#សិក្សាបិដក៤២
[៩៤] #ទុតិយសមាធិសូត្រ (សូត្រទី២ សមាធិ)
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។
១. លាភី ហោតិ អជ្ឈត្តំ ចេតោសមថស្ស, ន លាភី អធិបញ្ញាធម្មវិបស្សនាយ (បុគ្គលជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាដែលបាននូវចេតោសមថៈខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនាទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅក្នុងចេតោសមថៈ ខាងក្នុងសន្តាន ហើយធ្វើសេចក្តីព្យាយាម ក្នុងអធិប្បញ្ញាធម្មវិបស្សនា លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។
២. លាភី ហោតិ អធិបញ្ញាធម្មវិបស្សនាយ, ន លាភី អជ្ឈត្តំ ចេតោសមថស្ស (បុគ្គលជាអ្នកបាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈខាងក្នុងសន្តាន)។ បុគ្គលណាបាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅក្នុងអធិប្បញ្ញាធម្មវិបស្សនា ហើយធ្វើសេចក្តីព្យាយាមក្នុងចេតោសមថៈ ខាងក្នុងសន្តាន លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង។
៣. ន ចេវ លាភី ហោតិ អជ្ឈត្តំ ចេតោសមថស្ស ន ច លាភី អធិបញ្ញាធម្មវិបស្សនាយ (បុគ្គលមិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង)។ បុគ្គលណា មិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីឱ្យបានសម្រេចនូវកុសលធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គលមានភ្លើងឆេះសំពត់ ឬមានភ្លើងឆេះក្បាល គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃ លែង ដើម្បីលត់នូវសំពត់ ឬក្បាលនោះៗ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីឱ្យបានសម្រេចនូវកុសលធម៌ទាំងនោះ ក៏ដូច្នោះដែរ លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។
៤. លាភី ចេវ ហោតិ អជ្ឈត្តំ ចេតោសមថស្ស លាភី ច អធិបញ្ញាធម្មវិបស្សនាយ (បុគ្គលជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង)។ បុគ្គលណា បាននូវចេតោសមថៈខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅស៊ប់ ក្នុងកុសលធម៌ទាំងនោះ ហើយធ្វើសេចក្តីព្យាយាម ដើម្បីឱ្យអស់ទៅនៃអាសវៈ តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។




























No comments:
Post a Comment