្ចេញកំហឹងខាងក្នុង មិនមែនជាមិនមានទេ បើដូច្នោះគួរតែឯងល្បងមើលអ្នកស្រីជាម្ចាស់អញឱ្យលើសជាងនេះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ កាឡីទាសីក្រោកឡើងពីដំណេក រឹងរិតតែទាល់ថ្ងៃជាងមុនទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នាងវេទេហិកាគហបតានី បាននិយាយនឹងនាងកាឡីទាសីដូច្នេះថា នែមេកាឡី។ នាងកាឡីទាសីឆ្លើយតបថា អ្នកស្រ្តីមានប្រសាសន៍ថាម៉េច។ ចុះហងម្តេចក៏ក្រោកទាល់ថ្ងៃម្ល៉េះ។ គ្មានអ្វីទេអ្នកស្រ្តី។ នាងវេទេហិកាគហបតានីខឹងអាក់អន់ចិត្ត និយាយថា យើមេចោរទាសីគំរក់ បើមិនមានអ្វីទេ ម្តេចក៏ហងក្រោកទាល់ថ្ងៃម្ល៉េះ ថាហើយក៏ចាប់រនុកទ្វារយារសំពងចំក្បាលថា អញនឹងវាយបំបែកក្បាលហង។
ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង នាងកាឡីទាសីបែកក្បាលហូរឈាមរហាម ក៏ពោលទោសប្រាប់ស្រ្តីអ្នកសិទ្ធិស្នាលជិតខាងថា អ្នកស្រ្តីជាម្ចាស់ ចូរមើលអំពើរបស់ស្រ្តីដែលស្លូតចុះ អ្នកស្រ្តីជាម្ចាស់ ចូរមើលអំពើរបស់ស្រ្តីដែលសភាពរាបទាបចុះ អ្នកស្រ្តីជាម្ចាស់ ចូរមើលអំពើរបស់ស្រ្តីស្រគត់ស្រគំចុះ មិនសមបើអ្នកស្រ្តីជាម្ចាស់ខឹងអាក់អន់ចិត្តនឹងទាសីម្នាក់ថា ហងឯងក្រោកពីដំណេកទាល់ថ្ងៃ ហើយចាប់រនុកទ្វារយារសំពងចំក្បាលថា អញនឹងវាយបំបែកក្បាលហងដូច្នេះសោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាងវេទេហិកាគហបតានី ក៏មានកិត្តិសព្ទដ៏អាក្រក់ល្បីខ្ចរខ្ចាយសុសសាយក្នុងសម័យខាងក្រោយមកយ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្រ្តីកាច នាងវេទេហិកាគហបតានី ជាស្រ្តីមិនសភាពរាបទាប នាងវេទេហិកាគហបតានី ជាស្រ្តីមិនស្រគត់ស្រគំ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះក្នុងសាសនាក៏យ៉ាងនោះដែរ ជាអ្នកស្លូតណាស់ ជាសភាពរាបទាបណាស់ ជាអ្នកស្រគត់ស្រគំណាស់ ត្រាតែគន្លងពាក្យមិនជាទីគាប់ចិត្តមិនទាន់មកប៉ះពាល់។ ម្នាលភិក្ខុទាំងឡាយ កាលណាបើគន្លងពាក្យមិនគាប់ចិត្តមកប៉ះពាល់ភិក្ខុហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះទើបគេដឹងថាជាអ្នកស្លូត ថាជាសភាពរាបទាប ថាជាអ្នកស្រគត់ស្រគំ ក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ ព្រោះតែចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគតមិនបានហៅភិក្ខុនោះថាជាអ្នកប្រដៅងាយឡើយ ព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថាភិក្ខុនោះ កាលបើមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិនមែនជាអ្នកប្រដៅងាយ មិនដល់នូវភាពជាអ្នកប្រដៅងាយឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណាមួយ ធ្វើសក្ការៈចំពោះធម៌ ធ្វើសេចក្តីគោរពធម៌ ប្រព្រឹត្តកោតក្រែងធម៌មែន ទើបពេញជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ តថាគតហៅភិក្ខុនោះថាជាអ្នកប្រដៅងាយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកភិក្ខុក្នុងសាសនានេះ ត្រូវគិតគ្នាថា យើងទាំងឡាយ កាលធ្វើសក្ការៈចំពោះធម៌ ធ្វើសេចក្តីគោរពធម៌ ប្រព្រឹត្តកោតក្រែងធម៌ នឹងជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ។



























No comments:
Post a Comment