វិបត្តិ និងគ្រោះថ្នាក់នៃការសិក្សា-ផ្សព្វផ្សាយធម៌ដោយខ្វះសទ្ធា
ការសិក្សា និងការបង្រៀនព្រះធម៌ នឹងក្លាយជាគ្រោះថ្នាក់ដ៏ធំធេងបំផុត ប្រសិនបើបុគ្គលជាអ្នកសិក្សាក្តី ឬជាគ្រូអ្នកបង្រៀនក្តី ខ្វះខាតនូវសទ្ធាជ្រះថ្លា និងសេចក្តីគោរពដ៏ពិតប្រាកដចេញពីសន្តានចិត្ត។ នៅពេលដែលជីវិតផ្លូវធម៌ត្រូវបានគ្របដណ្តប់ដោយភាពមមាញឹកជាមួយនឹងការរស់នៅប្រចាំថ្ងៃជាលោកិយ ការរស់នៅជាមួយកាមគុណ និងការបណ្តោយឱ្យនីវរណធម៌ដុះដាលក្នុងចិត្តឥតឈប់ឈរ នោះកិលេសនឹងចូលមកបង្ខូចខ្លឹមសារនៃសច្ចធម៌ជាមិនខាន។
កាលបើចិត្តស្ថិតនៅក្រោមការត្រួតត្រានៃនីវរណធម៌បែបនេះ គ្រូនិងសិស្សនឹងប្រើប្រាស់ធម៌អាថ៌មកបម្រើឱ្យទិដ្ឋិផ្ទាល់ខ្លួន ដែលនាំឱ្យមានការបកស្រាយលំអៀងទៅតាមតម្រេកចិត្ត។ អ្វីដែលពួកគេផ្សព្វផ្សាយ អាចមានភាពលំអៀង ឬនាំឱ្យមានភាពច្របូកច្របល់ ទោះបីជាពួកគេអះអាងថាមិនមានបញ្ហាក៏ដោយ ប៉ុន្តែការគ្របដណ្ដប់នៃកិលេសក្នុងស្រទាប់ចិត្ត តែងធ្វើឱ្យការយល់ដឹង និងការបកស្រាយសច្ចធម៌មិនបានច្បាស់លាស់។
ក្នុងស្ថានភាពបែបនេះ ទោះបីជាពួកគេយល់ថាខ្លួនកំពុងផ្សព្វផ្សាយព្រះធម៌ដ៏បរិសុទ្ធក៏ដោយ ប៉ុន្តែក្នុងការពិត ពួកគេកំពុងតែរីកសាយភាយ នូវការទាស់ទែងភាន់ច្រឡំ ភាពច្របូកច្របល់ ការលើកតម្កើងមតិផ្ទាល់ខ្លួន និងការការពារតែទស្សនៈរបស់គ្រូខ្លួន ដោយងងុលភ្នែកតែប៉ុណ្ណោះ។
ភាពគ្រោះថ្នាក់នេះរឹតតែស្តែងឡើងច្បាស់ នៅពេលមានបញ្ហាណាមួយចោទឡើង បុគ្គលដែលខ្វះការគោរពធម៌ពិត នឹងលែងយកសច្ចធម៌ជាធំទៀតហើយ។ ផ្ទុយទៅវិញ គេនឹងប្រើវាចាដើម្បីតែការពារមតិខ្លួនឯង ការពារកេរ្តិ៍ឈ្មោះគ្រូ ដោយមិនខ្វល់ពីខុសត្រូវតាមពុទ្ធោវាទឡើយ។ សភាវៈដែលពេញប្រៀបដោយកិលេសបែបនេះ ធ្វើឱ្យមនុស្សបោះបង់ចោលនូវការថែរក្សាសេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ដែលជាស្នូលពិតនៃសន្តិភាពផ្លូវចិត្ត។
#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth



































No comments:
Post a Comment