រឿងព្រះលោឡុទាយីថេរៈ - Monk Cambodia

រឿងព្រះលោឡុទាយីថេរៈ

Share This

 #សិក្សាគាថាធម្មបទ

៧. #រឿងព្រះលោឡុទាយីថេរៈ

(គាថា ថា) អប្បស្សុតាយំ ជាដើម ព្រះសាស្តាកាលគង់ប្រថាប់នៅក្នុងជេតវនវិហារ ទ្រង់ប្រារព្ធនូវព្រះលោឡុទាយីថេរៈ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះ។

ឮថា ព្រះថេរៈនោះ កាលដែលទៅកាន់ផ្ទះនៃពួកជនដែលកំពុងធ្វើមង្គលការ ក៏ត្រឡប់ជាពោលនូវអពមង្គល (រឿងមិនល្អ) ដោយន័យជាដើមថា តិរោកុដ្ដេសុ តិដ្ឋន្តិ (ពួកប្រេតទាំងឡាយ ឈរនៅខាងក្រៅជញ្ជាំងទាំងឡាយ) ជាដើម។ កាលដែលលោកទៅកាន់ផ្ទះនៃពួកជនដែលកំពុងធ្វើអពមង្គល (បុណ្យសព) ដែលលោកគួរតែពោលធម៌មានបទថា តិរោកុដ្ដេ ជាដើមនោះ លោកបែរជាពោលនូវមង្គលគាថា ដោយន័យជាដើមថា ទានញ្ច ធម្មចរិយា ច (ការឱ្យទាន ១ ការប្រព្រឹត្តធម៌ ១) ឬក៏ពោលនូវរតនសុត្តថា យំ កិញ្ចិ វិត្តំ ឥធ វា ហុរំ វា (ទ្រព្យណាមួយក្នុងលោកនេះក្ដី ក្នុងលោកដទៃក្ដី) ទៅវិញ។ យ៉ាងនេះឯង ក្នុងទីនោះៗ លោកមានបំណងថា អញនឹងពោលរឿងផ្សេង ប៉ុន្តែបែរជាពោលរឿងផ្សេងទៅវិញ ថែមទាំងមិនដឹងខ្លួនថា អញពោលខុសរឿង ទៀតផង។ ភិក្ខុទាំងឡាយបានស្ដាប់ពាក្យរបស់លោកហើយ ក៏នាំគ្នាទៅក្រាបទូលព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន តើមានរឿងអ្វីជាមួយការទៅកាន់ទីមង្គល និងអពមង្គលរបស់លោកលោឡុទាយី កាលដែលត្រូវពោលរឿងផ្សេង លោកបែរជាពោលរឿងផ្សេងទៅវិញ? ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងពេលនេះទេដែលភិក្ខុនេះពោលយ៉ាងនេះ សូម្បីក្នុងកាលមុន កាលដែលត្រូវពោលរឿងផ្សេង គេក៏ធ្លាប់ពោលរឿងផ្សេងមកហើយដែរ រួចទ្រង់នាំយករឿងអតីតមកសម្ដែងថា៖

អតីនិទានរបស់ព្រះលោឡុទាយី

ក្នុងអតីតកាល ក្នុងក្រុងពារាណសី មានបុត្ររបស់ព្រាហ្មណ៍ម្នាក់ឈ្មោះអគ្គិទត្ត គឺសោមទត្តកុមារ បានទៅបម្រើព្រះរាជា។ គេគឺជាទីស្រឡាញ់ពេញចិត្តនៃព្រះរាជា។ ចំណែកឯព្រាហ្មណ៍ជាឪពុក ចិញ្ចឹមជីវិតដោយអាស្រ័យនឹងកសិកម្ម។ គាត់មានគោតែពីរក្បាល (១នឹម) ប៉ុណ្ណោះ។ ក្នុងចំណោមគោទាំងនោះ មានគោមួយបានងាប់ទៅ។ ព្រាហ្មណ៍ក៏ប្រាប់កូនថា ម្នាលកូនសោមទត្ត ចូរឯងទៅសូមគោមួយពីព្រះរាជាមកឱ្យអញផង។ សោមទត្តគិតថា បើអញទៅសូមព្រះរាជាដោយផ្ទាល់ ភាពជាអ្នកស្រាល (មិនធ្ងន់) របស់អញនឹងប្រាកដឡើង ទើបប្រាប់ថា បពិត្រលោកឪពុក សូមលោកឪពុកទៅសូមព្រះរាជាដោយខ្លួនឯងចុះ។ កាលដែលឪពុកតបថា បើដូច្នោះ ម្នាលកូន ចូរឯងនាំអញទៅផង សោមទត្តក៏រំពឹងគិតថា ព្រាហ្មណ៍នេះជាអ្នកមានបញ្ញាយឺតយូរ សូម្បីតែពាក្យថាដើរទៅមុខជាដើម ក៏មិនដឹងដែរ កាលដែលត្រូវនិយាយរឿងផ្សេង ក៏មុខជាពោលរឿងផ្សេងជាមិនខាន បើដូច្នោះ អញនឹងបង្ហាត់បង្រៀនគាត់សិន សឹមនាំទៅ។ សោមទត្តក៏នាំឪពុកទៅកាន់ព្រៃសពឈ្មោះពីរណត្ថម្ភកៈ រួចចងបាច់ស្មៅធ្វើជាដុំៗ ហើយសន្មតឈ្មោះតាមលំដាប់ថា នេះជាព្រះរាជា នេះជាឧបរាជ នេះជាសេនាបតី រួចក៏បង្ហាញដល់ឪពុកថា លោកឪពុកត្រូវដើរទៅកាន់រាជកុលសម្ព័ន្ធ រួចត្រូវដើរចូលទៅយ៉ាងនេះ ដើរថយក្រោយយ៉ាងនេះ ត្រូវពោលទៅកាន់ព្រះរាជាយ៉ាងនេះ ទៅកាន់ឧបរាជយ៉ាងនេះ លុះចូលទៅជិតព្រះរាជាហើយ ត្រូវពោលថា សូមព្រះមហារាជទ្រង់មានជ័យជំនះ រួចឈរក្នុងទីនេះ ហើយត្រូវពោលនូវគាថានេះដើម្បីសូមគោចុះ រួចក៏បង្ហាត់ឱ្យចាំនូវគាថាថា៖

ទ្វេ មេ គោណា មហារាជ,  យេហិ ខេត្តំ កសាមសេ;

តេសុ ឯកោ មតោ ទេវ,  ទុតិយំ ទេហិ ខត្តិយា តិ។

បពិត្រព្រះមហារាជ គោរបស់ទូលព្រះបង្គំមានពីរ ដែលទូលព្រះបង្គំធ្លាប់ប្រើសម្រាប់ភ្ជួរស្រែ បពិត្រព្រះសម្មតិទេព ក្នុងចំណោមគោទាំងនោះ មួយបានងាប់ទៅហើយ បពិត្រព្រះខត្តិយៈ សូមទ្រង់មេត្តាប្រោសប្រទានគោទីពីរដល់ទូលព្រះបង្គំផង។

ព្រាហ្មណ៍នោះ បានខំរៀនសូត្រនូវគាថានោះអស់រយៈពេលប្រហែលមួយឆ្នាំ រហូតដល់ស្ទាត់ជំនាញ រួចក៏ប្រាប់ដល់កូនថា ម្នាលកូន អញចាំស្ទាត់ហើយ។ សោមទត្តក៏ប្រាប់ថា បើដូច្នោះ លោកឪពុកចូលកាន់យកនូវបណ្ណាការ (របស់កាំបិត ឬរបស់របរផ្សេងៗ) ណាមួយហើយមកចុះ ខ្ញុំនឹងទៅដល់មុន ហើយឈររង់ចាំនៅក្នុងសំណាក់ព្រះរាជា។ ព្រាហ្មណ៍តបថា សាធុ ម្នាលកូន រួចក៏កាន់យកបណ្ណាការ ក្នុងខណៈដែល សោមទត្តឈរនៅក្នុងសំណាក់ព្រះរាជាស្រាប់ហើយ ព្រាហ្មណ៍ក៏មានសេចក្ដីអង់អាចដើរចូលទៅកាន់រាជត្រកូល បានទទួលការធ្វើបដិសណ្ឋារៈពីព្រះរាជាដោយចិត្តត្រេកអរ។ ព្រះរាជាត្រាស់ថា លោកឪពុក ខានមកយូរណាស់ហើយ ចូរអង្គុយលើអាសនៈនេះហើយពោលមកចុះ តើមានសេចក្ដីត្រូវការអ្វី? ព្រាហ្មណ៍ក៏បានពោលនូវគាថានេះថា៖

ទ្វេ មេ គោណា មហារាជ,  យេហិ ខេត្តំ កសាមសេ;

តេសុ ឯកោ មតោ ទេវ,  ទុតិយំ គណ្ហ ខត្តិយា តិ។

បពិត្រព្រះមហារាជ គោរបស់ទូលព្រះបង្គំមានពីរ ដែលទូលព្រះបង្គំធ្លាប់ប្រើសម្រាប់ភ្ជួរស្រែ បពិត្រព្រះសម្មតិទេព ក្នុងចំណោមគោទាំងនោះ មួយបានងាប់ទៅហើយ បពិត្រព្រះខត្តិយៈ សូមទ្រង់មេត្តាទទួលយកគោទីពីរ (ដែលនៅសល់) របស់ទូលព្រះបង្គំទៅចុះ។

កាលដែលព្រះរាជាត្រាស់ថា លោកឪពុក តើលោកនិយាយអ្វី ចូរនិយាយម្ដងទៀតមើល ព្រាហ្មណ៍ក៏នៅតែពោលនូវគាថាដដែលនោះឯង។ ព្រះរាជាទ្រង់ជ្រាបថា ព្រាហ្មណ៍នេះពោលខុសសេចក្ដីហើយ ក៏ទ្រង់ញញឹម រួចត្រាស់ថា ម្នាលសោមទត្ត ក្នុងផ្ទះរបស់លោក ប្រហែលជាមានគោច្រើនណាស់ហ្ន៎។ សោមទត្តក្រាបទូលថា បពិត្រព្រះសម្មតិទេព កាលដែលទ្រង់ប្រោសប្រទានឱ្យហើយ គោទាំងឡាយនឹងមានច្រើនជាមិនខាន។ ព្រះរាជាទ្រង់ត្រេកអរនឹងពាក្យរបស់ពោធិសត្វ (សោមទត្ត) ក៏បានប្រោសប្រទានគោ ១៦ នឹម ព្រមទាំងគ្រឿងអលង្ការ និងភូមិសម្រាប់រស់នៅជាគ្រឿងតម្កល់ជីវិត (ព្រហ្មទេយ្យ) រួចក៏បញ្ជូនព្រាហ្មណ៍ត្រឡប់ទៅវិញដោយយសសក្ដិយ៉ាងធំធេង។

ព្រះសាស្តាទ្រង់នាំនូវព្រះធម្មទេសនានេះមកហើយ ក៏ទ្រង់ប្រជុំជាតកថា ព្រះរាជាក្នុងកាលនោះ គឺអានន្ទ ព្រាហ្មណ៍គឺលាឡុទាយី ចំណែកឯសោមទត្តគឺអង្គតថាគតនេះឯង រួចត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងពេលនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះព្រោះតែខ្លួនជាអ្នកមានការស្ដាប់តិច កាលដែលត្រូវពោលរឿងផ្សេង ក៏ពោលរឿងផ្សេងទៅវិញ។ ពិតណាស់ បុរសអ្នកមានការស្ដាប់តិច រមែងមានសភាពដូចជាសត្វគោបម្រើដូច្នោះឯង រួចទ្រង់ត្រាស់នូវព្រះគាថានេះថា៖

១៥២. អប្បស្សុតាយំ បុរិសោ,  ពលិពទ្ធោវ ជីរតិ;

មំសានិ តស្ស វឌ្ឍន្តិ,  បញ្ញា តស្ស ន វឌ្ឍតិ។

បុរសអ្នក មិនមានការចេះដឹងនេះ តែងចាស់ (ឥតអំពើ) ដូចគោបម្រើសាច់របស់វាតែងចម្រើនឡើង តែប្រាជ្ញារបស់វាមិនចម្រើនឡើង។

សេចក្ដីអធិប្បាយព្រះគាថា

សេចក្ដីនៃពាក្យក្នុងព្រះគាថានោះថា៖

ពាក្យថា អប្បស្សុតាយំ សេចក្ដីថា បុគ្គលនេះឈ្មោះថាជាអ្នកមានការស្ដាប់តិច ព្រោះមិនមានការចេះដឹងនូវព្រះសូត្រសូម្បីតែ ១ ឬ ២ បណ្ណាសកៈ ឬក៏ដោយការកំណត់យ៉ាងតិចបំផុត គឺមិនមានសូម្បីតែ ១ ឬ ២ វគ្គ ឬក៏មិនមានសូម្បីតែ ១ ឬ ២ ព្រះសូត្រឡើយ។ ប៉ុន្តែ បើបុគ្គលណា បានរៀននូវកម្មដ្ឋានហើយព្យាយាមចម្រើនកម្មដ្ឋាននោះ បុគ្គលនោះឈ្មោះថាជាអ្នកមានការស្ដាប់ច្រើន (ពហុស្សុតៈ) វិញ។

ពាក្យថា ពលីវទ្ទោវ ជីរតិ សេចក្ដីថា ដូចជាសត្វគោបម្រើ កាលដែលវាចាស់ទៅ ឬធំធាត់ឡើង វាមិនបានចម្រើនឡើងដើម្បីជាប្រយោជន៍ដល់មេ វាបា ឬក៏ពួកញាតិដែលសេសសល់របស់វាឡើយ ពោលគឺវាគ្រាន់តែចាស់ទៅដោយឥតប្រយោជន៍ប៉ុណ្ណោះ យ៉ាងណាមិញ បុគ្គលនេះក៏ដូច្នោះដែរ មិនបានធ្វើនូវឧបជ្ឈាយវត្ត មិនបានធ្វើអាចរិយវត្ត មិនបានធ្វើអាគន្តុកវត្តជាដើម និងមិនបានព្យាយាមក្នុងភាវនារាមភាពឡើយ គឺគ្រាន់តែចាស់ទៅដោយឥតប្រយោជន៍ប៉ុណ្ណោះ។

ពាក្យថា មំសានិ តស្ស វឌ្ឍន្តិ សេចក្ដីថា ដូចជាសត្វគោបម្រើដែលគេលែងវាចោលក្នុងព្រៃ ដោយគិតថា វាមិនអាចអូសនឹម ឬអូសនង្គ័លជាដើមបានឡើយ កាលវាត្រេចទៅក្នុងព្រៃនោះ ស៊ីផង ផឹកផង សាច់ទាំងឡាយរបស់វាក៏ចម្រើនឡើង យ៉ាងណាមិញ បុគ្គលនេះក៏ដូច្នោះដែរ កាលដែលព្រះឧបជ្ឈាយ៍ជាដើមលះបង់ចោលហើយ ក៏អាស្រ័យនឹងសង្ឃហើយទទួលបាននូវបច្ច័យ ៤ រួចក៏ធ្វើនូវការបញ្ចុះ និងការក្អួតជាដើម ដើម្បីបំប៉នរាងកាយ សាច់ទាំងឡាយរបស់គេក៏ចម្រើនឡើង ជាបុគ្គលមានរាងកាយធាត់ធំត្រេចទៅ។

ពាក្យថា បញ្ញា តស្ស សេចក្ដីថា ចំណែកឯបញ្ញាទាំងលោកិយ និងលោកុត្តរៈរបស់បុគ្គលនោះ រមែងមិនចម្រើនឡើងសូម្បីតែត្រឹម ១ ធ្នាប់ឡើយ សេចក្ដីពន្យល់ថា មានតែតណ្ហា និងមានៈ ៩ ប្រការប៉ុណ្ណោះ ដែលចម្រើនឡើងដោយអាស្រ័យនឹងទ្វារទាំង ៦ ប្រៀបដូចជាសម្រាស់ និងវល្លិទាំងឡាយដែលដុះចម្រើនឡើងក្នុងព្រៃដូច្នោះឯង។

ទេសនាវសានេ ក្នុងពេលបញ្ចប់ព្រះធម្មទេសនា មហាជនបានសម្រេចនូវមគ្គផលមានសោតាបត្តិផលជាដើម។

រឿងព្រះលាឡុទាយីថេរៈ ទី ៧ ចប់។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter