(ពាក្យកាព្យ)
លោក ហេង – សំអាន រៀបរៀង
ចាកមហាសីលវជាតក ឯកនិបាត អហឹសវគ្គ
ក្នុងអតីតកាល ព្រះបាទមហាសីលវរាជ ទ្រង់សោយរាជ្យក្នុងពារាណសីនៃដែនកាសី ជាមហាក្សត្រប្រកបដោយសីល ថ្វាយព្រះជន្មនឹងព្រះពុទ្ធសាសនា មានសេនាមាត្យម្នាក់ជាសំណព្វគាប់ព្រះទ័យក្រៃលែង តែសេនាមាត្យនោះចិត្តខ្មៅទ្រុស្តអន្ធពាល ក្បត់ព្រះអង្គៗ ទ្រង់ជ្រាបហៅមកប្រដៅឲ្យឈប់ប្រព្រឹត្តអំពើថោកទាបទាំងនោះ ។
បទពាក្យ ៧
(១) ក្នុងកាលកន្លងដ៏យូរក្ដាត់ មានព្រះមហាក្សត្រទ្រង់ខន្តី ព្រះមហាសីលវៈថ្កើងបារមី គ្រងដែនកាសីដោយសាទរ ។ ប្រជាពលរដ្ឋគ្រប់ទាំងអស់ ទាំងស្ត្រីបុរសក្នុងនគរ សាមគ្គីព្រមព្រៀងគ្នាឈូឆរ ត្រេកអរស្មោះសរនឹងសីលទាន ។ ប្រទេសកាសីថ្កើងថ្លៃថ្លា គ្មានអំណាចណាអាចនឹងហ៊ាន ចូលមកបំផ្លាញវាតរុករាន ឲ្យអន្តរធានបានឡើយណា ។ គ្រានោះមានសេនាបតី ឈ្មោះកាឡ – បក្សីមានប្រាជ្ញា កាន់កាប់ក្រសួងឃោសនាការ ព្រះមហាក្សត្រាគាប់ព្រះទ័យ ។
(៥) ដោយលោកបក្សីចេះអែបអប រណេបរណបយកគាប់ក្រៃ ធ្វើបុណ្យធ្វើទានស្ទើររាល់ថ្ងៃ តម្រូវព្រះទ័យព្រះរាជា ។ បច្ច័យចាត់ចែងបុណ្យទាំងអស់ គឺជារបស់ពួកជននានា ធ្វើការនៅក្រោមបទបញ្ជា អង្គាសចូលគ្នាដោយចិត្តស្មគ្រ ។ លោកកាឡ – បក្សីមិនចូលទេ គ្រាន់តែជាមេទទួលប្រាក់ ខ្នះខ្នែងចាត់ចែងបុណ្យជាក់លាក់ បន្លំលួចប្រាក់បុណ្យនោះទៀត ។ គំនិតមារយាទរបស់លោក អាក្រក់ស្មោកគ្រោកខំប្រឹងឆ្លៀត ទាក់ទងនឹងសាសន៍ផ្ដាសឯទៀត គំនិតចោលម្សៀតក្បត់ជាតិឯង ។ ក្បត់សាសនានិងរាជបល្លង្ក ចង់តាំងជាស្ដេចឥតកោតក្រែង ពឹងពួកបរទេសឲ្យចាត់ចែង ដណ្ដើមកន្លែងស្ដេចផែនដី ។
(១០) ថែមទាំងប្រព្រឹត្តចរិយា ផឹកស្រាហ៊ឺហាដើរលេងស្រី កញ្ញាណាល្អរូបប្រិមប្រិយ ល្អស្រស់ពិសីភ័យក្រៃលែង ។ ព្រោះលោកបក្សីល្បីកោងកាច ចាប់ទាំងអំណាចឥតខ្លាចក្រែង អំពើថោកទាបទាំងនេះឯង ខិតខំប្រឹងប្រែងស្វែងរាល់ថ្ងៃ ។ មានកម្លាំងខ្លាំងដូចជំនួយ ពួកបរទេសជួយអចិន្ត្រៃយ៍ មាស ប្រាក់ អាវុធច្រើនក្រាស់ក្រៃ បញ្ជូនរាល់ថ្ងៃសុទ្ធតែថ្មី ។ មានចារនារីស្រីឆើតឆាយ កបកាយបវរល្អលើសស្រី យកការណ៍បានពិតពីបក្សី ជាក្បត់ផែនដី ក្បត់សាសនា ។ ក្បត់រាជបល្លង្គទីគោរព ជាម្លប់ត្រជាក់ដោយសីលា ហើយនាងធ្វើសេចក្ដីរាយការណ៍ ជូនរាជរដ្ឋាភិបាលភ្លាម ។
(១៥) កុង្សីយ៍ក្រសួងសន្តិសុខជាតិ ខ្មីឃ្មាតអង្កេតមិនវីមវាម ឃើញពិតប្រាកដចាប់ចងភ្លាម មិនឲ្យសង្គ្រាមកើតឡើងទាន់ ។ នាំចូលទៅថ្វាយព្រះចក្រី ជាម្ចាស់ផែនដីយ៉ាងរួសរាន់ ទូលពីអំពើរឹបជិះជាន់ រាស្ត្ររាប់ម៉ឺនពាន់ក្ដៅក្រហាយ ។ ពីអំពើក្បត់ពុទ្ធសាសនា ធ្វើរដ្ឋប្រហារប្រុងកម្ចាយ ព្រះរាជបល្លង្គឲ្យអន្តរាយ ឧបាយកលនេះជាតិដទៃ ។ ជួយឧបត្ថម្ភសម្ភារៈ មាសប្រាក់កាំភ្លើងច្រើនក្រាស់ក្រៃ កាំភ្លើងតូច – ធំ កាំភ្លើងដៃ បញ្ជូនច្រើនក្រៃគ្រប់ទិវា ។ ព្រះចៅកាសីទ្រង់សីលទាន ព្រះអង្គទ្រង់មានព្រហ្មវិហារ អាណិតមនុស្សសត្វគ្រប់ៗគ្នា តូច – ធំម្ដេចម្ដាល្អ – អាក្រក់ ។
(២០) ព្រះចៅទ្រង់ត្រាស់ថា “មែនពិត អំពើទុច្ចរិតដ៏ក្រខ្វក់ ក្បត់ជាតិឯងនេះសែនអាក្រក់ ក្រខ្វក់ប្រៀបដូចជាឆ្កែស្រុក ។ នែលោកបក្សី ! ឃើញទេឆ្កែ មានច្រើនហូរហែដើររើរុក រកស៊ីក្រោមផ្ទះនៃអ្នកស្រុក ឃើញគ្នាសម្រុកខាំក្រញី ។ អំពើថោកទាបដ៏ស្មោកគ្រោក ដែលលោកគ្រោងការណ៍នេះថ្មីៗ ដូចជាឆ្កែស្រុកដណ្ដើមឆី ខាំគ្នាក្រញីដូច្នោះឯង ។ នែលោកបក្សី ! អំពើក្បត់ ប្រជាពលរដ្ឋឃើញជាក់ស្ដែង ភស្ដុតាងមានច្បាស់ស្រឡះទែង ក្នុងទីកន្លែងរបស់លោក ។ ហេតុនេះចូរលោកឈប់ប្រព្រឹត្ត អំពើទុច្ចរិតដ៏ស្មោកគ្រោក តែខំក្អេងក្អាងចាងប្រាជ្ញព្រោក នោះលោករាស្ត្រជូនទៅភពថ្មី” ។
(២៥) ព្រះមហាក្សត្រកាត់ព្រះទ័យ អភ័យទោសពៃរ៍ដល់បក្សី ឲ្យមានសិទ្ធិនិងមានសេរី ដូចជនប្រុសស្រីក្នុងរដ្ឋា ។ បក្សីបានចួបជុំកូនចៅ តែចិត្តមួម៉ៅទោមនស្សា មិនបានសម្រេចដូចប្រាថ្នា គ្រោងការណ៍គេដឹងឮសុសសាយ ។ លោកកាឡ – បក្សីអង្គុយធ្មឹង ត្រិះរិះសញ្ជឹងគិតកម្ចាយ ព្រះរាជបល្លង្កឲ្យខ្ចាត់ខ្ចាយ សាបសូន្យអន្តរាយប៉ុណ្ណោះឯង ។ គិតហើយពោលថា “ដែនកាសី មានគិញស្រីៗចិត្តខែងរ៉ែង ទោះយប់ទោះថ្ងៃខំស្វះស្វែង គ្រប់ទីកន្លែងដើរស៊ើបការណ៍ ។ បើចាត់ការនេះតទៅទៀត មុខជាភ្លាត់ស្នៀតក្ស័យជីវ៉ា នឹងដៃរាស្ត្រនៅក្នុងរដ្ឋា ត្រូវតែអាត្មារត់ចោលស្រុក ។
(៣០) ទៅពឹងព្រះចៅដែនកោសល ឲ្យរៀបរេហ៍ពលចូលលុយលុក បង្កើតចលាចលក្នុងស្រុក ហើយវាយសម្រុកយកសីមា ។ ព្រះបាទមហាសីលវៈ ទ្រង់ហៅសេនាមាត្យក្បត់នោះមកប្រដៅ តែសេនាមាត្យនោះរឹងរឹតតែខឹងនឹងព្រះអង្គ លួចរត់ទៅពឹងព្រះចៅដែនកោសល ញុះញង់ព្រះចៅដែនកោសលឲ្យលើកទ័ពចូលមកលុកលុយមាតុភូមិវិញ ។ ជនអកតញ្ញូអាក្រក់ក្រៃ ស្វែងរកទោសពៃរ៍ជាធម្មតា ទោះបីគេឲ្យភូមិថ្លៃថ្លា នៅក្នុងទ្វីបាគ្រប់ទាំងអស់ ។ យ៉ាងនេះក៏ដោយគង់មិនអាច ធ្វើចិត្តកំណាចអសប្បុរស ឲ្យបានរីករាយសប្បាយស្រស់ ចំពោះរបស់នោះបានឡើយ ។ បក្សីក្បត់ជាតិមាតុភូមិឯង រឹងរឹតចំបែងទុក្ខគ្មានស្បើយ ប្រែគ្រោងការណ៍ថ្មីម្ដងទៀតហើយ មិនឈប់ខានឡើយអំពើក្បត់ ។ ជនអកតញ្ញូទ្រុស្តអន្ធពាល ថ្លើមធំពាសវាលរម្លាយរដ្ឋ ព្រះប្រិយមហាក្សត្រទ្រង់អំណត់ ខន្តីហ្មត់ចត់មានមេត្តា ។
(៣៥) ទូន្មានប្រដៅច្បាប់ក្រមក្រឹត្យ ឲ្យឈប់ប្រព្រឹត្តឥច្ឆាចារ ហើយទ្រង់អភ័យនូវទោសា ឲ្យធ្វើរាជការប្រាក់ខែមាន ។ ព្រះរាជហឫទ័យដ៏ត្រជាក់ រកនរណាម្នាក់ប្រដូចគ្មាន បក្សីអន្ធពាលនៅតែហ៊ាន រុករានក្បត់ទៀតមិនអៀនខ្មាស ។ ពេលរាត្រីស្ងាត់ជិតអធ្រាត្រ ជនពាលក្បត់ជាតិត្រូវព្រាត់ប្រាស ចោលប្រពន្ធកូនចៅដេរដាស រត់ប្រាសទៅជ្រកជាតិដទៃ ។ ប្រឹងប្រែងស្វះស្វែងខំដើរដល់ ប្រទេសកោសលគិតរំពៃ លក់ខ្លួនបម្រើជាតិដទៃ ចិត្តគិតមមៃតែរឿងក្បត់ ។ ចូលទៅក្រាបថ្វាយបង្គំគាល់ ព្រះចៅទ្រង់ស្គាល់ពិតប្រាកដ ព្រះចៅជាម្ចាស់កោសលរដ្ឋ មហាក្សត្រទ្រង់ទតបើកឱង្ការ ។
(៤០) ថា “លោកបណ្ឌិតកាឡ – បក្សី មកមានការអ្វីចូរចរចា ប្រាប់មកឆាប់ៗឥឡូវរ៉ា មានទុក្ខម្ដេចម្ដាតូចឬធំ ?” ។ រីជនអន្ធពាលអកតញ្ញូ លើកដៃទាំងគូថ្វាយបង្គំ ទូលថា “ព្រះចៅអំណាចធំ ទូលព្រះបង្គំសុំស្នើការ ។ ដ្បិតព្រះចៅក្រុងពារាណសី ស្ដេចទ្រង់ខន្តីរៀនធម៌អាថ៌ ទំនុកបម្រុងពុទ្ធសាសនា ដោយគ្មានប្រាថ្នាការលោកិយ ។ សូមទ្រង់បញ្ជាពលតិចតួច ចូលទៅក្របួចកុំប្រណី រឹបយកសម្បត្តិពារាណសី នឹងថ្កើងបារមីល្បីខ្ចរខ្ចាយ” ។ ព្រះចៅកោសលទ្រង់ស្រុះស្រួល មានព្រះសម្រួលឮក្អាកក្អាយ ថា “លោកបណ្ឌិតពិតប្រាជ្ញប្រាយ យើងចូលកម្ចាយមិនបានទេ ។
(៤៥) ពារាណសីជារាជធានី នៃដែនកាសីល្បីមានរេហ៍ សេនាច្រើនណាស់លើសលើគេ មិនទន់ខ្សោយទេលោកបណ្ឌិត” ។ ជនពាលក្បត់ជាតិឱនសិរសា បង្គំទូលថា “ព្រះទ្រង់ឫទ្ធិ សូមទ្រង់ពិសោធនិងពិនិត្យ នឹងបានជ្រាបពិតមិនវីមវាម ។ សូមទ្រង់បញ្ជូនពលទាហាន ចូលទៅរុករានបច្ចន្តគ្រាម ទន្ទ្រានលុកចូលដោយភ្លាមៗ ទាហានចាប់ឆ្ពាមថ្វាយក្សត្រា ។ ព្រះបាទព្រះមហាសីលវៈ នឹងប្រទានប្រាក់ភោជនាហារ សមតាមបំណងដែលប្រាថ្នា រួចស្រេចហើយណាឲ្យទៅផ្ទះ ។ រឿងក្រាបទូលនេះបើមិនពិត សូមថ្វាយជីវិតសម្ដេចម្ចាស់ សូមទ្រង់ពិសោធនឹងឃើញច្បាស់ ពិតប្រាកដណាស់ព្រះចក្រី” ។
(៥០) ព្រះចៅកោសលញញឹមស្រស់ ចាត់រាជបុរសឫទ្ធីល្បី ឲ្យចូលទៅឡោមដែនកាសី កាប់ចាក់វក់វីយកមាសប្រាក់ ។ ទាហានកាសីចិត្តក្លាហាន ចូលចាប់ចោរបានគ្មានសល់ម្នាក់ នាំចូលទៅថ្វាយព្រះសីលវៈ ព្រះចៅបញ្ជាក់សួរចោរថា ។ “នែអ្នកទាំងឡាយកុំភិតភ័យ យើងអត់ទោសពៃរ៍ឲ្យគ្រប់គ្នា ម្ដេចអ្នកប្រព្រឹត្តអទិន្នាទាន៍ លួចប្លន់ទ្រព្យាមិនខ្លាចបាប ?” ។ ក្រុមចោរបង្គំថា “បពិត្រ សូមព្រះទ្រង់ឫទ្ធិ ស្ដេចទ្រង់ជ្រាប ទូលព្រះបង្គំក្រដុនដាប លួចប្លន់ដរាបរៀងរាល់ថ្ងៃ ។ បើឈប់លួចប្លន់កូនប្រពន្ធ នឹងកើតទុក្ខធ្ងន់ពន់ពេកក្រៃ អត់បាយអត់ទឹកជីវិតក្ស័យ កែខៃក្រៅពីនេះពុំបាន” ។
(៥៥) ព្រះបាទព្រះមហាសីលវៈ ប្រទានមាសប្រាក់ ឆ្នាំងជើងក្រាន ស្រូវខ្សាយដំណើប ប៉ាន់ពែងចាន របស់ដែលបានសុទ្ធសឹងថ្មី ។ ប្រទាននង្គ័លនិងរនាស់ សម្រាប់ភ្ជួររាស់ដោយក្របី គោញីគោឈ្មោលនិងដំរី ចក្រីទ្រង់ចែកស្មើៗគ្នា ។ ព្រះរាជអំណោយប្រទានស្រេច ទើបអង្គសម្ដេចចមយោធា ស្ដេចទូន្មានថា “អ្នករាល់គ្នា ចូរវៀរវេរាអាក្រក់ក្រៃ ។ តាំងចិត្តយកជាសរណៈ ទីពឹងពំនាក់រតនត្រៃ ព្រះពុទ្ធព្រះធម៌ព្រះសង្ឃថ្លៃ ចាប់តាំងពីថ្ងៃនេះកុំខាន ។ ចូរអ្នកទាំងឡាយថែរក្សា បញ្ចសីលាល្អកល្យាណ ជាកម្មប្រសើរអាចនាំប្រាណ ទៅកើតក្នុងស្ថានសួគ៌វិចិត្រ ។
(៦០) ក្រុមចោរទាំងឡាយលើហត្ថា បង្គំទូលថា “ព្រះទ្រង់ឫទ្ធិ ទូលព្រះបង្គំឈប់ប្រព្រឹត្ត អំពើទុច្ចរិតយ៉ាងនេះហើយ ។ នឹងយកព្រះរតនត្រៃ ពឹងពាក់អាស្រ័យមិនខានឡើយ ចាប់តាំងពីថ្ងៃនេះទៅហើយ មិនឲ្យខានឡើយព្រះករុណា ។ ព្រះមហាសីលវៈស្ដេចលែងទៅ ដល់ទីលំនៅគ្រប់អាត្មា ក្រុមចោរក៏ខំចរយាត្រា ចូលដល់សីមារាជធានី ។ បង្គំព្រះចៅដែនកោសល ថា “សូមកុំឆ្ងល់ព្រះចក្រី ពីរឿងព្រះចៅដែនកាសី ស្ដេចទ្រង់ខន្តីនិងសច្ចៈ ។ កាលទូលបង្គំចូលលុយលុក លួចប្លន់ក្នុងស្រុកបច្ចន្តៈ អ្នកស្រុករួមគ្នាជាច្រើននាក់ ស្ទុះស្ទាក់ចាប់ទូលបង្គំបាន ។
(៦៥) នាំចូលទៅក្រាបបង្គំថ្វាយ មហាក្សត្រឆើតឆាយព្រះទ័យក្សាន្ត ប្រទានមាសប្រាក់កែវ – ប៉ាន់ចាន ទាំងឆ្នាំងជើងក្រានសុទ្ធសឹងថ្មី ។ ប្រទានរួចស្រេចស្ដេចទូន្មាន ឲ្យធ្វើសីលទានជាប្រក្រតី វៀរចាកអំពើទុច្ចរិតបី ហើយព្រះចក្រីចមយោធា ។ ព្រះអង្គសន្ដោសអនុគ្រោះ អភ័យឥតមោះគ្រប់ៗគ្នា បពិត្រព្រះចៅទ្រង់ឫទ្ធា ! សេចក្ដីពណ៌នានេះពិតណាស់” ។ ព្រះចៅមិនជឿស្ដេចទ្រង់ល្បង ពិសោធច្រើនដងមិនផ្ដេសផ្ដាស ទាល់តែឃើញពិតប្រាកដច្បាស់ ទើបត្រាស់ឲ្យកេណ្ឌពលសេនា ។
ព្រះចៅដែនកោសល និងអាចារ្យក្បត់ជាតិមាតុភូមិ លើកទ័ពចូលវាយសម្រុកលុកលុយដែនកាសី ពេលនោះលោកមេទ័ពនៃកងសេត្យានុភាពដែលកាសី ចេញបង្ក្រាបកងទ័ពនោះបាន ហើយក្រាបថ្វាយបង្គំទូលព្រះមហាសីលវៈពីព្រឹត្តិការណ៍នោះ នឹងសុំចេញទៅចាប់ព្រះចៅកោសលយកមកទាំងរស់ តែព្រះចៅកាសីមិនព្រមព្រះរាជានុញ្ញាត ដោយទ្រង់មិនចង់ឃើញនូវការបង្ហូរឈាម ហើយទ្រង់ចង់ប្រដៅស្ដេចល្មោភនោះឲ្យមានសីលធម៌ឡើងដោយសន្តិវិធី និងព្រះបញ្ញាញាណដ៏មុតថ្លារបស់ព្រះអង្គ ។ ព្រះចៅជាម្ចាស់ដែលកោសល ទ្រង់លែងខ្វាយខ្វល់ក្នុងចិន្ដា ស្ដេចលើកយោធាពលសេនា ចូលវាយប្រហារគ្មានប្រណី ។
(៧០) ពេលនោះមេទ័ពនាមវិចិត្រ មានឫទ្ធិក្លាខ្លាំងដែលកាសី ឃើញកងទ័ពខ្មាំងចោរអប្រិយ ចូលប្លន់ដែនដីយ៉ាងក្លាហាន ។ លោកខំការពារពេញកម្លាំង កម្ចាត់ពួកខ្មាំងទាំងនោះបាន ហើយឡើងចូលទូលមហាក្សត្រក្សាន្ត ថា “ចោរឈ្លានពានប្លន់ផែនដី ។ មេចោរគឺស្ដេចដែនកោសល លើកទ័ពមកដល់ជាយបុរី ជាមួយជនក្បត់រដ្ឋកាសី ឈ្មោះកាឡ – បក្សីអ្នកនាំមុខ” ។ សម្ដេចព្រះមហាសីលវៈ ស្ដេចគ្មានផ្អើលភ្ញាក់វិតក្ក ត្រាស់ថា “លោកសេនាប្រមុខ ពួកខ្មាំងលុយលុករុកពុះពារ ។ ប្រាថ្នាអ្វីៗយកតាមចិត្ត ចីរកុំតឫទ្ធិកុំរាំងរា កុំច្បាំងតដៃនឹងពួកវា បើកទ្វារឲ្យចូលតាមហឫទ័យ ។
(៧៥) កងទ័ពព្រះចៅដែនកោសល ចាញ់ឧបាយកលបរាជ័យ បាក់ទ័ពបែកខ្ញែកគ្នាទីទៃ រត់ចូលពួនព្រៃទាំងតូច – ធំ ។ ព្រះចៅកោសលខ្វល់ខ្លាំងណាស់ ទ្រង់ត្រាស់ឲ្យផ្លុំត្រែប្រជុំ ទាហានរត់មកទាំងតូច – ធំ ចូលមកប្រជុំជួរក្នុងព្រៃ ។ ចួបជុំគ្នាហើយពិភាក្សា អំពីស្ថានការណ៍សង្គ្រាមជ័យ ជាមួយមេទ័ពឆ្លាសវាងវៃ ធ្លាប់មានជោគជ័យក្នុងចម្បាំង ។ ពិភាក្សាស្រេចស្ដេចកោសល លើកកងរេហ៍ពលចូលតតាំង ចូលទៅរហូតដល់រាជវាំង គ្មានគូប្រឆាំងច្បាំងឡើយណា ។ ព្រះចៅកោសលស្ដេចអបលក្ខណ៍ ឃើញព្រះសីលវៈនិងសេនា ដែលគ្មានកំហុសគ្មានទោសា សេនាមាត្យគាល់ជាសុខសាន្ត ។
(៨០) ព្រះចៅកោសលនិងបក្សី ចូលចាប់មន្ត្រីនិងក្សត្រក្សាន្ត នាំយកទៅក្នុងព្រៃស្មសាន ជីកដីកប់ប្រាណទុក្ខត្រឹមក ។ ឯពលរដ្ឋអ្នកស្រែចម្ការ ទាំងពលសេនាក្នុងនគរ ឃើញពួកក្បត់ជាតិបានបង្ក បង្កើតវឹកវរចលាចល ។ ចាប់ព្រះមហាក្សត្រនិងមេទ័ព ចងយកទៅកប់ ព្រួយកង្វល់ ប្រុងវាយពួកក្បត់ ស្ដេចកោសល តែបានគិតដល់ព្រះបណ្ដាំ ។ សម្ដេចព្រះមហាសីលវៈ ស្ដេចទ្រង់សច្ចៈបានផ្ដែផ្ដាំ មិនឲ្យតតាំងរាស្ត្រនៅចាំ ជារាជបណ្ដាំមានសីលា ។
កាលព្រះចៅដែលកោសល និងអាមាត្យក្បត់ជាតិ ចាប់ចងព្រះមហាសីលវៈ និងសេនាមាត្យយកទៅជីកដីកប់ទុកត្រឹមកក្នុងព្រៃស្មសាន តែដោយព្រះបញ្ញាដ៏មុត និងព្រះវិរយភាពរបស់ព្រះអង្គ ៗ បានរួចរស់ព្រះជន្ម ព្រមទាំងសេនាមាត្យទាំងអស់ ។ ព្រះបាទព្រះមហាសីលវៈ ទ្រង់មានសច្ចៈនិងមេត្តា ព្រះអង្គត្រូវចុះក្នុងអាជ្ញា នៃមហាក្សត្រាដែនកោសល ។
(៨៥) ទ្រង់ព្រះរាជទានដំបូន្មាន ដល់ក្រុមទាហានមិនឲ្យខ្វល់ ថា “លោកមេទ័ពនិងរេហ៍ពល ចូរលោកតម្កល់ចិត្តឲ្យស្អាត ។ កុំចងគំនុំគុំព្រះចៅ កោសលចិត្តខ្មៅនិងអាមាត្យ ចូរអ្នកតាំងចិត្តឲ្យល្អស្អាត ផ្សាយដល់ព្រះបាទកោសលចុះ” ។ ដល់ពេលរាត្រីយន់យប់ស្ងាត់ ហ្វូងចចកសត្វបោលចម្រុះ ចូលមកប្រាថ្នាស៊ីសាច់មនុស្ស ដែលជនស្រីប្រុសនាំទៅចោល ។ ព្រះមហាសីលវៈក្សត្រា និងពលសេនាឃើញស្រមោល ហ្វូងសត្វចចកកំពុងបោល ចូលទាំងកម្រោលលឿនអស្ចារ្យ ។ ប៉ងខាំក្រញីឆីអង្គប្រាណ ព្រះអង្គក៏បានស្រែកកម្លា គំរាមបោលចូលព្រៃព្រឹក្សា តែគ្មាននរណាម្នាក់ដេញចាប់ ។
(៩០) ហ្វូងសត្វចចកសង្ស័យគិត ថា “ពិតជាមនុស្សទោសដល់ស្លាប់ បានជាស្រែកហើយមិនដេញចាប់ ស្រាប់តែបាត់ស្ងាត់គ្មានឮអ្វី” ។ គិតហើយចចកខំប្រឹងឆ្លៀត រួមគ្នាមកទៀតសាជាថ្មី ក្លាហានអង់អាចលែងខ្លាចអ្វី ប្រុងនឹងក្រញីឆីឲ្យបាន ។ ព្រះបាទសីលវៈនិងសេនា ខំស្រែកកម្លាខ្លាំងក្លាហាន តែហ្វូងចចកមិនងាកប្រាណ ចូលយ៉ាងក្លាហានមិនរេរា ។ នាយក្រុមចចកជាមេធំ ស្ទុះចូលមកចំព្រះរាជា ព្រះអង្គទតច្បាស់មិនរួញរា ព្រះចមយោធាងើយប្រុងចាំ ។ នាយក្រុមមកដល់សង្កត់ទុក៍ នឹងព្រះហនុ[1] មិនឲ្យខាំ កម្លាំងខ្លាំងដូចដំរីប្រាំ ឆ្លៀតខាំមិនបានខំបម្រះ ។
(៩៥) រើខ្លួនមិនរួចខំប្រឹងស្រែក សូរសព្ទសម្រែកឮខ្លាំងណាស់ ចចកឯទៀតឮសូរច្បាស់ ភិតភ័យខ្លាំងណាស់បោលចូលព្រៃ ។ រីឯមេក្រុមស្ដេចថ្កៀបរឹង ខំប្រឹងបម្រះរើយកជ័យ ជើងបួនកកាយដោយភិតភ័យ ទាល់តែខូងដៃរូងយ៉ាងជ្រៅ ។ ព្រះអង្គជ្រាបថាដីធូរហើយ ទ្រង់ពុំកន្តើយស្ដេចលែងទៅ នាយក្រុមរួចខ្លួនបោលសំដៅ តម្រង់ព្រៃជ្រៅលែងងាកក្រោយ ។ ឯអង្គសម្ដេចបារមីសាយ រង្កៀសព្រះកាយតាមបណ្ដោយ ដីដែលចចកកកាយឲ្យ ទ្រង់យោងឡើងដោយព្រះហត្ថា ។ ហើយកាយដីយកលោកវិចិត្រ មេទ័ពមានឫទ្ធិព្រមសេនា យកបានទាំងអស់ហើយក្សត្រា ព្រមដោយសេនាប្រថាប់នៅ ។
ដោយបារមីព្រះមហាសីលវៈ ដែលប្រកបដោយសីលាទិគុណ ព្រះអង្គបានយាងចូលក្នុងព្រះរាជបន្ទំព្រះចៅកោសល ដោយឫទ្ធានុភាពនៃមហាយក្ស ក្នុងរាត្រីយប់នោះហើយដែលព្រះអង្គធ្វើសង្គ្រាមសន្តិវិធីជាមួយព្រះចៅដែនកោសល ញ៉ាំងព្រះចៅដែនកោសលឲ្យស្នេហាសន្តិភាព ស្គាល់តម្លៃនៃសន្តិភាពសាកល ។
(១០០) ព្រះមហាសីលវៈរាជា កកាយយោធាពីរណ្ដៅ យកបានអស់ហើយទើបព្រះចៅ ស្ដេចប្រថាប់នៅព្រៃស្មសាន ។ ជាមួយនឹងក្រុមសេនាមាត្យ គ្មានអ្វីប្រមាទព្រះអង្គបាន ព្រះអង្គគង់នៅជាសុខសាន្ត សេនាក៏បានសុខសប្បាយ ។ ក្នុងពេលរាត្រីនោះមានយក្ខ ពីរនាក់កំពុងតែប្រតាយ ដណ្ដើមសាកសពគ្នាប្រញាយ ប្រទង់ប្រតាយទាញវក់វី ។ យក្ខដណ្ដើមគ្នាមួយសន្ទុះ ក៏អង្គុយចុះផ្ទាល់ធរណី និយាយគ្នាថា “យើងទាំងពីរ កុំដណ្ដើមស៊ីយ៉ាងនេះណា” ។ នាំតែឈ្លោះគ្នាខាតប្រយោជន៍ ហិនហោចសាច់ខ្មោចបង់អសារ គួរតែយើងចូលគាល់ក្សត្រា ព្រះនាមព្រះមហាសីលវៈ ។
(១០៥) ព្រះអង្គទ្រង់សីលល្អបវរ ទ្រង់យុត្តិធម៌ល្អអនគ្ឃ ដូច្នេះត្រូវយើងទាំងពីរនាក់ ទៅកាន់សម្នាក់ស្ដេចឥឡូវ” ។ យក្ខទាំងពីរនាក់បានស្រុះស្រួល បបួលគ្នាសែងសាកសពទៅ កាន់ទីសម្នាក់ព្រះចមចៅ ដល់ហើយចូលទៅថ្វាយបង្គំ ។ ទូលថា “បពិត្រព្រះសីលវៈ ខន្តីសច្ចៈដ៏ឧត្តម សូមទ្រង់ចែកសាច់ឲ្យសមរម្យ ដល់ទូលបង្គំទាំងពីរប្រាណ” ។ ព្រះមហាសីលវៈទ្រង់ត្រាស់ថា “នែមហាយក្សា ! យើងចែកបាន តែសំពត់យើងទាំងប៉ុន្មាន ដែលបិទបាំងប្រាណវាស្មោកគ្រោក ។ ស្មោកគ្រោកក្រខ្វក់ទាំងកាយា ព្រមទាំងអាហារគ្មានបរិភោគ ទាំងគ្មានព្រះខ័នឫទ្ធិជ័យជោគ កាត់សាច់ជូនលោកទាំងពីរប្រាណ ។
(១១០) ចូរអ្នកទាំងពីរយករបស់ សព្វគ្រប់ទាំងអស់នេះឲ្យបាន យើងនឹងចែកឲ្យទាំងពីរប្រាណ ឲ្យស្មើគ្នាបានដូចប្រាថ្នា” ។ ក្រុងយក្ខទាំងពីរស្ទុះហោះស្លៅ សំដៅពារាណសីសីមា នាំយកទឹកស្អាតអប់ដោយផ្កា និងភោជនាហាររសប្រពៃ ។ ហើយនឹងសាដក – ផ្តិល – ពែងប៉ាន់ ព្រមទាំងព្រះខ័នរាជ្យជោគជ័យ របស់ប្រណីតល្អប្រពៃ មានអ្នកឈ្លាសវៃប្រកបការ ។ ចាត់ចែងផ្ចិតផ្ចង់ទុកតម្កល់ ថ្វាយស្ដេចកោសលនោះឯងណា យក្ខពីរនាំមកថ្វាយក្សត្រា ព្រះមហាសីលវៈមានបារមី ។ ព្រះអង្គស្រង់ទឹករួចទ្រង់គ្រឿង រុងរឿងឆើតឆាយផ្សាយរស្មី ស្ដេចសោយព្រះស្ងោយដោយថ្មោងថ្មី សោយរួចចក្រីទ្រង់ប្រទាន ។
(១១៥) ដល់សេនាមាត្យនៃព្រះអង្គ គង់គាល់រហង់ដោយស្រេកឃ្លាន ហេតុតែបារមីព្រះអង្គមាន កងពលទាំងហានឆ្អែតគ្រប់គ្នា ។ រួចស្រេចទើបស្ដេចហូតព្រះខ័ន ដកចេញមកកាន់ហើយរាជា កាត់សាច់សាកសពមិនរេរា ចែកស្មើៗគ្នាទាំងពីរនាក់ ។ យក្ខបរិភោគឆ្អែតស្កប់ស្កល់ហើយ ពុំនៅកន្តើយទូលបញ្ជាក់ “បពិត្រព្រះមហាសីលវៈ តើមានធុរៈយ៉ាងណាខ្លះ ? ។ ទូលព្រះបង្គំសូមធានា” ព្រះចមយោធាស្ដេចទ្រង់ត្រាស់ “អ្នកនាំអាមាត្យទៅទុកផ្ទះ កុំឲ្យសល់ខ្វះទោះតូច – ធំ ។ ហើយអ្នកនាំយើងទៅឲ្យដល់ ព្រះចៅកោសលក្នុងបន្ទំ” យក្ខនាំអាមាត្យទាំងតូច – ធំ ដល់ផ្ទះចួបជុំក្រុមគ្រួសារ ។
(១២០) ហើយយក្សមកយាងព្រះសីលវៈ ចូលក្នុងដំណាក់ទីសយនា ព្រះចៅកោសលជាបច្ចា- មិត្រនៃក្សត្រាក្នុងយប់នោះ ។ ស្ដេចហូតព្រះខ័នកាន់យ៉ាងខ្ញង់ ភ្ជង់ចុងចំត្រង់កហើយគោះ ព្រះចៅកោសលមុខដូចងោះ ភិតភ័យផឺតពោះញ័រញាក់ប្រាណ ។ ក្រោកឡើងក្រាបថ្វាយបង្គំថា “បពិត្រក្សត្រាព្រះទ័យក្សាន្ត ព្រះអង្គយាងចូលដល់សយនដ្ឋាន តើយាងមកបានដោយសារអ្វី ?” ។ ព្រះមហាសីលវៈប្រាប់សព្វគ្រប់ ពីដើមដល់ចប់ផុតសេចក្ដី ព្រះចៅកោសលភ្ញាក់ស្មារតី ត្រេកអរមេត្រីស្មោះចំពោះ ។ ទូលថា “បពិត្រក្សត្រឧត្តម ទូលព្រះបង្គំមនុស្សមានទោស សូមសម្ដេចម្ចាស់ទ្រង់សន្ដោស អត់ទោសដល់ទូលបង្គំផង ។
(១២៥) ទូលព្រះបង្គំអន្ធពាលខ្លៅ ចិត្តខ្មៅអាក្រក់ល្អក់សៅហ្មង មិនដឹងព្រះគុណព្រះអង្គផង គុណធ្ងន់កន្លងឥតឧបមា ។ សូម្បីតែយក្ខកក្ខឡជាតិ ស៊ីខ្មោចសត្វធាតុជាអាហារ គង់ដឹង – ស្គាល់គុណព្រះករុណា ទ្រទ្រង់សីលាស្អាតផូរផង់ ។ ចាប់ពីថ្ងៃនេះទូលបង្គំ លែងចងគំនុំនឹងព្រះអង្គ សូមតាមបម្រើដោយស្មោះត្រង់ ចំពោះព្រះអង្គមួយជីវិត ។ ទូលហើយក៏ថ្វាយរាជបន្ទំ ទៅព្រះអង្គផ្ទំយ៉ាងស្នាលស្និទ្ធ ព្រះចៅកោសលស្ដេចអន់ឫទ្ធិ ផ្ទំទាបជាងពិតប្រាកដច្បាស់ ។ ព្រឹកឡើងព្រះចៅដែនកោសល ប្រជុំរេហ៍ពលហើយទ្រង់ត្រាស់ ថា “អ្នកទាំងឡាយស្ដាប់ឲ្យច្បាស់ ព្រះចៅជាម្ចាស់ដែនកាសី ។
(១៣០) ព្រះនាមមហាសីលវៈ ស្ដេចទ្រង់សច្ចៈនិងខន្តី ស្ដេចរក្សាសីលជាប្រក្រតី សីលប្រាំ ប្រាំបីស្អាតផូរផង់ ។ ហេតុនេះអស់លោកអ្នកទាំងឡាយ ចូរថ្វាយជីវិតនឹងព្រះអង្គ ថ្វាយខ្លួនបម្រើដោយស្មោះត្រង់ ផ្ចិតផ្ចង់គោរពព្រះចក្រី” ។ ប្រកាសរួចស្រេចស្ដេចកោសល បម្រើគង់គាល់ព្រះចេស្ដា ជាមួយមន្ត្រីពលសេនា ហើយក្រាបទូលថា “ព្រះមហារាជ ។ ចាប់តាំងពីថ្ងៃនេះតទៅ បើមានសត្រូវចិត្តកោងកាច ចូលមកបៀតបៀនទាំងអំណាច ទូលបង្គំអាចហ៊ានធានា ។ ទទួលអាសាចេញតតាំង កម្ចាត់ពួកខ្មាំងគ្រប់វេលា មិនឲ្យចូលដល់ព្រំភារា មិនឲ្យរាជាទ្រង់កង្វល់” ។
(១៣៥) ព្រះមហាសីលវៈទ្រង់ត្រាស់ថា “អរគុណហើយណាស្ដេចកោសល តើទ្រង់ធ្លាប់ឮឬធ្លាប់ស្គាល់ លោកនាយពលចម ច. វិចិត្ត ។ ជាមេទ័ពធំដែនកាសី ក្លាខ្លាំងល្បាញល្បីកបដោយឫទ្ធិ ទោះយក្ខទោះគ្រុឌខ្លាចវិចិត្រ មិនហ៊ានតឫទ្ធិតចេស្ដា ។ បើខ្ញុំជាមនុស្សល្មោភចង់បាន ដែនទាំងប៉ុន្មានក្នុងលោកា ប្រើតែមេទ័ពចេញតវ៉ា ស្ដេចក្នុងកោលាថ្វាយអាករ ។ ស្ដេចគ្រប់រដ្ឋដែលមានឫទ្ធិក្រៃ ខ្លបខ្លាចថ្វីដៃមិនហ៊ានត ខ្ញុំមិនត្រូវការសួយអាករ ជាមេបង្កអសន្តិសុខ ។ បពិត្រព្រះចៅដែនកោសល សូមទ្រង់កុំឆ្ងល់ឲ្យវិតក្ក បើធ្វើឲ្យគេរងទោសទុក្ខ យើងមិនបានសុខយូរប៉ុន្មាន ។
(១៤០) ព្រោះរដ្ឋទាំងអស់ទោះតូច – ធំ តែងតែខិតខំប្រឹងប្រែងប្រាណ ស្ទួយប្រទេសគេខាងតែបាន រុងរឿងថ្កើងថ្កានគ្រប់ៗគ្នា ។ ជាតិណាធ្លាក់ចុះអំណាចគេ ជាតិនោះខំគ្នេរមិនរេរា រកឧបាយកលគ្រប់វេលា ដកខ្លួនពីទាសក៍គេនោះបាន ។ បើហេតុដូច្នោះព្រះចមចៅ ទ្រង់ចង់គង់នៅជាសុខសាន្ត សូមទ្រង់កុំធ្វើឲ្យរំខាន អន្តរាយសុខសាន្តណាភូមី ។ ដូចមានភាសិតសម្ដែងថា សុខា សង្ឃស្ស សាមគ្គី [2] ជាសុភាសិតព្រះមុនី មានក្នុងគម្ពីរពុទ្ធសាសនា ។ បានសេចក្ដីថាកាលមូលមិត្រ ស្រុះស្រួលគំនិតជាគ្រួសារ រវាងជាតិមនុស្សក្នុងលោកា មិនឲ្យប្រេះឆាជានិកាយ ។
(១៤៥) នឹងជាបច្ច័យឲ្យកើតបាន សន្តិភាពសាន្តត្រាណបានសប្បាយ ផុតពីញុះញង់ប្រទូសរ៉ាយ កម្ចាត់កម្ចាយមនុស្សនិងមនុស្ស ។ សូមព្រះមហារាជស្ដេចទ្រង់ជ្រាប សន្តិភាពបំណងជនស្រីប្រុស ជាកំពូលស្នេហ៍នៃជាតិមនុស្ស ក្នុងលោកចិត្តស្រុះស្របស្នេហា” ។ ព្រះអង្គទូន្មានជាសាកល ព្រះចៅកោសលនិងសេនា ទទួលប្រតិបត្តិតាមឱង្ការ ប្ដេជ្ញាលុះត្រាអវសាន ។ សម្ដេចព្រះមហាសីលវៈ យាងចូលដំណាក់សយនដ្ឋាន ព្រះអង្គផ្ទំនៅជាសុខសាន្ត ទាំងរាស្ត្រក៏បានដេកសប្បាយ ។ រីឯព្រះចៅដែនកោសល ព្រះអង្គនឹងដល់គ្រាអន្តរាយ ថា “អញលំបាកយ៉ាងព្រះកាយ ទាំងរាស្ត្រជិតឆ្ងាយរងទុក្ខា ។
(១៥០) នេះព្រោះបក្សីអប្រិយក្រៃ ពាលក្បត់ចង្រៃញុះញង់ណា បង្កើតសង្គ្រាមក្នុងរដ្ឋា មនុស្សរងទុក្ខាជាប្រក្រតី ។ វិនាសមាសប្រាក់សព្វធនធាន វិនាសថ្នល់ស្ពានគោក្របី នង្គ័លរនាស់រាស់ភ្ជួរដី ទាំងសេះដំរីនឹងមាត់ទា ។ល។ អឺហ្ន៎ ! អំពើញុះញង់នេះ អាចញ៉ាំងប្រទេសឲ្យវេទនា ស្លាប់រាស្ត្ររាជការពលយោធា សូន្យទាំងទ្រព្យាពេជ្រមាសប្រាក់ ។ ហេតុនោះបានជាព្រះពុទ្ធម្ចាស់ ព្រះអង្គទ្រង់ត្រាស់ទេសន៍បញ្ជាក់ អំពីបិសុណាវាទៈ ក្លាខ្លាំងអនគ្ឃឥតឧបមា” ។ ទ្រង់នឹកឃើញហើយព្រះចមចៅ បើកបន្ទូលទៅកាន់សេនា ថា “វើយប្រញាប់ឆាប់ៗរ៉ា លើកពលសេនាមានថ្វីដៃ ។
(១៥៥) ចូលទៅចាប់ចងកាឡ – បក្សី អន្ធពាលអប្រិយចោរចង្រៃ យកមកឲ្យឆាប់ទាន់នៅថ្ងៃ កាត់កប្រល័យថ្ងៃនេះឯង ។
លោក កាឡ – បក្សី មេក្បត់ជាតិ ព្រមទាំងសហការីទាំងអស់ត្រូវព្រះចៅដែនកោសលប្រហារជីវិតបង់ ដោយលោកជាមេញុះញង់បញ្ឆេះភ្លើងសង្គ្រាម ។ រីឯបក្សីពាលក្បត់ជាតិ កំពុងខ្មីឃ្មាតប្រិតប្រឹងប្រែង ប្រមូលញាតិមិត្រឲ្យដើរស្វែង គ្រប់ទីកន្លែងគ្មានចន្លោះ ។ ចាប់រដ្ឋបុរសដែលធ្លាប់ល្បី បម្រើផែនដីដោយស្មគ្រស្មោះ ដែលលោកគ្មានទោសបន្តិចសោះ គ្មានសល់ចន្លោះលោកណាឡើយ ។ ចាប់យកមកចងប៉ងប្រាថ្នា ប្រហារជីវិតប្រាកដហើយ ពួកក្បត់ទាំងអស់ពុំកន្តើយ ខំប្រឹងបង្ហើយនូវគ្រោងការណ៍ ។ គឺដើរលួចប្លន់យកធនធាន គ្រប់ផ្ទះអ្នកមានក្នុងសីមា ថែមទាំងប្រព្រឹត្តអនាចារ ចាប់យកធីតាមហាសេដ្ឋី ។
(១៦០) ធីតាមន្ត្រីរាស្ត្រប្រជា មានរូបសោភាស្រស់ប្រិមប្រិយ ចាប់ទាំងអំណាចកាចតិរ្ថិយ រួមរសមេត្រីឥតកោតក្រែង ។ ពួកក្បត់កំពុងតែប្រព្រឹត្ត អំពើទុច្ចរិតទាំងនេះឯង ដោយមានបក្សីជាតួស្ដែង ជាអ្នកចាត់ចែងនិងប្រហារ ។ ស្រាប់តែពេជ្ឈឃាដដែនកោសល ដើរចូលមកដល់ជម្រាបថា “ខ្ញុំបានទទួលព្រះអាជ្ញា ពីមហាក្សត្រាដែនកោសល ។ ឲ្យចាប់ពួកលោកជើងឆើតៗ ជាមេបង្កើតចលាចល មនុស្សជាតិទាំងអស់ជាសាកល ជ្រួលជ្រើមរចល់ខ្វល់សៅហ្មង” ។ ថាតែប៉ុណ្ណោះចាប់ចងភ្លាម មិនឲ្យទាក់ទាមនាំសំដៅ ចូលរាជធានីថ្វាយព្រះចៅ កោសលគង់នៅលើទែនទី ។
(១៦៥) មានសេនាមាត្យបុរោហិត កវីបណ្ឌិតរដ្ឋមន្ត្រី គង់នៅត្រៀបត្រាពេលរាត្រី ក្នុងដែនកាសីជំនុំការណ៍ ។ ព្រះចៅទ្រង់ទតក្រុមពេជ្ឈឃាដ នាំក្រុមក្បត់ជាតិចូលតាមការណ៍ ព្រះអង្គទ្រង់បើកព្រះឱង្ការ ត្រាស់ថា “ចូរមកកុំភិតភ័យ ។ នៃលោកបក្សី ! រាស្ត្រប្រជា រងទុក្ខវេទនារត់ចូលព្រៃ ព្រាត់កូនប្រពន្ធទៅទីទៃ ភិតភ័យយំស្រែកទាំងប្រុសស្រី ។ នេះព្រោះតែរូបលោកឯងមួយ ឲ្យកើតទុក្ខព្រួយប្រទេសពីរ ប្រទេសជិតខាងជ្រួលវក់វី ខំការពារទីដីគ្រប់គ្នា ។ ដូច្នេះពួកក្បត់គ្រប់ទាំងអស់ អ្នកកុំនៅរស់ធ្ងន់ពសុធា ស្លាប់ចុះណា៎អ្នករាល់ៗគ្នា ឲ្យរាស្ត្រប្រជាបានសុខសាន្ត ។
(១៧០) និងកុំឲ្យមនុស្សជាសាកល កើតចលាចលនាំរំខាន ព្រោះមនុស្សឥឡូវស្នេហ៍សាន្តត្រាណ ចង់បានគ្រប់គ្នាទាំងប្រុសស្រី” ។ បន្ទូលរួចស្រេចស្ដេចកោសល សួរនាយចមពលដែនកាសី ថា “លោកមេទ័ពឫទ្ធីល្បី កាត់ទោសបក្សីបែបយ៉ាងណា ?” ។ លោក ច. វិចិត្រទូលប្រញាប់ “សូមទ្រង់សណ្ដាប់ច្បាប់មាត្រា បានចែងរួចហើយព្រះករុណា ច្បាប់ត្រូវប្រហារជីវិតបង់” ។ បក្សីដឹងថាខ្លួននឹងស្លាប់ ក្នុងពេលឆាប់ៗមិនបង្អង់ ក៏ទូលពិតៗតាមត្រង់ៗ ថា “សូមព្រះអង្គប្រោសប្រណី ។ ទូលព្រះបង្គំខុសពិតៗ ទោសអស់ជីវិតក្បត់ផែនដី មុននឹងសម្លាប់សូមប្រណី អាណិតបក្សីមន្ត្រីចាស់ ។
(១៧៥) សូមគាល់ទៅចូលព្រះករុណា ព្រះមហាសីលវៈជាអម្ចាស់ បង្គំលាស្លាប់ប្រាកដច្បាស់ ខ្ញុំមន្ត្រីចាស់ដែនកាសី ។ ព្រះចៅត្រាស់ថា “មិនបានទេ ព្រោះឯងជាមេក្បត់ចក្រី បង្កើតសង្គ្រាមឈាមពាសដី ស្លាប់រាស្ត្រប្រុសស្រីទាំងរាជការ ។ ព្រះចៅកោសលស្ដេចទ្រង់ត្រាស់ បង្គាប់ច្បាស់ៗឲ្យប្រហារ វើយៗពេជ្ឈឃាដចាប់ចងរ៉ា យកទៅប្រហារកាត់សិរសី ។ ពេជ្ឈឃាដឮហើយស្ទុះប្រញាប់ ចរចូលទៅចាប់ចងបក្សី ព្រមទាំងពួកបក្សសហការី អូសគ្មានប្រណីទៅប្រហារ ។ – ៧ – ព្រះចៅដែលកោសល ឡើងគាល់ព្រះមហាសីលវៈ ដើម្បីថ្វាយបង្គំលាទៅប្រទេសវិញ ព្រះមហាសីលវៈបានថ្វាយដំបូន្មានដល់ព្រះចៅដែនកោសល អំពីទោសនៃបញ្ចវេរានិងអានិសង្សនៃបញ្ចសីលា ។ ព្រឹកឡើងព្រះចៅដែនកោសល ព្រមទាំងរេហ៍ពលកងយោធា ឡើងគាស់សម្ដេចធម្មរាជា ថ្វាយបង្គំលាទៅបុរី ។
(១៨០) ដល់ហើយព្រះចៅអភិវាទ សម្ដេចនរនាថដែនកាសី ទូលថា “បពិត្រព្រះនរបតី សូមទ្រង់ប្រណីប្រោសមេត្តា ។ ទូលព្រះបង្គំលាព្រះអង្គ ព្រមទាំងចតុរង្គពលសេនា ត្រឡប់ចូលទៅរាជសីមា គ្រប់គ្រងរក្សារាស្ត្រប្រជា ។ ឯរដ្ឋកោសលនិងកាសី ចងស្ពានមេត្រីជិតស្និទ្ធគ្នា ពង្រឹងមិត្តភាពគ្រប់វេលា ឲ្យរឹងរឹតគ្នាជាអង្វែង ។ ព្រះមហាសីលវៈទ្រង់ត្រាស់ថា សូមមហាក្សត្រាកុំគិតក្រែង លើកទ័ពទៅចុះហើយចាត់ចែង ស្វះស្វែងប្រឹងប្រែងរកសន្តិភាព ។ ឲ្យប្រជាជនជាសាកល បានយល់បានស្គាល់រស់ខ្ពស់ទាប លទ្ធផលតម្លៃនៃសន្តិភាព មនុស្សទោះខ្ពស់ទាបស្រេកចង់បាន ។
(១៨៥) ទាំងកុំប្រព្រឹត្តបញ្ចវេរា ជាកម្មវេទនាស្និទ្ធជាប់ប្រាណ សូមទ្រង់សណ្ដាប់សព្ទឲ្យបាន ដោយប្រិតប្រឹងប្រាណឲ្យផ្ចិតផ្ចង់ ។ ១- អំពើបាណាតិបាត នរណានេសាទចងចិត្តចង់ ពិឃាដមនុស្សដោយចំណង់ ឲ្យស្លាប់បាត់បង់នូវជន្មា ។ ឃាតកនោះឯងតែងឆេះក្ដៅ យ៉ាកយ៉ាប់មួម៉ៅឆេះនៅនា សញ្ជីពនរកទុរន់ទុរា រងទុក្ខវេទនាយូរយារក្រៃ ។ និរយមបាលចាប់បោះទៅ ក្នុងភ្នក់ភ្លើងជ្រៅឆេះក្សិណក្ស័យ កើតឡើងវិញភ្លាមប្រឹងកែខៃ វាលូនលឿនក្រៃទៅខាងក្រៅ ។ និរយមបាលបានឃើញជាក់ ស្ទុះចោមរោមចាក់នឹងដែកក្ដៅ ឬនឹងលំពែងរុញបោះទៅ ចូលក្នុងរណ្ដៅនៅទុរទុក្ខ ។
(១៩០) លុះអស់បាបកម្មទើបរដោះ ពីនរកនោះក៏មិនសុខ កើតជាមាន់ទានៃអ្នកស្រុក ប្រាំរយជាតិទុក្ខប្រាកដជាក់ ។ ទើបកើតជាមនុស្សអាក្រក់ក្រៃ ក្ងែងក្ងង់ជើងដៃខ្វិនគមគាក់ កើតឃ្លង់ដំបៅស្រែងភ្នែកខ្វាក់ លំបាកឥតអាក់អាយុខ្លី ។ ប្រសិនជាបានបុណ្យសក្តិយស ថ្កំថ្កើងខ្ពង់ខ្ពស់ក្នុងលោកិយ កម្មតាមមកផ្ដល់អាយុខ្លី មិនបាននៅស៊ីស្លាប់បង់បាត់ ។ នរណាខ្មាសបាបឬខ្លាចបាប វៀរចាកដរាបជីវិតសត្វ មិនហ៊ានបៀតបៀនឬកម្ចាត់ សម្លាប់បង់បាត់ផ្ដាច់ជីវ៉ា ។ នរនោះបានកើតនៅលើស្ថាន សួគ៌ទិព្វថ្កើងថ្កានមានអាស្នា ឈ្មោះចាតុម្មហារាជិកា មានទេពធីតាគាល់រាល់ថ្ងៃ ។
(១៩៥) សោយសម្បត្តិទិព្វសុខសប្បាយ ទាំងរូបរាងកាយល្អល្អះក្រៃ ប្រាំរយឆ្នាំទិព្វច្យុតឰ ត្រកូលថ្លាថ្លៃមានសម្បត្តិ ។ មានកម្លាំងខ្លាំងក្លាលើសលន់ ចិន្តាទោរទន់ប្រណីសត្វ ប្រពន្ធកូនចៅនៅមិនព្រាត់- ប្រាសចាកខ្ចាត់ភ្លាត់សុខដល់ចាស់ ។ កើតមកជាមនុស្សពុំក្សិណក្ស័យ ជីវិតប្រល័យគ្រឿងសហ័ស មានមនុស្សបម្រើទាំងក្មេងចាស់ សុខសប្បាយណាស់រងទុក្ខគ្មាន ។ ២- គឺអទិន្នាទានៈ នរណាលួចប្រាក់ទ្រព្យធនធាន ដើរលួចដើរប្លន់វាតរុករាន រឹបជាន់ឈ្លានពានក្លាឃោរឃៅ ។ នរនោះស្លាប់ទៅធ្លាក់រហូត ចុះដល់កាឡសូត្រនរកជ្រៅ និរយមបាលចាប់ចងទៅ ចាក់នឹងដែកក្ដៅឈឺខ្លោចផ្សា ។
(២០០) ហើយទើបពួកខ្លះយកបន្ទាត់ ដែលក្ដៅមកផ្ទាត់សព្វកាយា ខ្លះយករណាភ្លើងមកអារ ពុះពីសិរសារងទុក្ខទណ្ឌ ។ រយះដាច់សាច់ឈាមសស្រាក់ ស្រែកយំឥតអាក់ភ័យភាំងភាន់ នៅក្នុងនរកទុរទុក្ខទណ្ឌ កំណត់មួយពាន់ឆ្នាំរដោះ ។ ក្នុងមួយពាន់ឆ្នាំនៃស្ថានត្រៃ- ត្រិង្សទើបមួយថ្ងៃនរកនោះ យូរអង្វែងណាស់ទើបរដោះ ពីនរកនោះមកកើតបាន ។ ជាប្រេតកម្ពស់ដើមត្នោតលៃ រងទុក្ខទោសពៃរ៍ជាប្រមាណ អត់បាយអត់ទឹកស្គាំងស្គមប្រាណ គ្មានបានអ្វីឆីចម្អែតផ្ទៃ ។ ប្រាំរយជាតិទើបចាប់កំណើត មកកើតជាមនុស្សក្រីក្រក្រៃ ដើរសូមទានគេអចិន្ត្រៃយ៍ លំបាកយ៉ាងក្រៃនៅខ្ញុំគេ ។
(២០៥) ប្រសិននរណាបញ្ញាឆ្លាត ចិត្តផូរផង់ស្អាតគិតរិះរេ វៀរចាកអំពើលួចទ្រព្យគេ ដែលមិនឲ្យទេក្នុងលោកា ។ នរនោះរមែងតែងតែបាន ទៅកើតនៅស្ថានត្រៃត្រិង្សា មានទេពអប្សរបវរកញ្ញា គង់គាល់ត្រៀបត្រានៅរហង់ ។ សោយសម្បត្តិទិព្វជាសុខសាន្ត មួយពាន់ឆ្នាំបានច្យុតបាត់បង់ មកកើតជាក្សត្រភក្ត្រផូរផង់ ឬសេដ្ឋីខ្ញង់បុណ្យថ្កើងថ្កាន ។ សម្បូណ៌មាសប្រាក់កែវកងពេជ្រ ចោរចូលកម្ទេចយកពុំបាន ប្រពន្ធកូនចៅទាំងប៉ុន្មាន បានសុខសាន្តត្រាណគ្មានគិតក្រែង ។ ៣- គឺកាមេសុមិច្ឆា នរណាព្រហើនចិត្តវង្វេង លួចប្រពន្ធកូនគេឥតក្រែង ឬផិតប្ដីឯងតែងរងទុក្ខ ។
(២១០) នរនោះលុះស្លាប់បាត់បង់ទៅ ធ្លាក់ចុះទៅនៅស្ថាននរក ឈ្មោះសង្ឃាតៈរងទោសទុក្ខ ភ្លើងឆេះគគុកក្ដៅខ្លោចផ្សា ។ និរយមបាលឈរចាំឈាម ក្រឡេកឃើញភ្លាមស្ទុះប្រហារ ដេញចាក់ឲ្យឡើងដើមរកា ដែកមានបន្លាស្រួចដុះជ្រោង ។ មេស្រីផិតក្បត់ឡើងមុនប្រុស មុតខ្លួនសព្វសុសស្រែកយំង៉ោង ហើយហុចដៃឲ្យអាប្រុសតោង ចាប់យោងទាញឡើងយំសស្រាក់ ។ ខាងក្រោមមានឆ្កែ – និរយមបាល ជាច្រើនត្រអាលខាំត្របាក់ ខាងលើមានត្មាតចឹកកន្ត្រាក់ ធ្លុះធ្លាក់ដល់ដីខ្លួនដេកផ្ងារ ។ ចង្កូមឆ្កែចំពុះសត្វត្មាត សុទ្ធតែដែកស្អាតស្រួចមុតថ្លា ត្របាក់ខាំចឹកដួលដេកផ្ងារ ឆេះក្ដៅកាយាផ្សាវេទនា ។
(២១៥) នរកនោះអាយុវែងក្រៃ ពីរពាន់ឆ្នាំនៃស្ថានយាមា ទើបបានមួយថ្ងៃស្ថានសង្ឃាត៍ អស់កម្មវេរាទើបរដោះ ។ មកកើតបានមកជាសត្វតិរច្ឆាន គេគ្រៀវគ្មានបានសប្បាយសោះ គ្រប់ប្រាំរយជាតិទើបរដោះ ពីគម្រៀវនោះទើបនឹងបាន ។ កើតជាមនុស្សខ្ទើយប្រាំរយជាតិ ទើបក្លាយខ្លួនឃ្លាតជាប្រុសប្រាណ ឬស្រីប្ដីក្បត់ផិតសាមាន្យ ប្រាំរយជាតិបានជាមនុស្សម្នា ។ បើនរណាមានប្រាជ្ញអាចរិះរេ វៀរចាកកាមេសុមិច្ឆាចារ នរនោះនឹងបានកើតសួគ៌ា ឈ្មោះស្ងានយាមាទិព្វថ្លាថ្លៃ ។ រស្មីពន្លឺភ្លឺចិញ្ចាច ចិញ្ចែងត្រដាចរុងរឿងក្រៃ ស្រីទេពអប្សរគាល់រាល់ថ្ងៃ ឆើតឆោមល្អក្រៃកាយបរិសុទ្ធ ។
(២២០) ស្ថានមាយាអាយុបីពាន់- ឆ្នាំទិព្វគ្រប់គ្រាន់ទើបចុះច្យុត មកចាប់កំណើតជារាជបុត្រ ភរិយាបរិសុទ្ធកបកាយល្អ ។ ៤- គឺមុសាវាទាជាក់ នរណាចិត្តស្មគ្រពោលភូតភរ ឲ្យកើតចលាចលវឹកវរ ខាតខូចរបរអ្នកដទៃ ។ នរនោះធ្លាក់ចុះរោរពនរក រងទោសរងទុក្ខអចិន្ត្រៃយ៍ និរយមបាលកាត់ជើងដៃ រៀងរាល់ថ្ងៃៗដួលដេកនៅ ។ កាត់មាត់អណ្ដាតឈាមសស្រាក់ ហើយទាញកន្ត្រាក់បោះចោលទៅ ចូលក្នុងរណ្ដៅឆេះសន្ធៅ រងទោសទណ្ឌនៅទុក្ខរួមរឹត ។ រោរពអាយុយូរយារក្រៃ មួយពាន់ឆ្នាំនៃស្ថានតុសិត ទើបបានមួយថ្ងៃនរកពិត អស់កម្មអតីតទើបរដោះ ។
(២២៥) មកកើតជាប្រេត – អសុរកាយ ក្រហល់ក្រហាយគ្មានចន្លោះ ភ្លើងឆេះអណ្ដាតចេញមាត់ស្មោះ ស៊ីឈាមស៊ីខ្ទុះជាអាហារ ។ អស់កម្មទើបកើតមកជាមនុស្ស បានជាស្រីប្រុសមាត់ឆែបឆា ងងឹតល្ងង់ល្ងីល្ងើអាប់បញ្ញា ដល់ពោលវាចាស្អុយសក្តិសិទ្ធ ។ នរណាវៀរចាកមុសាវាទ មិនឲ្យឃ្លៀងឃ្លាតចាកពាក្យពិត នរនោះបានកើតស្ថានតុសិត រុងរឿងថ្កើងឫទ្ធិរស្មីសាយ ។ បួនពាន់ឆ្នាំទិព្វទើបច្យុតចុះ មកកើតជាមនុស្សរូបឆើតឆាយ ជាពហុស្សូតព្រោកប្រាជ្ញប្រាយ ល្បីល្បាញខ្ចរខ្ចាយក្នុងលោកិយ ។ ៥- គឺសុរាមេរយា នរណាផឹកស្រាទឹកអប្រិយ ស្រវឹងប្រមឹកចិត្តតិរ្ថិយ វង្វេងស្មារតីភ្លេចធម្មា ។
(២៣០) នរនោះលុះស្លាប់បាត់បង់ទៅ ធ្លាក់នរកជ្រៅស្ថិតនៅនា ស្ថានបាតនរកទុក្ខមហិមា ទុរន់ទុរាយូរយារណាស់ ។ ដោយហេតុប្រមឹកចិត្តវង្វេង ផឹកទឹកទង់ដែងពុះពេញខ្ទះ ឆេះថ្លើមប្រមាត់ឆេះក្រពះ ស្រែកយំខ្លាំងណាស់ឥតឧបមា ។ ប្រាំបីពាន់ឆ្នាំនិម្មានរតី បានមួយរាត្រីស្ថានបាតា អស់កម្មទើបកើតជាយក្សា ឬមនុស្សលីលាឆ្កួតចង្រៃ ។ នរណាមានប្រាជ្ញដ៏ក្លៀវក្លា វៀរសេពសុរានិងមេរ័យ នរនោះនឹងកើតស្ថានសួគ៌ថ្លៃ ខ្ពស់ក្រៃឈ្មោះនិម្មានរតី ។ ស្ថិតខ្ពស់នៅលើប្រាង្គប្រាសាទ វិចិត្រស្អាងស្អាតសុទ្ធតែស្រី ស្រីទេពអប្សរល្អប្រិមប្រិយ គង់គាល់ប្រក្រតីមិនដែលខាន ។
(២៣៥) សោយសុខជាយូរទើបច្យុតចុះ មកកើតជាមនុស្សខ្ពស់ថ្កើងថ្កាន មានប្រាជ្ញអង់អាចយ៉ាងក្លាហាន ដោះប្រស្នាបានក្នុងលោកា ។ ព្រះចៅកោសលក្រាបអភិវាទ សម្ដេចនរនាថក្នុងលោកា ទទួលប្រតិបត្តិតាមឱង្ការ ហើយលើកសេនាចូលបូរី ។
សេចក្ដីសង្ខេបរឿង
១- ព្រះមហាសីលវៈ ខន្តីសច្ចៈ ទ្រង់សីលធម៌អាថ៌ ពលរដ្ឋប្រុសស្រី មេត្រីស្នេហា នាំគ្នារក្សា សីលទាំងប្រុសស្រី ។ ចេះរួបរួមគ្នា ទាំងរាស្ត្រប្រជា នាហ្មឺនកុង្សីយ៍ ស្រឡាញ់គ្នាស្និទ្ធ រួមរឹតមេត្រី ទាំងប្រុសទាំងស្រី រួមគ្នាជិតស្និទ្ធ ។ ប្រទេសកាសី រុងរឿងល្បាញល្បី គ្រប់ទិសឆ្ងាយជិត ក្រោមកិច្ចដឹកនាំ ឧត្តមពិតៗ ប្រទេសឆ្ងាយជិត ខ្លបខ្លាចចេស្ដា ។ ព្រះមហាសីលវៈ ជាមហាវីរៈ ក្សត្រឆ្នើមលោកា ព្រះអង្គចេញច្បាំង តតាំងចេស្ដា ជាមួយក្សត្រា ប្រទេសកោសល ។ ទ្រង់ធ្វើសង្គ្រាម គ្មានបង្ហូរឈាម ឲ្យចលាចល ចម្បាំងឈ្នះស្រេច ទើបស្ដេចកោសល ឱនសិរសាដល់ ផែនដីបង្គំ ។ ព្រះមហាសីលវៈ ព្រះទ័យស្មោះស្មគ្រ ស្នេហ៍រាស្ត្រតូច – ធំ ទូន្មានប្រដៅ ព្រះចៅឲ្យខំ លះបង់គំនុំ គុំគួនព្យាបាទ ។ ឲ្យថែរក្សា បញ្ចសីលា បានផូរផង់ស្អាត ឲ្យចេះស្រឡាញ់ មិនឲ្យប្រមាទ បៀតបៀនព្យាបាទ ជាតិមនុស្សដូចគ្នា ។
២- ព្រះចៅកោសល ស្ដេចលើកសាកល សេនាយោធា ចូលមកសម្រុក លុយលុកពុះពារ ញាំញីភារា ពារាណសី ។ លុះបរាជ័យ កោសលភិតភ័យ សិរសាដល់ដី ក្រួញក្រាបអភិវាទ នរនាថកាសី ថ្វាយខ្លួនទឹកដី ថ្វាយពលសេនា ។ ហើយបានតាំងចិត្ត លះបង់ទុច្ចរិត ទាំងបីប្រការ លែងដើររាតត្បាត ព្យាបាទប្រហារ បង្កើតចលា- ចលលើផែនដី ។ ព្រះចៅប្រព្រឹត្ត អំពើសុចរិត សព្វគ្រប់ទាំងបី បញ្ចសីលា រក្សាប្រក្រតី ទាំងប្រុសទាំងស្រី មេត្រីស្មោះសរ ។ ព្រះចៅប្រព្រឹត្ត អំពើសុចរិត បរិសុទ្ធបវរ ទើបស្ដេចទ្រង់ត្រាស់ តម្រាស់ស្មោះសរ ឲ្យប្រជាករ និងអ្នករាជការ ។ ប្រព្រឹត្តទាំងអស់ មិនឲ្យចន្លោះ សល់ខានលោកណា ដោយព្រះគំនិត យល់ពិតច្បាស់ថា អាចញ៉ាំងលោកា បានសន្តិភាព ។ ព្រះចៅកោសល ជាឆ្នើមលើពល សេនាខ្ពស់ទាប ព្រះទ័នមិនក្នាញ់ ស្រឡាញ់សន្តិភាព យសសក្តិខ្ពស់ទាប ទ្រង់រាប់ស្មើគ្នា ។
៣- លោក កាឡ – បក្សី សេនាបតី លោភលន់មហិមា ប្រាថ្នាសម្បត្តិ មហាក្សត្រសោភា ចង់តាំងខ្លួនជា ស្ដេចគ្រងផែនដី ។ បំបះបំបោរ បង្កើតទ័ពចោរ ក្នុងអរញ្ញី ឲ្យដើររាតត្បាត ព្យាបាទប្រុសស្រី ញាប់ញ័រផែនដី កាសីរដ្ឋា ។ បក្សីអន្ធពាល ថ្លើមធំពាសវាល ចាក់រុកព្រះមហា ក្សត្រដែលកោសល លើកពលសេនា ចូលប្លន់រដ្ឋា ប្រហារប្រុសស្រី ។ បង្កើតសង្គ្រាម បង្ហូរតែឈាម ជាតិខ្លួនឯងខ្មី ឲ្យជាតិវេទនា កំព្រាបាត់ប្ដី បាត់កូនប្រុសស្រី បាត់យាយបាត់តា ។ បក្សីអបលក្ខណ៍ ក្បត់ព្រះសីលវៈ ក្បត់ជាតិសាសនា ដល់នូវអន្តរាយ រូបកាយមតា ស្លាប់ដូចឆ្កែឆ្មា អាហារឆ្កែត្មាត ! ។
[១]ព្រះហនុ ចង្កា ។
[២]ចាកធម្មបទដ្ឋកថា ខុទ្ទកនិកាយ