វិធីសមាទានសីល ១០ឬ​ទសសីល - MonkCambodia

វិធីសមាទានសីល ១០ឬ​ទសសីល

Share This
បែបអ្នកកាន់សីល ១០

ឧបាសក ឧបាសិកា អ្នករក្សាសីល១០ ឬ​ទសសីល​ត្រូវកោរសក់ បើមានពុកមាត់ ពុកចង្កា ក៏ត្រូវកោរផងដែរ។ ត្រូវកាត់ក្រចកដៃ ក្រចកជើង ឲ្យស្មើនឹងសាច់ ។ ត្រូវស្លៀកពាក់ស ឬពានា សំពត់សផងក៏បាន តាមគួរដល់ការលៃលកឲ្យសមរម្យតាមសុភាពបុរសនិងស្ត្រី ។ សីលកើតមានឡើងដោយសារវិរតីចេតនា ពុំមែនដោយសារ កោរសក់ ស្លៀកពាក់សទេ ក៏ពិតមែនហើយ ប៉ុន្តែការកោរសក់ ស្លៀកពាក់សនេះជាប្រវេណីមួយសម្រាប់គ្រហស្ថអ្នកកាន់សីល ១០ ។ ក្នុងព្រះពុទ្ធសាសនា ជាគ្រឿងសម្គាល់ឲ្យឃើញប្លែកពីគ្រហស្ថទាំងពួង ទាំងជាភ័ស្តុតាង ដល់ផ្លូវចិត្តរបស់គ្រហស្ថអ្នកកាន់សីល ១០ នោះផងទៀត ។ ប៉ុន្តែកុំយល់ថាដូចគ្នានឹងអ្នកស្លៀកពាក់សតាមធម្មតា ឬអ្នកដែលកោរសក់ កោរពុកចង្កាធម្មតា ឥតបានសមាទានកាន់សីលនោះសោះឡើយ ។ អ្នកកាន់សីលនិងអ្នកមិនកាន់សីលមានសភាពផ្សេងផ្ទុយគ្នាដោយផ្លូវចិត្ត ដោយចរិយា និងគុណសម្បត្តិ សូម្បីអ្នកកាន់សីលផងគ្នា ក៏គង់ផ្សេងទីទៃពីគ្នា ដោយថ្នាក់សីលធម៌ដែរ ។ ភិក្ខុមានសីលខ្ពស់ជាងសាមណេរ ។ សាមណេរមានសីលខ្ពស់ជាងគ្រហស្ថអ្នកកាន់សីល ១០ ។ គ្រហស្ថអ្នកកាន់សីល ១០ មានថ្នាក់ខ្ពស់ជាងអ្នកកាន់សីល ៨ ។ អ្នកកាន់សីល ៨ មានថ្នាក់ខ្ពស់ជាងអ្នកកាន់សីល ៥ ។ អ្នកកាន់សីលទាំងនះ សុទ្ធតែគួរគារពគ្នាតាមលំដាប់ ថ្នាក់សីល ទាំងតាមលំដាប់ ថ្នាក់អាយុវស្សាក្មេង ចាស់ ហើយនិង គុណសម្បត្តិផងទៀត ទើបសមគួរតាមលំអានគន្លង គារវធម៌ក្នុងព្រះពុទ្ធសាសនា និងបោរាណិកធម៌ក្នុងកាលព្រេងនាយ ។ សូម្បី សត្វតិរច្ឆានធំតូចដូចយ៉ាង សត្វទទា ស្វា ដំរី ដែលចេះគោរពគ្នាតាមថ្នាក់អាយុចាស់ក្មេងក៏អាចបានសុគតិភពជាទិដ្ឋានុគតិឲ្យមនុស្សយកតម្រាប់បានដែរ ។ វិធីសមាទានសីល ១០ វិធីសមាទានសីល ១០ ដូចតទៅនេះ អ្នកទទួលកាន់តាមសិក្ខាបទ ១០ មុននឹងទទួល គប្បីសូត្រនមស្ការថ្វាយបង្គំរំឭកដល់គុណព្រះរតនត្រ័យដោយសង្ខេបជាមុន រួចហើយត្រូវ សូមនូវ ទសសីល ព្រមទាំងព្រះត្រ័យសរណគមន៍ចំពោះនឹងភិក្ខុដែលខ្លួននឹងសមាទានថា៖ ឧកាស អហំ (មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម) អនុគ្គហំ កត្វា សីលំ ទេថ មេ (នោ) ភន្តេ ។ សូមគោរព, បពិត្រព្រះករុណាដ៍ចំរើន ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ) សូមនូវសីលទាំងឡាយ ១០ មួយអន្លើដោយព្រះត្រៃសរណគមន៍ផង ទានប្រោស សូមព្រះករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណា (ដល់ខ្ញុំព្រះករុណាទាំងឡាយ) ។ ទុតិយម្បិ អហំ(មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម) អនុគ្គហំ កត្វា សីលំ ទេថ មេ(នោ) ភន្តេ ។ សូមគោរព, បពិត្រព្រះករុណាដ៍ចំរើន ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ) សូមនូវសីលទាំងឡាយ ១០ មួយអន្លើដោយព្រះត្រៃសរណគមន៍ផង ទានប្រោស សូមព្រះករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណា (ដល់ខ្ញុំព្រះករុណាទាំងឡាយ) អស់វារៈជាគម្រប់ ពីរ ដងផង ។ តតិយម្បិ អហំ(មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម)អនុគ្គហំ កត្វា សីលំ ទេថ មេ(នោ) ភន្តេ ។ សូមគោរព, បពិត្រព្រះករុណាដ៍ចំរើន ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ) សូមនូវសីលទាំងឡាយ ១០ មួយអន្លើដោយព្រះត្រៃសរណគមន៍ផង ទានប្រោស សូមព្រះករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណា (ដល់ខ្ញុំព្រះករុណាទាំងឡាយ) អស់វារៈជាគម្រប់ បី ដងផង ។ ចំណាំៈ ពាក្យនៅក្នុងវង់ក្រចក សម្រាប់គ្នាច្រើនតាំងពី ២ នាក់ឡើងទៅ នឹងសូមតែម្នាក់ ត្រូវប្រើពាក្យទាំងនោះជំនួសវិញ ។ ប៉ុន្តែបើសូត្រសូមទាំងអស់គ្នា ត្រូវថា អហំ…យាចាមិ…មេ ដូចអ្នកសមាទានតែម្នាក់ដែរ ។ លោកអ្នកឲ្យសីល គួរពោលពាក្យថាៈ យមហំ វទាមិ តំ វទេហិ អាត្មាពោលនូវពាក្យណា ចូរអ្នកពោលនូវពាក្យនោះ ។ បើឧបាសកឧបាសិកាច្រើនគ្នា តាំងពី ២ នាក់ឡើងទៅ, លោកអ្នកឲ្យសីលត្រូវថាៈ យមហំ វទាមិ, តំ វទេថ អាត្មាពោលនូវពាក្យណា ចូរអ្នកទាំងឡាយពោលនូវពាក្យនោះ ។ អ្នកទទួលសីលត្រូវតបថា អាម ភន្តេ ព្រះករុណាទានប្រោស ។ លោកអ្នកឲ្យសីលសូត្រថាៈ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ ប្រែថាៈ រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥត មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។ លោកឲ្យត្រៃសរណគមន៍តទៅទៀតៈ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ។ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭក ។ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក ។ ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭកជាគម្រប់ពីរដងផង ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭកជាគម្រប់ពីរដងផង ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭកជាគម្រប់ពីរដងផង ។ តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭកជាគម្រប់បីដងផង ។ តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭកជាគម្រប់បីដងផង ។ តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭកជាគម្រប់បីដងផង ។ តិសរណគ្គហណំ បរិបុណ្ណំ ការទទួលត្រៃសរណគមន៍ ចប់បរិបូណ៌ហើយ ។ អ្នកទទួលសីលត្រូវតបថា អាម ភន្តេ ព្រះករុណាទានប្រោស ។ រួចលោកឲ្យ សីល ១០ ដូចតទៅ៖ ១ បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។ ២ អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺ ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។ ៣ អព្រហ្មចរិយា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាប គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌ មិនប្រសើរ គឺសេពនូវមេថុធម្ម ។ ៤ មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទគឺ ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។ ៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូម សមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹក ស្រវឹង គឺសុរានិងមេរ័យ ។ ៦ វិកាលភោជនា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស ។ ៧ នច្ចគីតវាទិតវិសូកទស្សនា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែល ជាសត្រូវដល់កុសលធម៌ ។ ៨ មាលាគន្ធវិលេបនធារណបណ្ឌនវិភូសនដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់ និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។ ៩ ឧច្ចាសយនមហាសយនា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក សេនាសនៈដ៏ខ្ពស់ហួស ប្រមាណ និងសេនាសនៈដ៏ប្រសើរ ។ ១០ ជាតរូបរជតប្បដិគ្គហណា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាសនិង ប្រាក់ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យក ហើយត្រកអរចំពោះមានិងប្រាក់នោះ ។ ឥមានិ ទស សិក្ខាបទានិ អប្បមាទេន សម្មារក្ខិតព្វំ អ្នក(អ្នកទាំងឡាយ) ត្រូវរក្សាដោយប្រពៃ នូវសិក្ខាបទទាំងឡាយ ១០ នេះកុំបីធ្វេសប្រហែសឡើយ ។ អ្នកសមាទានត្រូវទទួលថា អាម ភន្តេ ព្រះករុណា ទានប្រាស ។ លំដាប់មកទៀត លោកអ្នកឲ្យសីល សំដែងអានិសង្សសីលឲ្យស្ដាប់ សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ សត្វទាំងឡាយ ទៅកាន់ស្ថានសួគ៌បាន ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន ក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។ អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃហើយ ។ ចប់វគ្គទទួលសីល ១០ លោកអ្នកឲ្យសីលសំដែងអំពីអានិសង្សសង្ខេបឲ្យស្ដាប់តទៅទៀត កិកីវ អណ្ឌំ ចមរីវ វាលធឹ បិយំវ បុត្តំ នយនំវ ឯកកំ តថេវ សីលំ អនុរក្ខមានកា សុបេសលា ហោថ សទា សគារវា ។ សត្វត្រដេវ៉ិច រក្សានូវស៊ុតវា យ៉ាងណាមិញ សត្វចាមរី រក្សានូវកន្ទុយវា យ៉ាងណាមិញ មាតារក្សានូវបុត្រាតែមួយយ៉ាងណាមិញ ជនមានភ្នែកតែម្ខាង រក្សានូវភ្នែក យ៉ាងណាមិញ អ្នកទាំងឡាយ កំពុងរក្សាសីល ជាអ្នកមានសីលជាទីស្រឡាញ់ក្រៃលែង ចូរជាអ្នកប្រកបដោយសេចក្ដីគោរពសីល ឲ្យបានសព្វកាល ក៏យ៉ាងនោះដែរ ។ សីលំ យោគិស្ស លង្ការោ សីលំ យោគិស្ស មណ្ឌនំ សីលេហិ លង្កតោ យោគី មណ្ឌនេ អគ្គតំ គតោ ។ សីលជាគ្រឿងអលង្ការរបស់យោគី ( អ្នករក្សាសីល ) សីលជាគ្រឿងប្រដាប់របស់យោគី ។យោគី ( អ្នករក្សាសីល ) ប្រដាប់តាក់តែងដោយសីលទាំងឡាយ បានដល់នូវភាវៈ ខ្ពង់ខ្ពស់ក្នុងការប្រដាប់ ( រាងកាយ ) ។ សីលនេះ លោករាប់ថាជាអរិយទ្រព្យ ជាទ្រព្យប្រសើរវិសេសថ្លៃថ្លា ជាងទ្រព្យមានវិញ្ញាណ ឥតវិញ្ញាណ របស់បុរសស្រ្តីក្នុងលោកនេះ ។ ពុទ្ធសាសនិកជន អ្នកមានវិចារណញ្ញាណ គង់នឹងអាចរិះរេឃើញយល់បានដោយងាយ ៗ ។ ន បុប្ផគន្ធោ បដិវាតមេតិ ចន្ទនំ តគរមល្លិកា វា សតញ្ច គន្ធោ បដិវាតមេតិ សពា្វ ទិសា សប្បុរិសោ បវាយតិ ។ ក្លិនផ្កាបក់ផ្សាយច្រាសខ្យល់ពុំបានទេ ក្លិនខ្លឹមចន្ទន៍ក្ដី ក្លិនក្រស្នាក្ដី ក្លិនផ្កាម្លិះរួតក្ដី បក់ផ្សាយច្រាសខ្យល់ពុំបានទេ មានតែក្លិននៃពួកសប្បុរស ( អ្នកមានសីល ) ទើបបក់ផ្សាយច្រាសខ្យល់បានសប្បុរស ( អ្នកមានសីល ) បក់ផ្សាយក្លិនសព្វទិសានុទិស ទាំងបណ្ដោយនិងបញ្ច្រាសខ្យល់បាន ។ ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធោ អនុតរោ ។ ខ្លឹមចន្ទន៍ក្ដី ក្រស្នាក្ដី ផ្កាឧប្បលក្ដី ផ្កាម្លិះលាក្ដី ( សុទ្ធតែមានក្លិនក្រអូប ) ប៉ុន្តែក្លិនសីល ក្រអូបក្រៃលែងជាងគន្ធជាតទាំងនុ៎ះ ( ឥតមានគន្ធជាតអ្វីក្រអូបដូចក្លិនសីលឡើយ ) ។ ទសសិក្ខាបទំ និដ្ឋិតំ ចប់សិក្ខាបទ ១០

ប្រភព:វិគីភីឌា
Flag Counter