រឿងព្រះអត្តទត្ថត្ថេរ - Monk Cambodia

រឿងព្រះអត្តទត្ថត្ថេរ

Share This

 #សិក្សាព្រះគាថាធម្មបទបិដក៥២និងធម្មបទដ្ឋកថា

១០. #រឿងព្រះអត្តទត្ថត្ថេរ

អត្តទត្ថំ ជាដើម ព្រះសាស្តាកាលគង់ប្រថាប់នៅក្នុងជេតវនវិហារ ទ្រង់ប្រារព្ធនូវព្រះអត្តទត្ថត្ថេរ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះ។

ឮថា កាលដែលព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងបរិនិព្វានក្នុងទីបំផុតនៃ ៤ ខែ អំពីថ្ងៃនេះទៅ ពួកភិក្ខុជាបុថុជ្ជន ៧០០ រូប ក៏កើតសេចក្ដីសង្វេគ ហើយនាំគ្នាត្រេត្រាតទៅមកជួបជុំគ្នា នៅក្នុងសំណាក់ព្រះសាស្តាដោយមិនចាកចេញទៅណាឡើយ រួចពោលពិគ្រោះគ្នាថា ម្នាលអាវុសោទាំងឡាយ តើពួកយើងនឹងត្រូវធ្វើដូចម្ដេចទៅ។ ចំណែកឯព្រះអត្តទត្ថត្ថេរវិញ គិតយ៉ាងនេះថា ឮថាព្រះសាស្តានឹងបរិនិព្វានក្នុងទីបំផុតនៃ ៤ ខែខាងមុខ ចំណែកឯអញវិញនៅជាអ្នកមានរាគៈមិនទាន់អស់នៅឡើយ អញនឹងព្យាយាមដើម្បីសម្រេចអរហត្តផល ក្នុងកាលដែលព្រះសាស្តានៅធរមាននេះឯង។ លោកក៏មិនបានទៅកាន់សំណាក់ភិក្ខុទាំងឡាយឡើយ។ គ្រានោះ ពួកភិក្ខុបានសួរលោកថា ម្នាលអាវុសោ ហេតុអ្វីបានជាលោកមិនមកកាន់សំណាក់ពួកយើង និងមិនបានពិគ្រោះគ្នាអ្វីបន្តិចសោះយ៉ាងនេះ រួចក៏នាំលោកទៅកាន់សំណាក់ព្រះសាស្តា ហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុអង្គនេះធ្វើបែបនេះឯង។ កាលដែលព្រះសាស្តាត្រាស់សួរថា ហេតុអ្វីបានជាអ្នកធ្វើបែបនេះ លោកក៏ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ឮថាព្រះអង្គនឹងបរិនិព្វានក្នុងទីបំផុតនៃ ៤ ខែខាងមុខ ខ្ញុំព្រះអង្គនឹងព្យាយាមដើម្បីសម្រេចអរហត្តផលក្នុងកាលដែលព្រះអង្គនៅធរមាននេះឯង។ ព្រះសាស្តាទ្រង់ប្រទានសាធុការដល់លោកហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណាដែលមានសេចក្ដីស្រឡាញ់ក្នុងតថាគត បុគ្គលនោះគួរតែជាអ្នកមានសេចក្ដីព្យាយាមដូចជាអត្តទត្ថភិក្ខុនេះឯង។ ដ្បិតថា ពួកជនដែលបូជាតថាគតដោយគ្រឿងក្រអូបជាដើម មិនឈ្មោះថាបូជាតថាគតពិតប្រាកដឡើយ ចំណែកឯពួកជនដែលបូជាដោយធម្មានុធម្មបដិបត្តិ ទើបឈ្មោះថាបូជាតថាគតពិតប្រាកដ។ ព្រោះហេតុនោះ ទោះបីជាភិក្ខុដទៃ ក៏គួរតែជាអ្នកមានសេចក្ដីព្យាយាមដូចជាអត្តទត្ថភិក្ខុនេះដែរ រួចទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

១៦៦. អត្តទត្ថំ បរត្ថេន,  ពហុនាបិ ន ហាបយេ;

អត្តទត្ថមភិញ្ញាយ,  សទត្ថបសុតោ សិយា។

បុគ្គលកុំគប្បីធ្វើ ប្រយោជន៍ខ្លួនឱ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃសូម្បីច្រើន បើដឹងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន (នោះ)។

អធិប្បាយសេចក្ដីនៃគាថា

ក្នុងព្រះគាថានោះ ពាក្យថា អត្តទត្ថំ បរត្ថេន មានសេចក្ដីអធិប្បាយថា បើនិយាយតាមបែបគ្រហស្ថវិញ បុគ្គលមិនគួរធ្វើប្រយោជន៍ផ្ទាល់ខ្លួនសូម្បីតែបន្តិចបន្តួចឱ្យសាបសូន្យទៅ ព្រោះតែប្រយោជន៍របស់អ្នកដទៃដែលមានចំនួនច្រើននោះឡើយ។ ដ្បិតថាប្រយោជន៍ផ្ទាល់ខ្លួនសូម្បីតែបន្តិចបន្តួច ក៏អាចសម្រេចបាននូវខាទនីយភោជនីយអាហារសម្រាប់ខ្លួនឯងបានដែរ ចំណែកប្រយោជន៍របស់អ្នកដទៃមិនអាចធ្វើឱ្យយើងឆ្អែតបានឡើយ។

ប៉ុន្តែក្នុងទីនេះ ព្រះសាស្តាមិនបានត្រាស់ក្នុងន័យគ្រហស្ថបែបនោះទេ គឺទ្រង់ត្រាស់សំដៅយកកម្មដ្ឋានជាចម្បង។ ហេតុនោះ ភិក្ខុមិនគួរពោលថា អញមិនធ្វើឱ្យសាបសូន្យនូវប្រយោជន៍ខ្លួន ហើយបែរជាទៅបោះបង់ចោលនូវកិច្ចការសង្ឃ មានការជួសជុលចេតិយជាដើម ឬបោះបង់ចោលនូវឧបជ្ឈាយវត្ត (ការបម្រើព្រះឧបជ្ឈាយ៍) នោះឡើយ។ ព្រោះថា បុគ្គលដែលបំពេញនូវអាភិសមាចារិកវត្តឱ្យបរិបូណ៌ ទើបអាចធ្វើឱ្យជាក់ច្បាស់នូវអរិយផលជាដើមបាន ដូច្នេះវត្តទាំងនោះក៏ឈ្មោះថាជាប្រយោជន៍ផ្ទាល់ខ្លួនដែរ។

ចំណែកឯភិក្ខុណា ដែលជាអ្នកផ្ដើមចម្រើនវិបស្សនាយ៉ាងខ្លាំងក្លា ដោយប្រាថ្នានូវការចាក់ធ្លុះមគ្គផលក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ភិក្ខុនោះទើបគួរលះបង់សូម្បីតែឧបជ្ឈាយវត្តជាដើម ដើម្បីធ្វើតែកិច្ចរបស់ខ្លួន (គឺការចម្រើនវិបស្សនា) ប៉ុណ្ណោះ។

ពាក្យថា អត្តទត្ថមភិញ្ញាយ សេចក្ដីថា កាលដែលបានដឹងច្បាស់នូវប្រយោជន៍ខ្លួនយ៉ាងនេះហើយ ក៏កំណត់ដឹងថា នេះគឺជាប្រយោជន៍ផ្ទាល់ខ្លួនរបស់អញ។

ពាក្យថា សទត្ថបសុតោ សិយា សេចក្ដីថា គប្បីជាអ្នកខ្វាយខ្វល់ ព្យាយាមប្រកបដោយសេចក្ដីព្យាយាម ចំពោះប្រយោជន៍ផ្ទាល់ខ្លួននោះចុះ។

ក្នុងពេលបញ្ចប់ព្រះធម្មទេសនា ព្រះអត្តទត្ថត្ថេរ បានតាំងនៅក្នុងអរហត្តផល ហើយព្រះធម្មទេសនាក៏បានជាប្រយោជន៍ដល់ភិក្ខុទាំងឡាយដែលបានមកជួបជុំគ្នាផងដែរ។

រឿងព្រះអត្តទត្ថត្ថេរ ទី ១០ ចប់។

អធិប្បាយសេចក្ដីនៃអត្តវគ្គ ចប់។

វគ្គទី ១២ ចប់៕

________________________________________

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter