រឿងនាងឧព្វិរី ព្រះពុទ្ធព្រះពុទ្ធមានដីកាថា ម្នាលឧព្វិរី តើអ្នកកំពុងយំសោកហៅរកកូនស្រីឈ្មោះ ជីវា មួយណា? - Monk Cambodia

រឿងនាងឧព្វិរី ព្រះពុទ្ធព្រះពុទ្ធមានដីកាថា ម្នាលឧព្វិរី តើអ្នកកំពុងយំសោកហៅរកកូនស្រីឈ្មោះ ជីវា មួយណា?

Share This

 <រឿងនាងឧព្វិរី  ព្រះពុទ្ធព្រះពុទ្ធមានដីកាថា ម្នាលឧព្វិរី តើអ្នកកំពុងយំសោកហៅរកកូនស្រីឈ្មោះ ជីវា មួយណា? 

នៅក្នុងទីស្មសាននេះ មានកូនស្រីរបស់អ្នកឈ្មោះ ជីវា ចំនួន ៨៤,០០០ នាក់ ត្រូវបានគេដុតនៅទីនេះរួចមកហើយ ក្នុងអតីតជាតិដ៏យូរលង់។>>


    នាងឧព្វិរី បានកើតក្នុងត្រកូលសេដ្ឋីមួយនៅក្នុងក្រុងសាវត្ថី។ នាងឧព្វិរីដោយសារនាងមានរូបសម្រស់ស្រស់សោភាល្អដាច់គេ ព្រះបាទបសេនទិកោសល ក៏បាននាំយកនាងមករស់នៅក្នុងឋានៈជាព្រះមហេសីមួយអង្គនៅក្នុងរាជវាំង។ ក្រោយមក នាងបានប្រសូតបានព្រះរាជធីតាមួយព្រះអង្គ ដែលមានព្រះនាមថា ជីវា (Jīvā)។ ព្រះនាងឧព្វិរីស្រឡាញ់ថ្នាក់ថ្នមកូនស្រីនេះខ្លាំងណាស់ ហើយព្រះរាជាក៏សព្វព្រះទ័យយ៉ាងខ្លាំងរហូតប្រទានរង្វាន់ និងការគោរពយ៉ាងធំធេងដល់នាង។ 

ក្តីសុខរបស់នាងមានរយៈពេលមិនបានយូរប៉ុន្មានឡើយបុត្រី កុមារី ជីវា ដែលនៅតូចគួរឱ្យស្រឡាញ់នោះ ក៏បានធ្លាក់ខ្លួនឈឺ និងសោយ ស្លាប់ ទៅ។

ការស្លាប់របស់កូនស្រីតែមួយ បានធ្វើឱ្យនាងឧព្វិរីទទួលរងនូវសេចក្តីទុក្ខសោកយ៉ាងទម្ងន់ រហូតដល់បាត់បង់ការគ្រប់គ្រងស្មារតី។ រៀងរាល់ថ្ងៃ នាងតែងតែយំសោកបោកខ្លួន ដើរចេញពីរាជវាំងសំដៅទៅកាន់ទីស្មសាន (កន្លែងដុតសពកូន) រួចឈរយំស្រែកហៅឈ្មោះកូនថា៖ «ឱ! ជីវា កូនមាសម្តាយ... ម្តាយនឹកកូនណាស់!» នាងតែងតែទៅយំនៅទីនោះជាប្រចាំដោយមិនអាចកាត់ចិត្តបានឡើយ។

ថ្ងៃមួយ ព្រះសម្មាសម្ពុទ្ធទ្រង់បានពិចារណាឃើញនូវឧបនិស្ស័យនៃការត្រាស់ដឹងរបស់នាងឧព្វិរី។ ព្រះអង្គក៏បានស្តែងព្រះកាយទៅកាន់ព្រៃស្មសាននោះ។ នៅពេលឃើញនាងកំពុងឈរយំសោកហៅឈ្មោះកូន ព្រះភគវាទ្រង់បានត្រាស់សួរដាស់ស្មារតីនាងដោយព្រះពុទ្ធដីកាថា៖

«ម្នាលឧព្វិរី តើអ្នកកំពុងយំសោកហៅរកកូនស្រីឈ្មោះ ជីវា មួយណា? នៅក្នុងទីស្មសាននេះ មានកូនស្រីរបស់អ្នកឈ្មោះ ជីវា ចំនួន ៨៤,០០០ នាក់ ត្រូវបានគេដុតនៅទីនេះរួចមកហើយ ក្នុងអតីតជាតិដ៏យូរលង់។ តើអ្នកកំពុងយំសោកចំពោះកូនស្រីឈ្មោះ ជីវា មួយណាឱ្យប្រាកដ?»


គ្រាន់តែបានស្តាប់ពុទ្ធដីកានេះភ្លាម នាងឧព្វិរីបានរលឹកសតិឡើងវិញ។ ដោយអំណាចបារមីដែលធ្លាប់សន្សំពីអតីតជាតិ នាងបានពិចារណាឃើញយ៉ាងច្បាស់នូវ អនិច្ចលក្ខណៈ ភាពមិនទៀង និង ទុក្ខលក្ខណៈ នៃសង្សារវដ្ត។ នាងបានឃើញថា មិនមែនមានតែនាងទេដែលបាត់បង់កូន ហើយក៏មិនមែនទើបតែជាតិហ្នឹងទេដែលនាងត្រូវយំសោកព្រោះការស្លាប់របស់កូនឈ្មោះជីវា។

សេចក្តីសោកសៅដែលធ្លាប់តែចាក់ដោតក្នុងបេះដូងរបស់នាង ក៏បានរលត់បាត់ទៅភ្លាមៗ។ នាងបានក្រាបថ្វាយបង្គំព្រះបរមសាស្តា រួចសូមអនុញ្ញាតបួសជាភិក្ខុនីនៅក្នុងព្រះពុទ្ធសាសនា។

ក្រោយពីបានបួសជាភិក្ខុនីរួចមក ព្រះឧព្វិរីថេរី បានខិតខំបដិបត្តិ វិបស្សនាកម្មដ្ឋាន ដោយផ្តោតលើការសង្កេតមើលការកើតឡើង និងរលត់ទៅវិញនៃនាមនិងរូប រហូតបានជម្រះនូវកិលេសទាំងពួង និងបានសម្រេច ព្រះអរហត្តផល ជាព្រះអរហន្តថេរីមួយអង្គ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter