រឿងភិក្ខុអស្សជិ និងបុនព្វសុកៈ (អស្សជិបុនព្វសុកវត្ថុ) - Monk Cambodia

រឿងភិក្ខុអស្សជិ និងបុនព្វសុកៈ (អស្សជិបុនព្វសុកវត្ថុ)

Share This

 ២. រឿងភិក្ខុអស្សជិ និងបុនព្វសុកៈ (អស្សជិបុនព្វសុកវត្ថុ)

ឱវទេយ្យានុសាសេយ្យាតិ ព្រះសាស្តា កាលដែលគង់ប្រថាប់នៅក្នុង ជេតវនវិហារ ទ្រង់បានសម្ដែងនូវធម្មទេសនានេះ ដោយប្រារព្ធនូវភិក្ខុអស្សជិ និងភិក្ខុបុនព្វសុកៈ។ ប៉ុន្តែសេចក្ដីផ្ដើមនៃធម្មទេសនានេះ គឺកើតឡើងនៅក្នុង កីដាគិរិជនបទ។

ឮថា ភិក្ខុទាំងពីរអង្គនោះ ទោះបីជាសទ្ធិវិហារិករបស់ព្រះអគ្គសាវ័កក៏ដោយ តែជាភិក្ខុទ្រុស្តសីល មិនមានសេចក្ដីអៀនខ្មាស ជាភិក្ខុអាក្រក់។ លោកទាំងពីររូបនោះ ព្រមដោយភិក្ខុបរិវារអាក្រក់ៗចំនួន ៥០០ អង្គ រស់នៅក្នុងកីដាគិរិជនបទ បានធ្វើនូវអនាចារខុសវិន័យផ្សេងៗ ជាដើមថា ដាំខ្លួនឯងខ្លះ បញ្ជាឱ្យគេដាំខ្លះ នូវដើមឈើដែលមានផ្កា និងធ្វើនូវកម្មជាអ្នកប្រទូស្តដល់ត្រកូល (កុលទូសកៈ) រួចចិញ្ចឹមជីវិតដោយបច្ច័យដែលកើតឡើងពីអំពើទាំងនោះ ធ្វើឱ្យអាវាស (វត្ត) នោះ ក្លាយជាទីកន្លែងដែលភិក្ខុអ្នកមានសីល (បេសលភិក្ខុ) មិនអាចរស់នៅបានឡើយ។

ព្រះសាស្តា កាលដែលបានជ្រាបនូវរឿងរ៉ាវនោះ ដើម្បីនឹងធ្វើនូវ បព្វាជនីយកម្ម (កម្មបណ្ដេញចេញពីវត្ត) ដល់ភិក្ខុទាំងនោះ ទើបទ្រង់ត្រាស់ហៅព្រះអគ្គសាវ័កទាំងពីរ ព្រមទាំងបរិវារ រួចមានពុទ្ធដីកាថា ម្នាលសារីបុត្ត និងមោគ្គល្លាន ចូរអ្នករាល់គ្នាទៅចុះ ក្នុងចំណោមភិក្ខុទាំងនោះ បើអង្គណាមិនស្ដាប់តាមពាក្យរបស់អ្នកទេ ចូរធ្វើបព្វាជនីយកម្មដល់ពួកគេចុះ ចំណែកអង្គណាដែលស្ដាប់តាម ចូរអ្នកជួយទូន្មានប្រដៅចុះ ព្រោះថាបុគ្គលដែលទូន្មានប្រដៅនោះ រមែងជាទីស្អប់ខ្ពើម មិនជាទីពេញចិត្ត ដល់ពួកមនុស្សពាល (អបណ្ឌិត) តែម្យ៉ាងប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកប្រាជ្ញ (បណ្ឌិត) វិញ លោកច្បាស់ជាជាទីស្រឡាញ់ និងជាទីពេញចិត្តបំផុត។

កាលដែលតភ្ជាប់អនុសន្ធិសម្ដែងធម៌យ៉ាងនេះហើយ ព្រះអង្គក៏ត្រាស់នូវគាថានេះថា៖

៧៧.ឱវទេយ្យានុសាសេយ្យ,  អសព្ភា ច និវារយេ;

សតញ្ហិ សោ បិយោ ហោតិ,  អសតំ ហោតិ អប្បិយោ។

បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រលាញ់នៃអសុប្បុរសឡើយ។

អធិប្បាយសេចក្ដីនៃគាថា

ក្នុងបទថា ឱវទេយ្យ គឺកាលបើរឿងរ៉ាវ (កំហុស) កើតឡើងចំពោះមុខ ហើយពោលប្រាប់ ឈ្មោះថា ឱវាទ។ កាលបើរឿងរ៉ាវមិនទាន់កើតឡើងនៅឡើយ តែពោលបង្ហាញពីហេតុការណ៍ដែលនឹងកើតមានក្នុងអនាគតជាដើមថា សេចក្ដីអាប់យសនឹងមានដល់អ្នក យ៉ាងនេះ ឈ្មោះថា អនុសាសនី។ ម្យ៉ាងទៀត ការពោលប្រាប់ចំពោះមុខ ឈ្មោះថា ឱវាទ ការពោលប្រាប់កំបាំងមុខ ឬផ្ញើតាមរយៈអ្នកដទៃ ឬផ្ញើសារទៅប្រាប់ ឈ្មោះថា អនុសាសនី។ ការពោលប្រាប់តែម្ដង ឈ្មោះថា ឱវាទ ការពោលប្រាប់ដដែលៗរឿយៗ ឈ្មោះថា អនុសាសនី។ បុគ្គលគប្បីទូន្មាន និងប្រៀនប្រដៅយ៉ាងនេះឯង។

បទថា អសព្ភា ច គឺគប្បីហាមឃាត់បុគ្គលដទៃចាកអកុសលធម៌ទាំងឡាយ ហើយឱ្យតាំងនៅក្នុងកុសលធម៌វិញ នេះជាអត្ថន័យក្នុងបទនេះ។

បទថា សតញ្ហិ សោ បិយោ ហោតិ គឺថាបុគ្គលដែលមានសភាពបែបនោះ (អ្នកដែលចូលចិត្តទូន្មានប្រដៅគេឱ្យធ្វើល្អ) រមែងជាទីស្រឡាញ់ពេញចិត្តនៃសប្បុរសទាំងឡាយ មានព្រះពុទ្ធជាដើម។ ចំណែកឯពួកបុគ្គលដែលមិនទាន់ឃើញធម៌ មិនទាន់ឆ្លងផុតភ័យក្នុងបរលោក ជាអ្នកសម្លឹងមើលតែអាមិស (លាភសក្ការៈ) និងបួសគ្រាន់តែដើម្បីចិញ្ចឹមជីវិត បុគ្គលអ្នកទូន្មានប្រដៅនោះ រមែងជាទីស្អប់ខ្ពើមនៃពួកអសប្បុរសទាំងនោះវិញ ដោយពួកអសប្បុរសទាំងនោះតែងពោលចាក់ដោតដោយលំពែងគឺមាត់ថា លោកមិនមែនជាឧបជ្ឈាយ៍របស់យើងទេ លោកក៏មិនមែនជាអាចារ្យរបស់យើងដែរ ហេតុអ្វីបានជាលោកមកទូន្មានប្រដៅយើងដូច្នេះ?។

លុះចប់ធម្មទេសនា មហាជនជាច្រើនបានសម្រេចនូវមគ្គផល មានសោតាបត្តិផលជាដើម។ ចំណែកឯព្រះសារីបុត្ត និងព្រះមោគ្គល្លាន ក៏បាននិមន្តទៅកាន់ទីនោះ ហើយបានធ្វើការទូន្មានប្រៀនប្រដៅដល់ភិក្ខុទាំងឡាយ។ ក្នុងចំណោមភិក្ខុទាំងនោះ ខ្លះក៏ទទួលយកនូវឱវាទហើយប្រតិបត្តិដោយប្រពៃ ខ្លះក៏សឹកចាកសិក្ខាបទទៅ និងខ្លះទៀតក៏ត្រូវទទួលនូវបព្វាជនីយកម្ម (ត្រូវបណ្ដេញចេញពីវត្ត) ដូច្នោះឯង។

រឿងភិក្ខុអស្សជិ និងបុនព្វសុកៈ ទី ២ ចប់។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter