សងបំណុលទុក្ខ កើតទាន់ព្រះធម៌នៅមាន - Monk Cambodia

សងបំណុលទុក្ខ កើតទាន់ព្រះធម៌នៅមាន

Share This

 “សងបំណុលទុក្ខ កើតទាន់ព្រះធម៌នៅមាន”

តាំងពីអនេកជាតិរៀងមក យើងម្នាក់ៗសុទ្ធតែជា "កូនបំណុល" នៅក្នុងវដ្តសង្សារ។ បំណុលនេះមិនមែនជាប្រាក់កាសទេ ប៉ុន្តែជា បំណុលនៃសេចក្តីទុក្ខ ដែលយើងបានខ្ចីជំពាក់តាមរយៈការបង្កើតកិលេស តណ្ហា និងអវិជ្ជា។


ដំណើរការនេះអន្ទោលទៅឥតឈប់ឈរតាមរយៈខ្សែចង្វាក់បដិច្ចសមុប្បាទ គឺ អវិជ្ជា ជាបច្ច័យឱ្យកើតសង្ខារ... រហូតដល់ ជាតិ ជរា មរណៈ និងសេចក្តីទុក្ខសោក (សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាស)។ រាល់ពេលដែលយើងប្រតិកម្មតបនឹងលោកធម៌ដោយលោភៈ ឬទោសៈ គឺយើងកំពុងតែចុះកិច្ចសន្យា សាងបំណុលទុក្ខសច្ចៈថ្មីៗបន្ថែមទៀត ហើយសងវិញដោយទឹកភ្នែក និងការវិលកើតវិលស្លាប់មិនចេះចប់។


ឱកាសដែលកើតទាន់ព្រះធម៌ និងការសងបំណុលទុក្ខ៖

ការបានកើតមកជាមនុស្ស និងបានជួបប្រទះព្រះសទ្ធម្មដ៏បរិសុទ្ធ មិនមែនជារឿងចៃដន្យឡើយ។ ការពិតទៅ ការព្យាយាមក្នុងអតីតកាល និងបុណ្យកុសលបារមីដែលបានសាងពីអតីតជាតិ កំពុងផ្លែផ្កា និងផ្តល់ផលល្អដល់អ្នកដែលមានសទ្ធា ទើបមានឱកាសសិក្សា និងបដិបត្តិធម៌តាមមាគ៌ាត្រាស់ដឹងនៃមេរៀនព្រះពុទ្ធ។ ដូចដែលព្រះពុទ្ធបានសម្តែងថា៖ "ទ្វារនៃអមតមហានិព្វាន តថាគតបានបើកហើយ ដល់សត្វទាំងឡាយណាដែលមានសោតប្រសាទ (អ្នកមានត្រចៀក) សត្វទាំងឡាយនោះ ចូរបញ្ចេញនូវសទ្ធាចុះ។"


ដូច្នេះ កុំបណ្តោយឱ្យកុសលបារមីដែលបានខំសន្សំជាច្រើនជាតិមក ត្រូវបាត់បង់ឱកាសក្នុងជាតិនេះដោយសារតែសេចក្តីធ្វេសប្រហែស (បមាទធម៌) ឱ្យសោះ។


ព្រះមហាថេរៈកម្មដ្ឋាន វេប៊ូ សាយ៉ាដាវ (Webu Sayadaw) តែងតែដាស់តឿនយ៉ាងមុតមាំថា៖ "តើអ្នកកំពុងរង់ចាំអ្វីទៀត? ពេលវេលាដែលមានតម្លៃបំផុតគឺវិនាទីនេះឯង។ កុំខ្ជះខ្ជាយសូម្បីតែដង្ហើមចេញចូលមួយខណៈ។" ព្រះអង្គបង្រៀនឱ្យយើងយកសេចក្តីព្យាយាម (វីរិយៈ) ចាប់តាំងការមានសតិដឹងនៅត្រង់រន្ធច្រមុះ ព្រោះរាល់ខ្យល់ដង្ហើមដែលយើងមានសតិ គឺជាការសងបំណុលចាស់ ហើយរារាំងមិនឱ្យបង្កើតបំណុលកិលេសថ្មី។


លោកគ្រូ ហ្គោ ឥនកា (S.N. Goenka) ក៏តែងតែរំលឹកអ្នកបដិបត្តិជានិច្ចអំពី "អាតាបី សម្បជានោ សតិមា" គឺការព្យាយាមដុតកម្ដៅកិលេស និងការដឹងខ្លួនគ្រប់ខណៈ ប្រកបដោយបញ្ញា ដឹងអំពីវេទនា និងដឹងអំពីអនិច្ចំ។ "សភាវៈទាំងឡាយគ្រាន់តែជារបស់កើតឡើងហើយរលត់ទៅវិញប៉ុណ្ណោះ។" នៅពេលដែលអ្នកសង្កេតវេទនាននៅលើកាយដោយរក្សាឧបេក្ខា អ្នកមិនកំពុងបង្កើតសង្ខារថ្មីទេ ហើយនៅពេលនោះ សង្ខារចាស់ៗ (បំណុលទុក្ខចាស់ៗ) នឹងត្រូវបានគាស់រំលើង។ នេះហើយជារបៀបសងបំណុលទុក្ខដ៏ត្រឹមត្រូវបំផុតតាមមាគ៌ាវិបស្សនា។


បំណុលនៃសេចក្តីទុក្ខនេះ គ្មាននរណាម្នាក់អាចជួយសងជំនួសយើងបានឡើយកាលណាយើងបង្កបង្កើតសង្ខាថ្មី កម្មថ្មី អកុសលថ្មី បំណុលនេះចេះតែកើនឡើង  ដូចនេះហើយមានតែការប្រឹងប្រែងរបស់យើងផ្ទាល់ម្នាក់ៗ ដូចអ្វីដែលព្រះពុទ្ធសំដែងថា (អត្តា ហិ អត្តនោ នាថោ )។ ចាប់ផ្តើម  កាត់ផ្តាច់អវិជ្ជា និងតណ្ហា​ ដោយ​ សីល​ សមាធិ​ បញ្ញា​  ។ ព្យាយាមឱ្យអស់ពីលទ្ធភាព រហូតទាល់តែចិត្តនេះរំដោះផុតពីចំណងនៃវដ្តសង្សារ ឆ្លងកាត់មហាសមុទ្រដ៏ធំធេងនេះ ដើម្បីសម្រេចបាននូវសេចក្តីស្ងប់ ការរួចរំដោះ និងសុខបរមត្ថដ៏ពិតប្រាកដ គឺព្រះនិព្វាន។


(រឿងព្រះនាងបដាចារាថេរី ដែលបង្ហាញថាលោកនេះពោរពេញទៅដោយកិលេស ពោរពេញទៅដោយទុក្ខក្រៃលែង។ ទោះបីជាទុក្ខមានមែនពិត ប៉ុន្តែផ្លូវរំដោះទុក្ខ ព្រះពុទ្ធក៏បានបង្ហាញជាប្រទីបបំភ្លឺរួចហើយផងដែរ)។


<< ភវតុ សព្វមង្គលំ - សូមឱ្យសព្វសត្វប្រកបដោយសុភមង្គល >>

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter