ប្រវត្តិ​នៃ​ពិធី​បុណ្យ​មាឃបូជា - MonkCambodia

ប្រវត្តិ​នៃ​ពិធី​បុណ្យ​មាឃបូជា

Share This


ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដែល​ត្រូវ​នឹង​ថ្ងៃ​១៥ កើត ពេញ​បូរណ៌​មី ខែ​មាឃ ពុទ្ធ​សករាជ ២៥៦០ ស្អែក​នេះ​គឺជា​ថ្ងៃ​បុណ្យ​មាឃបូជា ដែល​មាន​សារៈសំខាន់ នៅក្នុង​ពុទ្ធសាសនា​។ មាឃបូជា គឺជា​ពិធី​បុណ្យ​មួយ​ដែរ ដែល​ពុទ្ធសាសនិក​នាំ​គ្នា​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ពេញ​បូរណ៌​មី ខែ​មាឃ​។ គេ​កំណត់​យក​ថ្ងៃ​ពេញ​បូរណ៌​មី ១៥​កើត ខែ​មាឃ ព្រោះ​ថ្ងៃ​ខែ​នេះ​ទាក់ទង​នឹង​ពុទ្ធ ប្រវត្តិ​ដូច​ពិសាខបូជា​ដែរ​។ នៅ​ថ្ងៃ​ពេញ​បូរណ៌​មី ខែមាឃ​ក្នុង​ឆ្នាំ​ដំបូង​ដែល​ព្រះពុទ្ធ​បាន​ត្រាស់ដឹង​ក្នុង​ព្រះ​ជន្មាយុ​៣៥​វស្សា មាន​មហាសន្និបាត​មួយ ដែល​មាន​ព្រះអរហន្ត​១,២៥០​អង្គ ។​ប្រភព​នៃ​ព្រះសង្ឃ​ទាំង ១,២៥០​អង្គ​នោះ គឺ ៖
-​សិស្សគណ​របស់​ព្រះ​ឧរុ​វេលក​ស្សបៈ​ចំនួន ៥០០​អង្គ​
- សិស្សគណ​របស់​ព្រះ​នទី​ក​ស្សបៈ​ចំនួន ៣០០​អង្គ​
- សិស្សគណ​របស់​ព្រះ​គយាក​ស្សបៈ​ចំនួន ២០០​អង្គ​
- សិស្សគណ​របស់​ព្រះ​សារីបុត្រ​និង​ព្រះ​មោគ្គល្លាន​ចំនួន​២៥០​អង្គ​។​
​សរុប​ព្រះសង្ឃ​ទាំងអស់ ១,២៥០​អង្គ​ដោយ​មិន​រាប់​បញ្ចូល​ព្រះ​ឧរុ​វេលក​ស្សបៈ​,​ព្រះ​នទី​ក​ស្សបៈ​, ព្រះ​គយាក​ស្សបៈ​, ព្រះ​សារីបុត្រ និង ព្រះ​មោគ្គល្លាន​នោះ​ទេ​បើ​រាប់បញ្ចូល ៥​អង្គ​នេះ​ទៀត​បាន​ជា ១,២៥៥ អង្គ​។​
​នៅពេល​ជួបជុំគ្នា ព្រះពុទ្ធ​ទ្រង់​សម្តែង​ឱវាទ បាដិមោក្ខ ហើយ​ទ្រង់​តាំង សារីបុត្រ​ជាបឋម​សាវ័ក​ព្រះ មោគ្គល្លាន​ជា​ទុតិយ​សា​វ័ន​។ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បាន​ឆ្លៀតឱកាស​នោះ សម្តែង​ឱវាទ​បាដិមោក្ខ​ដល់​ព្រះសង្ឃ​ចំនួន ១,២៥០​អង្គ​នោះ​ដោយ​ទ្រង់ កំណត់​គោលនយោបាយ ក្នុង​ការផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​៥​ចំណុច​គឺ​៖
១. ឧត្តមគតិ​បានដ​ល់ អំណត់​អត់ធ្មត់​ចាត់​ជា​ការតស៊ូ​យ៉ាងសិ្វត​ស្វាញ (​អភ័យ​ទាន​ផ្នែក​នយោបាយ​)
២. គោលបំណង​បាន​ដល់ ព្រះ​និព្វាន​ចាត់​ជា​គោលបំណង​ខ្ពង់ខ្ពស់​របស់​ព្រះពុទ្ធសាសនា (​សាធារណៈ​ប្រយោជន៍​)​។​
៣. វិធី​បដិបត្តិ​បាន​ដល់ មិន​រំលោភ​សិទ្ធិមនុស្ស​និង​សត្វ (​សិទ្ធិមនុស្ស​)​។​
៤. គោលការណ៍​មាន ៣​ចំណុច​គឺ​៖
- មិន​ធ្វើ​អំពើ​អាក្រក់​ទាំងពួង (​សន្តិសុខ​)
- ធ្វើ​អំពើ​ល្អ​ឲ្យដល់​ព្រម (​ប្រយោជន៍​សង្គម​)
- ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​(​អត្តា​ភិ​វឌ្ឍន៍​)​។​
៥. វិធីសាស្ត្រ មាន​៦​ចំណុច​គឺ​៖
-​មិន​បរិហារកេរ្តិ៍​បុគ្គល​ណា​(​វចី​សុចរិត​=​សណ្ហ​វាចា​,​សច្ច​វាចា​,​អបិ​សុណ​វាចា​,​មន្តា​វាចា​;​ឃោសនា​ការ​)
- មិន​ធ្វើទុក្ខបុកម្នេញ​បុគ្គល​ណា (​អហិង្សា ឬ សន្តិវិធី​)
- គោរព​ក្រមសីលធម៌ (​ចរិយា​សាស្ត្រ​)
- ស្គាល់ប្រមាណ​ក្នុង​អាហារ (​សេដ្ឋកិច្ច​)
- ង្គុយ​ឬ​សិង​ក្នុង​ទី​ស្ងាត់ (​នគរូបនីយកម្ម​)
- ប្រកប​ព្យាយាម​ក្នុង​អធិចិត្ត (​សិក្សាធិការ​)​។​
​ព្រះជន្ម​គម្រប់​៨០​វស្សា មុន​ថ្ងៃ​បរិ​ព្វាន​៣​ខែ គឺ​នៅ​ថ្ងៃ​ពេញ​បូរណ៌​មី​ខែ​មាឃ មាន​ក្រុម​មារ​មក​និមន្ត​ព្រះពុទ្ធ​ឱ្យ​ចូល​និពា្វ​ន ព្រះអង្គ​ទ្រង់​ឆ្លើយ​ប្រាប់​មារ​ថា ព្រះអង្គ​នឹង​ទ្រង់ នឹង​បរិនិព្វាន​នៅ​៣​ខែ​ទៀត គឺ​ដល់​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​ខាងមុខ​។​ការដាក់​ជន្មាយុ​សង្ខារ​នេះ គឺជា​ការបង្ហាញ​នូវ​សភាព​មិន​ទៀង​នៃ​សង្ខារ​ដែល​កើត​មក​ហើយ រមែង​រលត់ទៅវិញ​ជាធម្មតា ដើម្បី​ឱ្យ​យើងទាំងអស់គ្នា​បាន​ពិចារណា​ថា សត្វលោក​ទាំងអស់ គឺ​ស្ថិតក្នុង​ភាព​មិន​ទៀងទាត់ គ្មាន​នរណា​ម្នាក់​អមតៈ​ឡើយ សូម្បី​តែ​ព្រះអង្គ​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ ហើយ​ក៏​គង់​នឹង​ចូល​បរិនិព្វាន​ដែរ ។
Flag Counter