បុញ្ញកិរិយាវត្ថុ ៣ យ៉ាង (មូលដ្ឋាននៃការធ្វើបុណ្យ) - Monk Cambodia

បុញ្ញកិរិយាវត្ថុ ៣ យ៉ាង (មូលដ្ឋាននៃការធ្វើបុណ្យ)

Share This

 #សិក្សាបិដក ៤៨/ទំព័រ ១៦៨

[៣៦] បុញ្ញកិរិយាវត្ថុ ៣ យ៉ាង (មូលដ្ឋាននៃការធ្វើបុណ្យ)

ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះមាន ៣ យ៉ាង។ បុញ្ញកិរិយាវត្ថុមាន ៣ យ៉ាងតើដូចម្ដេចខ្លះ? គឺ៖

១. ទានមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំងនៃការបំពេញបុណ្យ សម្រេចអំពីការឱ្យ)

២. សីលមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំងនៃការបំពេញបុណ្យ សម្រេចអំពីការរក្សាសីល)

៣. ភាវនាមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំងនៃការបំពេញបុណ្យ សម្រេចអំពីការចម្រើន)

#កម្រិតនៃបុណ្យ_និងលទ្ធផលនៃភពកំណើត

១. កម្រិតទាប (កើតក្នុងត្រកូលថោកទាប)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុ មានប្រមាណតិច ធ្វើសីលមយបុញ្ញកិរិយាវត្ថុ មានប្រមាណតិច ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនូវឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងត្រកូលមនុស្សថោកទាប។

២. កម្រិតមធ្យម (កើតក្នុងត្រកូលខ្ពង់ខ្ពស់)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុ ល្មមប្រមាណ ធ្វើសីលមយបុញ្ញកិរិយាវត្ថុ ក៏ល្មមប្រមាណ ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនូវឡើយ។ បុគ្គលនោះលុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងត្រកូលមនុស្សដ៏ខ្ពង់ខ្ពស់។

៣. កម្រិតខ្ពស់ (ទេវតាចាតុម្មហារាជិកៈ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនូវឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាចាតុម្មហារាជិកៈ​។ ម្នាលភិក្ខុទាំងឡាយ បណ្ដាទេវតាទាំងនោះ មហារាជទាំង ៤ អង្គ បានធ្វើទានមយ​បុញ្ញកិរិយាវត្ថុ ច្រើនក្រៃពេក ធ្វើសីលមយបុញ្ញកិរិយាវត្ថុ ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាចាតុម្មហារាជិកៈ ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ពណ៌ជាទិព្យ ១ សុខជាទិព្យ ១ យសជាទិព្យ ១ អធិបតីជាទិព្យ ១ រូបជាទិព្យ ១ សំឡេងជាទិព្យ ១ ក្លិនជាទិព្យ ១ រសជាទិព្យ ១ ផោដ្ឋព្វៈជាទិព្យ ១។

៤. កម្រិតខ្ពស់ឡើងទៀត (ទេវតាតាវត្តិង្ស)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនូវឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាតាវត្តិង្ស។ ម្នាលភិក្ខុទាំងឡាយ បណ្ដាទេវតាទាំងនោះ សក្កទេវរាជជាធំជាងទេវតា បានធ្វើទានមយបុញ្ញកិរិយាវត្ថុ ដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាតាវត្តិង្ស ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ។ បេ។ ផោដ្ឋព្វៈជាទិព្យ ១។

៥. កម្រិតខ្ពស់ឡើងទៀត (ទេវតាជាន់យាមៈ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនូវឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាជាន់យាមៈ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាទេវតាទាំងនោះ សុយាមទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាជាន់យាមៈ ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ។ បេ។ ផោដ្ឋព្វៈជាទិព្យ ១។

៦. កម្រិតខ្ពស់ឡើងទៀត (ទេវតាជាន់យាមៈ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនូវឡើយ។ បុគ្គលនោះលុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាជាន់តុសិត។ ម្នាលភិក្ខុទាំងឡាយ បណ្ដាទេវតាទាំងនោះ សន្តុសិតទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាជាន់តុសិត ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ។ បេ។ ផោដ្ឋព្វៈជាទិព្យ ១។

៧. កម្រិតខ្ពស់ឡើងទៀត (ទេវតានិម្មានរតី)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនូវឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតានិម្មានរតី។ ម្នាលភិក្ខុទាំងឡាយ បណ្ដាទេវតាទាំងនោះ សុនិម្មិតទេវបុត្រ បានធ្វើទានមយ​បុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតានិម្មានរតី ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ។ បេ។ ផោដ្ឋព្វៈជាទិព្យ ១។

៨. កម្រិតខ្ពស់ឡើងទៀត (ទេវតាបរនិម្មិតវសវត្តី)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនូវឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាបរនិម្មិតវសវត្តី​។

#ឋានៈដ៏វិសេសរបស់ស្ដេចទេវតា (ទិព្យសម្បត្តិ ១០ យ៉ាង)

ម្នាលភិក្ខុទាំងឡាយ បណ្ដាទេវតាទាំងនោះ បរនិម្មិតវសវត្តីទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុ ដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុ ដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាបរនិម្មិតវសវត្តី ដោយស្ថាន ១០ យ៉ាងគឺ៖

១. អាយុជាទិព្យ៖ មានអាយុវែងជាង​។

២. ពណ៌ជាទិព្យ៖ មានសម្បុរកាយភ្លឺថ្លា រុងរឿងជាង​។

៣. សុខជាទិព្យ៖ មានសេចក្ដីសុខស្រួលជាង​។

៤. យសជាទិព្យ៖ មានបរិវារ និងកេរ្តិ៍ឈ្មោះច្រើនជាង​។

៥. អធិបតីជាទិព្យ៖ មានអំណាចគ្រប់គ្រងខ្លាំងជាង​។

៦. រូបជាទិព្យ៖ មានរូបរាងស្រស់ស្អាតជាង​។

៧. សំឡេងជាទិព្យ៖ មានសំឡេងពិរោះជាង​។

៨. ក្លិនជាទិព្យ៖ មានក្លិនកាយក្រអូបជាង​។

៩. រសជាទិព្យ៖ មានរសជាតិអាហារទិព្យវិសេសជាង​។

១០. ផោដ្ឋព្វៈជាទិព្យ៖ មានការប៉ះពាល់សរីរៈទន់ភ្លន់ ល្អប្រពៃជាង​​។

ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ យ៉ាងនេះឯង។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter