ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ពួកនេះ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ពួកនេះ

Share This

 [២៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ពួកនេះ 

រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ 

ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មិនស្អាត 

មានកិរិយាមារយាទ ប្រកបដោយសេចក្ដីរង្កៀស 

មានការងារលាក់លៀមទុក មិនមែនជាសមណៈ 

ប្ដេជ្ញាថាជាសមណៈ មិនមែនជាព្រហ្មចារី ប្ដេជ្ញាថាជាព្រហ្មចារី ស្អុយខាងក្នុង មានចិត្តជោគជាំដោយរាគៈ មានចិត្តជ្រោកជ្រាក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ 

ឈ្មោះថា ជាបុគ្គលដែលគេគួរខ្ពើម មិនគួរសេព 

មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលមិនលុះទៅតាម ដំណើរ ទិដ្ឋិ របស់បុគ្គលមានសភាពយ៉ាងនេះ ក៏ពិត មែនហើយ ប៉ុន្តែថា បុគ្គលនោះ គង់មានកិត្តិសព្ទដ៏លាមក ល្បីឡើងថា បុរសបុគ្គលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានគូកនអាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាពស់លូនទៅក្នុងលាមក ទុកជាមិនចិក ក៏ពិតមែន ប៉ុន្តែថា លាមក គង់ប្រឡាក់ ពស់ នោះ មិនខាន យ៉ាង ណា ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលុះទៅតាមដំណើរទិដ្ឋិ របស់បុគ្គលមានសភាពយ៉ាងនេះ ក៏ពិតមែន ប៉ុន្តែថា បុគ្គលនោះ មានកិត្តិសព្ទ ដ៏លាមក ល្បីឡើងថា បុរសបុគ្គល មានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានគូកនអាក្រក់ ក៏យ៉ាងនោះដែរ។ ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គលដែលគេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគេ គួរព្រងើយ កន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេនិយាយតែបន្តិចបន្តួច ក៏ជាប់ចិត្ត ក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យប្រាកដឡើង ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដំបៅចាស់ ដែលត្រូវប៉ះទង្គិច ដោយកំណាត់ឈើ ឬអំបែង 

រមែងក្លាយឡើង លើសប្រមាណយ៉ាងណា 

ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេនិយាយតែបន្តិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យប្រាកដឡើង យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចជាអង្កត់ភ្លើងឧសដង្កោ ដែលគេកៀស ដោយកំណាត់ឈើ ឬអំបែង រមែងធ្វើសំឡេង ឮចិចិដៈធ្វើសំឡេង ឮចិដិចិដៈ ដោយក្រៃលែង លើសប្រមាណយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេនិយាយបន្តិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដី មិនសប្បាយចិត្ត ឲ្យប្រាកដឡើង ក៏យ៉ាងនោះដែរ។ 


ម្នាលភិក្ខុទាំងឡាយ ដូចជារណ្ដៅលាមក 

ដែលបុគ្គលឆ្កឹស ដោយកំណាត់ឈើ ឬអំបែងរមែង មានក្លិនស្អុយដោយក្រៃលែង លើសប្រមាណ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីតែគេនិយាយបន្តិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដី មិនសប្បាយចិត្ត ឲ្យប្រាកដឡើង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គលដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះគេគិតថា ជន (នេះ) គប្បីជេរអាត្មាអញខ្លះ ផ្ដាសាអាត្មាអញខ្លះ ធ្វើអាត្មាអញ ឲ្យខូចប្រយោជន៍ខ្លះ។ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គល ដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសីល មានកល្យាណ ធម៌ ។  ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះឈ្មោះថា ជាបុគ្គលគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលុះទៅតាមដំណើរទិដ្ឋិ របស់បុគ្គលមានសភាពយ៉ាងនេះ ក៏ពិតមែន ប៉ុន្តែបុគ្គលនោះ គង់មានកិត្តិសព្ទ ដ៏ពីរោះ ល្បីឡើងថា បុរសបុគ្គល មានមិត្តល្អ មានសំឡាញ់ល្អ មានគូកនល្អ ។ ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គលគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។  បុរសអ្នកសេពគប់បុគ្គលថោកទាប រមែងសាបសូន្យ បើសេពគប់បុគ្គលស្មើគ្នា មិនគប្បីសាបសូន្យ ក្នុងកាលណាឡើយ បុរសចូលទៅគប់រកបុគ្គលប្រសើរ (ជាងខ្លួន) រមែង ចំរើនឆាប់ព្រោះហេតុនោះ បុរសគួរគប់រកនឹងបុគ្គលដ៏ប្រសើរលើសខ្លួន (ទើបប្រសើរ) ។ 


បិដក ភាគ៤១ ទំព័រ៥៩ ដល់៦៣

No comments:

Post a Comment

Flag Counter