ភាសា​សាស្ត្រ​និង​អក្សរ​សាស្ត្រ​ខ្មែរ - MonkCambodia

ភាសា​សាស្ត្រ​និង​អក្សរ​សាស្ត្រ​ខ្មែរ

Share This
អក្សសាស្ត្រខ្មែរ  ​ខ្មែរគួរថែរថួន  ឲ្យបានខ្ជាប់ខ្លួន  គង់វង់គត់មត់ ។
ព្រោះអក្សរជាតិ   គោលជាតិប្រាកដ  អក្សររលត់  ជាតិរលាយ ។
ចំពូកទី ១  យ៉ាងដូចម្ដេចដែលហៅថាភាសាខ្មែរ ?
តាមវចនានុក្រមខ្មែរ ដែលបោះផ្សាយចេញពីពុទ្ធសាសនបណ្ឌិត្យក្ដី តាមអក្ខរានុក្រមខ្មែរក្ដី អ្នកនិពន្ធមិនបានអធិប្បាយឲ្យក្បោះក្បាយនូវពាក្យថា ភាសា ទេ ។ អ្នកនិពន្ធគ្រាន់តែថា ភាសា គឺសម្ដី ពាក្យតែប៉ុណ្ណោះ ។
ពាក្យថាភាសាមានន័យទូលាយសំខាន់ណាស់ ។ ភាសាទុកជាឯកសាររបស់មនុស្ស ទុកជាការសម្ដែងនូវចិត្តគំនិតរបស់មនុស្សសត្វគ្រប់យ៉ាង ។ បើមនុស្សយើងមិនមានភាសាទេ ការទាក់ទងគ្នាដោយវាចាក៏មិនមានដែរ ។ កាលបើមានការទាក់ទងគ្នាដោយវាចាទេ ការចម្រើនតាមផ្លូវអក្សរសាស្ត្រក៏មិនមានដែរ ។ សូម្បីតែបុព្វសម័យរបស់ជនជាតិខ្មែរយើង សម័យក្រោយយុគថ្មមកហើយ ក៏នៅមិនទាន់មានការទាក់ទងគ្នាបានឆាប់រហ័សដែរ ។
ភាសាចាត់ទុកថាជាសម្ការៈសម្រាប់ជួយក្នុងគមនាគមន៍រកទីបំផុតគ្មាន ។ ភាសាមានសារប្រយោជន៍ធំបំផុតសម្រាប់កត់ត្រាទុកនៅក្នុងសាវតារ បើសិនជាយើងមិនមានភាសាទេ ប្រហែលជាសាវតារនគរមួយៗ សាបសូន្យមិនខាន ។
ពេលនេះខ្ញុំសូមលើកយកបញ្ហាថា “តើភាសាមានដើមកំណើតមកពីណា ? នរណានាំបង្កើតឲ្យហៅឈ្មោះវត្ថុមួយៗមុនគេ ? (ដូចផ្លែស្វាយ នរណាបង្កើតឲ្យហៅឈ្មោះផ្លែឈើនេះថាផ្លែស្វាយ) ហេតុអ្វីបានជាមនុស្សយើងមានភាសាច្រើនម្ល៉េះ ?
 បញ្ហាទាំង៣នេះ ដូចជាលំបាកនឹងដោះស្រាយ ព្រោះថាមិនឃើញមានច្បាប់ក្បួនថាភាសាមានកំណើតពីត្រឹមណេះត្រឹមណោះ តែតាមការពិចារណារបស់អ្នកប្រាជ្ញ ភាសាសាស្ត្រខ្លះយល់ឃើញថា ភាសាមានកំណើតមកពីសង្គមមនុស្សមួយក្រុម ៗ ព្រោះថាមនុស្សយើងតែមានសង្គមហើយ ត្រូវតែមានការទាក់ទងគ្នា តែមានការទាក់ទងគ្នាហើយ ត្រូវតែបង្កើតពាក្យសម្ដីដែលឲ្យងាយចំណាំបានតែថាសម័យដែលសង្គមនីមួយៗបង្កើតបានជាភាសាហើយ មិនទាន់មានរូបរាងអក្សរនៅឡើយទេ មានត្រឹមតែសម្ដីពោលចេញមកពីមាត់ ។ ដល់មកខាងក្រោយមកភាសាមានរូបរាងប្រាកដទុកជាគ្រឿងកត់ត្រាចំណាំឡើង ។
ចំពោះបញ្ហាទី២ នេះខ្ញុំយល់ឃើញថា បើសង្គមមនុស្សមានភាសាការសន្មតហៅឈ្មោះអ្វីមួយៗ ក៏ចាប់មានទៅដែរ តែនឹងឲ្យដឹងថា ឈ្មោះមនុស្សណាបង្កើតឲ្យហៅឈ្មោះរបស់នេះ របស់នោះមុនគេ ដូចជាលំបាកដែរ ។ តែយើងគួរសន្និដ្ឋានថាឈ្មោះវត្ថុនីមួយៗ ពិតជាហៅទៅតាមសង្គមមនុស្ស ដែលបានឃើញហេតុភេទផលឡើង ។ បើតាមមតិខ្ញុំយល់ថាប្រហែលជាគេសន្មតហៅឈ្មោះតាមភេទ តាមហេតុ តាមផល ដូចយើងហៅ ទន្លេធំ ឬ ទីក្រុងភ្នំពេញ ។ នរណាជាមេនាំហៅពាក្យទាំងពីរនេះមុនគេ ? គឺមនុស្សសង្គមនេះ យល់ឃើញថាទន្លេនេះធំ ឲ្យឈ្មោះថាទន្លេធំ ឯទីក្រុងភ្នំពេញ ដោយដូនពេញមកសង់ខ្ទមនៅក្បែរភ្នំ គេសន្មតឲ្យឈ្មោះថាភ្នំដូនពេញ តែក្រោយមកឲ្យឈ្មោះថាភ្នំពេញ ចុះនរណានាំហៅភ្នំពេញមុនគេ ? បែបលំបាករកឈ្មោះមនុស្សហៅមុនគេមិនខាន ។
បើយើងពិចារណាសម័យសង្គមរាស្ត្រនិយមនេះ យើងអាចយល់ច្បាស់ថា ពិតជាសង្គមមនុស្សនាំបង្កើតពាក្យឲ្យប្រើ ដូចជាទី ក្រុងព្រះសីហនុ ជាដើម ។ ដើម្បីយកព្រះនាមសម្ដេចទៅដាក់ឲ្យឈ្មោះទីក្រុងនេះត្រូវមានគណៈកម្មការធ្វើចុតហ្មាយថ្វាយទៅសម្ដេច ថាសុំព្រះនាមយកទៅដាក់ឈ្មោះទីក្រុងនេះ ។ ឧទាហរណ៍នេះ ក៏អាចសន្និដ្ឋានបានថាគេហៅទៅតាមភេទហេតុទៅតាមភេទហេតុផល ។
ឯបញ្ហាទី៣ យើងមិនបាច់មានសេចក្ដីសង្ស័យអ្វីទេ ព្រោះថាឲ្យតែមានសង្គមមនុស្សច្រើន ភាសាក៏ច្រើនដែរ ។ នៅក្នុងសាកលលោកនេះមានប្រទេសជាច្រើន ដូច្នេះភាសាក៏ច្រើនដែរ សូម្បីតែជាតិដូចគ្នា ឧទាហរណ៍ដូចចិនមានភាសាច្រើន ដូចលោកអ្នកអានបានជ្រាបខ្លះហើយ ។
ចំពោះន័យរបស់ភាសានេះ តាមមតិលោក (Blancke ថា Language is the instrument for the expression and communication for human thought) ភាសាជា សម្ភារៈសម្រាប់បញ្ជាក់ឬទាក់ទងខាងគំនិតរបស់មនុស្សជាតិ” ។
តែតាមវចនានុក្រម New Webster Dictionary ថា Any means vocal or other of expression or communicating feeling or thought In the usual sense language means system of conventionalized signs ភាសា គឺជាសំឡេង ឬ សេចក្ដីបញ្ជាក់ឬការគមនាគមន៍នូវសេចក្ដីសោយអារម្មណ៍ឬគំនិតត្រិះរិះ តែតាមធម្មតាវិញ ភាសាគឺជាក្បួនរបស់សញ្ញាដែលគេសន្មតឲ្យប្រើ” ។
តាមសម្ភពវចនានុក្រមខ្លះទៀតថា “ភាសាគឺជាសំឡេងរបស់មនុស្សដែលអាចស្ដាប់បាន ដែលកើតឡើងដោយអណ្ដាតនិងសំឡេងសោតប្បសាទ ភាសាជារូបរាងរបស់ពាក្យ ហើយជារបៀបបែបសម្រាប់ផ្សំពាក្យឲ្យគេស្ដាប់បាននៅក្នុងសង្គមនីមួយៗ” ។
ភាសាសាស្ត្រនិងអក្សរសាស្ត្រ
ពាក្យទាំងពីរនេះកុំច្រឡំគ្នា មិនមែនមានន័យដូចគ្នាទេ តែថាពាក្យទាំងពីរនេះ ត្រូវទាក់ទងគ្នា ។
ភាសាសាស្ត្រ គឺជាក្បួនច្បាប់សម្រាប់សិក្សានូវពាក្យសម្ដី ឫសគល់របស់ពាក្យ (Philology) ។ ការសិក្សាស្រាវជ្រាវរកកំណើតដើមពាក្យ ថាតើពាក្យនេះមានន័យដូចម្ដេច យកមកពីភាសាជាតិណា ឬក៏គេប្រើនៅក្នុងសតវត្ស​ទីប៉ុន្មានជាដើម ។
អក្សរសាស្ត្រ ការសិក្សាខាងក្បួនច្បាប់អក្សរ (Literature) ។ ពាក្យទាំងពីរនេះ មានន័យស្ទើរតែច្រឡំគ្នា ។ ខ្ញុំសូមយកឧទាហរណ៍មួយ ដូចការសិក្សានូវរឿងទុំទាវ ។ រឿងទុំទាវទាំងមូលនេះ ចាត់ទុកថាជា អក្សរសាស្ត្រខ្មែរ   ។ ការស្រាវជ្រាវរឿងទុំទាវមកពន្យល់អធិប្បាយរកឫសគល់ជាដើមហៅថា ភាសាសាស្ត្រ 
ភាសាសាស្ត្រ ដែលខ្មែរយើងនិយាយរៀនសព្វថ្ងៃមានពីរផ្នែក ៖
 ភាសាមនុស្ស
 ភាសាសត្វ
៣- ភាសាមនុស្ស
ភាសាមនុស្ស ចែកទៅមាន ៣ ផ្នែក ៖
 ភាសាសង្ឃ  សាសនាភាសា
 ភាសាក្សត្រ  រាជសព្ទ
 ភាសារាស្ត្រ  ភាសាសាមញ្ញ
ខ្មែរយើងចេះភាសាមនុស្សហើយ ត្រូវចេះលៃលកប្រើពាក្យឲ្យត្រឹមត្រូវទៅតាមឋានៈមនុស្សទៅទៀត ។ បើសង្កេតឲ្យមែនទែនទៅឃើញថា ភាសាជាតិខ្មែរទាំង៣ថ្នាក់នេះ ទុកដូចជាថា ខ្មែរមានភាសាសម្រាប់៣ជាតិដែរ ។ ខ្មែរយើងសម្បូរពាក្យច្រើនទាល់តែរកពាក្យប្រើមិនគ្រប់គ្រាន់ ។ បានជាខ្ញុំថាដូច្នេះ ព្រោះថាដូចជាពាក្យ “ស៊ី” មានពាក្យ ២៥ ដែលជាវេវចនៈនឹងគ្នា នេះហើយដែលខ្ញុំថាសម្បូរ តែរកពាក្យប្រើមិនបាន ព្រោះថាឥទ្ធិពលភាសាបរទេសចូលមកជ្រៀតជ្រែក យើងច្រើនតែយកភាសាគេមកនិយាយលាយឡំ ឬចួនកាលយើងមិនអាចប្រែមកជាភាសាខ្មែរបាន យើងក៏ទុកពាក្យបរទេសប្រើក្នុងភាសាខ្មែរ ។
 ភាសាសង្ឃ  សាសនាភាសា បុគ្គលពួកនេះ ក៏នៅមានចែកថ្នាក់ទៅទៀតដែរ ។ ឧបជ្ឈាយ៍ អាចមានពុទ្ធដីកាទៅកាន់ភិក្ខុសាមណេរ ដែលមានវស្សាតិចជាងថា “ឆាន់” ឬ “ក្ដី” បានតែសាមណេរ មិនអាចនិយាយថា “ឆាន់” ឬ “ក្ដី” ទៅកាន់ភិក្ខុទេ ។
ពាក្យខ្លះដែលព្រះសង្ឃសន្ទនារវាងបព្វជិតនិងបព្វជិត គឺ ក្ដី ឆាន់ ករុណា ខ្ញុំករុណា ខ្ញុំព្រះករុណា ។ ចួនកាលនិយាយក្លាយទៅជា កូណា ។
ពាក្យនៅក្នុងសាសនាទៀត មានពាក្យខ្លះប្រើបានតែចំពោះតែបុគ្គលម្នាក់ ដូចព្រះនាមព្រះពុទ្ធ “តថាគត” ពាក្យនេះប្រើបានតែចំពោះព្រះពុទ្ធទេ គេមិនយកមកប្រើចំពោះបុគ្គលទូទៅឡើយ ។
 ភាសាក្សត្រ  រាជសព្ទ យើងធ្លាប់ហៅមកហើយថា (ពាក្យសម្រាប់ប្រើនៅក្នុងរាជត្រកូល) រាជសព្ទ ។ រាជសព្ទ គឺជាពាក្យដោយឡែកដែលគេប្រើបានចំពោះតែត្រកូលក្សត្រ ។
ឧ. សោយ យាង ផ្ទំ ជាដើម
បើចង់ជ្រាបឲ្យបានពិស្ដារ សូមអានសៀវភៅរាជសព្ទដែលបោះពុម្ពផ្សាយពីពុទ្ធសាសន-បណ្ឌិត្យ ។
បើពាក្យរាស្ត្រសាមញ្ញប្រើដែរនោះ តែគេយកទៅប្រើជារាជសព្ទគេច្រើនតែយកពាក្យ “ព្រះ” ឬ “រាជ” មកធ្វើជាបុព្វបទ ។
ឧ. រថ គេប្រើជាមួយពាក្យរាស្ត្រដែរ បើយកទៅប្រើជារាជសព្ទត្រូវដាក់ពាក្យថា “រាជរថ” ឬ “ព្រះរាជរថ” ឬក៏ “ព្រះទីនាំង” ។
 ភាសារាស្ត្រ  ភាសាសាមញ្ញ ភាសាចំពូកនេះគឺ សំដៅយកភាសាមនុស្សទាំងពីរប្រភេទផ្នែកគ្រហស្ថ ៖
 ភេទបុរស
 ភេទស្រី
មនុស្សទាំងពីរប្រភេទនេះ មានចែកថ្នាក់ទៅទៀត តែពេលនេះ ខ្ញុំសុំបរិយាយយ៉ាងសង្ខេបនូវភាសាចំពូកនេះ ៖
ក- ភេទប្រុស មានពាក្យ៨ផ្សេងៗ សម្រាប់បុគ្គលចំពូកនេះនិយាយ ។ ដូចពាក្យថា “ខ្ញុំបាទ” ជាដើម ពាក្យនេះសម្រាប់តែបុរសទេ មិនអាចយកទៅប្រើជាមួយស្រីឬបព្វជិតឡើយ ។
ខ- ភេទស្រី មានពាក្យខ្លះសម្រាប់តែមនុស្សចំពូកនេះប្រើ គេមិនយកទៅប្រើលាយឡំជាមួយភេទប្រុសឬបព្វជិតឡើយ ។ តែពាក្យថា “ខ្ញុំ” ពុំអាចយកមកនិយាយបានដែរ តែតាមការត្រឹមត្រូវ គួរតែថា “នាងខ្ញុំ”
ភាសាមនុស្សចែកទៅតាមឋានៈ មនុស្សមាន៣ថ្នាក់ ៖
 ថ្នាក់ខ្ពស់
 ថ្នាក់កណ្ដាល
 ថ្នាក់ទាប 
ខ្ញុំសូមជូនភាសាដែលមនុស្សទាំង៣ក្រុមនិយាយទាក់ទងគ្នាយ៉ាងសង្ខេប ៖
ពាក្យថា “ខ្ញុំបាទ ខ្ញុំព្រះបាទ ខ្ញុំព្រះបាទម្ចាស់” ។
ខ្ញុំបាទ មន្ត្រីសក្តិតូចឬរាស្ត្រ និយាយទៅកាន់មន្ត្រីសក្ដិធំ ឬក៏រាស្ត្រនិយាយទៅកាន់រាស្ត្រជាទីគោរពបាន ។
ខ្ញុំព្រះបាទ មន្ត្រីមានយសសក្ដិធំ តែមិនមែនជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ត្រូវនិយាយទៅកាន់រដ្ឋមន្ត្រី ។ ឯរាស្ត្រសាមញ្ញក៏និយាយទៅកាន់មន្ត្រីសក្ដិធំ ដែលមិនមែនជារដ្ឋមន្ត្រីថា ខ្ញុំព្រះបាទបាន ។
ខ្ញុំព្រះបាទម្ចាស់ សម្រាប់មន្ត្រីសក្តិតូចឬរាស្ត្រនិយាយទៅកាន់រដ្ឋមន្ត្រី ។
ការសរសេរលិខិតអំពីងារសក្ដិនាម៉ឺនសព្វមុខមន្ត្រីឬជនសាមញ្ញ សូមអានប្រជុំលិខិតដែល ឯ. ឧ. មហាមន្ត្រី ញិកនូវ តែង ។
ឯភាសាសត្វ ខ្ញុំនឹងអធិប្បាយទៅខាងក្រោយ ។
ភាសាជាគមនាគមន៍
 វិញ្ញាតិភាសា
ឧបមាថា មនុស្សបរទេសម្នាក់ជាទេសចរមកប្រទេសកម្ពុជា មិនចេះភាសាខ្មែរសោះ ហើយថែមទាំងមិនចេះច្បាប់ចរាចរណ៍​នៅប្រទេសកម្ពុជាទៀតផង ។ មនុស្សនេះដើរតុកៗ តាមផ្លូវដោយមិនបានគិតថានឹងមានគ្រោះថ្នាក់ដែលបណ្ដាលមកពីរថយន្ត ស្រាប់តែក្នុងពេលជាមួយគ្នានោះ រថយន្តមួយបើកយ៉ាងលឿនសំដៅមកអ្នកថ្មើរជើង ហើយចាប់ហ្វ្រាំងង៉ឺត ហើយខ្មែរម្នាក់ស្រែក “យ៉ៃ” ជាមួយសំឡេងហ្វ្រាំង អ្នកទេសចរអាចយល់បានថា “គ្រោះថ្នាក់” ។ សម្រែកនេះក៏ចាត់ទុកថាជាភាសាសាស្ត្រដែរតែមិនមានព្យញ្ជនៈ ។
ម្យ៉ាងទៀត អ្នកធ្វើដំណើរតាមរថយន្ត អ្នកមុខតែឃើញមានសញ្ញាចរាចរប្រាប់អ្នកបើកបររថយន្ត ។ បើមិនមានសញ្ញាទាំងនេះទេ អ្នកបើកបររថយន្ត មុខតែចៀសមិនផុតពីគ្រោះថ្នាក់ឡើយ ។ សញ្ញាទាំងអស់នេះ មិនមែនសុទ្ធតែជាអក្សរទេ គេច្រើនតែប្រើសញ្ញាជាគំនូស ដូចជាសញ្ញាក្មេងពីរនាក់កាន់ដៃគ្នាជាដើម ។ សញ្ញាក្មេងកាន់ដៃគ្នានេះប្រាប់ថា “ឲ្យបង្អង់ល្បឿនរថយន្ត ព្រោះជិតសាលារៀន ” ។
បើសង្កេតឲ្យឃើញវែងឆ្ងាយទៅទៀត នៅតាមមហាវិថីព្រះបាទនរោត្ដម អ្នកបើករថយន្ត ត្រូវគោរពច្បាប់ចរាចរណ៍​ដែលរាជការប្រើភ្លើងជាសញ្ញា ភ្លើងក្រហមត្រូវ “ឈប់ !” ភ្លើងលឿងត្រូវ “ប្រុង !” ភ្លើងបៃតង ត្រូវ “ទៅ ! ដើរ ! បើកបរ ! “ បាន ។ ឯអ្នកចរាចរវិញ ត្រូវដើរឆ្លងកាត់ផ្លូវនៅក្នុងគំនូសដែលគូសកាត់ឆ្លងថ្នល់ ។
ភ្លើងទាំងនេះ សញ្ញាទាំងនេះមានអក្សរឬទេ ? គ្មានទេ ចុះម៉េចបានជាមាន “ឈប់ !” មាន “ប្រុង !” មាន “ទៅ ! “ ថាមកពីភ្លើងមកពីសញ្ញា ប្រាប់ឲ្យប្រតិបត្តិតាម ដូច្នេះឃើញថាជាភាសាមួយដែរ ។ សញ្ញនិងឧទានសព្ទ ដែលមិនមានពាក្យព្យញ្ជនៈបង្ហាញប្រាប់ តែជាសំឡេង-សញ្ញាអន្តរជាតិស្គាល់យល់បានគេហៅថា “វិញ្ញាតិភាសា” ។
 កាយវិការភាសា (Gesture for Words)
មនុស្សនៅក្នុងសាកលលោកនេះមានកាយវិការមិនសូវដូចគ្នាទេ ក្នុងការនិយាយទាក់ទងរវាងមនុស្សនិងមនុស្ស ។ មនុស្សដែលមិនចេះភាសា អាចដោះទាល់ម្ដងៗដែរក្នុងការសម្ដែងកាយវិការជំនួសភាសា ។ យើងពិនិត្យមើលមនុស្សគ តើគ្នាចេះនិយាយភាសាអ្វីឬទេ ? តែមនុស្សគអាចធ្វើកាយវិការឲ្យគេយល់ថាខ្លួនត្រូវការនេះ ត្រូវការនោះ តាមកាយវិការរបស់គ្នាភាសានេះចាត់ថាជា ភាសាគ 
មនុស្សសម្ដែងកាយវិការមិនសូវខុសគ្នាប៉ុន្មានទេ ខ្ញុំសូមលើកយកឧទាហរណ៍ ជនជាតិក្រិក ។ ជនក្រិក ងក់ក្បាលសម្ដែងន័យថា “បាទ ! យល់ព្រម ! “ ដល់ងើបក្បាលថា “ទេ !” ។ ខេមរជនគ្រវីក្បាលបានន័យថា “ទេ !” ។ នៅក្នុងភាពយន្ត បើគេចង់សម្លាប់មនុស្សដោយមិនចាំទទួលនូវសេចក្ដីអង្វរ មេបញ្ជាត្រូវឲ្យសញ្ញាទៅកូនក្រុមដោយ លើកមេដៃចង្អុលចុះក្រោម ដោយបង្ហាញន័យថា “សម្លាប់ទៅ ! “ ។ ទាំងនេះចាត់ថាជា កាយវិការភាសា អក្សរ​សាស្ត្រ​គ្មានព្យញ្ជនៈ ។
មនុស្សក្នុងសាកលលោកនេះ ប្រើកាយវិការជាច្រើនជំនួសភាសា ។ មានកាយវិការខ្លះទៀត គេចាត់ថាជាកាយវិការអន្តរជាតិ ដូចជាកាយវិការរបស់កាយឫទ្ធិឬអ្នកបើកបរយានជំនិះ ។ កាយវិការភាសានេះ អាចបញ្ជាក់នូវឧត្ដមគតិនិងចិត្តគំនិតរបស់មនុស្សបាន ។ ដូចយ៉ាងសំឡេងយំ-សើច ថ្ងូរត្អូញ…. នេះជាកាយវិការភាសាប្រកបដោយសំឡេងដែលចាត់ថាជាភាសាគមនាគមន៍អន្តរជាតិស្ដាប់យល់បានថា នេះសើចយំ-កើតទុក្ខ ។
កាយវិការមួយទៀត គួរយកមកបញ្ជាក់ “មនុស្សម្នាក់យកដៃបក់ល្វិច ៗ មុខសុនខ ដែលមិនធ្លាប់ស្គាល់ ឬក៏ស្គាល់ដែរ រួចយកដៃទះដីនៅក្បែរខ្លួនមនុស្សទៀត “ប្រែជាសេចក្ដីថា មនុស្សនេះ បក់ដៃហៅឆ្កែឲ្យមកណេះ ហើយឲ្យអង្គុយក្បែរខ្លួន” ។ រួចសុនខដើរមកអង្គុយជិតមនុស្សតើឆ្កែចេះអានសៀវភៅឬទេចុះម៉េចបានតែវាមកអង្គុយក្បែរមនុស្សថាមកពីឆ្កែយល់កាយវិការរបស់មនុស្ស ។
 ៣ ភាសាសត្វ (Speech of Animal)
មិនត្រឹមតែមនុស្សទេមានកាយវិការជំនួសភាសា សូម្បីតែសត្វក៏មានកាយវិការជំនួសភាសាដែរ សូមសង្កេតមើលមាន់ ។ មាន់ឈ្មោលតែសប្បាយរីករាយចិត្ត វារងាវ មាន់ញីឈឺពង វាអត តែក្រាបពងហើយវាខ្ពត កាលណាវាបក់ស្លាបវាសម្ដែងប្រាប់ថា វាគោរពកោតខ្លាច ។ ក្របីតែវាខ្លាចគ្នាវាឬមនុស្សវាតែងតែបក់កន្ទុយល្វិចៗ ហើយរត់ទៅលិឍគ្នាវា ដើម្បីសម្ដែងថាគោរព ។ ទាំងនេះចាត់ថាជាភាសាសម្រាប់សត្វ ។
សូមសង្កេតពិចារណានូវប្រយោគខ្លីនេះ នៅក្នុងសៀវភៅ (The Gift of Language) ថា បុរសគឺជាមនុស្សផ្សេងដោយឡែកពីសត្វលោក ដូច្នេះត្រូវចេះនិយាយតាំងពីកំណើតដោយខ្លួនឯង  ឯស្ត្រីវិញ គឺចេះនិយាយឡើងដោយសារតែអាដាម នៅថ្ងៃដែលអាដាម បានចាត់កំណត់ឲ្យឈ្មោះពួកសត្វលោក…….. ។
ភាសាសត្វដែលគេអាចឲ្យយល់ទៅបាន ក៏ដោយសារតែ “ចលនា” ដែលទាក់ទងទៅនឹងធម្មជាតិមានជីវិត ។ យើងមិនអាចបានដឹងថា តើភាសាដែលកើតឡើងមុនគេនៅកន្លែងណាទេ ព្រោះយើងមិនមានឯកសារ កត់ត្រាចំណាំពីបុព្វសម័យ ។ មានវិញ្ញូជនជាច្រើនបានយកខ្សែសំឡេង (banque magnetique) ទៅថតសំឡេងសត្វស្វាធំៗ (Chimpanzes) ហើយយកមកធ្វើនូវនិរុត្តិសាស្ត្រ (Etymologie) ចំពោះសំឡេងនិងអត្ថភាសា ។ មានវិញ្ញូជនខ្លះទៀត យកម៉ាស៊ីនថតសំឡេង ទៅថតសំឡេងសត្វផ្សេងៗ សត្វខ្លះមានសំឡេងថា កាក ! គូក ! វូប ! ជាដើម ។
តែយើងអាចកត់សម្គាល់បានថា ភាសាសត្វស្វាធំ (Ape) មានសំឡេងសំនៀងកាន់តែចូលជិតមកសំនៀងសំឡេងភាសាសាស្ត្ររបស់មនុស្ស ។ លោក រូបារ ម. យេក្ស (Robert M- yerks) បានសរសេរសៀវភៅថា (The Great Apes) ថាសត្វអាចយកទៅបង្ហាត់បង្រៀនឲ្យទៅធ្វើកាយវិការភាសាបាន ដូចជាមនុស្សគថ្លង់ (The Great Apes that these animals might bowever be trained to a gesture language much as deaf mutes employ
 សញ្ញាភាសា (Signals for Words)
ឥឡូវយើងត្រឡប់មកភាសាមនុស្សម្ដង ។ តើយើងអាចដឹងថា សញ្ញាភាសាមានប៉ុន្មានដែលយើងអាចយល់បានសព្វថ្ងៃនេះ ដែលកើតមកពីភាសានិយាយ ។ មានសំឡេងខ្លះអាចបញ្ជាក់ឲ្យដឹងថា ភ័យ….. ប៉ុនប៉ង……. ដូចយ៉ាងសញ្ញា “ស្លាប់” មនុស្សច្រើនជាតិដឹងថា “ងងុយគេង” ។
អ្នកនៅទីក្រុង ច្រើនតែចេះសញ្ញាភាសា ដែលមិនមានពាក្យជាគ្រឿងសម្គាល់ ។ សញ្ញាភ្លើង​ក្រហម-បៃតង-លឿង ប៉ូលីសលើកដៃជើង ។ល។ សញ្ញាទាំងនេះអាចនាំអ្នកចរាចរឲ្យរួចផុតសេចក្ដីអន្តរាយ ។ នៅសាលារៀន តែគេឮសូរជួង-ស្គរ គេអាចដឹងថា កូនសិស្សសម្រាកឈប់ចេញរៀនឬចូលរៀន ។
សញ្ញាគូសតាមផ្លូវ សម្រាប់ឲ្យរថយន្តបើកបរ គូសកាត់ផ្លូវ សម្រាប់ឲ្យអ្នកដើរកាត់ ។ បើបានឃើញសញ្ញាមួយគួរឲ្យចាប់អារម្មណ៍ គឺសញ្ញានៅក្នុងឧម្មង្គបថ (Subway ឬ Metro) នៅទីក្រុងញូវយ៉ក (New York) នៅមហាវិថីទី៤២ នៅខាងលើពិតានឧម្មង្គបថនេះ មានគូសពណ៌ប្រផេះ ។ គំនូសនេះ មានន័យថា “បើអ្នកចង់ទៅជិះរថភ្លើងទៅទិសខាងកើតសូមមកតាមខ្ញុំ” គេគ្មានសរសេរជាអក្សរទេ គេគ្រាន់តែគូសប្រាប់ ។
សូមពិនិត្យមើលរថយន្តដឹកទំនិញធ្ងន់ៗ ដូចដឹកឈើឬដែកជាដើម នៅខាងក្រោយរថយន្ត គេចងកំណាត់សំពត់ក្រហម ។ សំពត់ក្រហមនេះបានន័យថា “ប្រយត្នគ្រោះថ្នាក់ ! ទៅឲ្យឆ្ងាយ !”
ធានីវាសិក (អ្នកនៅទីក្រុង) ដល់ឃើញសញ្ញាច្រើនដូច្នោះ ស្ទើរតែដូចអនរិយជន (Primitive) ពួកព្នងគួយជាដើម ។ ពួកព្នងគួយច្រើនតែកួច ចង លាក់ឈើជាចំណាំ សុនខច្រើនយល់ចិត្តមនុស្សដោយម្រាមដៃ មនុស្ស គ ថ្លង់ ច្រើនប្រើដៃ ។
 ភាសាត្រាប់ (Imitative Words)
ភាសាដែលយើងនិយាយអាចយល់បានដោយងាយ៨ ទោះជាសញ្ញាភាសា រូបីក្ដី អរូបក្ដី ។ ពាក្យដែលគេត្រាប់សំឡេងដូច្នោះហៅថា នាមការកភាសា (Onomatopoetic) ។ តាមការត្រិះរិះមើលទៅតាម ភាសាត្រាប់ នេះទៅ ឃើញថាប្រជាជាតិដែលមានអារ្យធម៌ខ្ពង់ខ្ពស់ មិនសូវមានភាសាដែលយកលំនាំតាមសំឡេងធម្មជាតិទេ ។ យើងអាចសង្កេតបានទៅតាមសេចក្ដីនេះបានថា ពួកខ្មែរដូចព្នងគួយជាដើម ច្រើនយកភាសាតាមធម្មជាតិ ។
ភាសាខ្មែរយើង ក៏មានពាក្យដែលត្រាប់យកលំនាំឬហេតុដែរ ដូចពាក្យថា “បែកអំពិលអំពែក” ។ ម៉េចបានជាគេនិយាយថាដូច្នេះ ព្រោះថាកាលណាគេទង្គិចក្បាលយ៉ាងខ្លាំងទៅវត្ថុអ្វីមួយ មានរស្មីព្រិចៗ ខ្ទាតភ្លែតចេញមក ដូចពន្លឺសត្វអំពិលអំពែក ដូច្នេះគេសន្មតថា “បែកអំពិលអំពែក” ។
 សង្គមភាសា ឬ គ្រាមភាសា (Community Words)
បើសិនជាយើងសួរខ្មែរគ្នាឯងថា “អ្នកនិយាយភាសាអ្វី ?” ចម្លើយមុខជាមកផ្លូវនេះថា “ខ្ញុំនិយាយភាសាខ្មែរ” ។ ចុះម៉េចបានជានិយាយភាសាដូចគ្នា ស្ដាប់គ្នាមិនបានខ្លះ ? មកពីនៅគ្រប់តែប្រទេស មានភាសាសម្រាប់សង្គមឬជនបទ ។ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកបង្ហាញ “ក្មេងដែលគេចវេះមិនទៅសាលារៀន តាមជនបទខ្លះហៅថា “កាន់កាតឈ្លួស ត្រក ខ្មាយ…….” ។ មិនមែនតែភាសាយើងទេ ដែលនិយមនិយាយ មិនដូចគ្នា សូម្បីតែប្រទេសឯទៀត ក៏និយាយមិនដូចគ្នាដែរ ដូចសហរដ្ឋអាមេរិក “ក្មេងដែលគេចវេះពីសាលារៀនគេនិយាយតាមជនបទខ្លះថា Skip bag day out of school play hooky ឬ hooks jack… ។
សូមសង្កេតមើលក្មេងមួយក្រុមតាមទំនៀមអ្នកស្រុកខ្លះឬទូទៅ ខ្ញុំមិនបានយល់ច្បាស់ ។ តែនៅស្រុកឃុំខ្ញុំសព្វថ្ងៃនេះ “ក្មេងអង្គុយអាំងភ្លើងនៅរដូវរងា ។ ក្មេងពីរនាក់ផ្លុំភ្លើងក្នុងពេលជាមួយគ្នា ម្នាក់ត្រូវស្ដោះទឹកមាត់ឡើងលើ ម្នាក់ស្ដោះទឹកមាត់ចុះក្រោម មានន័យថាមិនឲ្យដំបៅមាត់ ។ នេះជាភាសាសម្រាប់សង្គមក្មេងដែរ ។
បើក្មេងលេងល្បែង ដូចលេងល្បែងជិះសេះ ក្របីអូសរទេះ ឬជល់ក្របីជាដើម តែឈប់លេងក្មេងថា “ណងនីត ក្រោយៗ លេងទៀត” រួចទើបក្នុងយកដៃធ្វើជាបោសគូទ ។ ការប្រព្រឹត្តរបស់ក្មេងដូច្នេះព្រោះវាយល់ថា បើមិនធ្វើដូច្នេះទេ ខ្លាចដុះកន្ទុយ ។
បើយើងសង្កេតមើលពួកអ្នកសៀមរាប និយាយជាមួយខ្មែរក្រោមស្ទើរតែស្ដាប់គ្នាមិនបានប្រហែលពាក់កណ្ដាល ។ ខ្ញុំបានចួបខ្មែរសៀមរាបម្នាក់ឈ្មោះ ឈរ-គីលិន និយាយជាមួយខ្មែរក្រោមម្នាក់ឈ្មោះប៉ុលនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ៖
គីលិន – ប៉ុល ! ប៉ុល ! រៀនអង់គ្លេសចេះដល់ម៉ាឡាហើយ ?
ប៉ុល ធ្វើភ្នែកឡិងឡង់ ព្រោះស្ដាប់ពាក្យម៉ាឡាមិនយល់ សូម្បីតែខ្ញុំអ្នកនិពន្ធអត្ថបទនេះក៏ស្ដាប់មិនយល់ដែរ ទាល់តែខ្ញុំបញ្ឈប់ខ្មែរសៀមរាបជាពាក្យកំប្លែងថា ៖
មើល ! ប៉ុល ! យល់ពាក្យថាម៉ាឡាឬទេ ?
ប៉ុល- អត់យល់ទេ
មិត្តខ្ញុំសៀមរាបថា “ខ្ញុំស្មានថាគេស្ដាប់បាន” ទើបខ្មែរសៀមរាបពន្យល់ថា ម៉ាឡា “ដល់ណាហើយ ឬបានច្រើនហើយ” ។
លោក ជន.ប. ការុល (Jonh B. Carroll) និយាយថា “ភាសារបស់សង្គមនីមួយៗ មិនងាយឲ្យមានឯកភាពត្រឹមត្រូវបានទេ បើសិនណាជាសង្គមមនុស្សកើតធំឡើង ភាសាកាន់តែរេទៅរកការឃ្លៀងឃ្លាតបន្តិចដែរ ។ ដូច្នេះនៅក្នុងសង្គមនីមួយៗ មុខតែមានសម្ដីលំនាំផ្សេងៗពីគ្នា” ។
សង្គមភាសា បើនិយាយឲ្យច្បាស់ទៅទៀត គេអាចចែកភាសាខ្មែរទៅតាមជនបទ ដូច្នេះយើងត្រូវធ្វើតារាងជាផែនទីគូសចំណាំប្រាប់ថា ជនបទ ឃុំ-ស្រុក-ខេត្តនេះនិយាយរដឺនដូច្នេះ មនុស្សនៅក្នុងខេត្តនោះនិយាយរដឺនដូច្នោះជាដើម ទើបងាយឲ្យអ្នករៀនអាចយល់បានស្រួល ។
ខ្ញុំសូមអធិប្បាយភាសាតាមសង្គមឬជនបទខ្លះដែលខ្ញុំបានចួបប្រទះ តែខ្ញុំសូមអភ័យទោស បើសិនជាខ្វះខុសខាតដូចម្ដេច សូមលោកមេត្តាផ្ញើសេចក្ដីត្រូវទៅខ្ញុំ (សូមអរគុណ) ។
ពិតមែនតែខ្មែរយើងមានភាសាតែមួយសម្រាប់ជាតិ តែលំនាំភាសានិយាយចាត់ទៅតាមសង្គមឬជនបទ ដូចអ្នកខេត្តកំពតប្រើពាក្យថា “តុម្ព” តាមន័យក្នុងវចនានុក្រមឬតាមជនបទសង្គម បានន័យថា “ក្រឡតូចៗសម្រាប់ដាក់កំបោរ” តែអ្នកខេត្តកំពតសំដៅយក “ពាងធំៗ ” ។ សូមពិនិត្យសង្គមភាសាខ្លះដតូចតទៅនេះ ៖
 សម្ដីពពាយនាយ
លោកអ្នកធ្លាប់ធ្វើដំណើរតាមរថយន្ត ទៅតាមព្រែកក្ដាម ទៅស្គន់កំពង់ចាម មុខជាឮឈ្មួញពពាយនាយថា
ល្មុតហ៎ះ ! ក្រូចហ៎ះ ! ឈូកហ៎ះ !
ឥឡូវលោកអ្នកជិះរថយន្តទៅតាមផ្លូវភ្នំពេញព្រែកអ្នកលឿង មុខជាឮឈ្មួញពពាយនាយថា មកវើយល្មុត !
បើយើងមកភ្នំពេញឬតាមជនបទឯទៀតៗ យើងមុខតែឮពាក្យពពាយនាយដូច្នេះទៅវិញ
ល្មុតហ្អឺ ! ល្មុត ! ពោតស្ងោរហ្អឺ ! ពោតស្ងោរ !
 សម្ដីតាមស្រុកឬជនបទ
១- សម្ដីនិយាយអ្នកខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ។ គេច្រើននិយាយបន្តុះបង្អាប់ពួកខ្មែរនេះថា ឡា-លូ-ឡាប់-លៀក (ស្លា-ម្លូ-ស្លាប់-ស្លៀក) គេនិយាយច្រើនកាត់យកតួអក្សរ ស ចេញ ។ សូមពិនិត្យមើលភាសាជនបទនៅឃុំស្កាទំ ស្រុកត្បូងឃ្មុំ កំពង់ចាម ពាក្យថា “លំប៉ាក” បានន័យថា “ចង្រៃ” សំនៀងភាសានេះដូចជាភាសាព្នង ។
២- ខេត្តតាកែវ សម្ដីពួកនេះប្លែកពីពួកអ្នកខេត្តក្រចេះ តែស្រដៀងទៅខេត្តព្រៃវែង-ស្វាយរៀងដែរ ។
ពួកខេត្តនេះនិយាយស្រដៀងយួន ព្រោះនៅទល់ដែនយួន ដូចពាក្យដែលមានអក្សរ (ឆ-ស) (ចំពោះអក្សរ ឆ-ស មាននិយាយនៅក្នុងពួកព្យញ្ជនភាសា)
សូមលើកយកពាក្យខ្លះរបស់អ្នកខេត្តតាកែវ (ឆ-ស)
ស្គែ-ឆ្ករ—ឆ្នែង
មើលទៅខ្មែរលើបែបច្រឡំពាក្យនេះហើយ សូមជ្រាបចុះថា ស្គែ> ឆ្កែ ឆ្ករ >ស្ករ ឆ្នែង >ស្នែង
ម្យ៉ាងទៀតសូមពិនិត្យតារាងខាងក្រោមនេះ ដែលមិនសូវស្របគ្នា
ខ្មែរខេត្តក្រចេះ-ស្ទឹងត្រែង
ខ្មែរខេត្តតាកែវ
រវល់តែ……………ឧ. ម៉េចបានជាយូរម្ល៉េះ ?
ឆ្លើយ ៖ ខ្ញុំរវល់តែចាំមិត្តខ្ញុំ……………………………….
………………………………………………………………..
អាល័យតែ………..ឧ. ម៉េចបានជាយូរម្ល៉េះ ?
ឆ្លើយ ៖ ខ្ញុំរវល់តែចាំមិត្តខ្ញុំ……………………………….
………………………………………………………………..
តែចំពោះអ្នកខេត្តក្រចេះនិងខេត្តឯទៀតខ្លះ ច្រើនតែនិយាយទាំងពីរ គឺរវល់តែ …. នឹងអាល័យតែ …. ។ តែអ្នកខេត្តតាកែវច្រើនតែនិយាយថា អាល័យតែ…………. ។
៣- ចុះខ្មែរសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និយាយប្លែកពីអ្នកខេត្តខាងលើដូចម្ដេច ? ច្រើនណាស់គ្រាន់តែឮអ្នកសៀមរាបមកពី ប៉ាដាក ឬ អ្នកកំពង់ឆ្នាំង ខ្មែរភ្នំពេញខ្លបស្លឹកត្រចៀករត់រកវចនានុក្រមឲ្យជួយ ។
សម្ដីអ្នកសៀមរាប
លោកអ្នកនាងដែលឮពាក្យនេះឬទេ អ្នកសៀមរាបនិយាយរដឺនៗថា ៖
“គោវាចាប្រាវចូលដុប អេងថាភយអើយភយ កុំតែបានលោកភិក្ខុមួយអង្គជួយកាក់ ម្ល៉េះលំបាកយ៉ាង” ថាពួកអ្នកសៀមរាបនិយាយសៀមទៅមិនមែនទេ ថានិយាយបាលីទៅមិនមែនដែរ ចុះម៉េចបានជាគេស្គាល់ពាក្យខ្លះមិនបាន ថាមកពីសង្គមភាសាឬគ្រាមភាសារបស់ពួកនេះរដឺនសេចក្ដីខាងលើនេះ ប្រែថា គោវាផ្អើលចូលព្រៃគុម្ពោត ឯងថាភ័យអើយភ័យ កុំតែបានលោកភិក្ខុមួយអង្គជួយបញ្ឈប់ម្ល៉េះលំបាកណាស់”
សង្គមមនុស្សខ្លះ មានសញ្ញាភាសាប្លែកពីគ្នា (សញ្ញាភាសាខ្ញុំអធិប្បាយរួចពីទំព័រខាងដើមហើយ) ។ មានអ្នកស្រុកខ្លះជឿដោយប្រើកាយវិការផ្សេងៗ ដើម្បីកំណត់ឲ្យដឹងនូវគោលបំណង គំនិតរបស់ពួកជននោះដូចយ៉ាង “យកដីដាក់លើក្បាល យកដីដាក់លើពោត (ដែលគេយកឆ្លងទន្លេ) ដែលឲ្យន័យថា “សូមកុំឲ្យលោះព្រលឹង” ថា “កុំឲ្យពោតសាប” ជាដើម ។ ខ្ញុំសូមជូនឧទាហរណ៍មួយ ដើម្បីតម្រូវគ្នា ជនអាមេរិកកាំង បើគេចង់មានលាភ ជ័យសួស្ដី ក្នុងពេលធ្វើដំណើរ គេត្រូវខោកឬគោះឈើដោយក្រញរម្រាមដៃ អង់គ្លេសថា (Knock on wood) ។
ឥឡូវយើងបែរមករកមើលវប្បធម៌របស់មនុស្សចំពូកខ្លះ ដូចពាក្យឬប្រយោគដែលគេនិយាយលាយតាមពណ៌ (ស-ខៀវ) ៖
ឧ- ពាក្យ- តសូវ- ណសូវ-យ៉ស៊ុំ……
ប្រែថា ទៅស នៅស យស (ទៅ-នៅ យំ)
ភាសារបៀបនេះ គប្បីចាត់ទុកថាជាភាសាសម្ងាត់ គឺគេមិនចង់ឲ្យអ្នកដទៃទៀតស្ដាប់បាន ។
ម្យ៉ាងទៀត សូមពិនិត្យភាសាមួយចំពូកទៀត ដែលគេហៅថាភាសាឫសីប្លែងសារ ។ ភាសានេះទុកដូចជាកំបាំងមួយដែរ ។ ភាសានេះមានន័យនិងរបៀបដូច្នេះ ៖
ត្រូវសរសេរឲ្យច្បាស់លាស់ តាមភាសាធម្មតាជាមុនសិន តែត្រូវធ្វើឃ្លាឲ្យខ្លីៗ ឲ្យល្មមរាប់ពាក្យបានងាយ រួចហើយត្រូវរាប់អក្សរបណ្ដោយពីដើមទៅចុង ហើយត្រូវដកមួយតួម្ដងៗ យកមកសរសេរទៅតាមបន្ទាត់ ។ របៀបរាប់អក្សរដូច្នេះ ស្រះ បាំងឈើ អក្សរ លេខ រាប់មួយតួដែរ តែវិសជិនីយគេមិនរាប់ថាជាមួយតួទេ ។ ពេលផ្ញើសំបុត្រទៅគេ ដើម្បីឲ្យស្រួលដល់អ្នកទទួលផ្សំបានងាយនោះ ត្រូវប្រាប់យ៉ាងខ្លីថា ២-៣-៤ ឬ ៦ តាមដែលយើងរាប់ថា “ដក” ដល់ពេលដែលគេរាប់អក្សរយកជាពាក្យវិញថា “ស្រង់” ។ ដកស្រង់នេះ មានចំនួនខុសគ្នាក៏មាន ត្រូវគ្នាក៏មាន បើចង់ប្រើរបៀបដកថាស្រង់ ស្រង់ថាដក បានឥតទាស់ ។
គ្រាមភាសាឬសង្គមភាសា នៅមានច្រើនទៅទៀត តែថាពាក្យនេះច្រើនតែដូចគ្នា ឬក៏ច្រើនតែជាវប្បធម៌ប្រែប្រួលដូចតទៅនេះខ្លះ ៖
 របៀបដក  ស្រង់  (តាមវចនានុក្រមខ្មែរភាគ ២)
ល្អក្រចិមិយូត្តនរ > ចិត្តល្អមិនក្រយូរ
របៀបរាប់ដូច្នេះ ពាក្យ “ចិត្តល្អមិនក្រយូរ” មាន ៨ ពាក្យ ។ គេរាប់ពាក្យដើម
ចិ ត្ត ល្អ មិ  ក្រ យូ 
     ៦  ៧ 
ដក ៖ ល្អ ក្រ ចិ មិ យូ ត្ត  
 ៣       
ដល់ដកមកបានដូច្នេះ ល្អក្រចិមិយូត្តនរ ត្រូវឥឡូវត្រង់ស្រង់យកជាសេចក្ដីដើមវិញ
ស្រង់៖ ចិ ត្ត ល្អ មិ  ក្រ យូ 
       
 របៀបដក  ស្រង់  ឬដក  ស្រង់ 
ចះនចេមិឈ្នះង់ > ចេះមិនឈ្នះចង់
មាន ៧ ពាក្យ ។ (នៅមានរបៀបច្រើនទៀត)
 ពាក្យបង្វែងដាន យើងធ្លាប់ឮខ្លះមកហើយដូចជាព្រះសង្ឃ ត្រូវការឆាន់ “ម្ទេស” លោកប្រើកូនសិស្សទៅរកម្ទេស លោកមានថេរដីកាថា “សត្វហើរ” រឿងនេះជាហេតុនាំឲ្យក្មេងដែលមិនយល់ន័យពាក្យនេះ ស្មានថាលោកបញ្ជាឲ្យទៅដេញចាប់សត្វមានជីវិត ម្ល៉ោះហើយទៅដេញវាយសត្វកន្ទំរុយមួយបានទៅប្រគេនលោក ។ ឧបាសក-ឧបាសិកា ឃើញត្រីរស់ នឹងចង់ស៊ីដែរ តែមិនហ៊ានប្រាប់ឲ្យគេសម្លាប់ក៏ថាឲ្យយកទៅលែង តែបើយើងមិនយល់ន័យនេះមុខតែយកទៅលែងនៅបាតបឹងផ្លូក ។ ពាក្យពិតវិញនោះមិនមែន “សត្វកន្ទំរុយ” មិនមែនយកទៅបោះចោលទេ គឺ សត្វហើរជាម្ទេស លែងថាឲ្យទៅសម្លាប់” ។ ពាក្យទាំងនេះជាពាក្យបង្វែងដាន ពាក្យរបៀបនេះ នៅមានច្រើនទៀត ។
 ពាក្យអាសគ្រាម ឬពាក្យចំអេសចំអាស
ពាក្យអាសគ្រាមខ្ញុំមិនបាច់អធិប្បាយទេ ព្រោះថាលោកអ្នកធ្លាប់ឮមកជាញឹកញយហើយ ។
សង្គមភាសាមានប្លែកៗគ្នា គេមានភាសាពិសេសច្រើនទៀត ទុកប្រចាំកិច្ចការរបស់គេ ដូចជាភាសាអ្នកបរបាញ់ ភាសាចម្បាំង ឬភាសាសម្រាប់អ្នកលេងល្បែង ។ល។ តែលុះកន្លងក្រោយៗមកជាច្រើនតំណពូជឬច្រើនសតវត្សមក កាលដែលខ្មែរមិនទាន់មានអក្សរសាស្ត្រនៅឡើយភាសាប្រចាំក្រុមមុខការងារនោះ ក៏បាត់ចោលខ្លះដែរ ។ ម៉េចបានជាភាសាខ្លះបាត់ទៅ មកតែពីភាសានោះ មិនសូវមានសារប្រយោជន៍ បើមិនប្រើក៏បានដែរ ហើយមួយទៀតយូរៗធ្វើម្ដង ហើយទំនងជាគ្មានអ្វីកត់ចំណាំ ម្ល៉ោះហើយក៏សាបសូន្យទៅ តែចំណែកភាសាដូចជាភាសារបស់ពួកអ្នកចម្បាំង ពួកអារក្ស របៀបការកូន ដែលជាភាសាសម្រាប់សាងជីវិតគេនៅរក្សាទុករហូតមកដល់សព្វថ្ងៃ ។
ភាសាបរបាញ់ តាមមតិរបស់លោក (Edward D Myers) និយាយអំពីកំណើតរបស់ភាសា (The Origin of Language) ថា ពីដើមភាសាបរបាញ់មានគ្រប់សង្គម តែគេរៀបទៅបាញ់ គេលើកគ្នាទៅឬគេទៅបាញ់សត្វនៅតាមរដូវដែលគេត្រូវចេញទៅបាញ់ តែក្រោយមកអ្នកខ្លះលួចទៅម្នាក់ឯង ហើយមិនហ៊ានបញ្ចេញសំឡេង សម្រែកអ្វីទេខ្លាចគេដឹងឮ ។ បើតាមខ្ញុំពិនិត្យមើលទៅតាមមតិលោកខាងលើនេះឃើញថាប្រហែលជា២០ឆ្នាំមុននេះ នៅស្រុកខ្លះ គេលើកគ្នាទៅបាញ់សត្វមែន ។
ភាសាបរបាញ់ គេត្រូវនិយាយឬប្រើពាក្យសម្ដីទៅតាមសម្រែករបស់សត្វ ឬលំនាំរបស់សត្វ ដូចការបរបាញ់ប្រើសក្ដាន់ អ្នកប្រមាញ់ខ្លះយកស្លឹកឈើមក​ផ្លុំធ្វើជាសំឡេងសត្វ ។ អ្នកទាក់លលក ធ្វើត្រាប់សំឡេងលលក គុកគ្រូ ! ដើម្បីឲ្យលលកព្រៃមករកលលកធ្នាក់ ។ ចំណែកអ្នកទាក់ក្រួចវិញ គេក៏ធ្វើសំឡេងដូចក្រួច ដើម្បីឲ្យក្រួចមកចូលលប់ ។
ភាសាទាក់ដំរី យើងពិនិត្យមើលស្រុកខ្មែរទៀត មិនថាសម័យមុនទេ សម័យយើងនេះ អ្នកទៅទាក់ដំរី គេច្រើនតែប្រើស្នែង ផ្លុំស្នែងជាបទ ដើម្បីដាក់ស្នេហ៍ឲ្យដំរីទន់ចិត្ត ។
ខាងអ្នកស្ទូចត្រី គេមានភាសាប្លែកទៅទៀតសម្រាប់ក្រុមគេដែរ ។ បើលោកអ្នកធ្លាប់ជាអ្នកស្ទូចនៅតាមស្រុកស្រែ លោកអ្នកមុខតែឃើញអ្នកស្ទូច “គោះទឹក” ដែលមានន័យថា “ហៅត្រី” ឬផ្ទាត់ទឹកនឹងម្រាមដៃហើយពោលថា “មកវើយស៊ីចំណី” អាការៈបែបនេះបង្ហាញឲ្យឃើញថា នេះជាភាសារបស់ក្រុមគេនេះដែរ ។
ភាសាខាងល្បែង
កីឡាអុំទូកង ពួកអ្នកកីឡាអុំទូកង គេតែងមានពាក្យគេសម្រាប់បន្ទរ ឬស្រែកឲ្យមានកម្លាំង អ្នកក្បាលស្រែកថា “មួយយើ ! “ ហើយអ្នកអុំទាំងអស់គ្នាស្រែកព្រមគ្នាថា “មួយ ! “ រួចបន្ទាប់ទៀត គេស្រែកព្រមគ្នាថា “អៃយ៉ូវសាប់អៃយោមួយ !”
កីឡាអង្គញ់ នៅក្នុងកីឡានេះ គេឮពាក្យថា “ម៉ាយ” គឺគេនិយាយចំពោះអង្គញ់ណាដែលបោះត្រូវម្ដងហើយ តែបោះត្រូវម្ដងទៀតគេថា “ម៉ាយ” ។ ដក ណាប់ ប្រេត ចាក់កន្ធែក សុទ្ធតែជាពាក្យសម្រាប់អ្នកលេងអង្គញ់ ។
កីឡាឯទៀតៗ ដូចកីឡាវាយកូនគោល គេស្រែកថា “បាក់” ដើម្បីឲ្យអ្នកម្ខាងប្រុងប្រយត្ន ក្រែងគេវាយត្រូវជើង ។
ល្បែងចាប់កូនខ្លែង អ្នកលេងឈរឱបចង្កេះឬកាន់ចង្កេះបន្តគ្នា អ្នកនៅមុខគេធ្វើជាមេមាន់ អ្នកនៅក្រោយជាកូនមាន់ រួចមានមា្នក់ទៀតធ្វើជាមេខ្លែងចាំឆាបកូនមាន់ ។ អ្នកលេងស្រែកថា “ចាប់កូនខ្លែងប្រឡែងកូនមាន់យកមេទៅទាន់យកមាន់ទៅលាក់ លាក់ឯណា…” ។
ល្បែងលាក់កន្សែង អ្នកលេងអង្គុយដំកង់គ្នាជុំវិញ មានម្នាក់កាន់ក្រមាឬកន្សែងមូរឲ្យណែនរត់ក្រឡឹងជុំវិញថាលាក់កន្សែង ឆ្មាខាំកែងអូសលោងៗ… ហើយគេដាក់រមូរកន្សែងនៅក្រោយខ្នងអ្នកអង្គុយម្នាក់ដល់អ្នកនោះដើរមកកន្លែងដែលគេទុកកន្សែងនោះវិញ អ្នកអង្គុយមិនដឹងខ្លួនគេត្រូវវាយមួយកន្សែង ។ បើសិនជាអ្នកអង្គុយឃើញកន្សែងនៅក្រោយខ្នងត្រូវយកកន្សែងហើយដើរជុំវិញខាងក្រោយអ្នកអង្គុយ ហើយស្រែកថា លាក់កន្សែង….” ។
ឯល្បែងអុក គេថា “អុក” បានន័យថាគេប្រុងស៊ីស្ដេចហើយ ។
យើងឃើញហើយថា សង្គមមួយៗ មានភាសាប្រចាំក្រុម ។ ឥឡូវមើលកូនក្មេងលេងល្បែងម្ដង ក្មេងៗច្រើនតែជ្រើសរើសគ្នាវាថា “ប៉ាវយីស៊ុង” បើអ្នកណាចាញ់គេត្រូវចាំទី បើឈ្នះគេត្រូវធ្វើឬផ្ដើមលេងមុនគេ ដូចជាបោះឡូជាដើម ។ បើមិនថារបៀបនេះទេ គឺគេថា “ត្រាយត្រក ត្រាយត្រេងបាក់កាអេងណាំនឿកបាក់ការធឿក ដូយ៉ាដឺកាដាហិច” ។ របៀបនេះ បើអ្នកណានៅសល់ក្រោយគេត្រូវចាំទី ។
 ភាសាសម្រាប់អារក្ស ឬ អាគមភាសា (Magie Words)
ក- ភាសាប្រើក្នុងអារក្ស បើហៅថា ព្រហ្មញ្ញភាសាក៏សឹងតែបាន ។ ភាសាអារក្សស្ទើរតែមានមនុស្សតិចណាស់ ដែលចេះភាសា ។ បច្ឆាជនដែលមិនសូវជឿអារក្សអ្នកតា ស្ទើរតែមិនដឹងន័យភាសានេះអស់ទៅហើយ ។
តារាងភាសាជំពូកនេះខ្លះ
ភាសាអារក្ស
ភាសាសាមញ្ញ
កាប៉ាងគន្ទន់បាក់ក
អាការសាហាវ
កូនចាប
កន្ទើញ
ប្រាក់មួយរៀលចេក
ស្រា
មនុស្សឈឺ
សាច់ជ្រូក
ការសិក្សានូវភាសាអារក្ស មានច្រើនទៅទៀត តែពេលនេះខ្ញុំលើកយកតែប៉ុណ្ណេះមកជាឧទាហរណ៍ ។
ខ- ចំណែកមន្តអាគមភាសា ក៏នៅមានប្លែកពីភាសាអារក្សដែរ ។ មុនគេសេកដាស់មន្តអាគមអ្វីមួយគេថា ឱម សិន ដែលជាតំណាងឈ្មោះ ព្រះវិស្ណុ-សិវៈ និងព្រះនារាយណ៍ ។
ភាសាចំពូកនេះ មិនមែនមានត្រឹមតែសម័យព្រហ្មញ្ញសាសនាចូលមកប្រទេសយើងទេ ឬក៏តាមតែការនឹកឃើញរបស់មនុស្សទេ សូម្បីតែនៅក្នុងពុទ្ធសម័យ ក៏នៅតែមានដែរ តែមន្តអាគមរបស់ព្រះពុទ្ធ មិនមានប៉ះពាល់ដល់ជីវិតសត្វណាមួយឡើយ ។
ឧ. កឹ  ករណំ  ឃដេសិ   ឃដេសិ  អហម្បិ  តំ  ជានាមិ ។
ចុះភាសាមន្តអាគមមានតែខ្មែរឬ សាសន៍ដទៃទៀតមានដែរ ? មានស្ទើរតែគ្រប់ភាសា ។ អាមេរិកាំង សៀម យួន ចិន ឥណ្ឌា មានដូចគ្នាតែខ្ញុំមិនយកពាក្យទាំងនោះមកជូន ព្រោះមិនសូវមានការសំខាន់ ។
៨- សិល្បភាសា (Art of Language)
សិល្បភាសា សំដៅយកសិល្បៈដែលចំនួនភាសា ។ សិល្បបែបនេះ គេមិនបាច់សរសេរតួអក្សរប្រាប់ដល់ទស្សនិកជនទេ ព្រោះថាសិល្បៈនោះ អាចសម្ដែងប្រាប់សិល្បៈនេះ មានន័យយ៉ាងនេះ សិល្បៈនោះមានន័យយ៉ាងនោះ ។
ប្រទេសកម្ពុជា ជាប្រទេសកាន់ពុទ្ធសាសនា សិល្បករកសាងព្រះពុទ្ធរូប មិនបាច់ចារឹកអក្សរប្រាប់គេថា នេះជាព្រះពុទ្ធទ្រង់បិណ្ឌបាត នេះសម្ដែងធម្មចក្រ គេគ្រាន់តែកសាងឲ្យទៅតាមពុទ្ធចរិត គេអាចយល់បានថាព្រះពុទ្ធរូបនេះ គេធ្វើតំណាងព្រះអង្គតាមពុទ្ធចរិតនោះ ឬក៏តាមពុទ្ធប្រវត្តិនោះ ។
ដូចតួយ៉ាងព្រះពុទ្ធរូបគង់ពត់ព្រះភ្នែន មានព្រះហស្ថស្ដាំនៅលើព្រះហស្ថឆ្វេងដាក់នៅលើព្រះភ្នែន ។ ព្រះពុទ្ធរូបបែបនេះ អាចសន្មតបានថា ព្រះពុទ្ធរូបទ្រង់សមាធិ ឬ វិត៌កមុទ្រា ។
ការកសាងព្រះពុទ្ធរូបមាន៨បែប តែខ្ញុំលើកយកតែការកសាងព្រះពុទ្ធរូបមួយនេះជាឧទាហរណ៍ ។ ការរចនាព្រះពុទ្ធរូបបែបនេះគេអាចសម្គាល់បានថា ព្រះពុទ្ធទ្រង់សមាធិ ចុះម៉េចបានតែគេស្គាល់ថា «ទ្រង់សមាធិ » ? មកពីសិល្បៈបង្ហាញប្រាប់ព្រះនាមព្រះពុទ្ធ ។
មួយទៀតសិល្បៈខាងល្ខោន តួយ៉ាងដូចមុខយក្ស មុខឥសី តើគេមានសរសេរអក្សរប្រាប់ថា នេះមុខយក្ស នេះមុខឥសីឬទេ ? អត់មានទេ ! ។ ចុះម៉េចបានតែគេស្គាល់ជាមុខយក្ស មុខឥសី ? មកពីសិល្បៈប្រាប់ឲ្យស្គាល់ថា មុខដែលគួរឲ្យខ្លាចក្រវេមក្រវាម គេថា «មុខយក្ស» ។ បើឃើញមុខញញឹមរួចបែកខ្នែងដូចកន្ទុយត្រីប្រា គេស្គាល់ច្បាស់ថា «មុខឥសី» ។ បើឃើញមុខ ៤ គេអាចថាមុខ «ព្រហ្ម» ។
សិល្បកម្ម (Ballet) ដូចរបាំព្រះរាជទ្រព្យ បញ្ចេញកាយវិការ គេអាចដឹងថា ល្ខោនរាំរឿងនេះឬស្ដែងរឿងនោះ ។ គេមិនសូវប្រកាសឈ្មោះរឿងដែលត្រូវរាំនោះទេ តែសម័យក្រោយមក មនុស្សយើងមិនសូវយល់សិល្បភាសា ម្ល៉ោះហើយគេបោះពុម្ពកម្មវិធីចែក ។
សិល្បភាសាខាងព្រហ្មញ្ញសាសនាវិញ ដូចជាស្លាធម៌ដូង ស្លាជមជាដើម គេគ្រាន់តែឃើញវត្ថុទាំងនោះ គេអាចឲ្យឈ្មោះថា «ស្លាធម៌ស្លាជម» ។
ការលើកយកឧទាហរណ៍មកជាទស្សនៈ ក៏គួរយល់ថា សិល្បៈរចនាទាំងនេះ គេអាចយល់បានដោយមិនបាច់មានពាក្យសម្ដីប្រាប់ឡើយ ដោយហោចទៅទៀត គេអាចសម្គាល់បានមនុស្សសាសន៍ប្លែក ៗ គ្នាដោយគេមើលសម្លៀកបំពាក់គ្រឿងអលង្ការ ។
ចំពូកទី២ ភាសាខ្មែរតាមនិរុត្តិសាស្រ្ត
ដូចខ្ញុំបានបរិយាយមកក្នុងចំពូកទី១ រួចខ្លះមកហើយ អំពីកំណើតភាសាខ្មែរ តែខ្ញុំមិនបានបរិយាយឲ្យច្បាស់លាស់ ។ ឥឡូវខ្ញុំសូមបែរទៅខាងភាសាសាស្រ្តខ្មែរ ។ ដើម្បីឲ្យស្រួលវិនិច្ឆ័យនូវបញ្ហាភាសាសាស្រ្តខ្មែរ ខ្ញុំសូមលើកប្រស្នាមួយ ព្រោះខ្មែរយើងមានចំនួនច្រើនថាភាសាខ្មែរមានដើមកំណើតមកពីភាសាបាលីនិងសំស្រឹ្កត បើលោកអ្នកយល់ឃើញថា ដើមកំណើតភាសាខ្មែរយកមកពីបាលី-សំស្រ្កឹត ចុះតើជនជាតិឥណ្ឌាដែលនាំអារ្យធម៌ចូលមកប្រទេសខ្មែរ សម័យគោកធ្លកនៅសតវត្សទីប៉ុន្មាន ? ចុះជនជាតិគោកធ្លក មានមុនឥណ្ឌាចូលមកឬខាងក្រោយ ?
បញ្ហានេះអាចបញ្ជាក់ឲ្យយល់ច្បាស់ថា ឥណ្ឌានាំអារ្យធម៌ចូលមកប្រទេសកម្ពុជាសម័យសតវត្សទី២ ក្រោយសម័យកៅណ្ឌិន្យ តាំងអាណាខេត្តនៅនគរភ្នំ ។ ជនគោកធ្លក គេមានភាសានិយាយរួចទៅហើយ តែនៅមិន​ទាន់មានអក្សរសរសេរនៅឡើយទេ ។ ចុះគេនិយាយភាសាអ្វី ? ពិតជាភាសាខ្មែរ ។ បើសិនជាជនគោកធ្លក មានក្រោយជនជាតិឥណ្ឌានាំអារ្យធម៌មកនោះ ខ្ញុំហ៊ានទាយថា បែបគ្មានជាតិកម្ពុជាទេឬប្រហែលជាសព្វថ្ងៃនេះ ខ្មែរយើងនិយាយភាសាដូចឥណ្ឌា ។ តែថាសម័យឥណ្ឌានាំអារ្យធម៌មកប្រទេសខ្មែរជនជាតិខ្មែរក៏ទទួលយកអារ្យធម៌នេះ មកឆ្នៃជាអារ្យធម៌ខ្មែរឡើង ហើយទើបភាសាបាលី–សំស្រ្កឹត ផ្សាយឥទ្ធិពលលាយឡំចូលជាមួយភាសាខ្មែរឡើង ។
ដល់ប្រទេសកម្ពុជាមានភាសាហើយ តែមិនទាន់មានអក្សរជារូបរាងទុកឲ្យងាយស្រួលកត់ត្រាចំណាំទេ ។ ចុះសម័យនោះខ្មែរយើងយកអ្វីជាអក្សរសាស្រ្តសម្រាប់កត់ចំណាំ ? នេះតាមអ្នកនិរុត្តិសាស្រ្ត (étymologists) ថា គេច្រើនតែយកវត្ថុឬការក្រិត ឆ្លាក់ចំណាំចំពោះរឿងហេតុអ្វីៗ ។ យើងពិនិត្យមើលខាងព្រះពុទ្ធសាសនា ដែលយើងមិនទាន់មានម៉ោងប្រើ តើគេអាចចំណាំម៉ោងដូចម្ដេច ? ត្រង់នេះគេយកស្រមោលជាឆាយាលក្ខណ៍ ដូច្នេះហើយបានជាព្រះសង្ឃមាន «ក្រាត» ជាគ្រឿងសំអាង ដែលសព្វថ្ងៃគេហៅថា «ឆាយា» ។
មួយទៀត យើងឮគេនិយាយឬទេ ? ដូចគេសួរគ្នាគេថា ៖
មីងយូរ ៖ យី ! យ៉ាន់ ! យ៉ាន់ ! កូនពូសុខពៅគេបង្អស់កើតខែណាទេ យ៉ាន់ឯងចាំឬទេ ?
មីងយ៉ាន់ ៖ ឃ្យូ ! ឯងគិតមើល៍ គ្នាដូចជាភ្លេចដែរ តែមើលឆ្នាំទៅ គេធ្វើបុណ្យសីមាវត្តចំបក់ ឆ្នាំជូត វាមិនហ៊ានទៅមើលពិធីបុណ្យនោះទេ វាខ្លាចក្រែងឆុង ។
មីងយូរ ៖ មែនហើយវាកើតឆ្នាំជូតមែន ខែដែលយើងទៅបេះត្រកួន កំណត់ពេលវេលា (ខែឆ្នាំ) ។
មួយទៀត តាមពាក្យបរម្បរាថា (សូមកុំយកជាការប្រមាណ គ្រាន់តែជាគ្រឿងពិចារណា) គេថាព្នង យកការក្រិតឈើឬឫស្សីជាគ្រឿងចំណាំជំនួសអក្សរ ដូចជាគេសំបុត្រទៅទារលុយគេ គេត្រូវផ្ញើ «ឫស្សីមួយកំណាត់» បានន័យថា «ទាលុយ» រួចអ្នកជំពាក់បំណុលមិនទាន់មានលុយសង គេត្រូវដុតចុងឫស្សីម្ខាងផ្ញើទៅម្ចាស់លុយវិញ ដោយសំដៅយកន័យថា «គ្មានលុយទេ» បើម្ចាស់លុយបង្ខំទារឲ្យខាងតែបាន ត្រូវដុតចុងម្ខាងទៀត ហើយផ្ញើទៅកូនបំណុលដែលបានន័យថា «ត្រូវតែសង» ។ ការស្មានរបស់ខ្ញុំ ដូចជាត្រូវដែរ តែការលើកយកឧទាហរណ៍មកជូននេះ សូមលោកទុកថាជាល្បោយផ្សំក្នុងការស្រាវជ្រាវអក្សរសាស្រ្តខ្មែរទៅចុះ ចាំថ្ងៃណាយើងដឹងពិតថា ពួកព្នងគួយ គេប្រើរបៀបនេះជាអក្សរសាស្រ្ត ដូចខ្ញុំបានអធិប្បាយមកខាងលើនេះ សូមយកជាការទៅចុះ ព្រោះសម័យឥឡូវ យើងមិនទាន់មានអ្នកបច្ចេកទេសខាងការស្រាវជ្រាវអក្សរសាស្រ្តរបស់ជនជាតិព្នងគួយ តាមរបៀបរូបអក្សរសាស្រ្ត (Pictography) ដូចជាតិអេហ្ស៊ីបជាដើម ។
ខ្ញុំសូមលើកយកអក្សរបែបអេហ្ស៊ីប​មកធ្វើជាឧទាហរណ៍រូបនេះ ( រូបភាព) អេហ្ស៊ីប​ថា «ខា» (kha) ប្រែថាផ្កាឈូក ហើយគេធ្វើដូចរូបផ្កាឈូកឬមានន័យថាលេខ ១,០០០ ។ ពាក្យថា ដ្យេបា (dje ba) មានន័យថា ម្រាមដៃ ឬលេខ ១០,០០០ រួចគេធ្វើម្រាមដៃ ( រូបភាព ) ពេលដែលគេត្រូវសរសេរផ្សំជាពាក្យជាសេចក្ដីអ្វីមួយ ដូចជាឧទាហរណ៍នេះ (រូបភាព ) បានន័យតាមទស្សនៈ​និយមថា «គោម្រាមដៃ ៣ ផ្កាឈូក ២ » តែដូចខ្ញុំបានពោលរួចមកហើយថា ម្រាមដៃ ១០,០០០ ផ្កាឈូក ១,០០០ ដូច្នេះត្រូវអានថា « គោ ៣២,០០០ ក្បាល»
ឯរូបអក្សរសាស្រ្តរបស់ជនជាតិអាមេរិកាំងស្បែកក្រហម នៅរដ្ឋមិស៊ូរខាងលើ ( Tribes of the Upper Missouri) សរសេរដូច្នេះថា ៖
រូបភាព
Reading: We are in camp of thirteen lodges(1) ; encamped on a creek above the forks (2) ; started hunting with eight horsemen (3) ; (each symbol ə represents one horseman); on the way slept out two (4); traveled in the direction indicated by … ə (5) ; found buffalo (6) ; behind the second creek from the camp; Killed some and made travois or sledges (7); and slept but one night (8) on our return home.
អានថា ៖ លេខ ១ យើងនៅក្នុងជំរំដែលមានបង្ហាញ ១៣ ។ លេខ ២ យើងបោះជំរំនៅក្បែរប្រឡាយទឹកមួយ ។ រូបលេខ ៣ ចាប់ផ្ដើមបរបាញ់ជាមួយអ្នកជិះសេះ ៨ នាក់ (សញ្ញា  ə នេះមួយៗ ជំនួសអ្នកជិះសេះម្នាក់ ) ។ រូបលេខ ៤ ទៅតាមផ្លូវ ដេកផ្លូវ ២ យប់ ។ រូបទី ៥ ធ្វើដំណើរឆ្ពោះទៅកាន់ទិសដោយប្រើសញ្ញា . . . .  ə ។ លេខ ៦ ប្រទះសត្វក្របីនៅខាងក្រោយ ប្រឡាយទឹកទី ២ ពីជំរំទៅ ។ លេខ ៧ សម្លាប់ក្របីខ្លះ ហើយខ្លះទៀតយកធ្វើគាវ ។ លេខ ៨ ហើយដេកផ្លូវមួយយប់ដល់ពេលដែលយើងត្រឡប់មកផ្ទះវិញ ។
សូមពិនិត្យមើលសញ្ញានេះមួយទៀត ។
ស្នាមគំនូសនេះ ចិនយកប្រើថា «ភ្លើង» បើចិនចង់សរសេរថាភ្លើងរូបភាពត្រូវសរសេរដូច្នេះ ។ ពាក្យនេះ ចិនថាភ្លើង សមណាស់ ដោយយើងមើលឃើញអណ្ដាតភ្លើងទ្រោលឡើងលើ ។
ឥឡូវយើងបែរមកអក្សរសាស្រ្តខ្មែរវិញ ។ តាមប្រភពខ្លះថាអក្សរខ្មែរយកបែបមកពីឥណ្ឌា ខ្លះថាយកអក្សរបែបឥណ្ឌាមកឆ្នៃកាឡៃ ហេតុទាំងពីរនេះមិនខុសគ្នាប៉ុន្មានទេ តែអក្សរបែបឥណ្ឌាមានច្រើនយ៉ាង ។ នៅប្រទេសឥណ្ឌាប៉ែកខាងជើង គេប្រើអក្សរមួយបែបរាងជ្រុងៗ ដែលជាកេរតំណនៃអក្សរទេវនាគរី ឯអក្សរដែលថាខ្មែរយកលំនាំតាមនោះមានរូបទ្រង់ទ្រាយមូល ជាអក្សរដែលគេប្រើនៅឥណ្ឌាប៉ែកខាងត្បូង (ទក្ខិណបថ) Deckan ឬជាអក្សរ «ព្រាហ្មី» នៅក្នុងសតវត្សទី៦ ។
គេនឹកឆ្ងល់ថា ភាសាសំស្រឹ្កតជាភាសាសម្រាប់ជនជាតិឥណ្ឌា ដែលជាអម្បូរ ឥណ្ឌូ-អឺរ៉ុប (Indo Europrean) ដែលជាមូលហេតុ ។ ចុះភាសាខ្មែរម៉េចមិនចូលទៅក្នុងអម្បូរ ឥណ្ឌូ-អឺរូប ផង ? លោក អៀវ  កើស សរសេរថា «ភាសាខ្មែរមានពាក្យសំស្រ្កឹតនិងបាលីលាយបញ្ចូលផងជាច្រើនក្រៃលែង ប៉ុន្តែភាសាយើងមិនមែននៅក្នុងអម្បូរ ឥណ្ឌូ-អឺរ៉ុប ទេ ព្រោះរបស់ដែលយើងមានដូចខ្លះនឹងភាសាក្នុងត្រកូលនេះ គ្រាន់តែជានីឃណ្តសាស្រ្ត (Sémantique) គឺខាងសេចក្ដីរបស់ពាក្យ (Vocabulaire) តែខុសគ្នាខាងសូរសាស្រ្ត (Phonétique) គឺខាងការបញ្ចូលសំឡេង វិធីអានហើយខុសគ្នាខាងរូបសាស្រ្ត (morphologie) គឺវិធីប្រើពាក្យ សម្រេចរូបពាក្យ គឺខាងវេយ្យាករណ៍ (Grammaire) ។
ភាសាខ្មែរយើងនៅក្នុងអម្បូរភាសាមួយហៅថា អម្បូរមន-ខ្មែរ (Le Cambodgien appartient à la famille des parlers indochinois appelés Mon-Khmer) (France Asie numéro spécial 114-115-P 428.)
យើងអាចសន្និដ្ឋានបានថា ភាសាខ្មែរពិតជាភាសាខ្មែរ មិនទទួលពីគេ តែថាអក្សរខ្មែរមានលំនាំតាមឥណ្ឌា ។
ដើម្បីឲ្យយល់ច្បាស់នូវភាសាសាស្រ្តខ្មែរ យើងត្រូវតែសិក្សាអក្សរសាស្រ្តឲ្យជ្រៅជ្រះដែរ ។ ចុះការសិក្សាភាសានេះមានប្រយោជន៍ដូចម្ដេច ? ពាក្យថាភាសា ខ្ញុំបានពន្យល់ពីមុនរួចមកហើយ តែពេលនេះខ្ញុំនិយាយពីភាសាទៀតដោយយល់ឃើញថា ភាសានិងអក្សរទាក់ទងគ្នា ។ ខ្ញុំសូមលើកយកពាក្យថា «សេះ» ខ្មែរយើងមានសំឡេងថា «សេះ » បារាំងថា (Cheval) ឯអង់គ្លេសថា «Horse» ភាសាទាំងបីនេះមានលំនាំសំឡេងផ្សេងៗគ្នា មានលំនាំអក្សរផ្សេងៗ គ្នាតែសំដៅយកសត្វតែមួយ ដែលខ្មែរឲ្យឈ្មោះថា «សេះ» តែសំឡេងនិងលំនាំពាក្យរបស់មនុស្សទាំង៣ក្រុមនេះផ្សេងៗគ្នា ។ ការសិក្សានូវភាសាត្រូវកំណត់ដូច្នេះ ៖
១– ភាសាសាស្រ្ត (Philologie) គេរៀនភាសាសាស្រ្ត ដើម្បីឲ្យយល់ច្បាស់នូវវប្បធម៌របស់ជាតិ គឺអក្សរសាស្រ្ត ភាសា ឬក៏សាសនា ។ ដូចគេរៀនភាសាបារាំង អង់គ្លេស គេមុខតែចេះយល់នូវអារ្យធម៌របស់សាសន៍នោះ ។ បើយើងរៀនភាសាយល់ច្បាស់នូវឫសគល់ភាសាហើយយើងមុខជាបានជំនាញខាងភាសា (Linguistic) ។ ការជំនាញខាងភាសានេះ គេសន្មតថាជាអ្នកជំនាញខាងវិទ្យាសាស្រ្តនិងភាសាសាស្រ្ត ។
២–  វចីភាសាសាស្រ្ត (Linguistic) ការសិក្សាឲ្យស្ទាត់ជំនាញខាងសម្ដីនិយាយរបស់មនុស្សហើយនិងសោភ័ណភាសា​ ។ ការសិក្សាខាងវចីភាសាសាស្រ្តនេះ គឺសំដៅយកការសិក្សារដើមកំណើតភាសា ធម្មជាតិភាសា វេយ្យាករណ៍ភាសា របៀបនឹងការប្រែប្រួលនៃភាសាការសំខាន់បំផុតក្នុងវចីភាសាសាស្រ្ត គឺត្រូវសិក្សាឲ្យយល់ច្បាស់នូវសព្ទវិទ្យា សព្ទសាស្រ្ត សណ្ឋានវិទ្យា មូលវិទ្យា និងវេយ្យាករណ៍ ។
ក–  សព្ទវិទ្យា ឬ សូរសាស្រ្ត (Phonétique) សូមកុំច្រឡំនឹងពាក្យថា សព្ទសាស្រ្ត ។ សព្ទវិទ្យា ការសិក្សានូវការបញ្ចេញសំឡេងភាសានិងវិញ្ញាណណាខ្លះ ដែលទាក់ទងក្នុងការបង្កើតឲ្យចេញសំឡេងព្យញ្ជនៈ ឲ្យស្រួលយល់ច្បាស់ដល់សោតប្បសាទ​អ្នកស្ដាប់ ។ ឧបមាថា ព្យញ្ជនៈកើតក្នុងឋានៈ ឋានៈនោះ ដូចជាកណ្ឋជៈ តាលុជៈ ជាដើម ។
ខ–  សព្ទសាស្រ្ត (Phonologie) ការសិក្សាខាងសំឡេងរបស់ភាសាដែរ តែថាមានការសិក្សាពិសេសដូចជាសាវតារភាសានិងទ្រឹស្ដីភាសា ដែលសំឡេងភាសាត្រូវប្រែ ឬសម័យណាគេប្រែពាក្យ ។ ការសិក្សានូវសំឡេងភាសានេះ បានន័យខាងអក្ខរាវិរុទ្ធដូចគ្នា តែដល់អានផ្សេងគ្នាទៅវិញ ឧបមាដូចជាប្រយោគខ្លីនេះ ។
«ទិញកន្ទេលប្រគេនលោកនេន»
អ្នកទន្លេធំ (នៅខ្សាច់កណ្ដាល) អានប្រយោគនេះថា
«ទិញកន្ទើលប្រគើនលោកនើន»
អ្នកទន្លេធំ នៅឃុំព្រែកប្រសប់ ស្រុកឆ្លូង ខេត្តក្រចេះ អានប្រយោគនេះ
«ស៊ីនំបញ្ចុករួច ចុកថ្នាំមួយឆ្នុក ទៅអង្គុយក្បែរព្រែក» ថា ។
«ស៊ីនំប៉ាជក់រួច ចុកថ្នាំមួយឈ្នក់ ទៅអង្គុយក្បែរព្រាក»
នេះហើយដែលថាសព្ទសាស្រ្ត ប្លែកពីសព្ទវិទ្យា ។ បើអធិប្បាយឲ្យវែងឆ្ងាយទៅទៀតទៅ មុខតែចូលក្នុងវេយ្យាករណ៍ ដូច្នេះខ្ញុំនឹងជម្រាបនៅក្នុងវេយ្យាករណ៍ ។
ការសិក្សានូវសំឡេងអក្ខរវិធីដែលមានដូចគ្នា គេអាចនិយាថាអក្ខរវិបល្លាស គឺការប្រែប្រួលនៃអក្សរ ។
ការប្រែប្រួលមានដូចតទៅនេះ ៖
ស្រះដើម
ប្រែជា
ឧទាហរណ៍
អានថា
                        សង្គមភាសា
ិិ
េី
សិរបិតា
សិរ
ខ្នុរ
សេរបីដា
សេរ
ខ្នោរ
តាមសម្ដីអ្នកសៀមរាបខ្លះអានចេញ
សំឡេង ុ រ ដដែល
តាមសម្ដី
សៀម
ព្យញ្ជនៈត
ប្រែថាដ
ឧទាហរណ៍បិតា
មេរុ៍
អានថាបីដា
មេន
តែចំពោះពាក្យឯទៀតៗនិងបញ្ហាអក្ខរាវិរុទ្ធឯទៀតៗ ស្រេចតែសម្រួលទៅតាមវេយ្យាករណ៍ ដូចជាឃោសៈ អឃោសៈជាដើម ។ បើគួរពិនិត្យខ្លះដូចពាក្យថា «អញ» ហាក់ដូចជាសរសេរថា «អាញ់» មួយទៀតដូចពាក្យថា «ឲ្យ» តាមក្បួនវេយ្យាករណ៍ មិនឲ្យតម្រួតតាមវិធីដូច្នេះទេ តែគ្រប់ភាសា នៅក្នុងវេយ្យាករណ៍ គេមានពាក្យមួយថា «អញ្ញត្រសព្ទ» (Exception) ។
គ– សណ្ឋានវិទ្យា ឬ រូបសាស្រ្ត (Morphologie) ការសិក្សានូវទ្រង់ទ្រាយភាសា គឺការរៀនឲ្យចេះភាសា តាមក្បួនវេយ្យាករណ៍ដែលនឹងសរសេរឲ្យបានត្រឹមត្រូវ ដូច្នេះនឹងមានពន្យល់នៅក្នុងវេយ្យាករណ៍ ។
ឃ– មូលវិទ្យា (Sémantique) តាមគណៈកម្មការវប្បធម៌និងនៅក្នុងសៀវភៅ «ភាសាខ្មែរ» របស់លោក អៀវ–កើស ប្រែ (Sémantique) ថានិឃណ្តសាស្រ្ត ។
ការសិក្សានូវពាក្យដែលប្រែប្រួលទៅតាមទ្រឹស្ដីនិងសាវតារអក្សរសាស្រ្ត ដូចជាមានពាក្យមួយថា «លោះ» ។ លោះជាឈើស៊ីផ្លែតែដល់សម័យសព្វថ្ងៃនេះ គេប្រែថា «ដើមបំពេញរាជ្យ » ទៅវិញ នេះតាមទ្រឹស្ដីអក្សរសាស្រ្ត ឯតាមសាវតារអក្សរសាស្រ្តថា «ព្រះបាទសម្ដេចឧទ័យរាជា ទ្រង់សព្វព្រះរាជហឫទ័យនឹងផ្លែឈើនេះ ព្រះអង្គក៏ប្រោសព្រះរាជទានឲ្យហៅថា «ដើមបំពេញរាជ្យ» ។ ទ្រឹស្ដីអក្សរសាស្រ្តមួយទៀត ដូចជាពាក្យថា «បង្គន់» ពីដើមគេថា «បាំងគន់» គឺបិទបាំងកុំឲ្យគេគយគន់ » ។
ង– វេយ្យាករណ៍ ខត្រង់នេះខ្ញុំស្ទើរតែមិនបាច់ពន្យល់ទេ ព្រោះសៀវភៅជាច្រើនបានសរសេរ​អំពីវេយ្យាករណ៍ខ្មែរ តែខ្ញុំបានជម្រាបនៅក្នុងសណ្ឋានវិទ្យាថា ខ្ញុំនឹងអធិប្បាយទៅក្នុងវេយ្យាករណ៍ ។ វេយ្យាករណ៍ខ្មែរដែលមើលទៅឃើញឆ្គងជាទីបំផុតនៅត្រង់ «សេចក្ដី» និង «ការ» ដូចពាក្យថា ៖
ដើរ – ស៊ី
ដល់ការកនាម ឬក្រិតនាម យើងប្រើថា «ការដើរ ការស៊ី» តែបើយើងថា «សេចក្ដីដើរ សេចក្ដីស៊ី» ដូចជាឆ្គងណាស់ ។
របៀបប្រើ ការ សេចក្ដី នៅមុខនាមក្រិត ឬការកនាមកុំឲ្យឆ្គងនោះ ត្រូវយល់ថា បើអំពើ ឬ នាមជារូបី (nom concret) ត្រូវប្រើ «សេចក្ដី» នៅមុខ បើនៅមុខនាមក្រិត ឬ ការកនាមជាអរូបី (nom abstrait) ត្រូវប្រើ «ការ» ។
ការសិក្សានូវវេយ្យាករណ៍នេះ គេត្រូវរៀនឲ្យចេះទៅតាមជំនាន់វេយ្យាករណ៍ ដែលប្រែប្រួលទៅតាមជំនាន់សាវតារ (Grammaire historique) ។
វេយ្យាករណ៍ខ្មែរ ដែលឃើញមានប្លែកគ្នាបន្តិចបន្តួចដូចជានៅតាមសង្គមជនបទ ភាសាខ្លះដែលនិយាយផ្ទុយគ្នា ដូចជាអ្នកនៅបាត់ដំបងពោធិ៍សាត់ជាដើម ៖
ឧ. «ចេកទុំ» ថា «ទុំចេក»
បើពិនិត្យទៅ ដូចជាភាសាអង់គ្លេស ឬ ដូចបាលីដែរ ។
ចំពូកទី៣  ប្រវត្តិអក្សរ
១– ព្យញ្ជនៈ
សម័យមុនព្រះថោង (កៅណ្ឌិន្យ ) មកកាន់ប្រទេសយើង នៅក្នុងសតវត្សទី១ ក្រោយព្រះពុទ្ធកាលប្រមាណ ៦០០ ឆ្នាំប្រជាជាតិគោកធ្លកនៅមិនទាន់មានអក្សរប្រើនៅឡើយទេ តែដល់សម័យឥណ្ឌានាំអារ្យធម៌មកកាន់ប្រទេសយើង ខ្មែរយើងក៏បានចម្លងយកបែបទម្រង់អក្សររបស់ឥណ្ឌាមកឆ្នៃជាអក្សរខ្មែរឡើង ។ តែបែបអក្សរឥណ្ឌាមានច្រើនបែប ដូចនៅប៉ែកប្រទេសឥណ្ឌាខាងជើង ឥណ្ឌាប្រើអក្សរមួយបែបរាងជ្រុងៗ ដែលជាអក្សរមានរូបរាងដែលគេថាអក្សរក្លាយមកពី ទេវនាគរី ឯអក្សរដែលឥណ្ឌានាំមកឲ្យខ្មែរសម័យនោះ មានរាងមូលៗ ដែលគេប្រើនៅក្នុងប្រទេសឥណ្ឌា ប៉ែកខាងត្បូងសម័យនោះ ។ តែអក្សរបែបឥណ្ឌាក៏ក្លាយបន្តិចម្ដងៗ រហូតមកដល់អក្សរខ្មែរយើងសព្វថ្ងៃនេះ ។
សម័យមុន យើងប្រើព្យញ្ជនៈមានដល់ទៅ ៣៥ តួ ឃើញថាលើសសព្វថ្ងៃ ២ តួគឺ ឞឝ តែព្យញ្ជនៈ ២ តួនេះ គេយក ស នេះប្រើជំនួសវិញនៅពេលចុងសតវត្សទី ១៧ (គ.ស. ១៧៤៧) ។
ក- មានវណ្ណយុត្តិ (័) ផ្លាស់ជា ង (សិលាចារឹកលេខ ៩.១២១៥ សៀវភៅសិលាចារឹកនគរវត្តទំព័រ ២៧៣១៣៧ ) សិ័ជាសិក្ខិវិញ្ញាណ=សឹងជាសខិវិញ្ញាណ
N° 17 (B) . . . ជុំនំមច្ចោវពោវនាំមាន = ជំនុំចៅពៅនាងមាន ។
N° 21 (B) . . . តុបតយោកប្រាកត័ាកវាយ . . . = ត្បិតយកប្រាក់ដង្វាយ . . . ។
ខ- វិសជ៌នីយ ផ្លាស់ទៅជាព្យញ្ជនៈ យ សិលាចារឹកលេខ ១៧  N° 22 (B) សៀវភៅសិលាចារឹកនគរវត្ត ទំព័រ ៤៥ សរសេរជា
កាលមុះហ្និ បិវង្វេង = កាលមួយនី បីវង្វេង
២- ស្រៈ
ស្រៈខ្មែរយើងដែលប្រើនៅក្នុងសិលាចារឹកអង់ជម្នីក (ឃុំកោះ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅក្នុងសតវត្សទី៧ នៅមានខ្វះស្រៈច្រើនដែលយើងប្រើសព្វថ្ងៃ ។ ពេលនោះស្រៈមានតែ ១៤ តួ ដូចជាស្រៈសំស្រ្កឹតគឺ ៖
អ អា ឥ ឦ ឧ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ហើយនិងនិគ្គហិតនិងវិសជ៌នីយ ។
រហូតមកដល់សម័យដែលខ្មែរបានឡើងជាចក្រពត្តិហើយ ក៏យើងនៅតែប្រើស្រៈ ទាំង ១៤ តួនេះ ។ ស្រៈប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់ទេព្រោះភាសាខ្មែរយើងច្រើនជាឯកព្យាង្គនិងទ្វេព្យាង្គ ។
ស្រៈខ្មែរដែលមិនឃើញមានប្រើនៅក្នុងសម័យសិលាចារឹកអង់ជម្នីកជាដើមគឺ ៖ អឹ អឺ អួ អើ អឿ អៀ អែ ។
សូមកុំច្រឡំថាសម័យនោះ យើងមិនមានពាក្យដែលមានសំឡេងផ្សំជាមួយស្រៈនេះ ។ ចុះហេតុដូចម្ដេចបានជាមិនមានស្រៈទាំងនោះព្រោះថាបុព្វបុរសយើងមិនទាន់រកបែបស្រៈទាំងនោះឃើញ ម្ល៉ោះហើយគាត់ប្រើបែបស្រៈទាំងនោះដូចតទៅនេះ ។
ក- ស្រៈ អឹ = ស្រៈនេះកើតក្រោយគេបង្អស់ តែគេមិនដឹងជាកើតនៅក្នុងរជ្ជកាលណាទេ ។ នៅសម័យអង្គរ ស្រៈ អឹ មានឃើញប្រើហើយ តែច្រើនតែប្រើនៅជាមួយពាក្យដែលមកពីសំស្រ្កឹត ដូចពាក្យថា ថ្នឹ = ធ្និមអំពរ នៅក្នុងសិលាចារឹកប្រាសាទកំផឹស គ. ស. ៩៧២ ។
ខ– ស្រៈ អឺ អួ អើ អឿ អៀ ស្រៈទាំងនេះមានខាងដើមសតវត្សទី១៧ (១៧០១) តែស្រៈទាំងនេះ ចួនកាលគេប្រើតាមរបៀបដើម ។
១– ស្រៈ អួ គេផ្សំដោយប្រើជើងអក្សរ វ ហើយមានបន្ទាត់ខ្លីមួយពីលើ ដូចពាក្យថា
ម្វយ = មួយ តែក្រោយមកគេសរសេរថា ម្វាយ = មួយ វិញ តែដល់មកសតវត្សទី១១ គេប្រែទៅជាសរសេរ ម្វយ ដូចដើមវិញ ។ តែមកដល់សតវត្សទី១៨ ដែលខ្មែរមានស្រៈ អួ ហើយក៏នៅតែសរសេរដូច្នេះខ្លះ ម្យូ = មួយ ។
២– ស្រៈ អឺ ពីដើមឃើញមានសរសេរជាស្រៈ អិ តែអានថា អឺ ដូចពាក្យនៅក្នុងសៀវភៅសិលាចារឹកនគរវត្ត (សិលាចារឹកលេខ ១) ទំព័រ ១
ជាព្រះពុទ្ធគិបិសំតេចព្រះមហាថេរ = ជាព្រះពុទ្ធគឺបីសម្ដេចព្រះមហាថេរ
៣– ស្រៈ អើ នៅដើមសត្សទី១៧ កាលយើងមិនទាន់មានស្រះ អើ យើងកត់សំឡេងតាមសៀមខ្លះ ។
នៅក្នុងសិលាចារឹកលេខ១០ គ.ស. ១៦២៨ (នៅក្នុងសៀវភៅសិលាចារឹកនគរវត្តទំព័រ ៣០ ) មានស្រះអើ ដូច្នោះគឺ
កំម្បីតេចលេយ ខ្ញុំប្អេហជាគ្រាហាស = កុំបីតិចឡើយខ្ញុំបើជាគ្រហស្ថ
នៅក្នុងសិលាចារឹកនគរវត្តទំព័រ ៣៨ ឱយរន្ទះបញឈេហ អព្វទិស្សត្តិ កុំម្បីឲ្យត្រូហ ឈេហផោងទាំងហ្លាយនោះលេយ = ឲ្យរន្ទះបាញ់ឈើ អាប់ទិសក្ដី កុំបីឲ្យត្រូវឈើផងទាំងឡាយនោះឡើយ
៤– ស្រៈ អឿ នៅក្នុងសិលាចារឹកលេខ៨ គ. ស. ១៦២៨ គេឃើញមានប្រើពាក្យ មឿង នៅក្នុងសៀវភៅសិលាចារឹកទំព័រ ២២ សរសេរថា
អ្នកស្ដេំ (១៩) ចយសឯង អំព្ភិឆ្នាំមខាល ច្ចោម្អើង ជាប្រាំពិល = អ្នកស្ដេចយសឯង អំពីឆ្នាំខាល ចៅមឿងជាប្រាំពីរ
៥– ស្រៈ អៀ នៅក្នុងសៀវភៅសិលាចារឹកលេខ២ ក្នុងសៀវភៅសិលាចារឹកនគរវត្តទំព័រ ២ សរសេរជា តំលាចិត្រប្រឭទ្ធិសាងសព៌្វកុសលរ្យេងមោក = តម្លាចិត្តប្រព្រឹត្តកសាងសព្វកុសលរៀងមក នៅក្នុងសៀវភៅដដែល ទំព័រ ៤ សរសេរជា . . . . មានព្រះកេសកោរខ្សនត្យិងប្រាកតឰតកន្តាលជំនុំ នៃចតុពិធបរសត្វ = មានព្រះកេសកោរក្សណដៀងប្រាកដកណ្ដាលជំនុំ នៃចតុពិធបរិស័ទ ពាក្យថា = ដៀងប្រាកដ គឺ ដឹងប្រាកដ ឬ ទៀងប្រាកដ
ឃើញថាសរសេរមិនដូចគ្នា មួយសរសេរជា ៀង មួយទៀតជា ្យិង ចួនកាលសរសេរថា ើង តែមានសំឡេងជា ៀង ។
សិលាចារឹកលេខ ១៧ សៀវភៅសិលាចារឹកនគរវត្តទំព័រ ៤៣ សរសេរជា ព្រះពុទ្ធរ្របរើងមោក = ព្រះពុទ្ធរូបរៀងមក
គ- ចំណែកស្រៈ អ វិញ ឃើញថាសម័យដើមគេសរសេរឲ្យឃើញមានរូបស្រៈ អ ដូចនៅក្នុងសិលាចារឹកនគរវត្តទំព័រ ៨៧ សរសេរជា . . . នែះសំម្ដេចជោត្តិទេវាមហាសឃិរាជបុពិត្រមាន = នេះសម្ដេចជោតិទេវាមហាសង្ឃរាជបពិត្រមាន
នៅក្នុងសាស្រ្ដាស្លឹករឹត ឃើញសរសេរស្រៈ អ ដូច្នេះ ុ ុ នៅខាងក្រោមតួព្យញ្ជនៈ ដើម្បីកុំឲ្យច្រឡំថាតួនេះ ជាតួប្រកប ដូច្នោះហើយបានជាមានអ្នកខ្លះអានថា បូពិត្រ ។ នៅក្នុងសៀវភៅដដែលនេះ មានកន្លែងខ្លះៗ សរសេរដូច្នេះគឺ ៖
១- សិលាចារឹកលេខ ៣៧ សរសេរជា . . . ប្រាថ្នាព្រម្មនឹងគ្នាលាប្រពន្ធ​ចេិញបួសយោកផលអន្នីសង . . . = ប្រាថ្នាព្រមនឹងគ្នាលាប្រពន្ធចេញបួសយកផលអានិសង្ស
២- សិលាចារឹកលេខដដែលសរសេរដូច្នេះ . . . ផ្ចងយោកសំម្ពុតមានតំម្លៃ្យប្រពៃ្យកាតជាពី្យតាន ២ ហើ្យចា្យប្រាកឲ្យជាទានឥស្សកំម្រតែងសង្សផោង = ផ្ចង់យកសំពត់មានតម្លៃប្រពៃ កាត់ជា ពិតាន ២ ហើយចាយប្រាក់ឲ្យជាទានអស់គម្ដែងសង្ឃផង ។
ឃ– ចំណែកនិគ្គហិតវិញច្រើនប្រើជំនួស ម មានប្រើច្រើនជាងសព្វថ្ងៃ ។ សូមអានតាមតារាងខាងក្រោមនេះ
សម័យបូរាណ
សម័យបច្ចុប្បន្ន
ស្រៈ
ឧទាហរណ៍
ស្រៈ
ឧទាហរណ៍
អំឹ
ំូ
េំ
េាំ
អំចស្សថ្នឹ
សំូ
តេំ
ករោំ
អមិម
ូម
ើម
ោម
អម្ចាស់ធ្និម
សូម
ដើម
ក្រោម
ចំពូកទី ៤    មរតកភាសា
ដែលហៅថាមរតកភាសា គឺភាសាដែលមិនមានកំណើតកើតមកតែឯកឯង គឺមានពាក្យជាច្រើនដែលរួមផ្សំគ្នា បើគេហៅថា សមាសភាសា ក៏បានដែរ ។
១- សមាសភាសា គឺគេយកពាក្យមកផ្សំគ្នា ដើម្បីឲ្យបានកើតជាពាក្យមួយមានន័យដោយឡែក ។
ក) – ពាក្យខ្មែរសុទ្ធ តែមានពាក្យច្រើន ហើយផ្សំគ្នាមកបានជាពាក្យមានន័យផ្សេង ដូច សត្វដាល់អំបុក
សត្វដាល់អំបុក < សត្វ + ដាល់ + អំបុក ។ ពាក្យនេះមានន័យ ៣ យ៉ាង តែដល់គេរួមគ្នាមកបានជាសត្វមួយ ។
ខ) – ពាក្យបាលីឬសំស្រ្កឹតវិញក៏ដូចតែពាក្យខ្មែរខាងលើដែរ អង្គការសហប្រជាជាតិ < អង្គ + ការ + សហ + ប្រជា + ជាតិ
២– បរសមាសភាសា គឺពាក្យណាដែលផ្សំពាក្យខ្មែរនឹងពាក្យបរទេស ដូចយ៉ាងពាក្យថា ទូកដ ថ្មដា ជាងទង ជាដើម ។
ពាក្យខ្មែរ                បរទេសភាសា
ទូក                        ដ (ចម្លង)
ថ្ម                          ដា (ថ្ម)
ពាក្យខ្មែរ                បរទេសភាសា
ជាង                      ទង (មាស)
៣- អាទិភាសា គឺពាក្យដែលគេបំព្រួញពាក្យវែងៗ​ឲ្យមកនៅខ្លីវិញ តែមានន័យដដែល ។ ដូចពាក្យថា ឥស្វាសុ ដែលគេច្រើនយកទៅសូត្រធ្វើជាមន្តអាគម
ឥ គឺ ឥតិ បិ សោ     (ពុទ្ធគុណ)
ស្វា គឺ ស្វាក្ខាតោ     (ធម្មគុណ)
សុ គឺ សុបដិបន្នោ    (សង្ឃគុណ)
ពាក្យមួយទៀត ដែលគេតែងពោលនៅមុនពេលស្ដោះព្រួសថា ឱម ។ ពាក្យពីរព្យាង្គនេះ មានន័យទូលាយណាស់ គេយកឈ្មោះព្រះ ៣ អង្គ នៅក្នុងព្រហ្មញ្ញសាសនាមកសង្ខេបនៅតែពីរព្យាង្គ ។ បើចង់ឲ្យត្រឹមត្រូវគេថា អ.ម ឱ. តែគេផ្លាស អ + ឧ > ឱ  + ម > ឱម បានន័យថា ៖
អ គឺ ព្រះ វិស្ណុ
ឧ គឺ ព្រះ សិវ
ម គឺ ព្រះ ព្រហ្ម
ពាក្យថា ព្រះតេជព្រះគុណ គឺជាពាក្យដែលគេនិយាយសំដៅយក ៖
ព្រះតេជ     គឺ ព្រះឥសូរ
ព្រះគុណ   គឺ ព្រះនរាយណ៍
៤- ប្រជានិរុត្តិសាស្រ្តភាសា (Populary Etymology)
ដែលគេហៅថា ប្រជានិរុត្តិសាស្រ្តភាសា គឺជាពាក្យដែលសង្គមមនុស្សនីមួយៗ ហៅសម្រាប់សង្គម ឬបង្កើតពាក្យថ្មីទៀត ដើម្បីឲ្យស្រួលដល់ការត្រូវការប្រើរបស់សង្គមនោះ ។
ដូចជាពាក្យ សម្លឡាប
សម្លបែបនេះ ដូចជាមិនឃើញមាននៅគ្រប់ឃុំ ខេត្តទេ ខ្ញុំឃើញមាននៅតែ ឃុំចំបក់ – ឫស្សីកែវ ស្រុកឆ្លូង ខេត្តក្រចេះ ។ ខ្ញុំតែងសួរគេទៀតដែរ តែមានភាគច្រើន ដែលគេមិនស្គាល់ឈ្មោះសម្លនេះ ។ សម្លនេះពិតជាពាក្យខ្មែរ ។ សម្លនេះមិនខុសគ្នាពីសម្លកកូរប៉ុន្មានទេ ។
មានពាក្យដទៃទៀត ដែលអាចចាត់ចូលថា ជាប្រជានិរុត្តិសាស្រ្តភាសាបាន ដូចពាក្យថា ផ្សិតខ្សាច់ ផ្សិតពងលលក . . . . . ។
បានជាហៅថា ផ្សិតខ្សាច់ ព្រោះផ្សិតនេះ ដុះនៅលើខ្សាច់ ឯផ្សិតពងលលកវិញ ព្រោះមានសណ្ឋានដូចពងលលក ។
មួយទៀត ភាសាស្នេហា ច្រើនតែប្លែកៗពីគ្នាព្រោះមានពាក្យខ្លះគេបង្កើតឡើងសម្រាប់តែគូស្វាមីភរិយាឬសង្សាររបស់គេ ។ ពាក្យដែលគេប្រើញឹកញាប់ ហើយឮសូរតែគ្រប់សង្គមដូចពាក្យថា ព្រលឹង បេះដូង សរកាមទេព កែវភ្នែក ស្មើជីវិត . . . . ។
តែបើយើងពិនិត្យទៅតាមអក្សរសាស្រ្តទៅវិញ មិនថាអក្សរសាស្រ្តខ្មែរឬបរទេសទេ គេច្រើនប្រដូចស្រីនៅក្នុងប្រលោមលោកថា កុលាប ណាគ្រី ចម្ប៉ា ចំប៉ី . . . ឯបុរសវិញគេថា កន្លង់ មេអំបៅ ឃ្មុំ . . . ។
បើយើងបែរមកស្ដាប់ពួកម៉ាកខ្លះនិយាយជាកំប្លែងឬនិយាយបិទមុខវិញ គេថា ៖
  • ម៉េចមេគោទៅណាហើយ ! ឬថា
  • ម៉េចមិនសណ្ដោងរ៉ឺម៉ក មកផង ! ឬក៏ថា
  • ម៉េចមិនយកម្ហូបមកផង !
ពាក្យ មេគោ រ៉ឺម៉ក ម្ហូប សុទ្ធតែជាពាក្យប្រើជាមួយប្រពន្ធ ។
៥- ឥទ្ធិពលភាសា ( Influence of language)
ឥទ្ធិពលភាសានេះមានកម្លាំងណាស់ ដូច្នេះបានជាគេខំផ្សាយភាសាម្ល៉េះ ។ ដូចតួយ៉ាងសហរដ្ឋអាមេរិក ដែលធ្លាប់នៅក្រោមការត្រួតត្រារបស់ចក្រពត្តិអង់គ្លេស សហរដ្ឋអាមេរិក ក៏យកភាសាអង់គ្លេសជាភាសាជាតិ ។ ជនជាតិអាមេរិកាំងទាំងខាងត្បូង (Amérique du Sud ឬ Amérique Latine) ដែលភាសាអេស្ប៉ាញញ៉ុលផ្សាយចូលមក ប្រទេសទាំងឡាយនោះ ក៏និយាយភាសាអេស្ប៉ាញញ៉ុល លើកលែងតែជាតិប្រេស៊ីល (Brazil) ដែលយកភាសាពកទុយក្រេជាភាសាសម្រាប់ជាតិ ព្រោះជាតិពកទុយក្រេត្រួតប្រេស៊ីលមុន ។
ចំពោះភាសាខ្មែរយើងវិញ ដែលមិនមែនជាភាសាបាលីឬសំស្រឹ្កតនោះ យើងក៏យកពាក្យច្រើនដែលក្លាយមកពីបាលីឬសំស្រ្កឹត ។ មិនថាសាសន៍ណាឬជាតិណាទេ គេតែងតែខ្ចីយកពាក្យបរទេសប្រើបានខ្លះ បើសាសន៍នោះជាតិនោះត្រូវការចាំបាច់ទៅហើយ ។
ឥទ្ធិពលភាសា ដែលចូលមកជ្រៀតជ្រែកភាសាខ្មែរច្រើនតែបាលី – សំស្រ្កឹត – ចិន – យួន – សៀម – បារាំង
១- ភាសាខ្មែរខ្ចីពាក្យពីបាលីនិងសំស្រ្កឹតជាច្រើន ដូចជា ព្រឹក្សា មនុស្ស គេហស្ថាន . . . ។
២- ភាសាខ្មែរខ្ចីពីចិន គឺច្រើនតែម្ហូបស៊ី គេច្រើនតែចួបប្រទះនឹងពាក្យចិន ដូចយ៉ាង គុយទាវ សាមចូក . . . ។
៣- ភាសាខ្មែរខ្ចីពីយួន ភាសាយួនផ្សាយឥទ្ធិពលមកស្រុកខ្មែរច្រើនណាស់ដែរ ហើយច្រើនតែខាងម្ហូបដែរ ។ ពាក្យយួនខ្លះ ផ្លូវដឿងហែម – ដឿងបង . . . ។
៤ – ភាសាខ្មែរខ្ចីពីសៀម ភាសាខ្មែរយើងបានជាខ្ចីពីសៀម ភាសាខ្មែរយើងបានជាខ្ចី ឬ មានលំនាំដូចសៀមដោយហេតុ ៣ យ៉ាងគឺ ៖
ក– ព្រោះសៀមខ្ចីពាក្យខ្មែរទៅប្រើច្រើនក្រៃពេក
ខ– ព្រោះសៀមក៏ខ្ចីពាក្យសំស្រ្កឹតនិងបាលី
គ– ព្រោះនៅចុងសតវត្សទី១៦ សៀមវាយលុកបន្ទាយលង្វែក សៀមយកពាក្យសៀមមកសងខ្មែរ ។
ភាសាខ្មែរសៀមដូចគ្នាតែខាងនិឃណ្តសាស្រ្តនិងរូបសាស្រ្ត ហើយប្លែកគ្នាខាងសូរសាស្រ្ត ។
ខ្មែរយើងនៅមានពាក្យសង្គមមនុស្សខ្លះទៀត ដែលច្រើនតែចូលសៀម នៅក្នុងមន្តអាគម ឬនៅក្នុងចម្រៀងខ្លះ ត្រង់នេះខ្ញុំសូមលើកយកឧទាហរណ៍ ចម្រៀងមួយដែលខ្មែរនៅ ឃុំរលួស ខេត្តសៀមរាប គេច្រើនតែច្រៀងនៅក្នុងពេលឡើងអ្នកតា «បាឡាំង» ដើម្បីសុំទឹកភ្លៀង
គេច្រៀងថា ៖ នាងម៉ែវៗអើយ ខប៉ិតខកែ ខម៉ែដាយ រ៉ងហៃខម៉ា សែៗ ឡុងម៉ា លោកតាភ្លៀងមក៍ ។
នេះមកពីឥទ្ធិពលភាសាសៀម ធ្លាប់នៅត្រួតខេត្តសៀមរាបនេះស្រាប់ តែទុកជាខេត្តខ្លះដែលសៀមមិនត្រួត ក៏ខ្មែរយើងនិយមប្រើពាក្យសៀមខ្លះដែរ ដូចពាក្យថា ជាងទង . . .
៦– ភាសាខ្មែរខ្ចីមកពីអឺរ៉ុប
ក– ភាសាខ្មែរយកមកពីបារាំង ដោយខ្មែរយើងខ្វះភាសាខាងបច្ចេកទេសនិងវិទ្យាសាស្រ្ត ដូចជា «គីមី»
ខ- ខ្មែរយើងក៏បានខ្ចីភាសាអង់គ្លេសខ្លះដែរ ដូចពាក្យថា «រ៉ក អាន់រ៉ុល ធ្វិស (Rock n’Roll Twist) ជាដើម ។
ខ្មែរនៅមានខ្ចីបរទេស​ភាសាមកប្រើច្រើនទៀត ។
រៀបរៀងដោយ   លោក ឌឹកគាម
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦២
Flag Counter