៤. #រឿងព្រះកោណ្ឌធានត្ថេរ
មា វោច ផរុសំ កញ្ចិ ជាដើម ព្រះសាស្តាកាលគង់ប្រថាប់នៅក្នុងព្រះជេតវនវិហារ ទ្រង់ប្រារព្ធនូវព្រះកោណ្ឌធានត្ថេរ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះ។
ឮថា ចាប់តាំងពីថ្ងៃដែលលោកបួសមក មានរូបស្រីម្នាក់ តែងតែដើរតាមពីក្រោយលោកជានិច្ច។ ព្រះថេរៈខ្លួនឯងមើលមិនឃើញរូបនោះទេ ប៉ុន្តែមហាជនទូទៅរមែងមើលឃើញ។ សូម្បីតែកាលដែលលោកនិមន្តចូលទៅបិណ្ឌបាតក្នុងភូមិ ពួកមនុស្សប្រគេនចង្ហាន់មួយវែកហើយ ក៏ពោលថា បពិត្រលោកម្ចាស់ វែកនេះសម្រាប់លោកម្ចាស់ ចំណែកវែកនេះសម្រាប់ស្រីកំដររបស់លោកម្ចាស់ រួចក៏ប្រគេនវែកទីពីរដល់លោក។
តើបុព្វកម្មរបស់លោកយ៉ាងណាខ្លះ? ឮថា ក្នុងកាលនៃព្រះកស្សបសម្មាសម្ពុទ្ធ មានភិក្ខុពីររូបជាសម្លាញ់នឹងគ្នា ស្និទ្ធស្នាលគ្នាខ្លាំងដូចជាកើតចេញពីផ្ទៃម្ដាយជាមួយគ្នា។ ក្នុងសម័យព្រះពុទ្ធដែលមានព្រះជន្មវែង ភិក្ខុទាំងឡាយរមែងជួបជុំគ្នាធ្វើឧបោសថក្នុងរយៈពេល ១ ឆ្នាំម្ដង ឬ ៦ ខែម្ដង។ ហេតុនោះ ភិក្ខុទាំងពីរក៏ចេញពីទីលំនៅដើម្បីទៅកាន់រោងឧបោសថ។ គ្រានោះ មានទេវតាមួយរូបដែលកើតក្នុងឋានតាវតឹង្ស បានឃើញភិក្ខុទាំងពីររូបនោះមានសេចក្ដីសាមគ្គីគ្នាខ្លាំងពេក ក៏គិតដោយសេចក្ដីពាលរបស់ខ្លួនថា ភិក្ខុទាំងនេះសាមគ្គីគ្នាណាស់ តើអញអាចនឹងបំបែកបំបាក់ពួកគេបានដែរឬទេ? គិតហើយ ទេវតានោះក៏ចុះមកភ្លាម។ ក្នុងចំណោមភិក្ខុទាំងពីរនោះ មានភិក្ខុមួយរូបពោលថា អាវុសោ ចូរអ្នកចាំមួយភ្លែត កូរុណាចង់ទៅធ្វើសរីរកិច្ចបន្តិច។ ទេវតានោះក៏បាននិមិ្មតរូបជាស្រីម្នាក់ ដើរចូលទៅក្នុងគុម្ពោតព្រៃជាមួយព្រះថេរៈនោះ ហើយក្នុងខណៈដែលលោកដើរចេញមកវិញ ទេវតានោះក៏បានធ្វើជារូបស្រីដើរចេញមកពីខាងក្រោយលោក ដោយដៃម្ខាងវាសសក់ ដៃម្ខាងទៀតរៀបចំសំពត់ស្លៀក។ ព្រះថេរៈនោះមើលមិនឃើញរូបស្រីនោះទេ ប៉ុន្តែភិក្ខុជាសម្លាញ់ដែលឈរចាំនៅខាងមុខ កាលដែលងាកមកមើល ក៏ឃើញរូបស្រីនោះចេញមកក្នុងអាការៈបែបនោះ។ ទេវតាដឹងថាភិក្ខុនោះឃើញហើយ ក៏បំបាំងកាយបាត់ទៅ។ ភិក្ខុជាសម្លាញ់ កាលដែលឃើញភិក្ខុនោះដើរមកដល់ ក៏ពោលថា អាវុសោ សីលរបស់អ្នកដាច់ហើយ។ ភិក្ខុនោះតបថា មិនមែនទេអាវុសោ រឿងបែបនេះមិនមានដល់ខ្ញុំឡើយ។ ភិក្ខុជាសម្លាញ់ក៏ស្ដីថា ករុណាទើបតែឃើញនឹងភ្នែកថា មានស្រីក្មេងម្នាក់ដើរចេញមកពីក្រោយអ្នក ហើយធ្វើអាការៈបែបនេះ ចុះហេតុអ្វីបានជាអ្នកពោលថា មិនមានរឿងបែបនេះទៅវិញ? ភិក្ខុនោះហាក់ដូចជាត្រូវរន្ទះបាញ់ចំក្បាល ក៏អង្វរថា អាវុសោ កុំបំផ្លាញខ្ញុំអី រឿងបែបនេះមិនមានដល់ខ្ញុំពិតមែន។ ភិក្ខុជាសម្លាញ់តបថា ករុណាឃើញផ្ទាល់នឹងភ្នែក តើឱ្យករុណាជឿអ្នកម្ដេចនឹងបាន? រួចក៏បែកបាក់គ្នាដូចជាដំបងដែលបាក់ជាពីរ ហើយដើរចេញទៅ។ លុះទៅដល់រោងឧបោសថ ភិក្ខុនោះក៏អង្គុយចុះរួចពោលថា ករុណាមិនធ្វើឧបោសថជាមួយភិក្ខុរូបនេះឡើយ។ ភិក្ខុម្ខាងទៀតក៏ប្រាប់ភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ សីលរបស់ខ្ញុំមិនមានប្រឡាក់សូម្បីតែបន្តិចឡើយ។ ភិក្ខុជាសម្លាញ់ក៏ប្រាប់ថា ខ្ញុំឃើញផ្ទាល់នឹងភ្នែក។ ទេវតាឃើញភិក្ខុនោះមិនព្រមធ្វើឧបោសថជាមួយគ្នា ក៏គិតថា អញធ្វើកម្មធ្ងន់ណាស់ រួចក៏មកឈរនៅលើអាកាសពោលថា បពិត្រលោកម្ចាស់ សីលរបស់ព្រះថេរៈជាម្ចាស់របស់ខ្ញុំមិនបានដាច់ឡើយ នេះជារឿងដែលខ្ញុំធ្វើឡើងដើម្បីសាកល្បងមើលតែប៉ុណ្ណោះ សូមលោកម្ចាស់ធ្វើឧបោសថជាមួយលោកចុះ។ ភិក្ខុនោះជឿសម្ដីទេវតាដែលពោលលើអាកាស ក៏ព្រមធ្វើឧបោសថជាមួយគ្នា ប៉ុន្តែចិត្តដែលធ្លាប់តែទន់ភ្លន់ចំពោះគ្នាដូចពីមុន គឺមិនមានឡើយ។ នេះគឺជាបុព្វកម្មរបស់ទេវតានោះ។
#ផលនៃកម្ម_និងការចាប់ជាតិថ្មី
លុះអស់អាយុទៅ ភិក្ខុទាំងពីររូបនោះក៏បានទៅកើតក្នុងទេវលោកតាមសេចក្ដីសុខរៀងៗខ្លួន។ ចំណែកឯទេវតា (ដែលបានធ្វើបាបកម្មបំបែកសាមគ្គីភិក្ខុ) ក៏បានទៅកើតក្នុងនរកអវីចិ រងទុក្ខក្នុងនរកអស់មួយពុទ្ធន្តរ លុះមកដល់សម័យពុទ្ធុប្បាទនេះ ក៏បានមកកើតក្នុងក្រុងសាវត្ថី កាលដែលចម្រើនវ័យឡើង ក៏បានបួសក្នុងសាសនា ហើយបានទទួលឧបសម្បទាជាភិក្ខុ។ ចាប់តាំងពីថ្ងៃដែលលោកបួសមក រូបស្រីនោះក៏នៅតែប្រាកដឡើងតាមពីក្រោយលោកយ៉ាងនោះដដែល។ ព្រោះហេតុនោះឯង ទើបគេដាក់ឈ្មោះលោកថា កោណ្ឌធានត្ថេរ។
#ការតិះដៀលពីសំណាក់ភិក្ខុ_និងឧបាសក
ភិក្ខុទាំងឡាយ កាលដែលឃើញលោកដើរទៅណាមកណាមានរូបស្រីតាមពីក្រោយដូច្នោះ ក៏ទៅប្រាប់អនាថបិណ្ឌិកសេដ្ឋីថា មហាសេដ្ឋី ចូរអ្នកដេញភិក្ខុទ្រុស្តសីលរូបនេះចេញពីវិហាររបស់អ្នកទៅ ព្រោះថាអាស្រ័យដោយភិក្ខុរូបនេះ ភាពមិនថ្លៃថ្នូរ (អយស) នឹងកើតមានដល់ភិក្ខុដទៃដែលនៅសេសសល់មិនខាន។ មហាសេដ្ឋីសួរវិញថា បពិត្រលោកម្ចាស់ ចុះព្រះសាស្តាមិនគង់នៅក្នុងវិហារទេឬអ្វី? ភិក្ខុទាំងឡាយតបថា ម្នាលឧបាសក ព្រះអង្គគង់នៅតើ។ មហាសេដ្ឋីក៏ពោលថា បពិត្រលោកម្ចាស់ បើដូច្នោះ មានតែព្រះសាស្តាទេ ទើបទ្រង់ជ្រាបច្បាស់។
ភិក្ខុទាំងឡាយក៏បានទៅប្រាប់នាងវិសាខា ក្នុងន័យដូចគ្នាដែរ។ នាងវិសាខាក៏បានផ្ដល់ចម្លើយតបទៅកាន់ភិក្ខុទាំងនោះវិញ ដូចគ្នានឹងមហាសេដ្ឋីដែរ។
#ព្រះបាទបសេនទិកោសលស៊ើបអង្កេត
ភិក្ខុទាំងឡាយ កាលដែលមិនបានទទួលពាក្យយល់ព្រមពីសំណាក់ឧបាសកទាំងនោះ (អនាថបិណ្ឌិកសេដ្ឋី និងនាងវិសាខា) ក៏នាំគ្នាទៅក្រាបទូលព្រះរាជាថា បពិត្រមហារាជ ព្រះកោណ្ឌធានត្ថេរនាំស្រីម្នាក់ដើរទៅមក បង្កនូវសេចក្ដីមិនថ្លៃថ្នូរដល់ពួកយើងទាំងអស់គ្នា សូមព្រះអង្គដេញភិក្ខុនោះចេញពីដែនដីរបស់ព្រះអង្គទៅ។ ព្រះរាជាសួរថា បពិត្រលោកម្ចាស់ ចុះភិក្ខុនោះនៅទីណា? ភិក្ខុទាំងឡាយតបថា នៅក្នុងវិហារ មហារាជ។ ព្រះរាជាសួរទៀតថា តើលោកគង់នៅក្នុងសេនាសនៈណា? ភិក្ខុទាំងឡាយប្រាប់ថា នៅក្នុងសេនាសនៈឈ្មោះនោះ។ ព្រះរាជាមានបន្ទូលថា បើដូច្នោះសូមលោកម្ចាស់និមន្តទៅចុះ ខ្ញុំនឹងទៅចាប់ភិក្ខុនោះ។
ក្នុងវេលាព្រលប់ ព្រះរាជាយាងទៅកាន់វិហារ រួចឱ្យពួកបុរសឡោមព័ទ្ធសេនាសនៈនោះ ហើយយាងទៅឈរចំពីមុខកន្លែងដែលព្រះថេរៈគង់នៅ។ ព្រះថេរៈឮសម្លេងអ៊ូអរ ក៏ដើរចេញពីវិហារមកឈរនៅទីមុខខាងដើម។ ព្រះរាជាបានទតឃើញរូបស្រីនោះឈរនៅខាងក្រោយខ្នងរបស់ព្រះថេរៈមែន។ ព្រះថេរៈជ្រាបថាព្រះរាជាយាងមកដល់ ក៏ចូលទៅគង់ក្នុងវិហារវិញ។ ព្រះរាជាមិនបានថ្វាយបង្គំព្រះថេរៈឡើយ ហើយក៏ទតមិនឃើញរូបស្រីនោះទៀតដែរ។ ទោះបីទ្រង់ព្យាយាមរកមើលតាមចន្លោះទ្វារ ឬមើលក្រោមគ្រែក៏រកមិនឃើញ ទើបមានបន្ទូលសួរព្រះថេរៈថា បពិត្រលោកម្ចាស់ ខ្ញុំបានឃើញស្រីម្នាក់នៅក្នុងទីនេះ តើនាងនៅទីណា? ព្រះថេរៈតបថា អាត្មាមិនឃើញទេ មហារាជ។ ព្រះរាជាមានបន្ទូលថា អម្បាញ់មិញនេះ ខ្ញុំឃើញនាងឈរនៅខាងក្រោយខ្នងលោកម្ចាស់ច្បាស់ណាស់ ទោះបីព្រះរាជាមានបន្ទូលដូច្នោះ ក៏លោកនៅតែតបថា អាត្មាមិនឃើញ តែប៉ុណ្ណោះ។
ព្រះរាជាគិតថា តើនេះជារឿងអ្វីទៅ? រួចមានបន្ទូលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់និមន្តចេញមកខាងក្រៅនេះបន្តិច។ កាលដែលព្រះថេរៈនិមន្តចេញមកឈរនៅទីមុខខាងដើម រូបស្រីនោះក៏ប្រាកដឡើងឈរនៅខាងក្រោយខ្នងព្រះថេរៈម្ដងទៀត។ ព្រះរាជាឃើញដូច្នោះ ក៏យាងឡើងទៅលើវិហារម្ដងទៀត ចំណែកព្រះថេរៈកាលដែលដឹងថាព្រះរាជាយាងមក ក៏ចូលទៅគង់ខាងក្នុងវិញ។ ព្រះរាជាទោះបីខំរកមើលសព្វគ្រប់កន្លែង ក៏នៅតែរកមិនឃើញ ទើបសួរព្រះថេរៈម្ដងទៀតថា បពិត្រលោកម្ចាស់ តើស្រីនោះនៅទីណា? ព្រះថេរៈតបថា អាត្មាមិនឃើញទេ មហារាជ។ ព្រះរាជាមានបន្ទូលថា លោកម្ចាស់ពោលអ្វីដូច្នោះ? អម្បាញ់មិញនេះខ្ញុំករុណាឃើញនាងឈរនៅខាងក្រោយខ្នងលោកម្ចាស់ច្បាស់ណាស់។ ព្រះថេរៈតបថា ពិតមែនហើយ មហារាជ មហាជនក៏និយាយប្រាប់អាត្មាថាមានស្រីដើរតាមក្រោយអាត្មាដែរ ប៉ុន្តែអាត្មាមិនដែលឃើញទាល់តែសោះ។
ព្រះរាជាយល់ឃើញថា ប្រហែលជារូបចម្លង (រូបនិម្មិត) ទេដឹង ទើបមានបន្ទូលសួរល្បងមើលទៀតថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់និមន្តចុះទៅខាងក្រោមបន្តិច កាលដែលព្រះថេរៈចុះទៅឈរនៅទីមុខខាងដើម ទ្រង់ក៏ឃើញរូបស្រីនោះឈរនៅពីក្រោយខ្នងលោកដដែល រួចទ្រង់ក៏យាងឡើងទៅលើវិហារវិញ ក៏រកមិនឃើញទៀត។ ព្រះរាជាសួរព្រះថេរៈម្ដងទៀត លោកក៏នៅតែតបថា “មិនឃើញដដែល”។ ព្រះរាជាក៏សន្និដ្ឋានថា នេះពិតជារូបចម្លង (រូបបដិរូប) ពិតប្រាកដមែន រួចក៏មានបន្ទូលទៅកាន់ព្រះថេរៈថា បពិត្រលោកម្ចាស់ កាលបើមានគ្រឿងសៅហ្មងបែបនេះដើរតាមពីក្រោយលោកម្ចាស់ បុគ្គលដទៃច្បាស់ជាមិនប្រគេនចង្ហាន់ដល់លោកម្ចាស់ឡើយ ចាប់ពីពេលនេះទៅ សូមលោកម្ចាស់និមន្តចូលទៅក្នុងរាជដំណាក់ របស់ខ្ញុំករុណាជាប្រចាំចុះ ខ្ញុំនឹងឧបត្ថម្ភលោកម្ចាស់ដោយបច្ច័យទាំងឡាយបួនដោយខ្លួនឯង រួចព្រះរាជាក៏និមន្តព្រះថេរៈ ហើយយាងត្រឡប់ទៅវិញ។
#ការតិះដៀល_និងការទាស់ទែងគ្នា
ភិក្ខុទាំងឡាយបានពោលទោសថា ម្នាលអាវុសោ អ្នករាល់គ្នាចូលមើលអំពើអាក្រក់របស់ព្រះរាជាចុះ កាលដែលពួកយើងប្រាប់ថា ចូរដេញភិក្ខុនេះចេញពីវិហារទៅ ព្រះរាជាបែរជាយាងមកនិមន្តដោយបច្ច័យទាំងឡាយបួនទៅវិញ រួចក៏នាំគ្នាពោលតិះដៀលព្រះថេរៈនោះថា នែលោកអ្នកទ្រុស្តសីល ឥឡូវនេះលោកឯងបានក្លាយជា កោណ្ឌៈរបស់ស្ដេច ទៅហើយតើ។ ព្រះថេរៈនោះ កាលពីមុនមិនដែលហ៊ានពោលតបតទៅកាន់ភិក្ខុទាំងឡាយឡើយ ប៉ុន្តែពេលនេះលោកក៏បានពោលតបវិញថា អ្នករាល់គ្នាឯណោះទេជាអ្នកទ្រុស្តសីល អ្នករាល់គ្នាឯណោះទេជាពួកកោណ្ឌៈ អ្នករាល់គ្នាឯណោះទេដែលនាំស្រីដើរតាម។ ភិក្ខុទាំងឡាយក៏នាំគ្នាទៅក្រាបទូលព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គនិយាយប្រាប់ព្រះកោណ្ឌធានត្ថេរ ស្រាប់តែលោកជេរប្រមាថពួកខ្ញុំព្រះអង្គថា ជាអ្នកទ្រុស្តសីលជាដើមវិញ។
#ព្រះសាស្តាត្រាស់ដាស់តឿន_និងសម្ដែងបុព្វកម្ម
ព្រះសាស្តាឱ្យគេទៅហៅព្រះថេរៈនោះមក រួចត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងពោលយ៉ាងនោះពិតមែនឬ? ព្រះថេរៈក្រាបទូលថា ពិតមែនហើយ ព្រះអង្គ។ ព្រះអង្គត្រាស់សួរថា តើដោយសារហេតុអ្វី? ព្រះថេរៈក្រាបទូលថា ពីព្រោះភិក្ខុទាំងនេះមកពោលដាក់ខ្ញុំព្រះអង្គមុន។ ព្រះសាស្តាត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចុះហេតុអ្វីបានជាអ្នករាល់គ្នាទៅពោលដាក់ភិក្ខុនេះ? ភិក្ខុទាំងឡាយក្រាបទូលថា ពីព្រោះពួកខ្ញុំព្រះអង្គឃើញស្រីដើរតាមក្រោយលោក ព្រះអង្គ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ភិក្ខុទាំងនេះគេពោលព្រោះគេឃើញស្រីដើរតាមអ្នក ចុះចំណែកអ្នកវិញ ហេតុអ្វីក៏ពោលតបទៅគេ? ពួកភិក្ខុទាំងនេះ គេឃើញទើបគេពោល ចុះអ្នកមិនបានឃើញអ្វីសោះ ហេតុអ្វីក៏ទៅពោលតបនឹងគេ? តើមិនមែនដោយសារតែទិដ្ឋិដ៏អាក្រក់របស់អ្នកពីមុនទេឬ ទើបអពមង្គលនេះកើតឡើងដល់អ្នក? ចុះឥឡូវនេះ ហេតុអ្វីក៏អ្នកនៅតែប្រកាន់យកទិដ្ឋិដ៏អាក្រក់នោះម្ដងទៀត?
ភិក្ខុទាំងឡាយក៏ក្រាបទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន តើភិក្ខុនេះបានធ្វើកម្មអ្វីពីជាតិមុន? គ្រានោះ ព្រះសាស្តាក៏បានត្រាស់សម្ដែងនូវបុព្វកម្មរបស់លោកប្រាប់ភិក្ខុទាំងឡាយ រួចត្រាស់បន្តថា ម្នាលភិក្ខុ អ្នកដល់នូវសេចក្ដីវិនាសបែបនេះ ក៏ព្រោះតែអាស្រ័យនូវបាបកម្មនេះឯង ឥឡូវនេះ អ្នកមិនគួរប្រកាន់យកទិដ្ឋិដ៏អាក្រក់បែបនោះទៀតឡើយ កុំពោលពាក្យអ្វីតបតជាមួយភិក្ខុទាំងឡាយទៀត ចូរអ្នកធ្វើខ្លួនឱ្យដូចជា បុគ្គលដែលស្ងៀមស្ងាត់ ដូចជារគាំងដែលគេកាត់មាត់ចេញហើយ បើអ្នកធ្វើបានយ៉ាងនេះ អ្នកនឹងឈ្មោះថាជាអ្នកដល់នូវព្រះនិព្វាន។ ត្រាស់ដូច្នោះហើយ ព្រះអង្គក៏ភ្ជាប់សេចក្ដីដើម្បីសម្ដែងធម៌ រួចត្រាស់នូវព្រះគាថាទាំងឡាយនេះថា៖
១៣៣. មាវោច ផរុសំ កញ្ចិ, វុត្តា បដិវទេយ្យុ តំ;
ទុក្ខា ហិ សារម្ភកថា, បដិទណ្ឌា ផុសេយ្យុ តំ។
អ្នក កុំនិយាយពាក្យអាក្រក់ នឹងអ្នកណាមួយឡើយ ជនទាំងឡាយដែលអ្នកស្តីថាឱ្យហើយ គេគប្បីស្តីថាតបមកអ្នកវិញ ព្រោះថា ការពោលពាក្យប្រណាំងប្រជែង ជាហេតុនាំឱ្យកើតទុក្ខ ការតស៊ូទាំងឡាយគប្បីប៉ះពាល់នូវអ្នក។
១៣៤. សចេ នេរេសិ អត្តានំ, កំសោ ឧបហតោ យថា;
ឯស បត្តោសិ និព្វានំ, សារម្ភោ តេ ន វិជ្ជតិ។
បើអ្នក ធ្វើខ្លួនមិនឱ្យញាប់ញ័រ ដូចរគាំងដែលចៀរមាត់ចេញហើយ (រមែងមិនលាន់ឮសូរ) ដូច្នេះ អ្នកនុ៎ះជាបុគ្គល ដល់នូវព្រះនិព្វាន ការប្រណាំងប្រជែងមិនមានដល់អ្នក។
#សេចក្ដីអធិប្បាយព្រះគាថា
ក្នុងព្រះគាថានោះ ពាក្យថា មា វោច ផរុសំ កញ្ចីតិ សេចក្ដីថា អ្នកកុំពោលពាក្យអាក្រក់ទៅកាន់បុគ្គលណាម្នាក់ សូម្បីតែម្នាក់ឡើយ។ ពាក្យថា វុត្តាតិ សេចក្ដីថា កាលបើអ្នកពោលដាក់អ្នកដទៃថា អ្នកទ្រុស្តសីល ជាដើម គេក៏នឹងពោលតបមកកាន់អ្នកវិញយ៉ាងនោះដែរ។ ពាក្យថា សារម្ភកថាតិ សេចក្ដីថា ការពោលពាក្យប្រណាំងប្រជែងគ្នាដើម្បីយកឈ្នះចាញ់នេះឯង ឈ្មោះថាជាទុក្ខ។ ពាក្យថា បដិទណ្ឌាតិ សេចក្ដីថា កាលបើបុគ្គលវាយធ្វើបាបអ្នកដទៃដោយកាយទណ្ឌជាដើម អាជ្ញាតបតបែបនោះឯង ក៏នឹងធ្លាក់មកលើក្បាលរបស់អ្នកវិញដែរ។
ពាក្យថា សចេ នេរេសីតិ សេចក្ដីថា បើអ្នកអាចធ្វើខ្លួនឯងមិនឱ្យញាប់ញ័រ (ស្ងប់ស្ងៀម) បាន។ ពាក្យថា កំសោ ឧបហតោ យថាតិ ដូចជាកងចង្អេរ (ឬថាសសំរិទ្ធ) ដែលគេកាត់មាត់ជុំវិញចេញហើយ ទុកតែបាត។ ពិតណាស់ កងដែលគេកាត់មាត់ចេញបែបនោះ ទោះបីគេយកដៃ ជើង ឬដំបងទៅវាយ ក៏វាមិនបញ្ចេញសម្លេងឡើយ។ ពាក្យថា ឯស បត្តោសីតិ សេចក្ដីថា បើអ្នកអាចធ្វើខ្លួនឱ្យបានបែបនោះ មើលទៅហាក់ដូចជាកំពុងបំពេញនូវបដិបទា ទោះបីជាឥឡូវនេះមិនទាន់បានសម្រេច ក៏ឈ្មោះថាជាអ្នកដល់នូវព្រះនិព្វានដែរ។ ពាក្យថា សារម្ភោ តេ ន វិជ្ជតីតិ សេចក្ដីថា កាលបើមានសេចក្ដីយ៉ាងនេះហើយ សេចក្ដីក្រោធខឹងដែលមានលក្ខណៈជាការនិយាយយកឈ្នះចាញ់គ្នាថា អ្នកឯងទ្រុស្តសីល អ្នករាល់គ្នាទ្រុស្តសីល ជាដើមនោះ ក៏មិនមានដល់អ្នក ហើយនឹងមិនមានតទៅទៀតឡើយ នេះគឺជាអត្ថសេចក្ដីក្នុងទីនេះ។
ទេសនាវសានេ ក្នុងពេលបញ្ចប់ព្រះធម្មទេសនា ជនជាច្រើនបានសម្រេចនូវសោតាបត្តិផលជាដើម។ ចំណែកឯព្រះកោណ្ឌធានត្ថេរ កាលដែលតាំងនៅក្នុងឱវាទដែលព្រះសាស្តាប្រទានឱ្យហើយ ក៏បានសម្រេចនូវអរហត្តផល មិនយូរប៉ុន្មាន លោកក៏បានហោះឡើងទៅលើអាកាស ហើយបានទទួលស្លាក (ឆ្នោតចង្ហាន់) ជាលើកដំបូងគេបង្អស់។
រឿងព្រះកោណ្ឌធានត្ថេរ ទី ៤ ចប់។




























No comments:
Post a Comment