- ចែកសិស្សជា បីក្រុមៈ
ក្រុមទី១ ឲ្យសង្ខេបរឿងក្រុមទី២ វិភាគតួអង្គ
ក្រុមទី៣ គូររូបភាពក្នុងឈុតណាមួយនៃរឿង
|
ជំហានទី ៤
(ពង្រឹងពុទ្ធិ)
- សង្ខេបរឿងឡើងវិញ
- វិភាគតួអង្គសំខាន់ៗឡើងវិញ
- គូររូបភាពត្រង់ឈុត (ព្រះរាជាបញ្ជាឲ្យចាប់ព្រះចន្ទកុមារយកទៅបូជា)
|
- សិស្សស្ដាប់តាមការចាត់តាំង
- អនុវត្តកិច្ចការតាមក្រុម
|
- ចូរអ្នកខិតខំសិក្សាបន្ថែម ពិសេសខំអានសៀវភៅទសជាតកបន្ថែមទៀតដើម្បីបង្កើនពុទ្ធិ។
|
ជំហានទី ៥
(បណ្ដាំផ្ញើ និងកិច្ចការផ្ទះ)
|
- សិស្សត្រងត្រាប់ និងយកទៅអនុវត្ត។
|
ជំពូក៣៖ សម្ភារៈឧបទេស
កណ្ឌហាលព្រាហ្មណ៍កាត់ក្ដីដោយអយុត្តិធម៌ព្រោះទទួលសំណូកសូកប៉ាន់
ព្រះចន្ទកុមារបានសើរើក្ដី ហើយវិនិច្ឆ័យដោយគតិយុត្ដិធម៌នាំឲ្យមានការគុំគួនពី
កណ្ឌហាលព្រាហ្មណ៍
សុបិននិមិត្តឃើញឋានត្រៃត្រឹង្ស របស់ព្រះបាទឯករាជ
ព្រះបាទឯករាជបានសុបិនឃើញស្ថានត្រៃត្រឹង្ស ហើយចង់ទៅកើតសោយសុខនៅស្ថាននោះ ក៏បានសាកសួរកណ្ឌហាលព្រាហ្មណ៍
ជាឳកាសល្អសម្រាប់ការសងសឹក កណ្ឌហាលព្រាហ្មណ៍បានទូល
ឲ្យសម្លាប់ព្រះចន្ទកុមារ និងមនុស្ស សត្វជាច្រើនទៀត
ទិដ្ឋភាពនៃការចាប់ព្រះចន្ទកុមារ មនុស្ស និងសត្វជាច្រើនបម្រុងនឹងបូជាយញ្ញ
ក្រោមការបង្គាប់បញ្ជារបស់កណ្ឌហាលព្រាហ្មណ៍
អន្ដរាគមន៍របស់ព្រះឥន្ទ្រាធិរាជធ្វើឲ្យជនទាំងឡាយរួចពីសេចក្ដីស្លាប់
ចំណែក កណ្ឌហាលព្រាហ្មណ៍មនុស្សអាក្រក់ត្រូវគេគប់ស្លាប់
ព្រះចន្ទកុមារបានអភិសេកសោយរាជ្យសម្បត្តិប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត
ឧបសម្ព័ន្ធ
ចន្ទកុមារជាតកទី ៧
កាលព្រះពុទ្ធជាបរមសាស្ដាគង់នៅលើភ្នំគិជ្ឈកូដ ទេវទត្តបានសុំនាយខ្មាន់ធ្នូចំនួន ៣១នាក់ អំពីសំណាក់ព្រះបាទអជាតសត្រូវ ហៅនាយខ្មាន់ធ្នូម្នាក់មកនិយាយដោយការសម្ងាត់ថា “អ្នកឯងត្រូវទៅបាញ់សម្លាប់សមណគោតមលើកំពូលភ្នំគិជ្ឈកូដ ហើយចុះមកតាមផ្លូវខាងណោះ”បញ្ចេះហើយបញ្ជូនទៅ។ ហៅនាយខ្មាន់ធ្នូ ២នាក់មកទៀត ឲ្យស្ទាក់ផ្លូវចាំបាញ់ខ្មាន់ធ្នូទី ១ ថា “អ្នកទាំងឡាយ ចូរនៅចាំផ្លូវត្រង់ណោះ ចូរបាញ់មនុស្សម្នាក់ដែលកាន់ធ្នូចុះមកតាមផ្លូវនោះ ហើយជៀសចេញទៅតាមផ្លូវឯណោះវិញ” បញ្ចេះហើយបញ្ជូនទៅ។ ទេវទត្តឲ្យខ្មាន់ធ្នូ ៤នាក់ ចាំស្ទាក់សម្លាប់ខ្មាន់ធ្នូ ២នាក់ ឲ្យខ្មាន់ធ្នូ ៨នាក់ចាំស្ទាក់សម្លាប់ខ្មាន់ធ្នូ ៤នាក់ ឲ្យខ្មាន់ធ្នូ ១៦នាក់ ចាំស្ទាក់សម្លាប់ខ្មាន់ធ្នូ ៨នាក់ ហើយបញ្ចេះឲ្យបែកគ្នាដោយការប្រយ័ត្ន ដើម្បីកុំឲ្យបែកការ។
នាយខ្មាន់ធ្នូទី ១ ឡើងទៅជួបនឹងព្រះសាស្ដា ក៏ជ្រែងជើងផ្ទាប់ព្រួញយឹតបន្លោះ តម្រង់ឆ្ពោះទៅរកសម្ដេចព្រះអរហំ ក៏គាំងរឹងស្ដូកនៅទីនោះ ដូចជាគេគាបដោយយន្ដ។ ព្រះមានបុណ្យមានព្រះពុទ្ធដីកាថាៈបុរសពាល អ្នកឯងកុំភ័យអី ចូរមកអាយ។ ខ្មាន់ធ្នូក៏ដូចជាគេស្រាយ ចូលថ្វាយបង្គំស្ដាប់អរិយសច្ចកថា បានសម្រេចសោតាបត្ដិផល។ ព្រះទសពលហាមថាៈ អ្នកឯងកុំចុះតាមផ្លូវដែលទេវទត្តឲ្យចុះ។ ខ្មាន់ធ្នូនោះចុះទៅតាមផ្លូវឯទៀតបានរួចចាកក្ដីមរណា។
ពួកខ្មាន់ធ្នូ ៤ សង្កាត់ខាងក្រោយទៀតចាំស្ទាក់ផ្លូវមិនឃើញមនុស្សកាន់ធ្នូចុះមកក៏ឡើងទៅដល់បន្ដៗគ្នា បានជួប បានស្ដាប់ធម៌ព្រះសាស្ដាបានសម្រេចសោតាបត្តិផលគ្រប់គ្នាមួយសង្កាត់ម្ដងៗ ហើយរស់រួចចាកក្ដីមរណាគ្រប់គ្នាទាំងអស់។
ភិក្ខុសង្ឃច្រើនអង្គ បានជ្រាបរឿងនេះក៏ប្រជុំគ្នាសរសើរតេជះបារមីនៃព្រះសាស្ដាថាៈ ទេវទត្តព្យាយាមសម្លាប់បានច្រើនដោយចិត្តចងពៀរចំពោះព្រះសាស្ដាតែមួយព្រះអង្គ ឯជនទាំងអស់នោះបានរស់ជីវិត ព្រោះអាស្រ័យតែព្រះសាស្ដាមួយព្រះអង្គដែរ។
ព្រះពុទ្ធជាបរមសាស្ដាត្រាស់ថា “មិនតែឥឡូវនេះទេ ពីដើមមកក៏ធ្លាប់យ៉ាងនេះដែរ” ហើយទ្រង់នាំអតីតនិទានមកសម្ដែងថាៈ
អតីតេ ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយកាលកន្លងទៅហើយ ព្រះរាជបុត្រព្រះបាទវសវតី ព្រះនាមព្រះបាទ-ឯករាជសោយរាជ្យក្នុងនគរបុប្ផវតីមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមចន្ទកុមារជាមហាឧបរាជ។ ព្រាហ្ម-ណ៍ឈ្មោះកណ្ឌហាលព្រាហ្មណ៍ជាអ្នកបង្រៀនប្រដៅនូវអត្ថ និងធម៌។កណ្ឌហាលព្រាហ្មណ៍កាន់តំណែងខាងការវិនិច្ឆ័យផង គាត់តែងស៊ីសំណូកធ្វើជនជាម្ចាស់ឲ្យមិនមែនជាម្ចាស់វិញ។ ថ្ងៃមួយ អ្នកចាញ់ក្ដីម្នាក់បានក្រាបបង្គំទូលនូវរឿងក្ដីរបស់ខ្លួន ចំពោះព្រះចន្ទកុមារ មហាឧបរាជ។ព្រះអង្គយកសំណុំរឿងមកពិនិត្យ ឈ្វេងយល់ពិតជាក្ដីកោង ទើបទ្រង់វិនិច្ឆ័យម្ដងទៀត តាមគតិយុត្តិធម៌។ ប្រជាជនមានសេចក្ដីត្រេកអរ ក៏ស្រែកថ្វាយជ័យថ្វាយពរកងរំពងឡើង។ ព្រះមហាក្សត្រ ទ្រង់ជ្រាបរឿងនេះទើបដកការវិនិច្ឆ័យអំពីកណ្ឌហាលព្រាហ្មណ៍ ព្រះរាជទានដល់ចន្ទកុមារវិញ។ ផលអាកររបស់កណ្ឌហាលព្រាហ្មណ៍ ក៏ដាច់ផុតរលត់ទៅបានជាព្រាហ្មណ៍កើតក្ដីមួម៉ៅ គិតផ្ដន្ទាព្រះចន្ទកុមារ។
ថ្ងៃមួយព្រះរាជាទ្រង់ព្រះសុបិននិមិត្តថា បានទៅឃើញឋានត្រៃត្រឹង្ស ក៏ជាប់ព្រះរាជហឫទ័យកន្ទក់-កន្ទេញចង់ទៅកើតឯឋានសួគ៌នោះទើបសួរកណ្ឌហាលព្រាហ្មណ៍ថាៈ ខ្ញុំត្រូវធ្វើបុណ្យដូចម្ដេចនឹងបានទៅកើតឯស្ថានត្រៃត្រឹង្ស? អ្នកចូរប្រាប់ខ្ញុំឲ្យធ្វើឲ្យខាងតែបានទៅកើតដូចប្រាថ្នា។ បញ្ហានេះគួរតែសួរព្រះពុទ្ធ ឬសាវ័កនៃព្រះពុទ្ធ ប៉ុន្តែមិនដូច្នោះព្រះរាជាទ្រង់ព្រះបុច្ឆាចំពោះកណ្ឌហាលព្រាហ្មណ៍ ជាមនុស្សអន្ធពាលឥតដឹងអ្វីសោះ ដូចជាមនុស្សវង្វេងផ្លូវអស់មួយសប្ដាហ៍ ហើយសួរផ្លូវចំពោះមនុស្សម្នាក់ទៀតដែលវង្វេងអស់កន្លះខែហើយដូច្នោះឯង។
ព្រាហ្មណ៍ក្រាបបង្គំទូលថាៈ សូមទ្រង់ព្រះមេត្តាប្រោស ជនទាំងឡាយឲ្យទានដ៏ក្រៃលែងសម្លាប់បុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតឯឋានសួគ៌។
-ទានដ៏ក្រៃលែងដូចម្ដេច? បុគ្គលទាំងឡាយដូចម្ដេចដែលមិនគួរសម្លាប់? ចូរអ្នកប្រាប់ យើងនឹងធ្វើឲ្យខាងតែកើត។
-ព្រះអង្គគប្បីបូជាយញ្ញដោយព្រះរាជបុត្រទាំងឡាយ៤ផង ដោយព្រះអគ្គមហេសីទាំងឡាយ ៤ផងដោយសេដ្ឋីទាំងឡាយ ៤ផង ដោយគោឧសភរាជទាំងឡាយ ៤ផង ដោយសេះជាអាជានេយ្យទាំងឡាយ ៤ផងហើយនិងសត្វទាំងឡាយឯទៀតៗ មានដំរី ជាដើម សុទ្ធតែបួនៗ គ្រប់មុខយ៉ាងនេះទើបឈ្មោះថា ឲ្យនូវទានដ៏ក្រៃលែង ឈ្មោះថាសម្លាប់នូវបុគ្គលដែលមិនគួរសម្លាប់ទើបបានទៅកើតឯស្ថានសួគ៌។
ព្រះរាជាទ្រង់ត្រាស់ព្រះរាជបញ្ជាថាៈ អ្នកទាំងឡាយចូរទៅចាប់កុមារទាំងឡាយគឺ ចន្ទកុមារ១ សុរិយ-កុមារ១ ភទ្ទសេនកុមារ១ សុរកុមារ១រាមគោត្តកុមារ១ ចូរចាប់កុមារីទាំងឡាយគឺ នាងឧបសេនា១ កោកិលា១មិទិតា១ នន្ទា១ ចូរចាប់មហេសីទាំងឡាយគឺនាងវិជយា១ នាងឯរាវតី១នាងកេសិនី១ នាងសុនន្ទា១ ចូរចាប់គហបតីទាំងឡាយគឺ បុណ្ណមុខ១ភទ្ទិយ១ លិង្គាល១ វឌ្ឍ១ យកមកប្រជុំគ្នាដើម្បីការបូជាយញ្ញ។ ពួកជនទាំង-នោះ មកជួបជុំគ្នាដេរដាសដោយកូន និងប្រពន្ធ អង្វរករដោយប្រការផ្សេងៗ ក៏ពុំរួច។
ព្រះរាជាឲ្យយកសត្វទាំងឡាយមានដំរីជាដើម សុទ្ធតែសត្វដែលមានឈ្មោះគេស្គាល់សាយសុះមកប្រជុំគ្នា ដើម្បីបូជាយញ្ញក្នុងវេលាព្រឹកស្អែក។ សូរសព្ទសម្រែកនៃមនុស្សប្រុសស្រីជាសំឡេងគួរខ្លាច លាន់ឮឡើងពេញទាំងរាជបុរី។
ព្រះរាជមាតានៃព្រះបាទឯករាជ និងព្រះបាទវសវតីជាព្រះបិតាទ្រង់ឃាត់ថាៈ ម្នាលកូន អ្នកកុំជឿកណ្ឌ-ហាលព្រាហ្មណ៍ថាសុគតិមានដោយការបូជាបុត្រជាដើមយ៉ាងនេះឡើយ ផ្លូវហ្នឹងជាផ្លូវទៅកាន់នរកទេកូនអ្នកចូរឲ្យទានទាំងឡាយដល់សមណៈ ជីព្រាហ្មណ៍វិញ កុំបៀតបៀនសត្វទាំងឡាយដែលកើតហើយ នឹងត្រូវកើតតទៅ នេះទើបជាផ្លូវនៃសុគតិ។ទោះបីព្រះរាជបិតាមាតាអង្វរប្រាប់ផ្លូវត្រូវដូច្នេះ ក៏ព្រះបាទឯករាជពុំព្រម។
ព្រះចន្ទកុមារអង្វរថាៈ បពិត្រព្រះបិតា សូមព្រះអង្គកុំសម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលព្រះបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃកណ្ឌហាលព្រាហ្មណ៍ចុះ ចំណែកទូលព្រះបង្គំជាខ្ញុំទាំងឡាយជាអ្នកជាប់ចំណងហើយ នឹងឃ្វាលដំរី នឹងចាក់ចោលនូវមូលដំរី(អាចម៍ដំរី) នឹងចាក់ចោលនូវមូលសេះរបស់កណ្ឌហាលព្រាហ្មណ៍ ឬមួយព្រះអង្គបំបរបង់ទូលព្រះបង្គំទាំងឡាយចាកដែន ក៏ទូលព្រះបង្គំជាខ្ញុំទាំងឡាយសុខចិត្តដើរសុំទានគេចិញ្ចឹមជីវិតដែរ។
ព្រះបាទឯករាជថាៈ អ្នកទាំងឡាយបង្កើតក្ដីទុក្ខដល់យើងខ្លាំងណាស់ យំស្រែកព្រោះតែចង់បានជីវិត ឥឡូវនេះចូរអ្នកទាំងឡាយលែងកុមារទំាងឡាយទៅ ការបូជាយញ្ញដោយកូនរបស់អញល្មមលើកលែងចុះ។
កណ្ឌហាលព្រាហ្មណ៍ថាៈ ទូលព្រះបង្គំជាខ្ញុំបានក្រាបបង្គំទូលតាំងពីដើមមកថា “ការបូជាយញ្ញជាអំពើធ្វើបានដោយកម្រ” ចុះកាលបើគ្រឿងយញ្ញ ដែលទូលព្រះបង្គំប្រុងប្រៀបស្រេច តាមព្រះរាជបំណងហើយ ម្ដេចក៏ព្រះអង្គធ្វើឲ្យអាក់ខានទៅវិញ! ជនទាំងឡាយណាបូជាយញ្ញដោយខ្លួនឯងក្ដី ឲ្យគេបូជាយញ្ញក្ដី ឬគ្រាន់តែអនុមោទនាមហាយញ្ញក្ដីជនទំាងឡាយនោះរមែងទៅកាន់សុគតិ។
ព្រះចន្ទកុមារថាៈ ព្រះអង្គឲ្យព្រាហ្មណ៍សម្លាប់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ដោយឥតហេតុសោះ ពីដើម កាលដែលទូលព្រះបង្គំជាខ្ញុំនៅក្មេងម្ដេចក៏មិនឲ្យស្លាប់ឲ្យហើយទៅ! ទើបតែឥឡូវទូលព្រះបង្គំជាខ្ញុំទាំងឡាយ ពេញកម្លោះ ឥតប្រទូស្ដសោះស្រាប់តែត្រូវឲ្យគេសម្លាប់ទៅវិញ! សូមព្រះអង្គទតនូវទូលព្រះបង្គំជាខ្ញុំទាំងឡាយដែលពាក់គ្រឿងក្រោះជិះសេះ ជិះដំរីទៅតតាំងច្បាំងតទល់នឹងបច្ចាមិត្រ ដែលកន្លងហួសមកហើយក្ដី ទើបនឹងហើយថ្មីៗនេះក្ដី ឲ្យជាក់លាក់ផង មនុស្សទាំងឡាយបែបនេះពុំមែនសម្រាប់ដុតបូជាយញ្ញទេ! សម្លាប់មនុស្សបែបនេះពុំសមហេតុទេ ! សូម្បីមេសត្វបក្សីដែលធ្វើសម្បុកដោយស្មៅហើយនៅក៏វាចេះស្រឡាញ់កូនដែរ សូមព្រះអង្គកុំជឿពាក្យកណ្ឌហាលព្រាហ្មណ៍ បើគាត់សម្លាប់ទូលព្រះបង្គំជាខ្ញុំបានហើយ មុខជានឹងសម្លាប់ព្រះអង្គទៀតជាលំដាប់គ្នា។
ព្រះរាជាទ្រង់ឲ្យលើកលែងការបូជាយញ្ញទៀត។
កណ្ឌហាលព្រាហ្មណ៍តវ៉ាដដែលៗដូចមុនទៀត។
ព្រះចន្ទកុមារថាៈ បើប្រាកដជាបុគ្គលទាំងឡាយបូជាយញ្ញហើយបានទៅកើតនៅទេវលោក កណ្ឌ-ហាលព្រាហ្មណ៍ហ្នឹងឯង គប្បីបូជាកូនគាត់មុនចុះ សឹមបូជាខ្ញុំជាខាងក្រោយ។ ព្រាហ្មណ៍ក៏ទើរត្រឹមណោះមួយស្របក់។
លំដាប់នោះ វសុលរាជកុមារ និងសេលារាជកុមារីបម្រះននៀលក្នុងទីចំពោះព្រះភក្ត្រព្រះរាជា ទ្រង់ព្រះ-កន្សែងអង្វរថាៈ សូមព្រះអង្គកុំសម្លាប់ព្រះបិតាខ្ញុំព្រះអង្គឡើយ ព្រោះខ្ញុំព្រះអង្គនៅក្មេងណាស់។ ព្រះរាជាឲ្យលើកលែងនូវការបូជាយញ្ញទៀត។
កណ្ឌហាលព្រាហ្មណ៍ថា “សូមព្រះអង្គយាងចេញទៅ! ចាំទៅរីករាយក្នុងឋានសួគ៌ឯណោះចុះ ការ-បូជាយញ្ញស្រេចលើទូលព្រះបង្គំជាខ្ញុំ”ថាហើយក៏ឲ្យគេនាំព្រះចន្ទកុមារ និងសុរិយកុមារទៅកាន់កន្លែងបូជា-យញ្ញមុនគេបង្អស់។ ព្រះនាងគោត្តមីទេវីជាព្រះមាតានៃពោធិសត្វ បម្រះននៀលទៀបព្រះបាទនៃព្រះមហា-ក្សត្រទ្រង់ព្រះកន្សែងថាៈ ខ្ញុំម្ចាស់នឹងជាស្រីឆ្កួតសាបសូន្យចាកសេចក្ដីចម្រើន ប្រឡាក់ប្រឡួកដោយធូលីដី ឬបែកធ្លាយនូវជីវិតិន្រ្ទិយ បើគេសម្លាប់ចន្ទកុមារ និងសុរិយកុមារ.....។ ព្រះនាងសោករាប់រៀបច្រើនប្រការត្រាតែដួលសន្លប់លើផែនដី។ ព្រះចន្ទកុមារងាកមកស្ទុះឳបព្រះមាតាសោយសោកថាៈ បពិត្រព្រះមាតា ព្រះអង្គបានបង្កើតបុត្រ គឺចន្ទកុមារមក មានទុក្ខព្រួយច្រើនណាស់គឺព្រោះតែការចិញ្ចឹម ខ្ញុំជាកូនសូមលាព្រះមាតា ទៅកាន់ការស្លាប់ សុំព្រះរាជបិតាបានទៅបរលោកដែលសម្បូណ៍ដោយសម្បត្តិចុះ ណ្ហើយចុះសូមព្រះមាតាកៀកខ្ញុំអនុញ្ញាតិឲ្យថ្វាយបង្គំព្រះបាទ ព្រះមាតា ត្បិតឥឡូវនេះខ្ញុំនឹងទៅកាន់ទីព្រាត់ប្រាស។
ព្រះនាងចន្ទាទេវី មហេសីពោធិសត្វប្រហារខ្លួនឯងដោយបាតដៃទាំងពីរ ទ្រង់ពិលាបថាៈ ការរស់នៅក្នុងលោកនេះល្មមប៉ុណ្ណឹងហើយ អញនឹងផឹកថ្នាំពិសឲ្យស្លាប់.....។ កាលគ្រឿងប្រដាប់បូជាយញ្ញគ្រប់យ៉ាង ដែលគេចាត់ចែងហើយ កាលព្រះចន្ទកុមារ និងសុរិយកុមារ គេឲ្យអង្គុយដើម្បីប្រហារបូជាយញ្ញហើយ ព្រះនាងចន្ទាបញ្ចាលរាជធីតា លើកកំបង់អញ្ជលីស្ទុះចូលទៅតាមចន្លោះពួកបរិស័ទ ស្រែកប្រកាសយ៉ាងខ្លាំងថាៈកណ្ឌហាលព្រាហ្មណ៍ជាមនុស្សយល់ខុស ធ្វើបាបកម្ម! ខ្ញុំសូមព្រមព្រៀងស្លាប់ជាមួយនឹងព្រះស្វាមី! ដោយសច្ចវាចានេះ សូមពួក អមនុស្ស សូមពួកទេវតា សូមពួកសត្វដែលកើតហើយ សូមពួកសត្វដែលត្រូវកើត ជួយធ្វើសេចក្ដីខ្វល់ខ្វាយ ចំពោះខ្ញុំ! សូមជួយថែរក្សាខ្ញុំជាមនុស្សអនាថាកំពុងស្វែងរកទីពឹង! ខ្ញុំសូមឲ្យតែព្រះស្វាមី ដែលពួកបច្ចាមិត្រផ្ចាញ់មិនបានតែប៉ុណ្ណោះ។ ប្រកាសហើយក៏ចូលទៅក្នុងចន្លោះនៃព្រះរាជកុមារទំាងពីរ ព្រះនាងកៀកព្រះសុរងជាប់ដើម្បីឲ្យស្លាប់ជាមួយគ្នា។
គ្រានោះព្រះឥន្ទ្រាធិរាជទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយ ក៏គ្រវីដែកស្រែកគម្រាមព្រះបាទឯករាជថាៈ ម្នាលស្ដេចកាឡកណ្ណីអប្រិយលាមក ឯងចូរដឹងចុះកុំចាំឲ្យអញសំពងក្បាលទាន់! ឯងកុំសម្លាប់បុត្រច្បងដែលជាអ្នកអង់អាចដូចរាជសីហ៍ ឥតសេចក្ដីប្រទូស្ដ! ម្នាលស្ដេចកាឡកណ្ណី ឯងធ្លាប់ឃើញពីអង្កាល់ នូវអ្នកសម្លាប់បុត្រ ភរិយា សេដ្ឋីគហបតី ព្រោះប្រាថ្នាឋានសួគ៌។ កណ្ឌហាលព្រាហ្មណ៍ព្រមទាំងព្រះរាជាបានឮបានឃើញនូវសក្កទេវរាជដែលមិនធ្លាប់ឃើញសោះក៏ស្ទុះទៅស្រាយចំណងពីជនទាំងពួងមួយរំពេច។ កាលបើជនទាំងអស់រួចពីចំណងហើយ ពួកជនដែលមកក្នុងកន្លែងនោះក៏នាំគ្នាគប់ដោយដុំដីមួយដុំម្នាក់ៗត្រាតែកណ្ឌ-ហាលព្រាហ្មណ៍ស្លាប់ទៅកើតឯឋាននរកទៅ។
តមក ពួករាជបុរស រាជសេនាបតី នាម៉ឺនសព្វមុខមន្ត្រីស្រីស្នំស្រឹង្គាររាជកញ្ញា បានចាត់ការធ្វើរាជា-ភិសេក លើកស្វេតឆ័ត្រថ្វាយចំពោះព្រះចន្ទកុមារ។ ទាំងសក្កទេវរាជ ព្រមទាំងទេវបរិស័ទ ទេពកញ្ញាក៏ដោតទង់ចងបដាសំពត់មានពណ៌ផ្សេងៗសម្ដែងសេចក្ដីអបអរឈូឆរពាសពេញទាំងអាកាស។
ព្រះចន្ទកុមារទ្រង់សោយរាជ្យប្រកបដោយធម៌ ទ្រង់ត្រេកអរតែក្នុងការបរិច្ចាគទាន មួយថ្ងៃៗបើព្រះអង្គពុំទាន់បានព្រះរាជទាននូវទេយ្យធម៌ចំពោះទក្ខិណេយ្យបុគ្គលទេនោះ ទ្រង់ពុំសោយព្រះស្ងោយមុនឡើយ ដរាបដល់រាជជីវិតាវសាន្ដបានទៅកើតនៅស្ថានសួគ៌ទេវលោកនាយហោង។
ព្រះពុទ្ធជាបរមសាស្ដាចារ្យ ទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយ ទ្រង់បន្ថែមព្រះពុទ្ធដីកាទៀតថា “ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើម ទេវទត្តព្យាយាមសម្លាប់មនុស្សដ៏ច្រើនព្រោះអាស្រ័យនូវតថាគតម្នាក់យ៉ាងនេះ” ហើយទ្រង់ប្រជុំជាតកថាៈ កណ្ឌហាលព្រាហ្មណ៍ក្នុងកាលណោះគឺជាទេវទត្តនេះ ព្រះនាង-គោត្តមីទេវី គឺជាព្រះនាងមហាមាយា ព្រះនាងចន្ទាទេវី (បញ្ចាលរាជធីតា) គឺជាមាតានៃរាហុល វសុលរាជ-កុមារ គឺជារាហុល សេលារាជកុមារី គឺជានាងឧប្បលវណ្ណា សុរកុមារគឺជាអានន្ទ រាមគោត្តកុមារ គឺជាកស្សប ភទ្ទសេនកុមារ គឺជាមោគ្គល្លានសុរិយកុមារ គឺជាសារីបុត្រ ព្រះឥន្ទ្រ គឺជាអនុរុទ្ធ បរិស័ទទាំងឡាយក្នុងគ្រានោះ គឺជាពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ ឯព្រះចន្ទកុមារ គឺជាអង្គអញតថាគត អរហន្ដសម្មាសម្ពុទ្ធហ្នឹងឯងហោង។
(ឈឹម សុមន៍ សង្ខេបទ
សូមអរគុណដើម្បីទទួលបានចំណេះដឹងពីwebsite free នេះ!
ReplyDeleteអរគុណ
DeleteThanks You
ReplyDelete