«បាបណិកធម៌ អង្គប្រកបរបស់អ្នកជំនួញ»
ព្រះពុទ្ធសាសនាជាផ្នែកមួយយ៉ាងសំខាន់ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមវប្បធម៌និងផ្នត់គំនិតរបស់ប្រជាជនខ្មែរ។ បើគ្រាន់តែមើលនឹងភ្នែកធម្មតា យើងឃើញថាព្រះពុទ្ធសាសនាគ្រាន់តែជាផ្នែកមួយនៃសង្គមដែលអប់រំមនុស្សតាមវិធីធម្មតា តែបើយើងពិចារណាឱ្យបានដិតដល់យើងនឹងឃើញថា ស្ទើរគ្រប់ផ្នែកនៃសង្គមសុទ្ធតែមានចំណែក ឬមានគ្រឹះមកពីទស្សនទានព្រះពុទ្ធសាសនា។ ដំបូន្មាននិងវីធីសាស្រ្តដែលដកស្រង់ចេញពីវិស័យពុទ្ធចក្រ ត្រូវបានគេយកមកប្រើប្រាស់នៅក្នុងវិស័យអាណាចក្រដោយផ្ទាល់ និងដោយប្រយោលដើម្បីអភិវឌ្ឍសង្គមប្រកបដោយសុចរិតភាពនិងសន្តិភាព។ព្រះសម្មាសម្ពុទ្ធជាម្ចាស់រមែងដាស់តឿនក្រើនរំលឹកដល់ប្រជាពុទ្ធបរិស័ទទាំងអស់ឱ្យមានសន្តុដ្ឋីគឺការសន្តោសក្នុងការបរិភោគ ក្នុងនិយាយស្តី ក្នុងការប្រព្រឹត្តនិងការបដិបត្តិធម៌។
ក្នុងអត្ថបទនេះ យើងចង់ដឹងថា តើពុទ្ធសាសនា និងអង្គប្រកបរបស់អ្នកជំនួញ មានការទាក់ ទងគ្នាយ៉ាងណា? តើពុទ្ធសាសនាមានគោលការអ្វីខ្លះ ក្នុងការធ្វើឱ្យវិស័យជំនួញបានចម្រើនលូត លាស់។តើវិស័យជំនួញចម្រើនលូតលាស់ឬទន់ខ្សោយបណ្តោយមកពីអ្វី?តើពុទ្ធសាសនានាំឱ្យវិស័យជំនួញចុះទន់ខ្សោយ ដូចមតិមជ្ឈដ្ឋានខ្លះចោទនិងរិះគន់មែនឬ? ដើម្បីយល់នូវអត្ថន័យនៃពុទ្ធសាសនាការអប់រំមនស្សតាមទ្រឹស្តីពុទ្ធសាសនាក្នុងជីវភាពបច្ចុប្បន្ន និងអត្ថន័យនៃពាក្យ«បាបណិកធម៌ អង្គប្រកបរបស់អ្នកជំនួញ»ព្រមទាំងសមុដ្ឋានដែលជាអាយុជីវិតនៃសេដ្ឋកិច្ចពុទ្ធសាសនាឱ្យបានច្បាស់លាស់ ដែលមានខ្លឹមសារដូចខាងក្រោម៖
១- ចក្ខុមា ជាអ្នកមានបញ្ញាចក្ខុ មានភ្នែកល្អគឺស្គាល់ឥវ៉ាន់ ចេះមើលចេះប៉ាន់តម្លៃចេះស្មានចំណេញបានត្រឹមត្រូវ។ អ្នកផ្សារក្នុងលោកនេះរមែងស្គាល់ទំនិញថា ទំនិញនេះ អញទិញមកថ្លៃប៉ុណ្ណេះ កាលបើលក់ទៅវិញថ្លៃប៉ុណ្ណេះនឹងបានតម្លៃត្រឹមប៉ុណ្ណេះ នឹងបានចំណេញប៉ុណ្ណេះ។ អ្នកមានប្រាជ្ញាឆ្លៀវឆ្លាសរមែងតាំងខ្លួនជាអ្នកមានទ្រព្យសម្បត្តិ ដោយដើមទុនតិចតួច ដូចគេបង្កាត់ភ្លើងតូចឱ្យឆេះធំឡើងបាន មិនយូរប៉ុន្មានគង់នឹងបានទៅជាអ្នកធំទូលាយដោយភោគសម្បត្តិ។
ត្រង់អង្គទី១ ដែលថា «ជាអ្នកមានបញ្ញាចក្ខុ» នោះត្រូវជាអ្នកមានប្រាជ្ញា។ ចំណែកឯហេតុ ដែលឱ្យកើតប្រាជ្ញាមាន៣យ៉ាងគឺការស្តាប់១ ការគិត១ ការចម្រើន១។
ធុរកិច្ចជន អ្នកផ្សារ ឬអ្នកជំនួញដែលត្រូវការរកទ្រព្យដោយផ្លូវលក់ដូរឬដោយផ្លូវជំនួញ ត្រូវឧស្សាហ៍ស្តាប់ពាក្យពន្យល់ ពាក្យទូន្មាន ដោយយកចិត្តទុកដាក់អំពីសំណាក់ធុរកិច្ចជន អ្នកផ្សារ ឬអ្នកជំនួញរឿយៗឱ្យដឹងបែបបទស្ទាប់ជំនាញក្នុងការជួញជាមុន ដូចដឹងថ្លៃទំនិញជាដើម ត្រូវរៀនក្នុងសាលាបង្រៀនផ្លូវជំនួញ ឬត្រូវរៀនក្នុងផ្ទះអ្នកជំនួញណាមួយដែលគេស្ទាត់មកយូរហើយ កាលបើបានស្តាប់បានរៀនដូចពោលមកនេះរមែងកើតប្រាជ្ញា យ៉ាងនេះជាដើម ហៅថាប្រាជ្ញាកើតអំពីការស្តាប់ការរៀន។
ឯការគិតនោះ គឺធុរកិច្ចជន អ្នកផ្សារ ឬអ្នកជំនួញត្រូវត្រឹះរិះឈ្លេចឈ្លីរាវរកហេតុផលក្នុងការលក់ដូរឱ្យច្បាស់លាស់ឱ្យយល់ប្រាកដថាចំណេញតិចច្រើនឬខាត បើគិតខ្លួនឯងមិនឃើញត្រូវសាកសួរអ្នកដែលធ្លាប់ចាត់ការជំនួញឱ្យស្រេចជាមុនសិនសឹមចាត់ការធ្វើដូចភាសិតបុរាណខ្មែរថា «គិតរួមសឹមគូរ» គឺការអ្វីៗក៏ដោយ ត្រូវតែគិតឱ្យដឹងខាងដឹងចំណេញជាមុនសឹមធ្វើ កាលបើគិតត្រឹះរិះយ៉ាងនេះជាដើមរមែងកើតមានប្រាជ្ញា។
ចំណែកឯការចម្រើននោះគឺការធ្វើរឿយៗ បើធ្វើម្តងម្តាលលោកមិនហៅថាចម្រើនទេ លុះត្រាតែធ្វើច្រើនដងច្រើនគ្រាធ្វើញយៗដដែលៗទើបហៅថាចម្រើន គឺធ្វើហើយធ្វើទៀតដរាបដល់ ធា្លប់នោះឯង បើធ្លាប់ធ្វើការញយៗការនោះរមែងប្រាប់អ្នកធ្វើឱ្យយល់បន្តិចម្តងៗការមុនជាគំរូឱ្យការក្រោយ ដូចអ្នកធ្លាប់ធ្វើជំនួញណាមួយយូរមកហើយសេចក្តីឆ្លៀវឆ្លាសតែងមកប្រាកដដល់ចិត្តគេឱ្យគេដឹងដល់ជំនួញឯទៀតផ្សេងៗជាលំដាប់ទៅបាន ទោះបីជាអ្នកដែលបានរៀនស្ទាត់ជំនាញ ក្នុងសាលាបណ្តុះបណ្តាលជំនួញហើយក៏ដោយចុះ តែបើមិនទាន់ធ្លាប់ធ្វើ ក៏មិនអាចដឹងសព្វគ្រប់កិច្ចការបានឡើយ លុះត្រាតែធ្លាប់ធ្វើរឿយៗ ធ្វើជាប្រចាំឥតអាក់ ទើបកាន់តែយល់កិច្ចការធុរកិច្ចជំនួញជួញដូរនោះបានច្រើន ហើយធុរកិច្ចជន អ្នកផ្សារ ឬអ្នកជំនួញដែលមានការស្តាប់ ការរៀន ការចម្រើន រមែងរកទ្រព្យសម្បត្តិបានធំទំលាយ។
ផលដែលកើតចេញពីគ្រប់សកម្មភាពនៃមនុស្សដោយសារការធ្វើពលីកម្មតាមកម្លាំងគំនិតប្រាជ្ញា តាមកម្លាំងកាយ និងតាមកម្លាំងសម្ភារៈ ទោះក្នុងសង្គមតូច ឬសង្គមធំ ហៅថា សេដ្ឋកិច្ច ដែលមានដើមកំណើតចេញពីកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មជាដើម។
យើងគួរបែងចែកសេដ្ឋកិច្ចជាពីរផ្នែកគឺ៖
១-សេដ្ឋកិច្ចក្នុងសង្គមគ្រួសារ
២-សេដ្ឋកិច្ចក្នុងសង្គមជាតិនីមួយៗឬសេដ្ឋកិច្ចសកល។
ដើម្បីឱ្យសេដ្ឋកិច្ចដើរ គ្រួសារនីមួយៗ ប្រទេសជាតិនីមួយៗ ត្រូវបំពេញលក្ខណៈ៣យ៉ាង៖
១-មានសកម្មភាព ជាការពិតណាស់ ប្រេងល្ងមិនអាចហូរចេញពីគ្រាប់ល្ង ដោយគេពុំបាន យកវាទៅចម្រាញ់នោះទេ។ ដូច្នេះដើម្បីបានប្រេងល្ង មនុស្សគប្បីយកគ្រាប់ល្ងទៅចម្រាញ់ដោយ វិធីផ្សេងៗដែលខ្លួនមាន។ ត្រង់ឃ្លានេះ ស្របគ្នាទៅនឹងអភិនវភាសិតថា៖
មា វាសនំ បច្ចានំ បុរិមជាតិភាវិតំ យ ជាតិ ឯវំ លទ្ធិកា សរដ្ឋំ ទំសំ ករោតិ។
កុំដេកសង្ឃឹមថាព្រេងសំណាង ដែលខ្លួនសាងពីជាតិមុនណា សាសន៍ណាដូច្នោះសាសន៍នោះឈ្មោះថា នាំដែនអាត្មាឱ្យជាខ្ញុំគេ។
ន សយំ វិជ្ជា ឯសនា បត្ថនេន ឧប្បជ្ជន្តិ ន ទព្វធនាទិ យស្យានុស្សិកស្សុប្បជ្ជន្តិ។វិជ្ជាមិនដែលកើតឡើងឯង ដោយឥតគេស្វែងគេប្រាថ្នា ទ្រព្យធនមិនកើតដល់អ្នកណា ដែលគ្មានឧស្សាហ៍ព្យាយាមខំប្រឹករក។
២-មានមូលធន កាលបើមានសកម្មភាពហើយមនុស្សត្រូវមានមូលធន គឺដើមទុនទ្រព្យ សម្បត្តិប្រើការជាមួយផងព្រោះដើម្បីចំណេញ មនុស្សត្រូវធ្វើការចំណាយនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅទិញដូរនូវអ្វីមួយដែលយើងត្រូវការ។ នៅក្នុងវិស័យជំនួញ យើងត្រូវទិញនូវវត្ថុអ្វីមួយដែល យើងត្រូវការយកទៅលក់ដូរជួញប្រែ និងជួលព័ទ្ធនូវមធ្យោបាយណាដែលយើងគ្មាន មានមធ្យោបាយដឹកនាំ មធ្យោបាយទីកន្លែងលកដូរជាដើម។ មុខរបរទាំងនេះ បើយើងគ្រាន់តែមានសកម្មភាព ហើយយើងគ្មានដើមទុនផងទេនោះ យើងពុំមានលទ្ធភាពនឹងញ៉ាំងសេដ្ឋកិច្ចរបស់យើងឱ្យមានវឌ្ឍនភាពបានឡើយ។
៣-មានគំនិតប្រាជ្ញា គ្រប់កិច្ចការផងទាំងពួង ពិសេសការធ្វើការលើវិស័យជំនួញជួញដូរ ដើម្បីឱ្យមានវឌ្ឍនភាព ពិតណាស់គេត្រូវការចាំបាច់បំផុតនោះគឺគំនិតនិងប្រាជ្ញានេះឯងតែម្តង ព្រោះគំនិតប្រាជ្ញា ជាអាវុធដ៏មុតថ្លាអាចកាត់ឆ្ការនូវអ្វីដែលជាឧបសគ្គក្នុងមាគ៌ាវឌ្ឍនភាពនៃវិស័យ ជំនួញនេះផង អាចរចនាកែឆ្នៃនូវវត្ថុដែលមានគុណភាពតិចឱ្យក្លាយទៅជាវត្ថុមានតម្លៃបានផង។ នៅក្នុងវិស័យចំនួន៣ គឺកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលជាដង្ហើមនៃសេដ្ឋកិច្ចនិងអាច ទទទួលជោគជ័យទៅបាន លុះត្រាតែមនុស្សអ្នកធ្វើមានគំនិតប្រាជ្ញាឱ្យបរិបរណ៌។ កាលណាយើងមានគំនិតប្រាជ្ញាគ្រប់គ្រាន់ក្នុងវិស័យទាំង៣នេះហើយ វឌ្ឍនភាពនៃសេដ្ឋកិច្ចប្រាកដជា សម្រេចផលដោយខានពុំខានឡើយ។
យើងអាចដឹងបានថា សេដ្ឋកិច្ចជាតិដែលចម្រើនលូតលាស់ ឬអន់ថយអាស្រ័យទៅលើ កត្តាច្រើនយ៉ាង មានជាអាទិបញ្ហារបបគ្រប់គ្រង បញ្ហាអប់រំ បញ្ហាសង្គ្រាម បញ្ហានយោបាយ បញ្ហាអាណានិគមនិយម បញ្ហានយោបាយសេដ្ឋកិច្ច។
២- វិធរោ ជាអ្នកមានព្យាយាមដ៏ប្រសើរ ពូកែក្នុងរឿងជំនួញគឺស្គាល់កន្លែងទិញ កន្លែងលក់ ដឹងហាងឆេងឡើងចុះ ចេះយកចិត្តអតិថិជន។ អ្នកផ្សារក្នុងលោកនេះ រមែងឆ្លៀវឆ្លាសក្នុងការទិញទំនិញផង លក់ទំនិញផង។ ធម្មតាមនុស្សដែលមានជាតិជាបុរសស្ត្រីត្រូវតែព្យាយាម ត្រាតែបានសម្រេចប្រយោជន៍ៗដែលនឹងសម្រេចបានដោយល្អទៅបាន មិនមានអ្វីក្រែលែងជាងសេចក្តីធន់ទ្រាំឡើយ។ ឯសេចក្តីព្យាយាមក្នុងការស្វែងរកទ្រព្យសម្បតិ្តមានច្រើនយ៉ាងមានសេចក្តីព្យាយាមធ្វើ ព្យាយាមសន្សំជាដើម សេចក្តីព្យាយាមធ្វើ និងសេចក្តីព្យាយាមសន្សំ ជាគុណជាតដ៏សំខាន់ក្នុងការបង្កើនទ្រព្យសម្បតិ្តឱ្យកើនឡើងពីតិចៗសន្សឹមៗទៅរកច្រើន។
ត្រង់អង្គទី២ដែលថា «ជាអ្នកមានព្យាយាមដ៏ប្រសើរ»នោះ គឺធុរកិច្ច អ្នកផ្សារឬក៏អ្នកជំនួញ ត្រូវប្រកបដោយសេចក្តីព្យាយាមចាត់ចែងការងារក្នុងផ្ទះក្រៅផ្ទះ រីឯការព្យាយាមចាត់ចែងការក្នុងផ្ទះនោះគឺព្យាយាមត្រួតពិនិត្យលើបញ្ជីស្នាម ព្យាយាមត្រួតពិនិត្យរបស់ជាគ្រឿងលក់ដូរគ្រប់ជំពូក ព្យាយាមរៀបចំផ្ទះសម្បែងយ៉ាងណាឱ្យខាងតែស្អាតបាតឱ្យមានរបៀបរៀបរយល្អប្លែកឱ្យស្ទុះខ្លោតជាងគេដើម្បីឱ្យអតិថិជន ឬអ្នកធ្វើដំណើរ អ្នកដើររកទិញទំនិញ គេក្រឡេកមើលឃើញពីចម្ងាយ ចង់ដើរចូលទៅជិតឈ្ងោកមើលហើយមើលទៀត ព្យាយាមរៀបចំរបស់តិចឱ្យមើលទៅឃើញច្រើនហើយមានរបៀបរៀបរយល្អ កុំដាក់តាមតែបាន ហើយត្រូវសរសេរស្លាកយីហោនិងឈ្មោះទំនិញរបស់ខ្លួនថាមានអ្វីខ្លះជាដើម។ ចំណែកឯការព្យាយាមចាត់ចែងការងារក្រៅផ្ទះ គឺព្យាយាម ដើររកទិញទំនិញប្លែកៗអំពីទីផ្សេងៗដែឡជារបស់ត្រូវចិត្តអតិថិជនមកដាក់លក់ឱ្យច្រើនបែប ច្រើនយ៉ាង ហើយរបស់ណាដែលប្លែក បើយល់ឃើញថាជាទីពេញនិយមរបស់អតិថិជន ភ្ញៀវ ឬក៏ម៉ូយ ដូចជាផ្លែឈើទុំដំបូង ទំនិញសព្វសារពើអ្វីដដែលដល់ដំបូងជាដើម ក៏ត្រូវព្យាយាមរកមកទុក ក្នុងផ្ទះឱ្យបានមុនគេ ហើយធុរជន អ្នកផ្សារ អ្នកលក់ដូរបានព្យាយាមបែបរមែងចម្រើនទ្រព្យសម្បត្តិធំទូលាយដោយរហ័ស។
៣- និស្សយសម្បន្នោ ជាអ្នកសម្បូណ៌ដោយបុគ្គលជាទីពឹង មានប្រភពដើមទុនច្រើន អាចរកលុយមកបណ្តាក់ទុនបាន។ អ្នកផ្សារក្នុងលោកនេះ រមែងមានពួកគហបតី ឬគហបតីបុត្រ ដែល ស្តុកស្តម្ភមានទ្រព្យច្រើន មានគ្រឿនប្រើប្រាស់ច្រើន ស្គាល់អ្នកផ្សារនោះយ៉ាងនេះថា អ្នកផ្សារដ៏ចម្រើននេះ មានបញ្ញាចក្ខុផង មានព្យាយាមដ៏ប្រសើរផង ជាអ្នកអង់អាចដើម្បីរក្សាកូនប្រពន្ធផង ដើម្បីផ្តល់នូវទ្រព្យដល់យើងមួយដងមួយកាលផង។ គហបតីឬគហបតិបុត្រទាំងនោះ អញ្ជើញអ្នកផ្សារនោះដោយភោគៈទាំងឡាយថា ម្នាលអ្នកផ្សារសម្លាញ់ ចូរអ្នកយកភោគៈអំពីនេះទៅចិញ្ចឹមកូនប្រពន្ធចុះ ចូរផ្តល់នូវទ្រព្យដល់យើងមួយដងមួយកាលផងចុះ យ៉ាងនេះឯងហៅថា អ្នកផ្សារសម្បូណ៌ដោយទីពឹង។ ការចាត់ចែងប្រាក់ចំណូលដោយប្រសិទ្ធិភាព ព្រះពុទ្ធសាសនាប្រៀន ប្រដៅឱ្យបែងចែកប្រាក់ចំណូលជា៤ភាគ មួយភាគបួនសម្រាប់ចំណាយប្រចាំថ្ងៃ ពីរភាគបួនសម្រាប់វិនិយោគ និងមួយភាគបួនសម្រាប់សន្សំទុកក្នុងពេលត្រូវកា។ត្រង់អង្គទី៣ដែលថា «ជាអ្នកសម្បូណ៌ដោយបុគ្គលជាទីពឹង»នោះ គឺអ្នកជំនួញត្រូវគប់រក មនុស្សដែលជាអ្នកមានទ្រព្យ មានយសស័ក្តិជាមិត្តសម្លាញ់ក្លើម្រាក់ឱ្យច្រើននាក់ទើបស្រួល ព្រោះអ្នកអស់នោះគេនឹងជួយផ្សាយជួយផ្ទុងផ្តើមជួញចេញធនធានជាដើមទុន ជួយទំនុកបំរុងក្នុងគ្រាដែលមានហេតុភេទផ្សេងៗកើតឡើង ត្រូវជាអ្នកមានពាក្យសម្តីស្រទន់ផ្អែមល្អែមពីរោះក្បោះក្បាយរួយរាយរាក់ទាក់ទៅរកជនានុជនដែលគេមករកខ្លួនឬខ្លួនទៅរកគេ កុំធ្វើរឹកក្រអឺត ក្រអោងចោងហោងកោងកាចទើបអ្នកផងគេស្រឡាញ់ពេញចិត្តច្រើន ត្រូវជាមនុស្សមានគំនិត មារយាទសុចរិតស្លូតត្រង់ល្អ កុំជាមនុស្សមានឈ្មោះអាក្រក់ដោយលេងផ្សេងៗមានល្បែងភ្នាល់ជាដើម ត្រូវជាអ្នកចាយទ្រព្យល្មមប្រមាណ កុំរិះពេកកុំកញ្ជះកញ្ជាយពេក ទើបអ្នកមានទ្រព្យច្រើន គេហ៊ានជួយផ្ទុងផ្តើមដោយកិច្ចផ្សេងៗមានជួយទ្រព្យជាដើមទុនជាដើម។ អ្នកផ្សារប្រកបដោយអង្គទាំង៣នេះឯង មិនយូរប៉ុន្មានរមែងដល់នូវការចម្រើនបរិបូណ៌ក្នុងភោគៈ។
ក្នុងកុលចរដ្ឋិតិធម៌ គឺធម៌សម្រាប់ធ្វើឱ្យវង្សត្រកូល ក្រុមគ្រួសារអាចស្ថិតស្ថេរតពូជពង្សវង្ស ដំណែលបានយូរ ព្រះសម្មាសម្ពុទ្ធបានបង្ហាញគោល៤យ៉ាងសម្រាប់អនុវត្តគឺ
១-នដ្ឋគវេសនា របស់បាត់ របស់អស់ ចេះរកមកទុក
២-ជិណ្ណបដិសង្ខរណា របស់ចាស់ទ្រុឌទ្រោម ចេះជួសជុសប៉ុះប៉ុនប្រើមិនចោល
៣-បរិមិតាបាណភោជនា ស្គាល់ប្រមាណនៅក្នុងការប្រើប្រាស់
៤-អធិបច្ចសីលវន្តស្ថាបនា តែងតាំងអ្នកសីលធម៌ជាប្រមុខ។
គុណតម្លៃខ្ពង់ខ្ពស់នៃសម្ភារៈនិយមក្នុងព្រះពុទ្ធសាសនា សម្ភារនិយមឬមូលធននិយមឱ្យតម្លៃខ្លាំងទៅលើសម្ភារៈ ចំណែកព្រះពុទ្ធសាសនាឱ្យតម្លៃខ្លាំងទៅការលើការរួចរំដោះពីសេចក្តីទុក្ខក្នុងលោកនេះ។ សេដ្ឋកិច្ចព្រះពុទ្ធសាសនាគឺអនុវត្តសេដ្ឋកិច្ចដែលមានលក្ខណៈជាសម្មាអាជីវៈ ជាសេដ្ឋកិច្ចគ្មានទំនាស់បៀតបៀនដល់សុខុមាលភាពផ្លូវកាយនិងផ្លូវចិត្ត។ សម្ភារៈមិនមែនជាឧបសគ្គរារាំងក្នុងការសម្រេចបាននូវសេចក្តីរីករាយសប្បាយទេ ប៉ុន្តែការជាប់ជំពាក់ក្នុងទ្រព្យនោះទេ ដែលជាឧបសគ្គនោះ។
ការរីករាយសប្បាយក្នុងសម្ភារៈមិនមែនជាឧបសគ្គទេ ប៉ុន្តែការមានតណ្ហាយ៉ាងខ្លាំងក្លាចង់បានទ្រព្យសម្បត្តិ សម្ភារៈជាទីសប្បាយនោះទេ ដែលនាំមកនូវបញ្ហាគ្រប់បែបយ៉ាងនោះ។ ផ្លូវកណ្តាលតាមបែបព្រះពុទ្ធសាសនា គឺសេដ្ឋកិច្ចដែលមានលក្ខណៈជាសម្មាជីវៈ។ សម្មាអាជីវោ ជាផ្លូវជីវិតល្អប្រពៃនៃសេដ្ឋកិច្ចព្រះពុទ្ធសាសនា។
សម្មាអាជីវោ មានន័យថា សេដ្ឋកិច្ចបែបសម្មាអាជីវោ នឹងផ្តល់ដល់សមាជិកក្នុងសង្គមនូវ សម្ភារៈគ្រប់គ្រាន់សម្រាប់ធ្វើឱ្យមានសុខមាល ភាពបរិបូណ៌ខាងផ្លូវកាយ។ សុខមាលភពនោះ មិនគប្បីបៀតបៀនអ្នកដទៃតាមផ្លូវសម្ភារៈនិងផ្លូវចិត្ត ព្រមទាំងឯកជនភាពបុគ្គលម្នាក់ៗដែលបម្រើការក្នុងសហគមន៍។ សេដ្ឋកិច្ចបែបនេះនឹងផ្តល់វិភាគទានឆ្ពោះទៅវិសុទ្ធិខាងផ្លូវចរិយាក្នុងព្រះពុទ្ធសាសនា។
ដើម្បីសម្រេចបាននូវទ្រព្យនិងភាពសប្បាយរីករាយ ព្រះពុទ្ធទូន្មានអាឡវកយក្សថា ៖ «គេគប្បីដាក់នឹមលើស្មា ហើយខំប្រឹងប្រែងក្នុងការសម្រេចបាននូវទ្រព្យ»។ ភាពសប្បាយរីករាយរបស់គ្រហស្ថ ជាអ្នកគ្រប់គ្រងផ្ទះគឺត្រូវមានទ្រព្យរីករាយនឹងទ្រព្យ សេរីភាពបរិបូណ៌ដោយគ្មានបំណុល សេរីភាព បរិបូណ៌ក្នុងជីវិតរួចចាកពីការស្តីបន្ទោស ការបន្ថយនូវសេចក្តីត្រូវការចំពោះអ្វីដែលមិនចាំបាច់ ការបន្ថយនូវទំហំឧបករណ៍មធ្យោបាយប្រើប្រាស់ដើម្បីសម្រេចនូវផលិតផល។
បុគ្គលណាចង់ឃើញពួកបុគ្គលអ្នកមានសីល ចង់ស្តាប់ធម៌របស់សប្បុរស កំចាត់បង់សេចក្តី កំណាញ់ជាមន្ទិលចេញបាន បុគ្គលនោះហៅថា អ្នកមានសទ្ធា។
សទ្ធាជាទ្រព្យប្រសើរខ្ពង់ខ្ពស់របស់បុរសក្នុងលោកនេះ ធម៌ដែលបុគ្គលសន្សំហើយតែងនាំសេចក្តីសុខមកឱ្យ ពាក្យសច្ចៈមានរសឆ្ងាញ់ក្រៃលែងជាងរសទាំងឡាយ ជនដែលរស់នៅដោយមាន ប្រាជ្ញាហៅថា អ្នករស់នៅប្រសើរ។
ជនទាំងឡាយបានទៅកាន់ឋានសួគ៌ព្រោះសីល ជនទាំងឡាយបានភោគសម្ប័ទព្រោះសីល ជនទាំងឡាយបានទៅកាន់ឋានព្រះនិព្វានព្រោះសីល ព្រោះហេតុនោះ បុគ្គលគប្បីសំអាតសីលឱ្យស្អាតល្អ។
ការចាត់ចែងប្រាក់ចំណូលដោយប្រសិទ្ធភាព ព្រះពុទ្ធសាសនាប្រៀនប្រដៅឱ្យបែងចែកប្រាក់ ចំណូលជា៤ភាគ មួយភាគបួនសម្រាប់ចំណាយប្រចាំថ្ងៃ ពីរភាគបួនសម្រាប់វិនិយោគ មួយភាគបួន សម្រាប់សន្សំទុកក្នុងពេលត្រូវការ។
ព្រះពុទ្ធសាសនាប្រៀនប្រដៅឱ្យថែទាំទ្រព្យដោយឱ្យចៀសវាងការចាយវាយខុសគោលដៅ ដូចជាញៀននឹងស្រី ញៀននឹងគ្រឿងស្រវឹង ញៀងនឹងល្បែង ព្រមមួយអន្លើដោយការសេពគប់មិត្ត អាក្រក់។
បើបុគ្គលឃើញសុខដ៏ធំទូលាយ គប្បីលះសុខល្មមប្រមាណ អ្នកប្រាជ្ញឃើញសុខដ៏ធំទូលាយ គប្បីលះសុខល្មមប្រមាណ។
អ្នកមានធម៌ជាទីរីករាយ អ្នកត្រេកអរក្នុងធម៌ បានពិចារណធម៌រឿយៗ រំលឹកធម៌រឿយៗ រមែងមិនសាបសូន្យចាកព្រះសទ្ធម្មឡើយ។
ការងារមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើគួរខំបំពេញ អកុសលមាននៅគួរលះចេញ ជួញបានចំណេញគួរខំជួញ។
ប្រយោជន៍ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសំដែងទុកក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ ចូលវគ្គៈថា ការដែលឱ្យជីវិតរបស់យើងមានគោលដៅច្បាស់លាស់ និងអាចធ្វើដំណើរទៅកាន់គោលដៅនោះបានលុះត្រាតែយើងដឹងនូវប្រយោជន៍ទាំងឡាយ៣យ៉ានេះ។ ប្រយោជន៍ទាំង៣យ៉ាង៖
១-ទិដ្ឋធម្មិកត្ថ ប្រយោជន៍ទាន់ភ្នែក
ធម៌ដែលជាហេតុឱ្យសម្រេចប្រយោជន៍ទាន់ភ្នែកមាន៤យ៉ាងគឺ
១-ឧដ្ឋានសម្បទា ការបរិបូណ៌ដោយព្យាយាម
២-អារក្ខសម្បទា ការបរិបូណ៌ដោយការរក្សា
៣-កល្យាណមិត្តតា ការគប់មិត្តសំឡាញ់ល្អ
៤-សមជីវិតា ការចិញ្ចឹមជីវិតស្មើ។
សម្បទាទាំង៤យ៉ាងខាងលើនេះ ដែលជាហេតុឱ្យកើតផលប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើនទាន់ភ្នែកគួរនឹងពោលអំពីទ្រព្យសម្បត្តិជាមុន។ ទ្រព្យសម្បត្តិជារបស់ដែលមនុស្សក្នុងលោកទាំងមូលតែងចង់បានក្រៃលែងពេក ព្រោះជាវត្ថុឱ្យសម្រេចសេចក្តីសុខកាយសុខចិត្តច្រើន យ៉ាង មនុស្សអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភរមែងមានសេចក្តីរីករាយច្រើន ដោយនឹកសង្ឃឹមក្នុង ចិត្តថា ទ្រព្យសម្បត្តិរបស់ខ្លួនមាន នឹកចង់បរិភោគចាយវាយកាលណាក៏បានទាន់ចិត្តកាលនោះ លុះចាយចិញ្ចឹមខ្លួន ប្រពន្ធ កូន នឹងមនុស្សដែលគួរទំនុកបម្រុងទៅហើយ ក៏រមែងបានសេចក្តីសុខ កាយសុខចិត្តជាងអ្នកក្រ។ ព្រោះហេតុនោះបានជាទ្រព្យសម្បត្តិនោះ ជារបស់គឺបុគ្គលគប្បីប្រាថ្នាក្នុងខាងដើម។ បើនិយាយដោយសង្ខេបនិងសាមញ្ញចំពោះប្រយោជន៍ទាន់ភ្នែកតាមភាសាដែលងាយយល់នោះគឺ៖
-មានសុខភាពល្អ កាយពលរឹងប៉ឹងល្អ មានទឹកមុខញញឹមស្រស់ស្រាយ អាយុយឺនយូរ និងប្រាសចាករោគាព្យាធិទាំងពួង។
-មានលុយកាក់មាសប្រាក់ពិទូរ្យសូកាន្តនិងគ្រឿងឧបភោគបរិភោគប្រើប្រាស់គ្រប់គ្រាន់ ដែលកើតអំពីការមានមុខរបររកស៊ីចិញ្ចឹមជីវិតបានត្រឹមត្រូវច្បាស់លាស់ និងព្យាយាមធ្វើដោយសុចរិត មិនធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់បុគ្គលដទៃ ឬក៏ប្រយោជន៍រួម។
-មានឋានៈខ្ពង់ខ្ពស់កិត្តិយសថ្កុំថ្កើងព្រោះតែមានមេត្រីភាពជាទីរាប់អាននៃជនានុជនទាំងឡាយទាំងពួង។
-មានសុខដុមរមនា ដោយការភាពកក់ក្តៅក្នុងក្រុមគ្រួសារមានវង្សត្រកូលជាទីគោរពរាប់អាននៃញាតិមិត្តជិតឆ្ងាយ។
កំណប់ទ្រព្យសំខាន់ៗដែលឱ្យសម្រេចសេចក្តីសុខស្រួលចិត្តដល់បុគ្គលជាម្ចាស់ ឃើញទាន់ភ្នែកក្នុងលោកនេះ នឹងទទួលបានសេចក្តីសុខកាយស្រួលចិត្តមាន៤គឺ៖
១-ថាវរនិធិ កំណប់ទ្រព្យនៅនឹងកន្លែង មានដូចជា មាស ប្រាក់ ស្រែ ចំការ ច្បារដំណាំ ទ្រព្យសម្បត្តិដែលជាទ្រព្យឥតវិញ្ញាណកម្រើនឯងៗមិនបាន។
២-ជង្គមនិធិ កំណប់ទ្រព្យដើរបាន មានដូចជា ខ្ញុំកំដរ មនុស្សបម្រើ ប្រុស ប្រុស ស្រី គោ ក្របី ដំរី សេះ លា ជាដើមរហូតដល់ទ្រព្យ ដែលជាពួកទ្រព្យមានវិញ្ញាណកម្រើកឯងៗបាន។
៣-អង្គសមនិធិ កំណប់ទ្រព្យនៅក្នុងខ្លួន មានដូចជា ការងារ សិល្ប វិទ្យា ចំណេះដឹងដែលបានរៀនចេះចំណាំទុកក្នុងចិត្ត ហើយជាហេតុឱ្យសម្រេចការចិញ្ចឹមជីវិតបាន។
៤-អនុកាធិកនិធិ កំណប់ទ្រព្យជាប់តាមខ្លួនទៅ មានទាន សីល ភាវនា បុណ្យកុសលដែលជាប់តាមឱ្យផលដូចស្រមោល។
២-សម្បរាយិកត្ថ ប្រយោជន៍ទៅខាងមុខ
ធម៌ដែលឱ្យសម្រេចប្រយោជន៍ក្នុងលោកខាងមាន៤យ៉ាងគឺ
១-សទ្ធាសម្បទា ការបរិបូណ៌ដោយសទ្ធា
២-សីលសម្បទា ការបរិបូណ៌ដោយសីល
៣-ចាគសម្បទា ការបរិបូណ៌ដោយចាគៈ
៤-បញ្ញាសម្បទា ការបរិបូណ៌ដោយបញ្ញា
បើនិយាយដោយសង្ខេបនិងសាមញ្ញចំពោះប្រយោជន៍ទៅខាងមុខតាមភាសាដែលងាយយល់នោះគឺ៖
-សេចក្តីកក់ក្តៅក្នុងចិត្តដៅជ្រាលជ្រៅដោយមានសទ្ធាមានយោនិសោមនសិកាឧត្តមគតិ
-មានមោទកភាពក្នុងជីវិតដោយបានប្រព្រឹត្តតែអំពើសុចរិតទៀតត្រង់
-មានសេចក្តីស្ងប់ក្នុងអារម្មណ៍ដែលបានពលីកម្មជួយប្រយោជន៍រួមនិងសង្គមជាតិទាំងមូល
-មានសេចក្តីក្លាហានជឿជាក់ក្នុងចិត្តដោយមានបញ្ញាជាអាវុធនិងមានក្តីសង្ឃឹមយ៉ាងមុតមាំនៅក្នុងភពខាងនាយដោយបានប្រព្រឹត្តតែអំពើល្អ។
៣-បរមត្ថ ប្រយោជន៍ប្រសើរបំផុត អ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាចាត់ជាបរមត្ថប្រយោជន៍ ព្រោះជាផលយ៉ាងខ្ពស់បំផុត ដែលប្រជាពុទ្ធបរិស័ទអ្នកមានវាសនាកសាងខ្ពស់ៗតែងបានសម្រេចរកផលអ្វីៗក្នុងលោកនេះនឹងលោកខាងមុខប្រៀបផ្ទឹមគ្មាន ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ សរសើរថា «ព្រះនិព្វានជាគុណជាតប្រសើរបំផុតពេញប្រៀបដោយបរមសុខ មិនចេះអស់មិនចេះសូន្យ ជាផលបំផុតដែនរបស់បុថុជ្ជន»ព្រោះព្រះនិព្វានជាគុណជាតរំលត់កងកិលេសទាំងមូល។
បើនិយាយដោយសង្ខេបនិងសាមញ្ញចំពោះប្រយោជន៍ដ៏ឧត្តមតាមភាសាដែលងាយយល់នោះគឺ៖
-មិនញាប់ញ័រអារម្មណ៍ទៅតាមការផ្លាស់ប្តូរផ្សេងៗព្រោះយល់។
-មិនអស់សង្ឃឹមសោកសង្រេង ឬញាប់ញ័រចិត្តព្រោះតែឧបាទាន(ការជាប់ជំពាក់)ទៅលើរបស់អ្វីមួយ។
-មានចិត្តជាសមាធិ ស្ងប់សុខ និងបីតិសោមមនស្សជានិច្ច
-មានបញ្ញាពិចារណាជាអាវុធនូវរាល់ដំណោះស្រាយទៅរកវិមុត្តិសុខ។
តាមការអប់រំមនុស្ស ព្រះពុទ្ធសាសនាបានសង្កត់ធ្ងន់ក្នុងផ្នែកជីវភាពបច្ចុប្បន្ន។ មានការបញ្ជាក់អំពីទោសនៃសេចក្តីវិនាសផ្សេងៗ ការប្រកបមុខរបរនាំឱ្យមានទោស កត្តាដែលជាមធ្យោបាយនាំឱ្យទ្រព្យសម្បត្តិចម្រើនគង់វង្ស និងមាគ៌ាជាផ្លូវប្រតិបត្តិដើម្បីរស់ក្នុងជីវភាពបច្ចុប្បន្ន ហើយយើងឃើញចជាអាទី ក្នុងបរាភវសូត្រ ពុទ្ធសាសនាបញ្ជាក់ពីហេតុដែលជាប្រធាននៃ សេចក្តីមានជាអាទិ៖
បុរសបុគ្គលណាមួយ ចំណូលខាងដេកទ្រមក់ ល្មោភដេកច្រើន ចូលចិត្តប្រជុំគ្នានិយាយនូវ ពាក្យតិរច្ឆានកថា ឥតមានសេចក្តីព្យាយាម ខ្ជិលច្រអូស លុះក្នុងអំណាចសេចក្តីក្រោធ ចិត្តមូទូ ខឹងច្រើនយ៉ាងនេះ ជាឧបាយធ្វើបុរសបុគ្គលនោះដល់នូវសេចក្តីវិនាស។
ក្នុងឋានៈខ្លួនជាគ្រហស្ថ អ្នកគ្រប់គ្រងផ្ទះ ត្រូវចេះឃរាវាសធម៌ មានសេចក្តីព្យាយាមក្រោក ឡើងបំពេញកិច្ចការជាប្រយោជន៍ខ្លួន ប្រយោជន៍គ្រួសារ ប្រយោជន៍ជាតិ និងប្រយោជន៍សាសនា មិនត្រូវខ្ជិលច្រអូសបណ្តែតបណ្តោយឱ្យកាលវេលាកន្លងហួសទៅទទេៗ ដោយពុំបានធ្វើអ្វីដែលជាប្រយោជន៍ ដោយអាងហេតុផ្សេងៗថា ល្ងាចណាស់ ព្រឹកណាស់ ក្តៅណាស់ ត្រជាក់ណាស់ ជាដើម ទាំងមិនត្រូវប្រព្រឹត្តអំពើអបាយមុខផ្សេងៗមានលេងល្បែងអំពើពាលាដែលជាប្រធាននៃសេចក្តីវិនាសសោះឡើយ។ដោយហេតុនេះ ទើបយើងអាចនិយាយបានថា ពុទ្ធសាសនាពុំមែនធ្វើមនុស្សឱ្យទន់ជ្រាយ ឱ្យខ្ជិលច្រអូសនោះទេ។ ចំណែកឯមនុស្សដែលខ្ជិលច្រអូស ឬទន់ជ្រាយ គឺជាមនុស្សពុំធ្វើតាមទ្រឹស្តីពុទ្ធសាសនាទៅវិញ។
យើងមិនចាំបាច់ពោលដល់ធម៌មានអត្ថដ៏ល្អិតសុខុមសម្រាប់ការប្រតិបត្តិដើម្បីលោកុត្តរ សម្បត្តិនោះទេ តែយើងគួរនិយាយពីទ្រឹស្តីពុទ្ធសាសនា ដែលទាក់ទងទៅនឹងសម្បត្តិលោកិយ មានបាបណិកធម៌ អង្គប្រកបរបស់អ្នកជំនួញជាដើម ដែលជាធម៌សម្រាប់មនុស្សលោកអនុវត្តដើម្បីរស់នៅក្នុងជីវភាពបច្ចុប្បន្ន។ ព្រះសម្មាសម្ពុទ្ធបរមគ្រូ ព្រះអង្គមានទេពកោសល្យដ៏ប្រសើរ បំផុតគ្រប់ផ្នែក លើលអស់អ្នកប្រាជ្ញផងទាំងឡាយទាំងពួង ទាំងក្នុងអតីតកាល ក៏ដូចជាក្នុង បច្ចុប្បន្នកាលក្នុងការដោះស្រាយបញ្ហារស់នៅរបស់មនុស្ស តាំងពីសង្គមគ្រួសារតូច រហូតដល់សង្គមធំ គឺប្រទេសជាតិ ឬពិភពលោកទាំងមូល ព្រោះព្រះអង្គមានមធ្យោបាយ អាចធ្វើឱ្យសេដ្ឋកិច្ច ចម្រើនលូតលាស់បានផង ហើយជាពិសេសមានវិធីសាស្រ្តការពាររក្សារទុកឱ្យគង់វង្សនូវសេដ្ឋកិច្ច ដើម្បីបម្រើសេចក្តីត្រូវការរបស់មនុស្សនោះបានផង។ព្រះពុទ្ធសាសនាបានអប់រំមនុស្សឱ្យចាប់អារម្មណ៍ចំពោះជីវភាពបច្ចុប្បន្នយ៉ាងខ្លាំងពោល គឺឱ្យមនុស្សចេះស្រឡាញ់ការងារ។ លើសពីនោះទៀតសោត ពុទ្ធសាសនាបានប្រដៅមនុស្សឱ្យ ខំប្រឹងប្រែងធ្វើការងារដែលឥតទោស ទោះជាការងារកសិកម្មក្តី ការងារឧស្សាហកម្មក្តី ការងារ ពាណិជ្ជកម្មក្តី ក្រោយពីដំណាក់កាលបង្កើតផលហើយ ពុទ្ធសាសនាបានប្រាប់មធ្យោបាយមួយទៀតគឺចេះថែរក្សារបស់ជាផលដែលខ្លួនរកបានហើយនោះ ឱ្យគង់វង្សមិនឱ្យវិនាសអន្តរាយទៅវិញដោយប្រការផ្សេងៗមានចោរលួច ភ្លើងឆេះ បាត់បង់ដោយការប្រើប្រាស់ខ្ជីខ្ជាជាដើម។
ធម្មតាមនុស្សដែលមានជាតិជាបុរសត្រូវតែព្យាយាមត្រាតែបានសម្រេចប្រយោជន៍ ប្រយោជន៍ដែលនឹងសម្រេចទៅបានមិនមានអ្វីក្រែលែងជាងសេចក្តីធន់ទ្រាំឡើយ។
អ្នកមានប្រាជ្ញាឆ្លៀសឆ្លាសរមែងតាំងខ្លូនជាអ្នកមានទ្រព្យសម្បតិ្ត ដោយដើមទុនតិចតួច ដូចគេបង្កាត់ភ្លើងតូចឱ្យឆេះធំឡើងបាន។
មន្តគឺការរៀនសូត្រ មានការមិនស្វាធ្យាយជាមន្ទិល ផ្ទះមានការមិនជួសជុលជាមន្ទិល សេចក្តីខ្ជិលជាមន្ទិលរបស់ពណ៌សម្បុរ សេចក្តីប្រហែសធ្វេសជាមន្ទិលរបស់ការរក្សា។
ភោគសម្បតិ្តទាំងឡាយ រមែងសម្លាប់មនុស្សអញនកមានប្រាជ្ញាអាក្រក់ តែមិនសម្លាប់មនុស្សអ្នកស្វែងរកត្រើយគឺព្រះនិព្វានឡើយ មនុស្សអ្នកមានប្រាជ្ញាអាក្រក់រមែងសម្លាប់ខ្លួនឯងដូចសម្លាប់អ្នកដទៃ ព្រោះចង់បានភោគសម្បត្តិ។
ពួកមនុស្សពាលដែលមិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានខំរកទ្រព្យក្នុងវេលាខ្លួននៅជាកម្លោះក្រមុំរមែងក្រៀមក្រំដូចក្រៀលចាស់ក្រៀមក្រំនៅលើភក់ដែលអស់ត្រី ពួកមនុស្សពាលដែលមិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានខំរកទ្រព្យក្នុងវេលាខ្លួននៅជាកម្លោះក្រមុំ រមែងដេកដកដង្ហើម ធំស្តាយទ្រព្យចាស់ដែលអស់ទៅ ដូចព្រួញដែលគេបាញ់ទៅចាកបំពង់។
កំណប់ទ្រព្យគឺបុណ្យនោះ ដែលបុគ្គលកប់ទុកល្អហើយ មិនមាននរណាផ្ទាញ់បាន នឹងជាប់តាមទៅ កាលបុគ្គលលះបង់ភោគសម្បត្តិទាំងឡាយ គឺស្លាប់ទៅហើយរមែងនាំយកកំណប់នោះទៅបាន។
មនុស្សសត្វបានធ្វើកម្មឯណាទាំងពីរប្រការ ក្នុងលោកនេះទោះជាបុណ្យក្តី ជាបាបក្តី កម្មទាំងពីរប្រការនោះ ជារបស់គេ គេរមែងកាន់យកកម្មនោះទៅក្នុងលោកខាងមុខ កម្មនោះឯងរមែង ជាប់ប្រកិតតាមគេទៅ ដូចស្រមោលអន្ទោលតាមប្រាណ។
សភាព២ប្រការ គែកុសលធម៌១ អកុសលធម៌១ ឱ្យផលមិនស្មើគ្នា អកុសលធម៌តែងនាំសត្វទៅនរកកុសលធម៌តែងនាំសត្វទៅស្ថានសួគ៌។
មនុស្សគ្រប់គ្នាមានកាតព្វកិច្ចសម្រាប់បំពេញតម្រូវការទៅតាមឋានៈក្នុងសង្គម។ប្រសិនបើមនុស្សម្នាក់ៗបានបំពេញកាតព្វកិច្ចនោះល្អហើយ ឈ្មោះថាមិនបានធ្វើខ្លួនឱ្យក្លាយជាមនុស្សវិនាសឡើយ។ ហើយវិនាសក្នុងទីនេះមានសេចក្តីថា វិនាសសាបសូន្យចាកតម្លៃនិងគុណធម៌។ ប្រសិនបើនរណាម្នាក់មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនទេ សេចក្តីវិនាសអន្តរាយ ដូចជាសេចក្តីធ្វេសប្រហែស ភាពអាក់អន់ចិត្តចំពោះគ្នា ការរំលោភបំពានសិទ្ធគ្នា សេចក្តីរអៀសចិត្តនិងជម្លោះជាដើមប្រាកដជាកើតឡើង នៅក្នុងចំណោមសមាជិកទាំងអស់ក្នុងសង្គម។ ហេតុដូច្នេះហើយ ដើម្បីបង្កើននូវសេចក្តីស្រឡាញ់ ការអាណិតអាសូរ សេចក្តីសន្តោស និងភាពចុះសម្រុងគ្នាក្នុងចំណោមសមាជិកសង្គមទាំងអស់ ដើម្បីធ្វើឱ្យការរស់នៅមានសេចក្តីសុខ ដើម្បីបានជីវិត សប្បាយរីករាយ មានល័ក្ខខណ្ឌ៤យ៉ាង គឺការព្យាយាមខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការងារ និងសមត្ថភាពថែរក្សាទ្រព្យដែលស្វែងរកបានប្រកបដោយធម៌ ការសេពគប់មិត្រល្អ និងចិញ្ចឹមជីវិតសមល្មមទៅនឹងប្រាក់ចំណូល ព្រះពុទ្ធអង្គបានសម្តែងអំពីកាតព្វសម្រាប់សមាជិកសង្គមទាំងអស់ត្រូវបំពេញ។ព្រះពុទ្ធសាសនា ជាសាសនាបង្ហាញហេតុផលច្បាស់លាស់ក្នុងការរស់នៅនៃមនុស្សបច្ចុប្បន្ន ក៏ដូចជាក្នុងការអប់រំមនុស្សដើម្បីប្រយោជន៍នាពេលអនាគត។ ហើយពុទ្ធសាសនា បាន លើកយកគោលការណ៍ធំៗជាមធ្យោបាយក្នុងការដឹកនាំមនុស្សឱ្យប្រកបការងារ ដើម្បីឈានទៅ រកការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ច។ លើសពីនេះទៀតនោះ ព្រះពុទ្ធសាសនាប្រកបដោយ ទ្រឹស្តីច្រើនជាអនេកបរិយាយក្នុងក្របខ័ណ្ឌធ្វើអ្នកប្រព្រឹត្តប្រតិបត្តិតាមឱ្យរួចចាកភាពជាទាសៈនៃ ធម្មជាតិ ពោលគឺធ្វើឱ្យមនុស្សមានសកម្មភាពក្រោកឡើងបំពេញកិច្ចការដែលជាប្រភពនៃសេដ្ឋកិច្ចជាតិ។ ហើយព្រះពុទ្ធសាសនា ពុំមែនជាទំនាស់ក្នុងធ្វើឱ្យសេដ្ឋកិច្ចឬវិស័យជំនួញនានាចុះទន់ ខ្សោយទេ តាមពិតពុទ្ធសាសនាមានគោលការណ៍ប្រាកដប្រជាក្នុងការធ្វើសេដ្ឋកិច្ចឱ្យចម្រើនលូត លាស់ទៅវិញ រីឯការថយចុះនិងឱនភាពនៃសេដ្ឋកិច្ចកឺប្រាកដជាអ្នកកាន់ពុទ្ធសាសនា ពុំបានគោរពឱ្យបានហ្មត់ចត់ដល់កម្រិតច្បាប់សាសនានៅឡើយទេ។ ការថយចុះនៃសេដ្ឋកិច្ចគឺបណ្តាល មកពីបញ្ហាសង្គម បរិយាកាស របបគ្រប់គ្រង នយោបាយសេដ្ឋកិច្ច ការអប់រំមនុស្សនៃប្រទេស នីមួយៗ គ្រួសារនីមួយៗដែលពុំព្រមអនុវត្តតាមមាគ៌ាដ៏ត្រឹមត្រូវនៃពុទ្ធសាសនានោះឯង។ ដរាបណាប្រជាពុទ្ធបរិស័ទខ្មែរអ្នកកាន់ពុទ្ធសាសនាគោរពឱ្យបានហ្មត់ចត់ដល់គោលដៅនៃព្រះពុទ្ធជា ម្ចាស់ហើយ និងគោលការណ៍ជួយស្ថាបនាជាតិទាំង៣គឺ ពលរដ្ឋអ្នកធ្វើគឺមានសកម្មភាព អ្នកបច្ចេកទេសជួយបង្ហាត់បង្ហាញគឺគំនិតប្រាជ្ញា រាជរដ្ឋាភិបាលជួយទំនុបបម្រុងផ្ចង់ផ្តើមឧបត្ថម្ភគឺមធ្យោបាយមូលធន ប្រកបព្រមមួយអន្លើដោយនយោបាយដ៏ប្រសើររបស់រដ្ឋកើតមានឡើងប្រាកដផងនោះ នៅពេលនោះហើយ ដែលការជួយស្ថាបនាអភិវឌ្ឍជាតិមាតុភូមិប្រាកដជានឹងញ៉ាំងសេដ្ឋកិច្ចឱ្យបានចម្រើនលូតលាស់ជាក់ជាពុំខានឡើយ។
(សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ ទំព័រ៣៧-៣៨)
សូមមេត្តាអធ្យាស្រ័យនិងអភ័យទោសពីសំណាក់ប្រិយមិត្តអ្នកអានគ្រប់រូប ដោយទំហំឯកសារដែលសរសេរវែង មិនអាចបង្ហោះទាំងស្រុងបាន ហេតុដូច្នេះហើយក្រុមការងារធ្វើការចែករំលែក១០ភាគរយ ហើយក្រុមការងារសូមសន្យាថា នឹងធ្វើជាសៀវភៅ«បាបណិកធម៌ អង្គប្រកបរបស់អ្នកជំនួញ»ជូនប្រិយមិត្តអាន នៅពេលខាងមុខនេះ សូមអរព្រះគុណនិងសូមអរគុណច្រើនអនេកបរិយាយទុកជាមុន។





























No comments:
Post a Comment