ពាក្យថាភគវា - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

 #ពាក្យថាភគវា #ពិស្ដារតាមន័យក្នុងអដ្ឋកថាដីកា

ភគវា ប្រែថា ព្រះសម្មាសម្ពុទ្ធដ៏បរិបូរណ៍ដោយបុណ្យទាំង ៦ ប្រការ។ 

បុណ្យទាំង ៦ គឺ ឥស្សរិយៈ ធម្មៈ យសៈ សិរី កាមៈ បយត្តៈ។

១- ឥស្សរិយបុណ្យមាន ៨ គឺ ៖

១- អណិមា = ការនិម្មិតព្រះវរកាយឱ្យមានសណ្ឋានតូចក្រៃលែងដូចអណូ ដែលគេមិនគប្បីមើលឃើញដោយភ្នែកបាន។

២- លឃិមា = ការហោះទៅដោយឈានសមាបត្តិ ដែលមានសភាពរហ័សក្រៃលែង លឿនរហ័សដូចល្បឿននៃការកើតឡើងរបស់ចិត្ត។

៣- មហិមា = ការនិម្មិតព្រះវរកាយឱ្យមានសណ្ឋានធំមហិមាជាងកាយប្រក្រតី។

៤- បត្តិ = ការទៅដល់ទីដែលទ្រង់ប្រាថ្នាសូម្បីទេវលោកព្រហ្មលោកដោយមិនមានការទើសទាក់ ដោយមួយរំពេច។

៥- បាកម្ម = ការនិម្មិតព្រះវរកាយទៅជាមានសណ្ឋាននិងសម្បុរផ្សេងៗបានតាមប្រាថ្នាបានមួយរំពេច។

៦- ឦសិតា = ភាពជាធំលើចិត្តព្រះអង្គនិងលើចិត្តសត្វលោកទាំងពួង។

៧- វសិតា = ការស្ទាត់ជំនាញក្នុងការចូលឈានអភិញ្ញា។

៨- យត្ថកាមាវសាយិតា < យត្ថកាម = ក្នុងខណៈដែលទ្រង់ប្រាថ្នា + អវសាយិតា, យត្ថកាមាវសាយិតា = ការញ៉ាំងឱ្យសម្រេច ការអាចបឈ្ឈប់កិច្ចការទាំងឡាយមានការចូលឈាន ការហោះឰដ៏អាកាសជាដើម បានភ្លាមមួយរំពេច។

២- ធម្មបុណ្យ

មគ្គចិត្ត ៤ ដួង ដែលអាចដើម្បីកម្ចាត់នូវកិលេស ១៥០០, ផលចិត្ត ៤ ដួង និងព្រះនិព្វាន ពោលគឺលោកុត្តរធម៌ ៩ ហៅថា ធម្មបុណ្យ។

៣- យសបុណ្យ

កិត្តិសព្ទខ្ចរខ្ចាយម៉ឺនចក្រវាឡហៅថា យសបុណ្យ។

៤- សិរីបុណ្យ

ព្រះវរកាយទ្រង់បរិបូរណ៍ដោយសិរី ព្រោះជាព្រះកាយដែលកើតឡើងព្រៅះបុណ្យបារមីដ៏ក្រៃលែង។ នេះជាសិរីបុណ្យ ។

៥- កាមបុណ្យ

ទ្រង់ប្រាថ្នាយ៉ាងណា រមែងសម្រេចយ៉ាងនោះ។ ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញបុណ្យបារមី គឺប្រាថ្នាដើម្បីចម្លងសត្វលោកតែម្យ៉ាង សេចក្ដីប្រាថ្នានេះរមែងសម្រេចតាមព្រះទ័យទ្រង់ ព្រោះដូច្នោះទើបទ្រង់បរិបូរណ៍ដោយកាមបុណ្យ។

៦- បយត្តបុណ្យ

ការព្យាយាមដ៏ក្រៃលែងហៅថា បយត្តៈ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ព្យាយាមក្រៃលែងក្នុងការសម្ដែងព្រះធម៌ចំពោះវេនេយ្យសត្វ ទាំងក្នុងពេលថ្ងៃ ទាំងក្នុងពេលយប់ គឺទ្រង់សម្រេចសីហសេយ្យាត្រឹមតែ ១ ភាគ ៣ នៃបច្ឆិមយាមប៉ុណ្ណោះ  ពោលគឺប្រហែល ១ ម៉ោង ២០ នាទី ក្នុងមួយថ្ងៃ។ បើសួរថាក្នុងលោកនេះនរណាឧស្សាហ៍ជាងគេ ត្រូវឆ្លើយថាគឺ ព្រះអរហន្តសម្មាសម្ពុទ្ធ។ ដូច្នេះទើបទ្រង់បរិបូរណ៍ដោយបយត្តបុណ្យ។

 (ចាកអដ្ឋកថាព្រះវិន័យជាដើម)

ពាក្យថា ភគវា អាចកាត់បទបានច្រើនបែប ព្រោះសព្ទនេះមានអត្ថន័យច្រើន។ បើកាត់បទថា ៖

ភាគ្យ + វន្តុ = ព្រះពុទ្ធទ្រង់មានកុសលដែលអាចញ៉ាំងសេចក្ដីសុខដែលជាលោកិយៈនិងលោកុត្តរៈឱ្យសម្រេចបាន 

(ចាកអដ្ឋកថាព្រះវិន័យជាដើម)

ភាគ + វន្តុ = ព្រះពុទ្ធទ្រង់មានចំណែកនៃគុណដ៏ក្រៃលែង 

(ចាកសារត្ថទីបនីជាដើម)

ភត្ត + វន្តុ = ព្រះពុទ្ធទ្រង់មានសត្វលោកចូលជិតយកព្រះអង្គជាទីពឹង 

(ចាកសារត្ថទីបនីជាដើម)

ភត + វន្តុ = ព្រះពុទ្ធទ្រង់មានបុណ្យបារមីដែលត្រូវបានបំពេញរួចហើយ 

(ចាកសារត្ថទីបនីជាដើម)

ភជ + តវន្តុ =  ព្រះពុទ្ធទ្រង់សេពគឺទ្រទ្រង់នូវឈានមគ្គផល ។

វិ-ភជ + តវន្តុ  = ព្រះពុទ្ធទ្រង់តែងបែងចែកនូវធម៌ទាំងឡាយហើយសម្ដែងព្រះធម៌។  

(ចាកអដ្ឋកថាព្រះវិន័យជាដើម)

ភន្ជ + តវន្តុ = ព្រះពុទ្ធទ្រង់កម្ចាត់កម្ទេចហើយនូវមារទាំង ៥ ។ 

(ចាកអដ្ឋកថាព្រះវិន័យជាដើម)

ភរ + តវន្តុ = ព្រះពុទ្ធទ្រង់បំពេញនូវបារមីទាំងពួងរួចហើយ។ 

(ចាកសារត្ថទីបនីជាដើម)

ម្យ៉ាង ៖ ពាក្យថា ភគវា ជារុឡ្ហីនាមបទ ប្រែថា គ្រូ ឬ ព្រះពុទ្ធ ដែលគេគប្បីគោរព។ ភគវាតិ គារវាធិវចនំ ។ (ចាកមហានិទ្ទេស) 

ភគវាតិ គរុ, គរុំ ហិ លោកេ ភគវាតិ វទន្តិ, អយញ្ហិ សព្វគុណវិសិដ្ឋតាយ សព្វសត្តានំ គរុ, តស្មា ភគវាតិ វេទិតព្វោ។

 (ចាកអដ្ឋកថាទីឃនិកាយជាដើម)

ម្យ៉ាង ៖ ពាក្យថា ភគវា ប្រែថា ព្រះពុទ្ធទ្រង់ខ្ជាក់ចោលនូវការទៅពោលគឺតណ្ហា ក្នុងភព ៣ ឬ ប្រែថា ព្រះពុទ្ធទ្រង់ខ្ជាក់ចោលនូវតណ្ហាដែលតែងទៅក្នុងភព ៣ ។ 

តីសុ ភវេសុ តណ្ហាសង្ខាតំ គមនំ អនេន វន្តំ, តស្មា ភវេសុ វន្តគមនោតិ វត្តព្វេ ភវសទ្ទតោ ភការំ គមនសទ្ទតោ គការំ វន្តសទ្ទតោ វការញ្ច ទីឃំ កត្វា អាទាយ ភគវាតិ វុច្ចតិ ។

(ចាកអដ្ឋកថាព្រះវិន័យជាដើម)

No comments:

Post a Comment

Flag Counter