#សិក្សាបិដក៤២
[៧៨] អចិន្ត្រៃយសូត្រ
ម្នាលភិក្ខុទាំងឡាយ អចិន្ត្រៃយ (ហេតុដែលមិនគួរគិត) នេះ មាន ៤ ប្រការ ដែលបុគ្គលមិនគួរគិតទេ តែអ្នកណាគិត អ្នកនោះ គប្បីបាននូវចំណែកនៃសេចក្តីឆ្កួត និងសេចក្តីលំបាក។ អចិន្រ្តៃយ ៤ ប្រការ ដូចម្តេចខ្លះ។
១. ពុទ្ធវិសយោ (វិស័យរបស់ព្រះពុទ្ធទាំងឡាយ)៖ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវិស័យរបស់ព្រះពុទ្ធទាំងឡាយ ជាអចិន្រ្តៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះគប្បីបាននូវចំណែកនៃសេចក្តីឆ្កួតនឹងសេចក្តីលំបាកទទេ ១
២. ឈានវិសយោ (វិស័យនៃអ្នកបានឈាន គឺអារម្មណ៍របស់អ្នកសម្រេចឈាន)៖ ម្នាលភិក្ខុទាំងឡាយ ឈានវិស័យរបស់បុគ្គលអ្នកបានឈាន ជាអចិន្រ្តៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះបាននូវចំណែកនៃសេចក្តីឆ្កួតនឹងសេចក្តីលំបាកទទេ ១
៣. កម្មវិបាកោ (ផលនៃកម្ម)៖ ម្នាលភិក្ខុទាំងឡាយ វិបាករបស់កម្ម ជាអចិន្ត្រៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះគប្បីបាននូវចំណែកនៃសេចក្តីឆ្កួតនឹងសេចក្តីលំបាកទទេ ១
៤. លោកចិន្តា (សេចក្តីត្រិះរះអំពីលោក)៖ ម្នាលភិក្ខុទាំងឡាយ លោកចិន្តា[1] (ការគិតអំពីលោក) ជាអចិន្រ្តៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាននូវចំណែកនៃសេចក្តីឆ្កួតនឹងសេចក្តីលំបាកទទេ ១
ម្នាលភិក្ខុទាំងឡាយ អចិន្ត្រៃយមាន ៤ ប្រការប៉ុណ្ណេះ ដែលមិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាននូវចំណែកនៃសេចក្តីឆ្កួតនឹងសេចក្តីលំបាកទទេ ៗ។
[1] ចំណាំ: គិតថាព្រះចន្ទ្រ ព្រះអាទិត្យ ផែនដី មហាសមុទ្រ អ្នកណាសាង ពួកសត្វ និងភ្នំ និងព្រៃព្រឹក្សាមានដើមស្វាយ ដើមចេក និងដើមដូងជាដើម អ្នកណាបង្កើតជាដំបូង គំនិតយ៉ាងនេះ ហៅថា លោកចិន្តា (អដ្ឋកថា)។




























No comments:
Post a Comment