សមាធិសូត្រ (សូត្រទី៣ សមាធិ) - Monk Cambodia

សមាធិសូត្រ (សូត្រទី៣ សមាធិ)

Share This

 [៩៥] #សមាធិសូត្រ (សូត្រទី៣ សមាធិ)

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក​។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។

១. លាភី ហោតិ អជ្ឈត្តំ ចេតោសមថស្ស, ន លាភី អធិបញ្ញាធម្មវិបស្សនាយ (បុគ្គលមាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា)។​ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា បាននូវចេតោសមថៈខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គលដែលបាននូវអធិប្បញ្ញាធម្មវិបស្សនា ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវឃើញដូចម្តេច សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងណា សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់ដោយហេតុដូចម្តេច។ ភិក្ខុនោះក៏ដោះស្រាយតាមដែលខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក... ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។

២. លាភី ហោតិ អធិបញ្ញាធម្មវិបស្សនាយ, ន លាភី អជ្ឈត្តំ ចេតោសមថស្ស (បុគ្គលបាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន)​។ បុគ្គលណា បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈខាងក្នុងសន្តាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គលដែលបាននូវចេតោសមថៈ ខាងក្នុងសន្តាន ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ចិត្តគេត្រូវតម្កល់ដូចម្តេច ចិត្តគេត្រូវពត់ដូចម្តេច ចិត្តគេត្រូវធ្វើឱ្យមានអារម្មណ៍ខ្ពស់ឯកដូចម្តេច ចិត្តគេត្រូវតាំងឱ្យនឹងធឹងដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយតាមដែលខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក... ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង។

៣. ន ចេវ លាភី ហោតិ អជ្ឈត្តំ ចេតោសមថស្ស ន ច លាភី អធិបញ្ញាធម្មវិបស្សនាយ (បុគ្គលមិនបាននូវចេតោសមថៈ ខាងក្នុង​សន្តាន ទាំងមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា)​។ បុគ្គលណា មិនបាននូវចេតោសមថៈខាងក្នុងសន្តានផង ទាំងមិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គលដែលបាននូវចេតោសមថៈ ខាងក្នុងសន្តាន ទាំងបាននូវអធិប្បញ្ញាធម្មវិបស្សនា ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ចិត្តគេត្រូវតម្កល់ដូចម្តេច ចិត្តគេត្រូវពត់ដូចម្តេច ចិត្តគេត្រូវធ្វើឱ្យមានអារម្មណ៍ខ្ពស់ឯកដូចម្តេច ចិត្តគេត្រូវតាំងឱ្យនឹងធឹងដូចម្តេច សង្ខារទាំងឡាយ គេត្រូវឃើញដូចម្តេច សង្ខារទាំងឡាយ គេត្រូវពិចារណាដូចម្តេច សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់ដូចម្តេច។ ភិក្ខុនោះក៏ដោះស្រាយតាមដែលខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក... ភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។

៤. លាភី ចេវ ហោតិ អជ្ឈត្តំ ចេតោសមថស្ស លាភី ច អធិ​បញ្ញាធម្មវិបស្សនាយ (បុគ្គលជាអ្នកបាននូវចេតោសមថៈ ខាងក្នុង​សន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង)​។ បុគ្គលណា បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅក្នុងធម៌ជាកុសលទាំងនោះ ហើយធ្វើសេចក្តីព្យាយាម ដើម្បីឱ្យអស់អាសវៈតទៅទៀត​។

ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក​។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter