ព្រះសម្មាសម្ពុទ្ធមានបន្ទូលថា "ម្នាលភិក្ខុ ចូរអ្នកថយចេញទៅខាងម្ខាង កុំឈរនៅខាងមុខតថាគតអី"។
អានិសង្សនៃការបូជាទង់ (ធជបូជា) និងរឿងរ៉ាវព្រះឧបវាណត្ថេរ
ការបូជាទង់ជាតិ ទង់ជ័យ ឬទង់ជង្គាយ ជាសក្ការៈចំពោះព្រះរតនត្រ័យ គឺជាប្រពៃណីដ៏ថ្លៃថ្លារបស់ពុទ្ធសាសនិកជន។ តាមរយៈគម្ពីរដីកា ការបូជាវត្ថុដែលបក់រវិចៗមានសោភ័ណភាពនេះ នឹងនាំមកនូវបុណ្យកុសលដ៏មហិមា ធ្វើឱ្យបុគ្គលនោះក្លាយជាអ្នកមានបុណ្យស័ក្តិខ្ពង់ខ្ពស់ មានប្រជាប្រិយភាព និងមានរស្មីរុងរឿងគ្រប់ៗជាតិ។
កាលពីមួយសែនកប្បមុន ក្នុងសម័យកាលនៃព្រះពុទ្ធព្រះនាម បទុមុត្តរៈ ក្រោយពេលទ្រង់បរិនិព្វាន មហាជនបានរួមគ្នាស្ថាបនាមហាចេតិយយ៉ាងខ្ពស់ត្រដែតដើម្បីតម្កល់ព្រះសារីរិកធាតុ។ ក្នុងក្រុងហង្សវតី មានបុរសក្រីក្រម្នាក់ដែលចិញ្ចឹមជីវិតដោយការលក់កម្លាំងពលកម្ម បានឃើញមហាជននាំគ្នាធ្វើសក្ការបូជា ក៏កើតសទ្ធាជ្រះថ្លាចង់ធ្វើបុណ្យនឹងគេដែរ។
ដោយភាពខ្សត់ខ្សោយទ្រព្យ លោកគ្មានអ្វីក្រៅពី "សំពត់ដណ្តប់ស្មា" ចាស់មួយផ្ទាំងឡើយ។ លោកបានយកសំពត់នោះទៅបោកគក់យ៉ាងស្អាត រួចចងភ្ជាប់នឹងចុងឫស្សី លើកធ្វើជាទង់បូជាថ្វាយចំពោះព្រះចេតិយ។ កាលបានឃើញទង់របស់ខ្លួនបក់រវិចៗតាមកម្លាំងខ្យល់ លោកក៏កើតសេចក្តីសោមនស្សរីករាយជាខ្លាំង។ អានិសង្សនៃ "ធជបូជា" នោះ បានបញ្ជូនផលឱ្យលោកសោយសុខក្នុងទេវលោក និងមនុស្សលោកអស់កាលដ៏យូរអង្វែង រួមមាន៖
-បានសោយរាជ្យជា ព្រះឥន្ទ្រ ៨០ ដង និងជា ស្តេចចក្រពត្តិ ១,០០០ ដង។
-មានកងទ័ពចតុរង្គសេនា និងបរិវារជាស្រីសួគ៌រាប់ម៉ឺននាក់តាមថែរក្សាគ្រប់ជាតិ។
-មិនដែលស្គាល់នូវទុគ្គតិភព (កំណើតអាក្រក់) ឡើយអស់កាលមួយសែនកប្ប។
លុះមកដល់សម័យកាលនៃព្រះសម្មាសម្ពុទ្ធព្រះនាម គោតម (ព្រះពុទ្ធយើងនេះ) បុរសនោះបានមកចាប់កំណើតក្នុងត្រកូលព្រាហ្មណ៍ដ៏មហាសាល រួចបានលះបង់ទ្រព្យសម្បត្តិចេញសាងភ្នួស មាននាមថា ព្រះឧបវាណៈ រហូតបានសម្រេចជាព្រះអរហន្តដ៏មានមហិទ្ធិឫទ្ធិ។
ចំណុចដ៏អស្ចារ្យបំផុតនៃផលបុណ្យរបស់លោក បានលេចឡើងនៅពេលដែលព្រះសម្មាសម្ពុទ្ធជិតនឹងរលត់ខន្ធចូលកាន់បរិនិព្វាន នាទីក្រុងកុសិនារា។ ក្នុងខណៈនោះ ព្រះឧបវាណត្ថេរបានឈរបក់ផ្លិតថ្វាយព្រះពុទ្ធនៅខាងមុខ។ ដោយសារអានិសង្សនៃការបូជាទង់កាលពីជាតិមុន ធ្វើឱ្យរូបកាយរបស់លោកមាន "រស្មី និងតេជៈ" ភ្លឺចិញ្ចែងចិញ្ចាចខ្លាំងណាស់។
"ស្រាប់តែព្រះសម្មាសម្ពុទ្ធមានបន្ទូលថា "ម្នាលភិក្ខុ ចូរអ្នកថយចេញទៅខាងម្ខាង កុំឈរនៅខាងមុខតថាគតអី"។
ព្រះអង្គបានពន្យល់ដល់ព្រះអានន្ទថា ទេវតារាប់មិនអស់មកពីសកលលោកទាំងមូល បានមកជុំវិញទីនោះដើម្បីក្រាបបង្គំព្រះអង្គជាចុងក្រោយ។ ប៉ុន្តែដោយសាររស្មីដ៏ខ្លាំងក្លារបស់ព្រះឧបវាណៈ បានបាំងជិតអស់ ធ្វើឱ្យពពួកទេវតាដែលមានបុណ្យតិចជាងលោក មិនអាចមើលឃើញព្រះភក្ត្ររបស់ព្រះពុទ្ធបានឡើយ ទើបព្រះអង្គឱ្យលោកថយចេញ ដើម្បីសម្រួលដល់ទេវតាទាំងឡាយ។
រឿងរ៉ាវរបស់ព្រះឧបវាណត្ថេរ ជាភស្តុតាងយ៉ាងច្បាស់ថា សូម្បីតែទង់ដែលធ្វើពីសំពត់ចាស់មួយផ្ទាំង ប៉ុន្តែបើបូជាដោយចិត្តជ្រះថ្លាដ៏បរិសុទ្ធ ចំពោះព្រះសម្មាសម្ពុទ្ធដែលជាបុញ្ញក្ខេត្តដ៏ខ្ពង់ខ្ពស់ នោះផលបុណ្យនឹងផ្តល់ឱ្យនូវមហិទ្ធិឫទ្ធិ រស្មី និងសេចក្តីសុខដែលសូម្បីតែទេវតាក៏ត្រូវញញើត និងកោតក្រែងដែរ។
សម្រួលអត្ថបទចេញពី អបទានបាលី និង សៀវភៅបុណ្យោបទេសៈ(ភាសាស្រីលង្កា)
ដកស្រង់ និងរៀបរៀងតាមខ្លឹមសារសៀវភៅ៖ បុណ្យោបទេសៈ
និពន្ធដោយ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី រេរុកានេ ចន្ទវិមល មហាថេរ
#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth

























No comments:
Post a Comment