រឿង ព្រះបាទត្រសក់ផ្អែម - MonkCambodia

រឿង ព្រះបាទត្រសក់ផ្អែម

Share This





កាលដើមឡើយ មានឥសីមួយអង្គ គង់ចង្រ្កមភាវនានៅក្នុងព្រៃមួយ។ សម័យថ្ងៃមួយមានសត្វចាបមួយគូ ហើររកកន្លែងធ្វើសំបុកសំរាប់ ពង ចាបទាំងគូ ហើររកកន្លែង ពងមិនបាន ក៏ទៅជួបតាឥសីកំពុងសមាធិ ។ ដោយឃើញពុកចង្ការតាឥសី ទំនងអាចឲ្យខ្លួនងាយ ស្រួលកាច់ សំបុក ចាបទាំងគូក៏ចាប់សរសៃពុកមាត់ចាក់ជាសំបុក ។ ក្រោយមកចាបញីក៏ពង ដាក់ក្នុងសំបុកវា​រួចហើរទៅទំលើមែកឈើមួយ នៅជិត ទីនោះ ។ ចាបទាំងពីរនិយាយសាសងគ្នាថា : អឺ ឯងអើយ !ថាយើងចុះជាសត្វតិរច្ឆាន​ ក៏គង់នៅមានកូនតពូជពង្ស រួចចុះ តាឥសី នោះ វិញ ទៅអនាគត មានអ្នកណាបន្ដពូជពង្ស ? ចាបនិយាយតែប៉ុណ្ណោះ តាឥសីចាប់ភ្លឹកកើតពិចារណាថា : ឱ អញអើយ ! បើអាត្មាអញមិនចាកសិក្ខាបទ ស្វែងរកប្រពន្ធ ម្ល៉េះសមអញកំបុកឆ្ងុងត្រឹមនេះ គ្មានកូនចៅតទៅមុខទៀតទេ ។ 
     ក្រោយពេលពងចាបញាស់ កូនៗចេះហើរ ហើរចេញអស់ទៅ តាឥសីឈប់តាំងសីល រួចត្រឡប់មកអាស្រមវិញ ចាកសិក្ខាបទ ដើម្បី ចាកចេញទៅរកភរិយា ។ ក្រោយពេលស្វែងរកអស់រយ:ពេលយ៉ាងយូរមក អតីតតាឥសីបានទៅជួបនឹងយាយរិដែលរស់នៅក្បែរស្រះ ដូនរិ (សព្វថ្ងៃ ស្រះដូនរិ ស្ថិតនៅឃុំត្បែងខេត្តសៀមរាប ជួបកាលគេហៅថា  ស្រះខ្វាវ  ) ។ អ្នកទាំងពិរបានយកគ្នាជាប្ដីប្រពន្ធតរៀងមក ។ នៅពេល​មានគ្រួសារហើយ អតីតតាឥសីបានខិតខំប្រឹងប្ររកបរបររកស៊ីចិញ្ចឹមជីវិត​ ជា ធម្មតាក្នុងតួនាទីជាមេគ្រូសារ។ មិនយូរប៉ុន្មាន យាយរិ មានគភ៌ ហើយគភ៌ចេះតែចំរើនវ័យ ប្ដីយាយក៏កាន់តែខិតខំប្រឹង រកអដ្ឋបរិក្ខារយ៉ាង គ្រប់គ្រាន់ទុកឲ្យ ។ ពេលនោះ បុត្រយាយរិ មិនទាន់ប្រសូតនៅឡើយទេ តែប្ដីរបស់យាយ ក៏លាយាយទៅសាងផ្នួសវិញ ។ គ្រប់ទសមាស យាយរិប្រសូតបានបុត្រមួយ ហើយបុត្រនេះក៏មិនទាន់មានឈ្មោះជាអ្វីដែរ ។ 
     ទារកចេះតែចំរើនវ័យបន្តិចម្ដងៗ រហូតដល់ ពេលវាចេះនិយាយ ។ ថ្ងៃមួយ កុមារតូច ក៏សួរទៅម្ដាយថា : ម៉ែ ឯណាឪពុក ខ្ញុំ ? ម្ដាយឆ្លើយថា : អឺ ! ឪពុកឯង នៅឆ្ងាយណាស់ អញប្រាប់ឯងឥឡូវនេះមិនបានទេ ចាំឯងធំសិនចាំអញប្រាប់ ! ពេលវេលាចេះតែកន្លែងផុតទៅយ៉ាងយូរ ចំណែកគ្រួសារយាយរិ ប្រកបរបរបរកស៊ីធ្វើស្រែកចំការជាធម្មតា ។ បុត្រយាយរិ ចំរើនវ័យបាន ១៨ ឬ ១៩ ឆ្នាំហើយក៏នៅតែមិនទាន់មានឈ្មោះនៅឡើយ ។ ថ្ងៃមួយ បុរសកំលោះក៏បានសួរម្ដាយម្ដងទៀតថា : ម៉ែ ឪពុកកូនជា នរណា ? គាត់នៅឯណា ? ម្ដាយក៏ឆ្លើយទៅប្រាប់កូនវិញថា : ឪពុកកូន ជាតាឥសី គាត់នៅឯភ្នំ (មិនដឹងថាឈ្មោះភ្នំអ្វី) ។ កូនសួរទៀតថា : បើដូច្នោះទៅរក ម្ដេចឃើញ ! ម្ដាយឆ្លើយថា : អឺ កូនអ្ហើយ ! ដើរតាមផ្លូវគេកាច់តម្រុយនោះទៅឃើញហើយ ! ក្រោយមក កូនប្រុសយាយរិ ក៏ចាកចេញដំណើតតាមផ្លូវដេលម្ដាយបង្ហាញ ។ គាត់ដើរទៅដើរទៅ នៅតែមិនជួប នៅតែមិនឃើញស្អី ក៏ មិនឃើញៗ គាត់ក៏នៅតែដើរទៅមុខជានិច្ច រហូតដល់អស់កំលាំង ។ អ្នកកំលោះបានប្រាស់ខ្លួនដេកនៅក្រោមដើមឈើមួយ ។ នៅពេល គាត់ ដេកលក់ តាឥសីបានយកគ្រាប់ត្រសក់មួយបង្វេច កាំបិតមួយ និង បាយមួយកញ្ចប់ រួចនិម្មិតប្រាប់បុត្របស់ខ្លួន កំពុង ដេកលក់ ប៉ុន្ដែ លោកមិនបានឲ្យឃើញរូបឡើយ ។ រួចរាល់កិច្ចហើយតាឥសីបាន និមន្ដទៅកាន់កន្លែងចង្រ្កាមភាវនា វិញ ។ លុះបុរសភ្ញាក់ពីដេក បានឃើញវត្ថុដូចគ្នា នឹង និម្មិត បានប្រាប់មែន ។ ដោយមានសេចក្ដីស្រេកឃ្លានផង បុរសលាកកញ្ចប់បាយ បរិភោគ យ៉ាងប្រញាប់ រួចម្នីម្នាវិលត្រឡប់មកផ្ទះវិញ តាមបំរាប់និម្មិត ។ មកដល់ផ្ទះ បុរសបានជួបម្ដាយ ហើយជំរាបថា : ម៉ែ ! ខ្ញុំបាទឥតបានឃើញតាឥសីជាឪពុកទេ ។ ប៉ុន្ដែ ពេលខ្ញុំបានដែកលក់ទៅ មាន និម្មិតប្រាប់ចំណែករូបរាងក៏មិនបានឃើញដែរ ។
      ម្ដាយក៏សួរទៅវិញថា : តើនិម្មិតប្រាប់យ៉ាងដូចម្ដេច ? កូនឆ្លើយ : ប្រាប់ថាមានគ្រប់ត្រសក់នេះមួយកញ្ចប់ កាំបិតនេះមួយនិងបាយមួយកញ្ចប់ ប៉ុន្ដែបាយខ្ញុំបាទហូបអស់ហើយ ។ លោក ប្រាប់ទៀតថា បើបានវត្ថុនេះកាលណា សូមយកត្រឡប់ទៅផ្ទះវិញ ហើយទៅរកត្រួសត្រាយចំការនៅឯភ្នំ(ក្រោយមក ភ្នំនេះមានឈ្មោះថា ភ្នំ ចំការ) ដើម្បីដាំត្រសក់ ព្រមទាំងបណ្ដាំមួយទៀត នៅពេលត្រសក់ផ្លែទុំដំបូង កុំឲ្យស៊ី គប្បីបេះយកទៅថ្វាយស្ដេចនៅក្រុងអង្គរធំ កុំខាន ព្រឹកឡើង បុរសឲ្យម្ដាយធ្វើម្ហូបអាហារឲ្យខ្លួន វេចខ្ទប់យកទៅហូប នៅពេលនៅត្រួសចំការ ។ គាត់បានទៅដល់ភ្នំមួយតាមនិម្មិត ដែលបានប្រាប់ ។ ដល់ហើយ គាត់បានត្រួសត្រាយកាប់ឆ្ការ អស់ពេលមួយថ្ងៃ ដោយត្រួសត្រាយ កាប់ ឆ្ការ តាមកំលាំងធម្មតា ដែល ខ្លួនអាចធ្វើទៅបាន លុះថ្ងៃល្ងាចបន្តិច គាត់វិលត្រឡប់មកផ្ទះវិញ ។ ព្រឹកឡើង បុរសឲ្យម្ដាយធ្វើបានឲ្យខ្លួនទៀត ដើម្បីនឹងយកទៅចម្ការ។ ពេលទៅដល់ ចំការនោះត្រូវបានគេកាប់ឆ្ការរួចអស់ បុរស ក៏ ត្រឡប់ មកផ្ទះវិញប្រាប់ម្ដាយថា : ម៉ែ ចំការត្រូវគេត្រួសត្រាយរួចហើយ ។ 
      ប៉ុន្ដែ ថ្ងៃស្អែក ខ្ញុំបាទនឹង ទៅកាប់ចិញ្រ្ចាំឲ្យវាយ ។ ស្អែកឡើង ម្ដាយដាំបាយខ្ទប់ម្ហូបឲ្យកូនទៅចំការទៀត ។ បេលទៅដល់ឃើញចំការត្រូវគេកាប់ចិញ្រ្ចាំពង្រាបរួចទៅទៀត។បុរសយើង ក៏ត្រឡប់ មកផ្ទះប្រាប់ម្ដាយវិញថា : ម៉ែ ! ចំការកាប់ពង្រាបរួចអស់ទៀតហើយ ។ ម្ដាយក៏ប្រាប់ទៅកូនវិញថា : នែកូន, ចាស់បុរាណលោកថា ចំការត្រួសត្រាយកាប់ឆ្ការថ្មីដូច្នេះ ចាំកន្លះខែក្រោយសឹមទៅដុត ។ លុះចាំដល់ពេលវេលាបានកន្លះខែ បុរសក៏ទៅដុតព្រៃងាប់ដែលខ្លួនឆ្ការរួច ។ ពេលទៅដល់ព្រៃដែលងាប់នោះ ឆេះអស់មុនគាត់ដុត ។ ឃើញដូច្នេះបុរសក៏ដាំគ្រាប់ត្រសក់ នៅចំការនោះតែម្ដង ។ ដាំរួច គាត់វិល ត្រឡប់មកផ្ទះវិញ ។ 
     ក្រោយពេលភ្លៀងធ្លាប់ម្ដង បុរសទៅមើលចំការត្រសក់របស់ខ្លួន ស្រាប់តែឃើញដើមត្រសក់ដុះចេញ វារពេញដីរួចជាស្រេច ។ ពេលគាត់ ត្រឡប់មកផ្ទះវិញយប់នោះ ស្រាប់តែមាននិម្មិតប្រាប់ទៀតថា : កាលណាត្រសក់មានផ្លែទុំល្មមដំបូងគេ កុំហូបត្រូវអ្នកបេះយកទៅថ្វាយ ស្ដេចទៅក្រុងអង្គរធំ ។ ពេលត្រសក់ចាប់ផ្ដើម បុរសជាម្ចាស់ទៅដេកចាំចំការជាធម្មតា។ មិនយូរប៉ុន្មាន ផ្លែត្រសក់ក៏ទុំរបេះចេញពីទង។ ឃើញត្រសក់ទុំហើយ បុរស ក៏ធ្វើតាមបណ្ដាំនិម្មិតដែលប្រាប់ឲ្យយកផ្លែត្រសក់នេះទៅថ្វាយស្ដេច ។ ដោយហេតុខ្លួនជាអ្នកក្រីក្រ គ្មានអ្វីផ្សេងទៀត ជាដង្វាយ ក៏ យួរតែផ្លែត្រសក់ទុំធំមួយ សំដៅរាជវាំង ។
#ប្រជុំរឿងព្រេងខ្មែរ

No comments:

Post a Comment

Flag Counter