ចូឡគោសិង្គសាលសូត្រ ទី ១
[១-២] ព្រះមានព្រះភាគ យាងទៅព្រៃគោសិង្គសាលវ័ន ហើយបានជួបនឹងភិក្ខុបីអង្គគឺ ព្រះអនុរុទ្ធ ព្រះនន្ទិយៈ និងព្រះកិមិលៈ ដែលកំពុងគង់នៅទីនោះ។ ព្រះពុទ្ធបានសួរពួកលោកថា តើពួកលោកអត់ធន់បានទេ? ប្រព្រឹត្តទៅបានស្រួលទេ? ហើយមិនលំបាកនឹងអាហារបិណ្ឌបាតទេឬ? ភិក្ខុទាំងបីអង្គបានថ្វាយបង្គំទូលថា ពួកលោកអត់ធន់បាន ស្រួលបួល ហើយមិនលំបាកនឹងបិណ្ឌបាតឡើយ។
[៣] ព្រះពុទ្ធសួរទៀតថា តើពួកលោកមានសេចក្ដីព្រមព្រៀងគ្នាទេ ដូចទឹកដោះលាយទឹក? ព្រះអនុរុទ្ធបានថ្វាយបង្គំទូលថា ពួកលោកមានមេត្តាចំពោះគ្នាទៅវិញទៅមកទាំងកាយកម្ម វចីកម្ម និងមនោកម្ម។ ពួកលោកតែងដាក់ចិត្តតាមចិត្តរបស់គ្នាទៅវិញទៅមក ដូច្នេះកាយរបស់លោកប្លែកគ្នា តែចិត្តដូចគ្នា។ ព្រះនន្ទិយៈ និងព្រះកិមិលៈក៏បានទូលបញ្ជាក់ដូចគ្នា។
[៤] ព្រះពុទ្ធសួរទៀតថា តើពួកលោកមិនប្រមាទ មានព្យាយាមដុតកិលេស និងមានចិត្តឆ្ពោះទៅកាន់ព្រះនិព្វានទេ? ពួកលោកបានទូលថា ពួកលោកសុទ្ធតែមិនប្រមាទ។ ពេលត្រឡប់ពីបិណ្ឌបាត ភិក្ខុណាមកមុន តែងរៀបចំទីកន្លែងនិងទឹក ភិក្ខុណាមកក្រោយ តែងរៀបចំសម្អាតកន្លែងវិញ។ នៅពេលដែលមានកិច្ចការត្រូវធ្វើ ពួកលោកតែងជួយគ្នាដោយដៃដោយមិនចាំបាច់និយាយ។ រៀងរាល់ថ្ងៃឧបោសថ ពួកលោកតែងអង្គុយជុំគ្នាស្ដាប់ធម្មីកថាពេញមួយយប់។
[៥] ព្រះពុទ្ធបានសួរអំពីផាសុវិហារធម៌ (ធម៌ជាទីនៅសប្បាយ) ដែលពួកលោកបានសម្រេច។ ពួកលោកបានទូលអំពីការចូលកាន់ បឋមជ្ឈាន, ទុតិយជ្ឈាន, តតិយជ្ឈាន, ចតុត្ថជ្ឈាន រហូតដល់ នេវសញ្ញានាសញ្ញាយតនជ្ឈាន និង សញ្ញាវេទយិតនិរោធ ហើយទូលថា អាសវៈទាំងឡាយរបស់ពួកលោកបានអស់ហើយ ព្រោះបានឃើញច្បាស់ដោយបញ្ញា។ ពួកលោកក៏បានបញ្ជាក់ថា មិនមានផាសុវិហារធម៌ណាមួយប្រសើរជាងនេះទៀតឡើយ។ ព្រះពុទ្ធបានបញ្ជាក់ថា ពិតជាមិនមានឡើយ។
[៦-៨] ព្រះពុទ្ធបានទ្រង់ត្រាស់ទេសនាដល់ភិក្ខុទាំងបីអង្គហើយក៏យាងចេញទៅ។ ក្រោយមក ពួកលោកបាននិយាយគ្នា ហើយព្រះអនុរុទ្ធបានពន្យល់ថា លោកបានដឹងគុណធម៌របស់ភិក្ខុទាំងពីរដោយចិត្ត ហើយទេវតាក៏បានប្រាប់លោកដូចគ្នា ទើបលោកបានឆ្លើយទៅនឹងព្រះពុទ្ធ។ ក្រោយមក យក្សឈ្មោះ ទីឃបរជន និងទេវតាជាច្រើនទៀតចាប់ពីពួកភុម្មទេវតារហូតដល់ព្រហ្មលោកបានប្រកាសសរសើរថា តំបន់ណាដែលព្រះពុទ្ធនិងភិក្ខុទាំងបីអង្គគង់នៅ គឺជាលាភរបស់ជនក្នុងតំបន់នោះ ហើយថា ពួកលោកបានប្រតិបត្តិដើម្បីប្រយោជន៍ និងសេចក្ដីសុខដល់មនុស្ស និងទេវតាទាំងឡាយ។




























No comments:
Post a Comment