ឧជ្ឈានសញ្ញិសូត្រ ទី៥ - Monk Cambodia

ឧជ្ឈានសញ្ញិសូត្រ ទី៥

Share This

 🍃ឧជ្ឈានសញ្ញិសូត្រ ទី៥

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងទៅ​ហើយ ពួកទេវតាច្រើនអង្គ ជាអ្នកមានសេចក្តីសំគាល់ ​ក្នុងការពោលទោស មាន​រស្មី​ដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ឋិតនៅនាអាកាស។ 


[១០៩] ទេវតាមួយអង្គ ឋិតនៅនាអាកាសហើយ ពោលគាថានេះ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ​ថា


បុគ្គលណា ប្រកាសនូវខ្លួនដែលមានប្រការដទៃ ដោយប្រការដទៃ ការ​បរិភោគ​របស់​បុគ្គល​នោះ ឈ្មោះថា បរិភោគ ដោយ​ការលួច​លាក់ ដូចជាព្រានសត្វស្លាប បញ្ឆោតបាញ់សត្វ យកសាច់មកបរិភោគ ព្រោះថា បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយ​ចំពោះអំពើនោះទេ ព្រោះ​ពួកអ្នកប្រាជ្ញ តែងកំណត់​ដឹង​ពួកបុគ្គល​ ដែល​បានតែ​ខាង​និយាយ តែមិនធ្វើ។


[១១០] ព្រះមានព្រះភាគ ត្រាស់ថា បដិបទានេះឯង ជាបដិបទាដ៏មាំ ពួក​អ្នកប្រាជ្ញមានឈាន រមែងរួចចាក​ចំណងមារ ដោយបដិបទាណា បុគ្គល មិនអាច​ប្រតិបត្តិបដិបទានេះ ដោយគ្រាន់តែចេះនិយាយ ឬគ្រាន់តែស្តាប់ ដោយ​ចំណែក​មួយទេ ពួកអ្នកប្រាជ្ញ ដឹងច្បាស់នូវហេតុក្នុងលោក បានដឹងនូវចតុសច្ចធម៌ ជាអ្នក​រំលត់​កិលេស បានឆ្លង​នូវ​តណ្ហា ដែលផ្សាយទៅក្នុងលោក រមែង​មិននិយាយ​អួតទេ។


[១១១] គ្រានោះឯង ទេវតាទាំងឡាយនោះ ប្រតិស្ឋានលើប្រឹថពី ហើយក្រាប​សីរ្សៈទៀបព្រះបាទ នៃព្រះមានព្រះភាគ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសដែលប្រព្រឹត្តកន្លងគ្របសង្កត់ហើយ នូវខ្ញុំ​ព្រះអង្គទាំង​ឡាយ តាមដោយខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកល្ងង់ខ្លៅ ជាអ្នកវង្វេង ជាអ្នក​មិនឈ្លាស ខ្ញុំ​ព្រះអង្គទាំងឡាយណា បានមើលងាយព្រះមានព្រះភាគ ដែលជាបុគ្គល​មិនគួរ​បៀត​បៀន បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ អត់នូវទោស ដែលប្រព្រឹត្ត​កន្លង គ្របសង្កត់ហើយ ដល់ខ្ញុំ​ព្រះអង្គទាំងឡាយនោះ ដើម្បីនឹងសង្រួមតទៅ។ ទើប​ព្រះមានព្រះភាគ ទ្រង់ធ្វើការញញឹមឲ្យប្រាកដឡើង។


[១១២] លំដាប់នោះឯង ទេវតាទាំងនោះ ក៏ពោលទោសច្រើនហួសប្រមាណ ហើយ​ហោះទៅឯអាកាស។ ទេវតាមួយអង្គ បានពោល​គាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា


បើអ្នកណាមិនអត់ទោសឲ្យ ដល់បុគ្គល​អ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅខាងក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោប​ពៀរទុក (ដូចជាបុគ្គលពាក់ឡេវក្ឌុំ)។ បើទោសមិនមានទេ កំហុសក្នុងលោកនេះ ក៏​មិនមានដែរ បើពៀរទាំងឡាយមិនរម្ងាប់ទេ ក្នុងលោកនេះ នឹងមានអ្នកឈ្លាស​ដូចម្តេច​បាន។ បុគ្គល​ណា មិនមានទោស ប្រព្រឹត្តកន្លង (ដោយវាចា) បុគ្គល​ណា មិន​មានកំហុស បុគ្គលណា មិនដល់នូវសេចក្តី​ភាន់ច្រឡំ បុគ្គលណា ជាអ្នកប្រាជ្ញ មាន​សតិសព្វកាលក្នុងលោកនេះ។ 


[១១៣] ព្រះមានព្រះភាគ ត្រាស់ថា ព្រះតថាគតនោះ ជាព្រះពុទ្ធ ជាអ្នក​មាន​សេចក្តីអនុគ្រោះ ដល់សព្វសត្វ មិនមានទោសប្រព្រឹត្តកន្លងទេ ព្រះតថាគតនោះ មិន​មានកំហុសទេ ព្រះតថាគតនោះ មិនដល់នូវសេចក្តី​ភាន់ច្រឡំទេ ព្រះតថាគតនោះ ជា​អ្នកមានប្រាជ្ញា មានសតិសព្វកាល ក្នុងលោកនេះ។ បើអ្នកណា មិនអត់ទោស ដែល​ប្រព្រឹត្តកន្លង​ ដល់បុគ្គលអ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅ​ខាង​ក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោបពៀរទុក តថាគត មិន​ត្រេកអរនឹងពៀរនោះទេ តថាគត អត់ទោស ដែលប្រព្រឹត្តកន្លង ដល់អ្នកទាំងឡាយ​ហើយ។


(ព្រះត្រៃបិដកលេខ ២៩)


……………………………….……………………….

🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter