[៤៦] រោហិតស្សសូត្រ
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។
លំដាប់នោះឯង រោហិតស្សទេវបុត្ត កាលវេលារាត្រី (បឋមយាម) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូលឱ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។
លុះរោហិតស្សទេវបុត្តឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា៖
បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងឱកាសនៃចក្រវាឡលោកណា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលអាចដើម្បីដឹង ដើម្បីឃើញឬដើម្បីដល់នូវទីបំផុតនៃលោក (នោះ) ដោយកិរិយាដើរទៅ (ដោយជើង) បានដែរឬ។
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ នូវទីបំផុតនៃសង្ខារលោកនោះដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។
រោហិតស្សទេវបុត្ត ក្រាបបង្គំទូលថា៖
បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគត្រាស់ប្រពៃហើយថា “ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ” បពិត្រព្រះអង្គដ៏ចម្រើន កាលពីព្រេងនាយមក ខ្ញុំព្រះអង្គធ្លាប់កើតជាឥសីឈ្មោះ រោហិតស្សៈ ជាបុត្ររបស់ព្រានព្រៃ មានឫទ្ធិទៅដោយអាកាសវេហាស៍បាន។
បពិត្រព្រះអង្គដ៏ចម្រើន សន្ទុះមានសភាពយ៉ាងនេះ បានកើតដល់ខ្ញុំព្រះអង្គនោះ ប្រៀបដូចនាយខ្មាន់ធ្នូ មានធនុធម៌ដ៏មាំ បានសិក្សាដោយប្រពៃហើយ មានដៃដ៏ស្ទាត់ មានការបាញ់ដ៏ស្ទាត់ បានយកព្រួញដ៏ស្រាល (បាញ់) ឱ្យឆ្លងរំលងទទឹងស្រមោលដើមត្នោតដោយមិនលំបាក ជំហានឈានដើរទៅដោយជើង មានសភាពយ៉ាងនេះ បានកើត (ដល់ខ្ញុំព្រះអង្គ) ប្រៀបដូចសមុទ្រទិសខាងលិច (ឆ្ងាយអំពី) សមុទ្រទិសខាងកើត។
បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះមានសភាពយ៉ាងនេះ ដោយការឈានដើរទៅ (ដោយជើង) មានសភាពយ៉ាងនេះហើយ សេចក្តីប្រាថ្នាមានសភាពយ៉ាងនេះ ក៏កើតឡើងថា អាត្មាអញនឹងដល់នូវទីបំផុតនៃលោក ដោយការដើរទៅ (ដោយជើង) បាន។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ លើកលែងតែពេលស៊ីផឹក ទំពាហុតស្រូប (នូវអាហារជាដើម) លើកលែងតែពេលធ្វើនូវឧច្ចារៈ និងបស្សាវៈ លើកលែងតែពេលដេក និងបន្ទោបង់នូវសេចក្តីទុក្ខលំបាក ទាំងប្រកបដោយអាយុ ១០០ ឆ្នាំ មានជីវិតរស់នៅបាន ១០០ ឆ្នាំ ដើរទៅអស់ ១០០ ឆ្នាំ ក៏គង់មិនដល់នូវទីបំផុតនៃលោកបានឡើយ ធ្វើមរណកាលក្នុងចន្លោះនោះឯង។
បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគត្រាស់ប្រពៃហើយថា “ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុតនៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ”។
ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃលោកនោះដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។
ម្នាលអាវុសោ មួយទៀត បើតថាគតមិនបានដល់នូវទីបំផុតនៃសង្ខារលោកហើយ ក៏មិនបានពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខឡើយ។
ម្នាលអាវុសោ មួយទៀត តថាគតតែងបញ្ញត្តនូវធម៌ជាគោល គឺអរិយសច្ចៈ ៤ យ៉ាង មាន៖
១. លោកគឺទុក្ខ (ទុក្ខសច្ច) ផង
២. លោកសមុទយៈ (សមុទយសច្ច) ផង
៣. លោកនិរោធ (និរោធសច្ច) ផង
៤. លោកនិរោធគាមិនីបដិបទា (មគ្គសច្ច) ផង
ក្នុងអត្តភាពប្រមាណ ១ ព្យាមនេះឯង ដែលប្រកបដោយសញ្ញាផង ប្រកបដោយចិត្តផង។
គមនេន ន បត្តព្វោ, លោកស្សន្តោ កុទាចនំ;
ន ច អប្បត្វា លោកន្តំ, ទុក្ខា អត្ថិ បមោចនំ។
ទីបំផុតនៃលោក បុគ្គល មិនគប្បីដល់ ដោយការដើរទៅ (ដោយជើង) ក្នុងកាលណាម្តងឡើយ មួយទៀត ការមិនទាន់ដល់នូវទីបំផុតនៃលោក ឈ្មោះថា មិនបានរួចចាកទុក្ខឡើយ។
តស្មា ហវេ លោកវិទូ សុមេធោ,
លោកន្តគូ វុសិតព្រហ្មចរិយោ;
លោកស្ស អន្តំ សមិតាវិ ញត្វា,
នាសឹសតិ លោកមិមំ បរញ្ចា’’តិ។
ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់មានបញ្ញាល្អ ទ្រង់ ដល់នូវទីបំផុតនៃលោក ទ្រង់ ប្រព្រឹត្តចប់ព្រហ្មចរិយៈហើយ។ ទ្រង់មានបាបរម្ងាប់បង់ហើយ ទ្រង់ជ្រាបច្បាស់នូវទីបំផុតនៃលោកហើយ មិនប្រាថ្នានូវលោកនេះនឹងលោកខាងមុខឡើយ។



























No comments:
Post a Comment