ពាក់ព័ន្ធទៅនឹងការបាត់បង់ដីខ្មែរទៅសៀម ចាប់តាំងពីសតវត្សទី១៣មក ឬក្រោយនេះបន្តិច ពីសតវត្សទី១៥-១៦ មានអ្នកស្រាវជ្រាវខ្លះបានទទួលស្គាល់ថា ព្រះរាជាណាចក្រកម្ពុជា បានបាត់បង់ត្រឹមតែ១១-១២ខេត្ត ប៉ុណ្ណោះ ។ ខេត្តទាំងនោះគឺ : ខេត្ត ស៊ីសាកេត (ខុខ័ន្ទ), សុរិន្ទ្រ (សង្គៈ) នគររាជសីមា, បុរីរម្យ, ស្រះកែវ, បច្ចឹមបុរី, (ស្ទឹងជ្រៅ) អ៊ូប៊ុន, ខនកែន, ច័ន្ទបុរី, ត្រាច (ត្រាត), ធនបុរី និងអាយុធ្យា ។
ការបាត់បង់នេះ
គឺដោយសារតែការចាញ់សង្គ្រាមវាតទីពីសំណាក់ស្តេចសៀម
ដែលមានបំណងត្របាក់យកទឹកដីខ្មែរធ្វើជាទឹកដីខ្លួន
ឬក៏ជួនកាលមានមហិច្ឆិតាយកប្រទេសខ្មែរ
ធ្វើជាប្រទេសចំណុះដើម្បីទប់ទល់នឹងឥទ្ធិពលវៀតណាមលើខ្មែរ ។
លើកលែងតែករណីក្បត់មួយពីរតែប៉ុណ្ណោះ ។
ខេត្តខ្មែរបុរាណទាំងនោះត្រូវបានបាត់បង់ជាបន្តបន្ទាប់ទៅសៀម
ដូចដែលទើបពោលនៅសម័យក្រោយពីសម័យអង្គរ ។
ក៏ប៉ុន្តែដោយមានភស្តុតាងប្រវត្តិសាស្ត្រជាច្រើនឥតប្រកែកបាន
ឲ្យដឹងថាបណ្តាខេត្តថៃផ្សេងៗ
ឯមួយចំនួនក៏ធ្លាប់ជាអតីតទឹកដីរបស់ខ្មែរដែរចាប់តាំងពីការកកើតព្រះរាជាណាចក្រខ្មែរមកម្ល៉េះ
ទោះបីជាព្រះរាជពង្សាវតារខ្មែរ មិនបានកត់ត្រាក្តី ។
នេះជាអ្វីមួយដែលតម្រូវឲ្យមានការបកស្រាយអំពីវិសាលភាពនៃភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ប្រជាជនខ្មែរ
ហើយបំពេញបន្ថែមចន្លោះខ្វះខាតទាំងឡាយដែលអាចធ្វើទៅបាន ។
តើមានខេត្តណាខ្លះទៀតដែលត្រូវបានបាត់បង់លើថៃ រវាងសតវត្ស១៣ និង១៦
ទោះជាមានកាលបរិច្ឆេទខុសគ្នាក្តីពីព្រោះយន្តការវាតទីនិយមត្រូវបានអនុវត្តឡើងដោយសន្សឹមៗ
ដូចរូបភាពបណ្តាញនៃសំណាញ់សំបុកពីងពាង ។
ផែនទីនៃព្រះរាជាណាចក្រថៃ នាស.វទី ១៧ និង ផែនទីបច្ចុប្បន្នដែលមានបណ្តាខេត្តនានា
ជាបឋមប្រវត្តិវិទូដែលសិក្សាពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា
ចាត់ទុកស្របគ្នាថា ជនជាតិថៃជាអន្តប្រវេសន៍
ដែលបានកសាងព្រះរាជាណាចក្ររបស់ខ្លួនលើទឹកដីខ្មែរបុរាណ
គឺខេត្តសុខោទ័យ ក្នុងដំណាក់កាលដំបូងបង្អស់ ហើយមិនយូរប៉ុន្មាន
ក៏បានវាតទីទៅដល់អាណាខេត្តនានារបស់ខ្មែរទៀត គឺខេត្តអយុធ្យា និង
លពបុរី ជាដើម ។ តែមិនបានបញ្ជាក់អំពីឈ្មោះនៃខេត្តទាំងនោះ
ក្នុងការសិក្សារបស់គេឡើយ ដោយហេតុថា បញ្ហាសាំញុំ
ហើយមួយវិញទៀតឈ្មោះនៃខេត្តខ្មែរដែលស្ថិតក្នុងព្រះរាជាណាចក្របច្ចុប្បន្នក៏ពុំត្រូវបានគូសបញ្ជាក់ដោយសិលាចារឹកដែរ
លើកលែងតែករណីខ្លះដែលឈ្មោះនៃទីក្រុងចំនួនតូច
ដែលត្រូវបានចារលើផ្ទាំងសិលាចារឹក
ព្រះខាន់ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ។
ចំពោះបញ្ហានេះយើងនឹងពិនិត្យនៅពេលបន្តិចទៀត ។
យើងគិតថា ជាការប្រសើរជាង បើយើងចាត់ទុកថា
យើងពុំដឹងអំពីឈ្មោះពិតរបស់អតីតខេត្តនានា
របស់ខ្មែរក្នុងប្រទេសថៃបច្ចុប្បន្ន ដែលត្រូវបានបាត់បង់ទៅហើយនោះទេ
ហើយឈ្មោះដែលត្រូវបានផ្លាស់ប្តូរ ឬបង្កើតឡើងថ្មីរវាងសតវត្សទី១៤-១៨
គឺត្រូវបានធ្វើឡើងតាមការវិវត្តិរបស់សង្គមជាតិថៃ
ក្នុងឋានៈជារដ្ឋឯករាជ្យថ្មីមួយ ។
តែទោះជាយ៉ាងណាក៏ដោយក៏តឹកតាងខាងបុរាណវិទ្យា
ដូចជាប្រាង្គប្រាសាទជាដើម ជាពិសេសសិលាចារឹកបង្ហាញថា
ក្នុងអាណាខេត្តបច្ចុប្បន្ន
ការស្នងរាជ្យរបស់មហាក្សត្រខ្មែរត្រូវបានបន្តពីសម័យមុនអង្គរដោយមិនស្រាកស្រាន្តមុនផែនដីថៃត្រូវបានផ្តាច់ចេញពីចក្រភពកម្ពុជទេស
រីឯជនជាតិថៃដើមកំណើតខ្មែរតែងរស់នៅលើទឹកដីរបស់ខ្លួនរហូតដល់សតវត្សទី២១នេះ
ដូចករណីខេត្តអ៊ូប៊ុន, ស៊ីសាកេត, បុរីរម្យ, សុរិន្ទ្រ, ស្រះកែវ,
បច្ចឹមបុរី និងច័ន្ទបុរីជាដើម ។ ដូច្នេះយើងត្រូវតែទទួលស្គាល់ថា
មិនមែនមានត្រឹមតែខេត្ត១១-១២ ទេ ដែលព្រះរាជាណាចក្រកម្ពុជា
បានបាត់ទៅលើព្រះរាជាណាចក្រថៃតែប៉ុណ្ណោះ ។
ចំពោះយើង ប្រវត្តិវិទូផ្សេងទៀតត្រូវគិតថា ខេត្តដែលបាត់បង់ពិតនោះ រួមមានខេត្តមួយចំនួនទៀតផង ។
នៅភូមិភាគខាងជើងឆៀងខាងកើតនៃទីក្រុងបាងកកយើងឃើញមានខេត្ត :
នគនផានុំ, សាគននគន, ណងខៃ, លើយ, បុរីរម្យ, នគររាជសីមា
(ពិមាឃ), ស៊ីសាកេត, សុរិន្ទ្រ, អ៊ូប៊ុន, រយអេត, យសោថន,
មុខតាហាន, ឧត្តនថានី, ជ័យភូមិ, មហាសារខាំ, កាឡាស៊ីន និង
ខនកែន ។
សូមកត់សម្គាល់ថា លើកលែងតែខេត្តលើយ
និងមុខតាហានចេញ ដែលយើងពុំបានទៅដល់ ហើយពុំដឹងថា
មានវប្បធម៌បុរាណខ្មែរនៅទីនោះដែរឬអត់ ។ ចំណែកខេត្តផ្សេងៗទៀត
សុទ្ធសឹងតែបានបន្សល់ទុកនូវប្រាង្គប្រាសាទខ្មែរ
ឬក៏ស្លាកស្នាមវប្បធម៌ខ្មែរផ្សេងៗដូចជាចម្លាក់ និង សិលាចារឹកជាដើម
ដែលមានចំនួនយ៉ាងក្រាសក្រែលគួរឲ្យចាប់អារម្មណ៍ ។
ទាក់ទិនទៅនឹងភូមិភាគខាងត្បូង
សូមរំលឹកថា តំបន់នៅនគរស្រីធម្មរាជ, សុរាតថានី ប៉ាក្តាលុង
សុងក្លា, យ៉ាឡា, ជាដើម
ដែលស្ថិតក្នុងភូមិភាគខាងត្បូងនៃប្រទេសសៀមបច្ចុប្បន្ន
សុទ្ធសឹងតែមានមនុស្សខ្មែររស់នៅរហូតដល់សតវត្សទី១៧ ដោយហេតុថា
ស្ថិតក្នុងព្រំប្រទល់នៃដែនដីខ្មែរ គឺអាណាចក្រភ្នំ និងចេនឡា ។
តាមរយៈកំណត់ហេតុចាស់ៗរបស់ចិន
យើងដឹងទៀតថា ភូមិភាគកណ្តាលនៃប្រទេសថៃវិញ ក៏ដូច្នេះដែរ ដោយហេតុថា
តំបន់នេះឈ្មោះតំបន់ដីក្រហម (សៀនឡូ) ។
ផែនទីនៃព្រះរាជាណាចក្រកម្ពុជាដំបូង ហ្វូណន ឬនគរភ្នំ (ម.ត ១៩៩៣) និង ផែនទីនៃសម័យមហានគររបស់ព្រះបាទនរោត្តមសីហនុ នាស.វទី ១២ បោះពុម្ពនៅឆ្នាំ ១៩៦៦ (Cf. Les avaleurs des terres khmeres, Kamboja, 1966)
សូមជម្រាបផងដែរថា
សិលាចារឹកខ្លះក្នុងភូមិភាគកណ្តាល
និងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្នសុទ្ធសឹងតែត្រូវបានចារឡើងជាភាសាមន
ទន្ទឹមគ្នានិងសិលាចារឹកខ្មែរ ។ សិលាចារឹកដំបូង
ដែលសរសេរជាភាសាមនមានលក្ខណៈខ្លីៗ ហើយប្រហែលជានៅស.វទី៧-៨
តែប៉ុណ្ណោះ ហើយគ្មានបង្ហាញតឹកតាងអ្វីសោះ ក្រៅពីថា
ប្រជាពលករក្នុងតំបន់នោះគោរពព្រះពុទ្ធសាសនាភាគច្រើន
ហើយដែលគេធ្លាប់ស្គាល់ថា ជាមនទ្វារវតី ។
ក៏ប៉ុន្តែ
ទោះជាយ៉ាងនេះក្តីបើយោងតាមការស្រាវជ្រាវថ្មី
ក៏គ្មានតឹកតាងណាមួយជាក់ច្បាស់ដែលបញ្ជាក់ថា ទ្វារវតី គឺជារាជធានី
ឬក៏ជារដ្ឋឯករាជរបស់មនឡើយ
តែជាមជ្ឈមណ្ឌលវប្បធម៌បែបពុទ្ធនិយមដ៏រុងរឿងថ្កើងថ្កានអស្ចារ្យ
ដែលបានរីកដុះដាល នៅលើទឹកដីតែមួយជាមួយនឹងទឹកដីខ្មែរ គឺខេត្តលវោ
ឬលពបុរីបច្ចុប្បន្ន ។ គប្បីរំលឹកឡើងផងដែរថា តាមរឿងដំណាលខ្មែរមួយ
ស្រីនគរលវោ មានរូបឆោមល្អ ហើយឆើតឆាយណាស់ ។
ដូចដែលយើងបានពោលរួច
ខេត្តខ្មែរនេះធ្លាប់មានទំនាក់ទំនងខាងវប្បធម៌យ៉ាងជិតស្និតជាមួយអង្គរបុរី
ឬវ្យាធបុរៈ
ហើយឈ្មោះរបស់ខេត្តនោះត្រូវបានគូសបញ្ជាក់ក្នុងសិលាចារឹកនាសម័យអង្គរមួយ
គឺសិលាចារឹក K 18 តម្កល់សព្វថ្ងៃនៅសារមន្ទីរជាតិភ្នំពេញ ។
ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងថា
ភូមិភាគកណ្តាលនេះជាភាគមួយនៃចក្រភពនគរភ្នំ និងចេនឡា
ហើយក៏មិនមែនជាទឹកដីរបស់មនដែរ ។
ផ្ទុយពីការអះអាងរបស់អ្នកប្រវត្តិវិទូថៃ តំបន់នេះ
គឺពិតជាទឹកដីរបស់ខ្មែរមែន តាំងពីដើមមក ។
ជាការពិតណាស់
មុនសតវត្សទី១៣ តំបន់់ភូមិភាគកណ្តាលជាពិសេស
នៅខេត្តអយុធ្យានៃប្រទេសថៃបច្ចុប្បន្នពុំទាន់មានវត្តមានរបស់ជនជាតិថៃនៅឡើយទេ
ហើយស្ថានភាពនេះក៏ដូចជានៅតំបន់ភូមិភាគឥសាន និងខាងត្បូងផងដែរ
ហើយភាសាថៃក៏ពុំទាន់ត្រូវគេប្រើប្រាស់នៅឡើយដែរ
ដោយអ្នកម្ចាស់ស្រុក ។
បើនិយាយអំពីជាតិពន្ធុវិទ្យា មានតែខ្មែរ
និងកុលសម្ព័ន្ធមន-ខ្មែរ តែប៉ុណ្ណោះដែលរស់នៅ ។
នៅកន្លែងខ្លះក៏មានជនជាតិមនរស់នៅដែរ នៅភូមិភាគខាងជើង
ដូចជានៅហរិបុណ្យជាដើម រហូតនៅសតវត្សទី១២-១៣ ។ ភាពខុសគ្នារវាងខ្មែរ
និងមន
គឺវិស័យសាសនាដែលធ្វើឲ្យសិល្បៈវប្បធម៌របស់ពួកគេមានលក្ខណៈខុសពីខ្មែរ
។
សិលាចារឹករបស់ព្រះបាទស្រីមហេន្ទ្រវរ្ម័ន នៅខេត្តស្រះកែវ (Ka 387) និង សិលាចារឹកវត្តស្រះឈូក (Ka 110) ឆ្នាំ ៩៨៨ នៃមហាសករាជ ត្រូវជា ១០៦៦ នៃគ.ស សរសេរជាភាសារខ្មែរ បាលី និង សំស្រ្គឹត (ឯកសារនាយកដ្ឋានវិចិត្រសិល្បះថៃ)
លោកជីវតាក្វាន់
បានឲ្យដឹងថា នៅឆ្នាំ១២៩៦ ពួកសៀម ឬសៀននៅភាគនិរតីអង្គរ ពោល
គឺនៅម្តុំអយុធ្យាបានបើកការវាយលុកទីក្រុងអង្គរលើកទីមួយ
ដូចដែលព្រះរាជពង្សាវតារខ្មែរបានលើកឡើងដែរ ហើយនៅរវាងឆ្នាំ១៣៥៣ –
១៣៥៧ អង្គរត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀម ។
ទោះជាយ៉ាងណាក៏ដោយ
ព្រះរាជពង្សាវតារបានបន្តទៀតថា
ក្រោយមកបន្តិចក្នុងរាជស្តេចស្រីសុរិយោវង្ស
អង្គរក៏ត្រូវរំដោះបានវិញ ។ យើងក៏ដឹងទៀតថា
ទ័ពសៀមមិនបានឲ្យខ្មែរសុខទេ ព្រោះថា
មិនយូរប៉ុន្មានទេសៀមវាយលុកហើយកាន់កាប់អង្គរម្តងទៀត ។
ច្បាប់ពង្សាវតារបាននិយាយបន្តទៀតថា
លើកនេះក៏ដូចលើកមុនៗ ស្តេចខ្មែរ
គឺព្រះបាទពញាយ៉ាតបានរំដោះព្រះរាជនគរឲ្យរួចផុតពីបច្ចាមិត្រ
ហើយដើម្បីជៀសផុតពីការទន្ទ្រានមិនស្រាកស្រាន្ត
ពីសំណាក់សៀមមកពីអាយុធ្យា
ទ្រង់ក៏បង្ខំព្រះកាយយាងចាកចេញពីព្រះរាជធានី
យាងមកកាន់តំបន់ស្រីសន្ធរនៅឆ្នាំ១៣៨៨ ។ ព្រឹត្តការណ៍ខាងលើនេះ
គឺជាទីបញ្ចប់ ឬអវសាននៃសម័យអង្គរដែលធ្លាប់តែរុងរឿងថ្កើនថ្កាន ។
ឯកសារមូលដ្ឋានដ៏រឹងមាំមួយទៀតដែលយើងត្រូវលើកនៅទីនេះ
គឺប្រភពសិលាចារឹកខ្មែរនាសម័យបុរេអង្គរ និងអង្គរ
នៅលើទឹកដីថៃសព្វថ្ងៃនេះ ។ ឧទាហរណ៍ជាក់ស្តែង
គឺវត្តមានរបស់ស្តេចខ្មែរមុនអង្គរត្រូវបានគូសបញ្ជាក់
នៅក្នុងភូមិភាគឥសាននៃប្រទេសថៃបច្ចុប្បន្នតាមរយៈសិលាចារឹក ។
ស្តេចភវវរ្ម័នទី១ និងមហេន្ទ្រវរ្ម័ន
មិនមែនបង្ហាញដំណើរទៅកាន់ភូមិភាគខាងលើនេះ
ដូចគេបានយល់ដោយភ័ន្តច្រឡំនោះទេ ព្រោះថា
ការធ្វើដំណើរពីខេត្តចម្ប៉ាសាក់ឆ្ពោះទៅទិសខាងជើងនៃប្រទេសកម្ពុជា
សព្វថ្ងៃនៅក្រចេះ ស្ទឹងត្រែង កំពង់ធំ ឆ្ពោះទៅកាន់ផ្នែកខាងក្រោម
ក៏មិនមែនជាការឈ្លានពានដែរ ដើម្បីពង្រីកទឹកដីក្នុងន័យវាតទីនិយម ។
ផ្ទុយទៅវិញទង្វើនេះគឺគ្រាន់តែជាការពង្រីកឥទ្ធិពល
ដណ្តើមអំណាចនៅលើដែនដីមួយ
ដែលប្រជាជនមានប្រវត្តិសាស្ត្ររួមពង្សាវតារវប្បធម៌
និងភាសារួមដែលស្ថិតក្នុងអម្បូរមន-ខ្មែរ
គឺជនជាតិខ្មែរដ៏ខ្លាំងពូកែ ហើយបុព្វការីជន
របស់ខ្លួនបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍ដែនដីគោក
ក្នុងអតីតកាល ។
ភស្តុតាងមួយចំនួនធំ គឺសិលាចារឹកដងរែក
ក៏បានគូសបញ្ជាក់អំពីការកាន់កាប់ទឹកដីនេះចាប់តាំងពីចុងសតវត្សទី៦
រហូតដល់សម័យអង្គរដែរ ដែលរួមមានសិលាចារឹករបស់ព្រះបាទភវវរ្ម័នទី១
និងព្រះបាទមហេន្ទ្រវរ្ម័ន នាសម័យមុនអង្គរ ។
ចំពោះសិលាចារឹកមុនអង្គរទាំងនោះ គេឃើញសិលាចារឹក K 364, K 1173 និង K
1174 នៅចម្ប៉ាសាក់ K 122 នៅក្រចេះ K 515 នៅនគររាជសីមា, K 116 និង K
720 នៅស្ទឹងត្រែង K 508, K 509 និង K 496 នៅអ៊ូប៊ុន Ka 76 នៅបុរីរម្យ K
979 នៅស្រីទេព K 213 នៅបាត់ដំបង K 969 នៅតាប្រាយា ខេត្តស្រះកែវ K
377 នៅសុរិន្ទ្រ និង K 1102 នៅខនកែន ។
គួរកត់ចំណាំថា
សិលាចារឹកបុរេអង្គរទាំងនោះគូសបញ្ជាក់អំពីជ័យជំនះរបស់ចេនឡា
ដែលដឹកនាំដោយព្រះបាទភវវរ្ម័ន និងមហេន្ទ្រវរ្ម័នលើនគរភ្នំ ។
ទន្ទឹមនឹងនេះ ប្រភពត្រូវដឹងដែរថា
សិលាចារឹកក៏ជាអំណះអំណាងសំខាន់បំផុត ដែលបញ្ជាក់ថា ទឹកដីនៃប្រទេសលាវ
ថៃ និងខ្មែរបច្ចុប្បន្ន គឺជាទឹកដីតែមួយ ដែលគ្រប់គ្រងដោយស្តេចខ្មែរ
ដែលមានសាងសង់យ៉ាងច្បាស់លាស់ ។ ឧទាហរណ៍នៅសិលាចារឹក K 479 នៅស្រីទេព
ខេត្តពេជ្រប៊ុន យើងដឹងថា
ព្រះបាទភវវរ្ម័នគឺជាព្រះរាជបុត្រារបស់ប្រធិវិន្ទវរ្ម័ន
និងជាព្រះរាជនត្តារបស់ ចក្រវតិ័ន សិលាចារឹក K 508 បានឲ្យដឹងថា
ព្រះបាទមហេន្ទ្រវរ្ម័ន ចូលសោយរាជមាននាមថា ចិត្រាសេន
គឺជាបងប្អូនគ្នាជាមួយ នឹងព្រះបាទភវវរ្ម័ន
ដែលត្រូវជាបុត្រារបស់ព្រះបាទវីរវរ្ម័ន
និងជាព្រះរាជនត្តារបស់សាវ៌ភោម ។ រីឯសិលាចារឹក K 1173
បានបញ្ជាក់ថា ព្រះនាមឪពុកមារបស់ព្រះបាទចិត្រសេន មហេន្ទ្រវរ្ម័ន
មានព្រះនាមថា ស្រីក្រតានតបាស ។
និរន្តភាពនៃការគ្រប់គ្រងឬ
ជាអ្វីមួយដែលគេហៅថាអំណាចនយោបាយរបស់ខ្មែរនៅប្រទេសថៃនាជំនាន់នោះ
ក៏ត្រូវបានបន្តរហូតដល់សម័យអង្គរ
ដូចការរកឃើញសិលាចារឹកមួយចំនួនជាឧទាហរណ៍ស្រាប់ ។
ក្នុងចំណោមសិលាចារឹកខ្មែរនាសម័យអង្គរ
នៅភូមិភាគឥសាន នៃប្រទេសថៃវិញ មានសិលាចារឹក Ka 77
មួយនៅខេត្តសគននគន ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ
ព្រោះបានផ្តល់នូវពាក្យវិភាន ឬពិតាន ជាលើកដំបូងបង្អស់នៅឆ្នាំ ៩៨៨
ស.ក ដែលត្រូវនឹងឆ្នាំ ១០៦៦ នៃគ.ស ។
ភូមិភាគនៃប្រទេសថៃបច្ចុប្បន្ន ជាពិសេសនៅខេត្តនគរសវ័ន (នគរសួគ៌)
ខាងជើងខេត្តលពបុរី
ក៏បានបង្ហាញជាប្រយោលនូវវត្តមានរបស់ខ្មែរតាមសិលាចារឹកដែរ
ដូចករណីសិលាចារឹក K 966 ជាភាសាបាលី និងខ្មែរនៅឆ្នាំ១១៦៧ នៃគ.ស
ជាដើម ។
នៅជិតខេត្តអយុធ្យាមានសិលាចារឹកមុនអង្គរមួយផ្ទាំងដែលគេបានរកឃើញ
គឺ K 965 ពាក់ព័ន្ធទៅនឹងព្រះបាទហស៌វរ្ម័ន
ដែលត្រូវជាព្រះរាជនត្តារបស់ព្រះមហាក្សត្រខ្មែរដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា
គឺព្រះបាទឥសានវរ្ម័ន (៦១០ -៦៣៥ គ.ស) ។ រីឯសម័យអង្គរវិញ
ក៏ដូច្នេះដែរ ដូចករណីសិលាចារឹកអយុធ្យាមួយថ្មីចារនៅឆ្នាំ៩៣៧
នៃគ.ស ជាសំស្រឹ្កត និងខ្មែរ ជាឧទាហរណ៍ស្រាប់ ។
សរុបមកការដែលគេនិយាយថា ព្រះបាទសុរិយាវរ្ម័នទី១
បានពង្រីកទឹកដីខ្មែរលើថៃជាការមិនត្រឹមត្រូវ ព្រោះថា
ទឹកដីថៃបច្ចុប្បន្ន គឺជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ។
វិសាលភាពនៃទឹកដីខ្មែរ
ក្នុងសម័យមហានគរមិនមែនបានលាតសន្ធឹងពីតំបន់អង្គរ
ដែលជាមជ្ឈមណ្ឌលនៃអំណាចកណ្តាលទៅដល់ភូមិភាគកណ្តាលនៃប្រទេសថៃបច្ចុប្បន្ន
ដោយនយោបាយឈ្លានពានពង្រីកទឹកដីនោះទេ
ហើយភូមិភាគនេះក៏មិនទាន់មានវត្តមានរបស់ជនជាតិថៃមករស់នៅៗឡើយផងដែរ
។
ភស្តុតាងបុរាណវិទ្យាបញ្ជាក់យ៉ាងច្បាស់ថា
វិសាលភាពនៃដែនដីខ្មែរអង្គរគឺជាលទ្ធផលនៃការបង្រួបបង្រួមជាតិខ្មែរជាច្រើនជំនាន់
ហើយត្រូវធ្វើឡើងជាបន្តបន្ទាប់ដោយឆ្លងកាត់ច្រើនដំណាក់កាលនៃកាលប្បវត្តិ
ពោលគឺ មិនមែនជាការឈ្លានពានខ្មែរទៅលើជនជាតិផ្សេងដែរ ។
ខាងលើនេះគឺជាសច្ចៈភាពនៃប្រវត្តិសាស្ត្រ ។
គួរកត់សម្គាល់ផងដែរថា ការសិក្សានៅខេត្តលពបុរី ក៏ឲ្យដឹងទៀតថា
នៅសម័យនគរភ្នំ និងចេនឡា ខេត្តលពបុរី
គឺជាមជ្ឈមណ្ឌលនយោបាយវប្បធម៌យ៉ាងសំខាន់
មានលក្ខណៈដូចគ្នានឹងអង្គរបុរីអ៊ូថង ។ សំណង់សិល្បៈស្ថាបត្យកម្ម
និងផ្ទាំងសិលាចារឹកមុនអង្គរ និងអង្គរជាច្រើន
ដែលតម្កល់សព្វថ្ងៃក្នុងសារមន្ទីរនៃខេត្តនេះជាតឹកតាងស្រាប់ ។
មានន័យថា ទឹកដីភូមិភាគឥសាន កណ្តាល
និងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន
មិនគ្រាន់តែមានជនជាតិខ្មែររស់នៅរួចហើយ
មុនការមកដល់នៃជនជាតិថៃតែប៉ុណ្ណោះទេ
ក៏ប៉ុន្តែជាទឹកដីដែលគ្រប់គ្រងដោយព្រះរាជវង្សានុវង្សខ្មែរថែមទៀតផង
ពោលគឺ ស្ថិតក្រោមអធិបតេយ្យភាពរបស់អាជ្ញាធរខ្មែរពិតៗ
ដែលគេមិនត្រូវមានការភ័ន្តច្រឡំ ឬបំភ្លើសការពិតឡើយ ។
ដោយសារតែជនជាតិសៀម
ឬសៀមជាជនជាតិចំណូលថ្មីក្នុងអតីតព្រះរាជាណាកម្ពុជាបុរាណ
ដែលសព្វថ្ងៃ បានក្លាយទៅជាព្រះរាជាណាចក្រថៃ
ទើបគេបានជួបប្រទះនូវស្លាកស្នាមវប្បធម៌ខ្មែរគ្រប់យុគ គ្រប់សម័យកាល
តាំងពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សព្វថ្ងៃ ។
ដូចព្រះរាជាណាចក្រកម្ពុជាដែរ
ព្រះរាជាណាចក្រថៃបច្ចុប្បន្ន
គឺជាការផ្គុំឡើងដោយការច្របាច់ចូលគ្នានូវអាណាខេត្តខ្មែរទាំងឡាយ
ទាំងធំទាំងតូច
ដែលប្រជាជនខ្មែរបានបាត់បង់ជាបន្តបន្ទាប់ក្នុងយន្តការនៃប្រវត្តិសាស្ត្រ
។
ព្រឹត្តការណ៍នេះបានកើតឡើងក្រោយពីការលេចធ្លោឡើងរដ្ឋសៀមដំបូងបង្អស់នៅសុខោទ័យ
។ ដូច្នេះអាចធ្វើឲ្យគេសន្និដ្ឋានអំពីប្រភពមន-ខ្មែរ
ចំពោះសម្មិទ្ធិផលសង្គមវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្រ
និងខ្មែនាសម័យប្រវត្តិសាស្ត្រ ពោលគឺសតវត្សរ៍ទី១ ដល់សតវត្សរ៍ទី១៣ –
១៤ ។
ជារួម
គេអាចឈ្វេងយល់ពីការបាត់បង់នៃទឹកដីខ្មែរដ៏ធំធេងនេះយ៉ាងត្រឹមត្រូវ
ជាបន្តបន្ទាប់តាមវឌ្ឍនាការនៃប្រវត្តិសាស្ត្រ
ដោយមានបុរាណវិទ្យាជាភស្តុតាងឥតប្រកែកបាន ។
តែទោះយ៉ាងនេះក្តី
យើងនៅមិនទាន់អាចកំណត់ចំនួនខេត្តខ្មែរទាំងនោះយ៉ាងប្រាកដបាននៅឡើយ
ពីព្រោះតាមពិតទៅ ក្រោយពីការដណ្តើមបានខេត្តបុរាណទាំងនោះ
អាជ្ញាធរសៀមរមែងតែផ្លាស់ប្តូរឈ្មោះជានិច្ច ។ ដូច្នេះ
យើងអាចដឹងឈ្មោះបាន ប្រាកដនៃឈ្មោះខេត្តណាមួយបានជាស្ថាពរ
លុះត្រាតែមានចំណារលើថ្ម ឬកំណត់ហេតុផ្សេងៗ
ដែលយើងអាចផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវហ្មត់ចត់ ។
ម្យ៉ាងវិញទៀត
យើងបានធ្វើការកត់សម្គាល់រួចមកហើយនូវវត្តមាននៃខេត្តខ្មែរមួយចំនួនដែលត្រូវបានចារនៅលើផ្ទាំងសិលាប្រាសាទព្រះខ័ន
នាចុងសតវត្ស ទី១២ នៃគ.ស យ៉ាងហោចណាស់ក៏មួយចំនួនដែរ
តែក្រោយមកដោយរវាងសតវត្សទី១៣ និង១៨
យើងពុំមានអត្ថបទសិលាចារឹកបញ្ជាក់
នេះជាការណ៍មួយផ្តល់ក្តីលំបាកជាច្រើន
ដើម្បីកំណត់ឈ្មោះនៃអាណាខេត្តទាំងនោះឲ្យបានជាក់លាក់ ។
ទោះយ៉ាងណាក៏ដោយ សិលាចារឹកនិងអត្ថបទមួយចំនួន ជាពិសេស
សិលាចារឹកប្រាសាទព្រះខ័នបានបង្ហាញឲ្យឃើញច្បាស់នូវឈ្មោះខេត្ត
ឬបុរីមួយចំនួនដូចតទៅនេះ : លពបុរី (ល្វបុរី), ផេតបុរី
(វេជ្របុរី), និង កញ្ជានៈបុរី (សិង្ហបុរី) ជាដើម ។
សំខាន់ជាងនេះទៀត
ទម្រង់លក្ខណៈព្រមទាំងឈ្មោះរបស់ខេត្តខ្មែរបុរាណទាំងនោះត្រូវគេផ្លាស់ប្តូរដោយសមស្របតាមការអភិវឌ្ឍន៍
ឬទំនើបកម្មតាមដំណាក់កាលនីមួយៗនៃប្រវត្តិសាស្ត្រ
គឺមានការបង្កើតខេត្តថ្មី
ថែមទៀតផងដូចប្រទេសខ្មែរនាសម័យទំនើបអញ្ចឹង ។
ដូច្នេះជាទូទៅ
គេយល់ថា
គេមិនគប្បីចាប់អាម្មរណ៍លើចំនួនខេត្តដែលបានបាត់បង់រួចទៅហើយក្នុងអតីតកាលនោះទេ
។ សម្រាប់យើង
ដើម្បីប្រមើមើលឲ្យឃើញពីវិសាលភាពនៃទឹកដីខ្មែរនាសម័យមហានគរ
គេត្រូវធ្វើសេចក្តីសង្កេតថា ទឹកដីថៃបច្ចុប្បន្ន
គឺជាកេរដំណែលដ៏ពិសិដ្ឋរបស់ប្រជាជន
និងព្រះរាជាណាចក្រកម្ពុជាបុរាណយ៉ាងពិតប្រាកដ ។
ខាងលើនេះ
ជាប្រការដែលបង្ហាញឲ្យឃើញថា
នៅក្នុងខេត្តមួយចំនួនរបស់ថៃបច្ចុប្បន្ន ដូចជា ខេត្តចន្ទបុរី,
ត្រាត, បច្ចិមបុរី, ស្រះកែវ, នគររាជសីមា និង សុរិន្ទ្រជាដើម
ដែលមានជនជាតិខ្មែរកំពុងរស់នៅ ហើយថែមទាំងរក្សាបានភាសាខ្មែរ
ដែលស្ថិតក្នុងអម្បូរមន-ខ្មែរ និងប្រពៃណីទំនៀមទំលាប់ដូនតាផង
គឺជាទឹកដីខ្មែពិតៗ ៕ (ម.ត្រាណេ)
No comments:
Post a Comment