បរិយត្តិ សម្រាប់អ្នកភ្នែកភ្លឺមើលឃើញ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

បរិយត្តិ សម្រាប់អ្នកភ្នែកភ្លឺមើលឃើញ

Share This

 ☝️ពាក្យថា #បរិយត្តិ សម្រាប់អ្នកភ្នែកភ្លឺមើលឃើញ!


✍️ មុននឹងបកស្រាយ ទាញទារឲ្យយល់ពីបំណងគ្នាជាមុនសិន ទើបយល់ចូលចិត្តគ្នាបាន។ ជាការពិតណាស់ កាលមានបុគ្គលពោលពាក្យ #បរិយត្តិ ដោយបដិសេធថាមិនមែនបានដល់ព្រះត្រៃបិដក គឺគាត់ចង់ទាញពាក្យនេះ ចូលក្នុងដំណើរនៃការសិក្សា «ធម្មៈ» (គេចង់ថា យកបញ្ញាចូលសិក្សាដល់ចំពោះធម្មៈគឺអារម្មណ៍កំពុងកើតប្រាកដ) ។ 


✍️ បើមើលលើការនិយាយស្ដី ក៏អាចដឹងថា ជាអ្នកសិក្សាតាមការស្ដាប់ដោយច្រើន ដោយគ្មានយល់ក្បួនច្បាប់និរុត្តិ៍ ព្រះបាឡី អដ្ឋកថា ដីកា ឲ្យត្រឹមត្រូវសុីជម្រៅតាមអត្ថ និងព្យញ្ជនៈឡើយ ដោយចប់ត្រឹមចេះពោល ធម្មៈ យល់ថា គ្រប់គ្រាន់ ហើយងាយ ។ 


✅ ពិតណាស់ ព្រះបាឡីគឺពុទ្ធវចនៈមួយបទៗ ជា #នយសាគរ ជ្រាលជ្រៅដូចមហាសមុទ្រ ប្រកបដោយបដិច្ចសមុប្បាទន័យ និង បដ្ឋានន័យ ។ បើចង់មុចអោយបានសុីជម្រៅ តម្រូវឲ្យមានការសិក្សានូវនិរុត្តិ៍ជាខាងដើម ដើម្បីជាកូនសោចូលទៅបើកព្រះត្រៃបិដក។ សមដូចបុរាណាចារ្យពោលទុកថា បុគ្គលណាមិនសិក្សានូវនិរុត្តិ៍ ដើម្បីសិក្សានូវព្រះត្រៃបិដក ប្រៀបដូចដំរីខ្វាក់ត្រាច់ទៅក្នុងព្រៃយ៉ាងដូច្នោះ ។


✍️ ផ្ទុយទៅវិញ ប្រសិនបើយល់ថា ការទ្រទ្រង់ចាំទុកនូវ «បិដកជាសទ្ទជាតិរក្សានូវប្រយោជន៍បច្ចុប្បន្ន និងបរលោក ដែលបណ្ឌិតគប្បីសិក្សា» មិនមែនជាបរិយត្តិ ម្លោះ! យើងមិនបានអានបិដក ហើយយល់ដឹងនូវអត្ថសេក្ដីដល់ឥឡូវបានដែរ ។ ដល់ហោចទៅសូម្បីចង់ចាំត្រឹមតែសំឡេងមួយបទ  មួយបាទ នៃគាថាព្រះពុទ្ធអង្គ ដោយមិនយល់ន័យ  នៅមានដរាបណា បរិយត្តិ ក៏មិនទាន់អន្តរធានដរាបនោះដែរ ។ ចាំបាច់និយាយថ្វីដល់ការសិក្សាក្នុងបទ និងព្យញ្ជនៈ ក្នុងគម្ពីរបិដកសព្វថ្ងៃនោះ ដ្បិតជាអក្សរប្រទេសខុសៗគ្នាមែន សំខាន់អាចមកជាតួសទ្ទបញ្ញត្តិ អត្ថបញ្ញត្តិ ដូចតែគ្នា ។ ការរៀន #បរិយត្តិ ត្រឹមត្រូវ ទើបមាន #បដិបត្តិ ៗ ត្រឹមត្រូវទើបមាន #បដិវេធ (គឺការយល់ដឹងត្រូវ តាមរយៈ អនុមានវិបស្សនា និង បច្ចក្ខវិបស្សនា) ។


✅ #សេចក្ដីវិនិច្ឆ័យ : 


☝️ពាក្យថា #បរិយត្តិ មកពី [បរិ+អាប-ព្យាបនេ, អប-បាបុណនេ វា +តិ], សំស្ក្រឹតថា «បយជ្ឈាប្តិ» គឺមានអត្ថដ៏យ៉ាងជ្រាលជ្រៅ ចុះក្នុងន័យយ៉ាងច្រើន ប្រែតាមទីកន្លែងនោះៗ «ការរៀនយក, ការពោល, ការស្វាធ្យាយ, ភាពអាច, ការល្មម, ការសន្ដោស, ការចូលដល់, ការផ្សាយទៅដោយជុំវិញ, ព្រះបាឡី អដ្ឋកថា ដែលត្រូវរៀនយក»។


1️⃣ កាលបើប្រែថា «ការរៀនយក, ការស្វាធ្យាយ» ។


☝️«តិស្សោ ហិ បរិយត្តិយោ អលគទ្ទូបមា និស្សរណត្ថា ភណ្ឌារិកបរិយត្តីតិ» #បរិយត្តិ មាន ៣ គឺអលគទ្ទូបមាបរិយត្តិ និស្សរណត្ថាបរិយត្តិ ភណ្ឌាគារិកបរិយត្តិ (វិ.ដ្ឋ., ទី.ដ្ឋ., ម.ដ្ឋ., អភិ.ដ្ឋ.,)។ 


☝️«បរិយាបុណនំ បរិយត្តិ» ការសិក្សារៀនយក ឈ្មោះថា #បរិយត្តិ ។ «បរិយាបុណនវាចកោ ហេត្ថ បរិយត្តិសទ្ទោ, ន បាឡិបរិយាយោ» ពិតណាស់  ស័ព្ទថា #បរិយត្តិ ក្នុងសេចក្ដីនេះ បានដល់ការរៀនយក និងការបង្រៀន, មិនមែនជាវេវចនៈនៃបាឡីទេ (សារត្ថ.ដីកា)។ 


☝️«បរិយត្តិ នាម ពុទ្ធស្ស បរិយាបុណនំ» ពាក្យថា #បរិយត្តិ គឺការរៀនយកនូវពុទ្ធវចនៈ (វិសុទ្ធិមគ្គ)។ «បាឡិយា សជ្ឈាយោ បរិយាបុណនំ» ការរៀនស្វាធ្យាយនូវព្រះបាឡីឈ្មោះថា #បរិយត្តិ (វិសុទ្ធិមគ្គដីកា) ។


2️⃣ កាលបើប្រែថា «មេរៀនដែលត្រូវរៀនយក, ព្រះបាឡី អដ្ឋកថា, ភាពអាច» ។


☝️«ន ហិ បរិយត្តិយា អសតិ បដិវេធោ អត្ថិ, នាបិ បរិយត្តិយា សតិ បដិវេធោ ន ហោតិ» កាលបើ #បរិយត្តិ មិនមាន បដិវេធ ក៏មិនមាន, ពិតណាស់ កាលបើ #បរិយត្តិ នៅមាន បដិវេធនឹងមិនមានគឺមិនមែន (ច្បាស់ជាមាន) វិ.ដ្ឋ., ។


☝️«បរិយត្តិយា អន្តរហិតាយាតិ ឯត្ថ បរិយត្តីតិ តេបិដកំ ពុទ្ធវចនំ សាដ្ឋកថាបាឡិ» បទថា ការសាបសូន្យទៅនៃព្រះបរិយត្តិ ក្នុងទីនេះ សេចក្ដីថា ពាក្យថា #បរិយត្តិ បានដល់ អដ្ឋកថា និងបាឡី ដែលជាពុទ្ធវចនៈពោលគឺព្រះត្រៃបិដក (សារត្ថ)។ 


☝️«បរិយត្តីតិ វិនយាទិភិន្នា មនសា វវត្ថបិតា តន្តិ» ពាក្យថា #បរិយត្តិ គឺបានដល់តួរតន្តិដែលជាលំដាប់នៃព្រះបាឡី ដែលត្រូវកំណត់ដោយព្រះទ័យ បែងចែកដោយប្រភេទមានវិន័យជាដើម (សី.ដី.អភិនវដីកា)។


☝️«អត្តកាមេន បរិយាបុណិតព្វតោ, ទិដ្ឋធម្មិកាទិសម្បរាយិកត្ថតោ បរិយត្តភាវតោ ច #បរិយត្តីតិ តីណិ បិដកានិ វុច្ចន្តិ» ពាក្យថា #បរិយត្តិ បានដល់ បិដក ៣ ព្រោះភាវៈនៃសទ្ទជាតិដែលបុគ្គលអ្នកប្រាថ្នានូវប្រយោជន៍ដល់ខ្លួនគប្បីរៀនយកផង, ព្រោះភាវៈជាសទ្ទជាតិ #អាច ដើម្បីសម្រេចប្រយោជន៍ក្នុងភពបច្ចុប្បន្ន និងភពខាងមុខផង (សារត្ថ, វិមតិ, ទី.ដី.)។ល។


     សុំ ។ល។ សេចក្ដីប៉ុណ្ណឹងសិន នៅមានអត្ថកប់ច្រើនទៀតណាស់ ។


      ឯ ពាក្យ «បរិយត្តិ និង បរិយត្តិធម៌» ជារបស់តែមួយ មិនខុសគ្នាឡើយ ។ 


     សរុបមកវិញ គ្មានបំណងចង់ឈ្នះ/ចាញ់នរណាម្នាក់ឡើយ គ្រាន់តែចង់រកយុត្តិធម៌ឲ្យពាក្យ «បរិយត្តិ» ប៉ុណ្ណោះ។ 


ខុសត្រូវយ៉ាងណា សូមការអធ្យាស្រ័យពីសំណាក់លោកម្ចាស់ និងលោកអ្នកចេះទាំងឡាយផង👏🏾

No comments:

Post a Comment

Flag Counter