ពិនិត្យក្នុងវចនានុក្រមខ្មែរបោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលខ្មែរនិយមហៅថាវចនានុក្រមសម្តេចព្រះសង្ឃរាជ្យជួន ណាតនោះ គ្មានពាក្យ«ឃុបឃិត»ទេ គឺមានតែពាក្យ«គប់គិត» ដែលមានន័យថា រួមគំនិតគ្នា, គិតគូរគ្នា។
បើដូច្នេះ ហេតុអ្វី បានជាសព្វថ្ងៃនេះ មានពាក្យ«ឃុបឃិត»? ពាក្យនេះបានមកពីណា?
អ្នកជំនាញអក្សរសាស្ត្រលោកបណ្ឌិតច័ន្ទ សំណព្វ បកស្រាយថា ពាក្យ«គប់គិត»ជាពាក្យខ្មែរបុរាណ តែចំណេរក្រោយមក ជនជាតិថៃបានខ្ចីភាសាខ្មែរបុរាណយកទៅប្រើ ហើយការខ្ចីនោះវាចំពេលភាសាខ្មែរកំពុងមានការវិវត្តដែរ ដែលនាំឲ្យមានការច្រឡំថា ការប្រែពីសំណូរ«គប់គិត» មកជា«ឃុបឃិត» ជាសំនៀងដែលខ្ចីពីថៃទៅវិញ។ លោកបណ្ឌិតច័ន្ទ សំណព្វ បញ្ជាក់ថា ដូច្នេះ ខ្មែរគួរងាកមកបន្តប្រើពាក្យតាមលក្ខណៈខ្មែរបុរាណវិញ ដើម្បីកុំឲ្យច្រឡំថាខ្មែរខ្ចីសូរពីថៃ។
បើតាមលោកច័ន្ទ សំណព្វ ថាពាក្យ«ឃុបឃិត» ទើបនឹងប្រើនៅទសវត្សរ៍ឆ្នាំ១៩៨០ ហើយក៏ធ្លាប់មាត់មកដល់សព្វថ្ងៃនេះ៕


























