ថ្ងៃ ១៥កើត ខែពិសាខ គឺជាទិវាដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកតែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺវិសាខបូជា។
ប្រការដ៏សំខាន់មួយទៀត គឺអង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោក។
តើពិធីបុណ្យវិសាខបូជាមានអត្ថប្រយោជន៍យ៉ាងណាសម្រាប់មនុស្សជាតិទូទៅ ទើបអង្គការសហប្រជាជាតិទទួលស្គាល់ជាទិវាបុណ្យរបស់ខ្លួន?
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍នៅស្រុកសង្កែ ខេត្តបាត់ដំបង លោកធម្មបណ្ឌិត ហេង មណីចិន្ដា បង្ហាញអំពីចំណុចសំខាន់នៃបុណ្យវិសាខបូជា ថាជាទិវាប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនាដែលមានអាយុកាល ២៥៥៨ឆ្នាំមកហើយ ដោយផ្សារភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជដែលប្រទេសកាន់ពុទ្ធសាសនាបាននិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ៖ «ជាអាយុរបស់ព្រះពុទ្ធសាសនា ពីព្រោះពុទ្ធសាសនាយើងរាប់ជាសករាជឡើង នៅថ្ងៃបន្ទាប់ពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានចូលបរិនិព្វាន។ ដូច្នេះគ្រប់ប្រទេសទាំងអស់ដែលកាន់ព្រះពុទ្ធសាសនានៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក្ដី នៅក្នុងពិភពលោកទាំងមូលក្ដី តែងតែប្រារព្ធធ្វើទិវាវិសាខបូជា ហើយដែលពុទ្ធសាសនិកជនទាំងអស់បានប្រារព្ធពិធីនេះជាយូរមកហើយ...»។
អាស្រ័យហេតុនេះហើយ ទើបជារៀងរាល់ឆ្នាំ ទោះបីជាពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់នៅក្នុងខែចេត្រក្តី ប៉ុន្តែរហូតដល់ថ្ងៃ ១រោច ខែវិសាខ គឺ១ថ្ងៃក្រោយពិធីបុណ្យវិសាខបូជាទើបប្រតិទិនចន្ទគតិខ្មែរដែលគិតតាមដំណើរគោចរនៃព្រះចន្ទ ផ្លាស់ចូលពុទ្ធសករាជថ្មី។ ដូចជាក្នុងឆ្នាំនេះ ថ្ងៃសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមែ ត្រូវប៉ះចំថ្ងៃអង្គារ ១១រោច ខែចេត្រ ប៉ុន្តែគឺនៅក្នុងពុទ្ធសករាជ ២៥៥៨ ដដែល រហូតលុះត្រាដល់ថ្ងៃ ១៥កើត ខែវិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា ត្រូវនឹងថ្ងៃសៅរ៍ ទី២ ខែឧសភា។ ក្រោយពីទិវាពិធីបុណ្យដ៏សំខាន់នេះរួច ទើបពុទ្ធសករាជ ២៥៥៩ ឈានចូលមកដល់ដោយបរិបូណ៌ នៅថ្ងៃ ១រោច ខែពិសាខ។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជានេះ សៀវភៅ "ព្រះរាជពិធីទ្វាទសមាស" ដែលជាការបោះពុម្ពផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្នុងគ្រិស្តសករាជ ១៩៥១ បានសរសេរកត់ត្រាថា ទោះបីជាពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើជាទំនៀមទម្លាប់តាំងពីបូរាណយូរអង្វែងមកហើយក្ដី អ្នកសិក្សាស្រាវជ្រាវផ្នែកពុទ្ធសាសនាខ្លះ បានបញ្ជាក់ថា ពុំមានឯកសារណាមួយកត់ត្រាអំពីកាលបរិច្ឆេទ ឬថ្ងៃ ខែ ឆ្នាំ នៃការចាប់ផ្ដើមប្រារព្ធពិធីបុណ្យដ៏សំខាន់បំផុតមួយនេះ ឲ្យបានច្បាស់លាស់ឡើយ។ ប៉ុន្តែក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់បុណ្យវិសាខបូជា ជាទិវាបុណ្យអន្តរជាតិ ដែលហៅថា «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជានៃអង្គការសហប្រជាជាតិ» ដោយមានការស្នើសុំពីប្រទេសនានានៅលើសកលលោក ដែលគោរពព្រះពុទ្ធសាសនា ក្នុងនោះរួមទាំងកម្ពុជា ផងដែរ នាសម័យប្រជុំក្រុមប្រឹក្សាពុទ្ធសាសនាអន្តរជាតិ ក្នុងប្រទេសសិរីលង្កា នាខែវិច្ឆិកា ឆ្នាំ១៩៩៨។
ចំពោះហេតុផលចម្បងមួយដែលញ៉ាំងឱ្យមានការទទួលស្គាល់នេះ ភិក្ខុព្រះមហាធម្មាលង្ការោ ចាន់ សុជន គង់នៅវត្ត «ប្រាសាទស្រះកណ្ដាលខ្ចាស់» ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានថេរដីកាបញ្ជាក់ថា គឺអាស្រ័យដោយគោលការណ៍សន្តិភាព និងអហិង្សារបស់ព្រះពុទ្ធសាសនាដែលស្របនឹងគោលការណ៍គ្រឹះនៃអង្គការសហប្រជាជាតិ៖«ព្រះពុទ្ធសាសនាគឺបានឱ្យតម្លៃទៅលើនិន្នាការខាងសន្តិភាពនិយម។ ពាក្យដែលថា ធម្មភាវៈ ឬនីតិភាវៈនេះ គឺសំដៅដល់ច្បាប់ធម្មជាតិ ឬធម្មនុញ្ញរបស់ពិភពលោក គឺកម្រងនីតិក្រម ឬប្រព័ន្ធច្បាប់ប្រកបដោយសុក្រឹតភាពល្អផុតលេខ មានសុចរិតភាព ឬយុត្តិធម៌ ល្អផុតលេខ ព្រមទាំងមានតម្លាភាព អព្យាក្រឹតភាពល្អផុតលេខ។ ក្នុងនោះព្រះពុទ្ធសាសនាបានប្រកាសថា ធម្មោ ហវេ រក្ខតិ ធម្មចារី ច្បាប់តែងតែគាំពារថែរក្សាអ្នកគោរពច្បាប់តែម្យ៉ាង ហ្នឹងបើយើងនិយាយឱ្យន័យទូលាយទៅ ប៉ុន្តែបើតាមពាក្យដែលយើងធ្លាប់ប្រើ គឺធម៌រមែងថែរក្សាអ្នកប្រព្រឹត្តធម៌...»។
ចាប់តាំងពីអង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់វិសាខបូជា ជាទិវាបុណ្យអន្តរជាតិក្នុងឆ្នាំ១៩៩៩ មក ប្រទេសដែលគោរពព្រះពុទ្ធសាសនានៅលើសកលលោក បាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាជាសកល ដែលមានឈ្មោះថា «យូអ៊ិន-វិសាខ ឬ វិសាខបូជា នៃអង្គការសហប្រជាជាតិ» ដោយមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពុទ្ធសាសនាអន្តរជាតិប្រចាំឆ្នាំនៅរៀងរាល់វិសាខបូជាម្តងៗ។
ក្នុងឆ្នាំ២០១៥ នេះ ប្រទេសថៃ នឹងទទួលបន្ទុកជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិលើកទី១២ របស់ក្រុមប្រឹក្សាពុទ្ធសាសនា ស្តីអំពីទិវាបុណ្យ «យូអ៊ិន-វិសាខ» ពុទ្ធសករាជ ២៥៥៨ ក្រោមប្រធានបទចម្បង «ព្រះពុទ្ធសាសនា និងវិបត្តិពិភពលោក»។ ក្នុងឱកាសនោះ អ្នកចូលរួមជាច្រើនមកពីប្រទេសនានាលើសកលលោក នឹងពិភាក្សាគ្នាអំពីប្រធានបទតូចៗមួយចំនួន រួមមាន៖ «ការឆ្លើយតបរបស់ពុទ្ធសាសនិកចំពោះទំនាស់សង្គម បញ្ហាបរិស្ថាន និងវិបត្តិផ្នែកអប់រំសិក្សាធិការ» ជាដើម។
កត្តាទាំងនេះបង្ហាញអំពីគោលដៅ និងតួនាទីដ៏សំខាន់នៃពុទ្ធសាសនា ក្នុងការដោះស្រាយវិបត្តិសង្គម ដែលអង្គការសហប្រជាជាតិបានសម្រេចដាក់បញ្ចូលវិសាខបូជា ជាទិវាបុណ្យអន្តរជាតិ ជាការរំលឹកដល់ការលះបង់ដ៏ខ្ពង់ខ្ពស់របស់ព្រះសម្មាសម្ពុទ្ធសមណគោតម ក្នុងការស្វែងរកមាគ៌ារំដោះទុក្ខ និងផ្សព្វផ្សាយនូវមាគ៌ាដ៏ប្រសើរគ្មានពីរនេះដល់មនុស្សលោក ប្រកបដោយក្តីមេត្តាករុណាដ៏បរិសុទ្ធឥតព្រំដែន។
នេះគឺជាការអធិប្បាយរបស់លោកធម្មបណ្ឌិត ហេង មណីចិន្ដា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង៖ «ព្រោះគេឃើញនូវគុណប្រយោជន៍របស់ព្រះពុទ្ធសាសនា ទី១ ជាសាសនាដែលមានចំណាស់យូរ ២៥៦០ឆ្នាំទៅហើយ...។ ទី២ ជាសាសនាមានគោលការណ៍សន្តិភាព មិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក ទី៣ ពុំដែលមានសង្គ្រាមដែលកើតឡើងក្នុងនាមព្រះពុទ្ធសាសនានោះទេ ហើយមានប្រជាជនដល់ទៅជាង ៥០០លាននាក់នាបច្ចុប្បន្ននេះ នៅលើពិភពលោកទាំងមូល បានកាន់ព្រះពុទ្ធសាសនា...។ កត្តាទាំងអស់នេះហើយដែលអង្គការសហប្រជាជាតិបានលើកតម្លៃព្រះពុទ្ធសាសនាថា បានចូលរួមចំណែកដ៏ក្រាស់ក្រែលធំធេងណាស់ក្នុងសន្តិភាពពិភពលោក និងការរួមរស់ជាមួយគ្នាដ៏សុខស្ងប់...»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក្នុងសារស្តីពីទិវាវិសាខបូជា ឆ្នាំ២០១៤ ថ្លែងថា៖ «នាឱកាសបុណ្យវិសាខបូជាដែលជាការឧទ្ទិសដល់ថ្ងៃដែលព្រះពុទ្ធ [សមណគោតម] ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន អង្គការសហប្រជាជាតិសូមចូលរួមជាមួយនឹងប្រជាពលរដ្ឋរាប់លាននាក់ ទាំងពុទ្ធសាសនិក និងមិនមែនជាពុទ្ធសាសនិក ក្នុងការរំលឹក និងឆ្លុះបញ្ចាំងនូវដំណើរជីវិត និងការបង្ហាត់បង្រៀនរបស់ព្រះអង្គ។ សាររបស់ព្រះពុទ្ធអំពីសន្តិភាព ក្តីមេត្តាករុណាអាណិតអាសូរ និងសេចក្ដីស្រឡាញ់ [ដ៏បរិសុទ្ធ] របស់ព្រះអង្គចំពោះសព្វសត្វមានជីវិតទាំងឡាយទាំងពួង បានបង្ហាញប្រាប់ឱ្យយើងទាំងអស់គ្នាបើកបេះដូង ហើយស្រវាឱប [ជួយ] សមាជិកក្រុមគ្រួសារមនុស្សជាតិនៃយើង ជាពិសេសអ្នកទាំងឡាយណាដែលកំពុងត្រូវការ [កំពុងជួបការលំបាក]»។
ក្នុងសេចក្ដីថ្លែងសារនោះ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា៖ «ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធដែលត្រូវគ្រប់សម័យកាលនេះ នឹងជួយលើកទឹកចិត្តយើងឱ្យខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗជាច្រើន ដែលពិភពលោកកំពុងប្រឈមមុខលើវិស័យសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍ និងការគាំពារបរិស្ថាន។ យើងត្រូវតែលះបង់នូវប្រយោជន៍ផ្ទាល់ខ្លួន ហើយគិតគូរពិចារណា និងធ្វើសកម្មភាពក្នុងនាមជាសមាជិកនៃសហគមន៍ពិភពលោកតែមួយ។
សម័យប្រជុំអន្តរជាតិនៃក្រុមប្រឹក្សាផ្នែកពុទ្ធសាសនា ស្ដីពី «ទិវា យូអ៊ិន-វិសាខ» ឬ «បុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ» នេះ បានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ២០០៤ នៅក្នុងប្រទេសថៃ។ តាំងពីពេលនោះមក សន្និសីទអន្តរជាតិនេះ បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ប៉ុន្តែច្រើនតែធ្វើមុនថ្ងៃ ១៥កើត ខែពិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា។ ប្រទេសថៃ បានទទួលរៀបចំកិច្ចប្រជុំនេះ ជាច្រើនលើកមកហើយ។ រីឯប្រទេសវៀតណាម បានស្ម័គ្រទទួលនាទីរៀបចំសន្និសីទស្ដីពី «ទិវា យូអ៊ិន-វិសាខ» នេះ ពីរដងរួចមកហើយដែរ គឺកាលពីឆ្នាំ២០១៣ និងឆ្នាំ២០០៨។
ចំពោះការប្រារព្ធពិធីបុណ្យវិសាខបូជាតាមប្រពៃណីប្រជាពលរដ្ឋពុទ្ធបរិស័ទនៅតាមប្រទេសគោរពពុទ្ធសាសនាវិញ តើប្រព្រឹត្តទៅដូចម្ដេចដែរ?
អត្ថន័យពិធីបុណ្យវិសាខបូជា
Share This
Author Details
Note: Buddha Dharma Monk, Khmer Chef ,Khmer Poem , Khmer Festival,History of Buddha, Grammar Pali, Entertainment, Education, sports, technology, Khmer food, Khmer Housewife, Khmer Literature,Buddhism and society........ ©All rights reserved by MonkCambodia 2020