វីរភាពនៃការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ស្ត្រីក្នុងទំព័រប្រវត្តិសាស្ត្រ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

វីរភាពនៃការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ស្ត្រីក្នុងទំព័រប្រវត្តិសាស្ត្រ

Share This

 វីរភាពនៃការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ស្ត្រីក្នុងទំព័រប្រវត្តិសាស្ត្រ


សំឡេងចេញពីព្រះហឫទ័យដែលមានអត្ថន័យដ៏ជ្រាលជ្រៅ និងការលាគ្នាជារៀងរហូតរបស់ព្រះនាងយសោធរា

​(ការលាចាកពីសង្សារវដ្តដ៏វែងឆ្ងាយ ចូលកាន់មហានិព្វាន)


​ក្នុងវស្សាចុងក្រោយ នាវត្តវេឡុវ័នដ៏ស្ងប់ស្ងាត់ ព្រះភទ្ទាកច្ចានាថេរី (ព្រះនាងយសោធរា) ក្នុងវ័យជរា បានផ្អាករាល់ចលនាទាំងពួង។ ព្រះនាងពិចារណាទៅក្នុងមហាករុណាទិគុណនៃព្រះសព្វញ្ញូ ដោយដឹងច្បាស់ថា «កន្សៃសារពេជ្ញ» ដែលបានដើរតាមព្រះពោធិសត្វអស់រាប់លានជាតិ ដល់វេលាដែលត្រូវរលាយចូលទៅក្នុង «ពន្លឺនៃព្រះធម៌» ហើយ។


​ព្រះនាងបានក្រាបថ្វាយបង្គំទៀបព្រះបាទាព្រះសាក្យមុនី ទឹកភ្នែកដែលធ្លាប់ហូររាប់កប្ប ក៏រីងស្ងួតក្លាយជាសន្តិភាព ព្រមទាំងបន្លឺនូវព្រះសូរសៀងចេញពីព្រះហឫទ័យចុងក្រោយ ដែលឆ្លុះបញ្ចាំងពីខ្សែជីវិតនៃការលះបង់ក្នុងអនន្តជាតិ និងជាពាក្យលាគ្នាជារៀងរហូតមិនវិលវិញ ដូចតទៅ៖


​«បពិត្រព្រះមហាមុនី! កាលបួនអសង្ខេយ្យ និងសែនកប្បដ៏យូរលង់កន្លងទៅ នៅចំពោះព្រះភ័ក្ត្រព្រះទីបង្ករពុទ្ធអង្គ ព្រះអង្គសឹងលើភក់ជ្រាំបូជាជីវិតធ្វើជាស្ពាន។ គ្រានោះ ខ្ញុំព្រះករុណាឃើញព្រះអង្គលះបង់អស់រលីង ហើយក្នុងកែវភ្នែកខ្ញុំព្រះករុណាស្រក់ទឹកនេត្រាអាណិតជាពន់ពេក តែក្នុងចិត្តខ្ញុំព្រះករុណាស៊ូសច្ចា ដើរតាមព្រះអង្គគ្រប់ៗជាតិកុំបីឃ្លាត។ ខ្ញុំព្រះករុណាគឺជា សុមិត្តា កាន់ផ្កាឈូកប្រាំទងបន់ស្រន់ សុំរួមវាសនាទុក្ខសុខក្បែរបុរសដែលលះបង់មានគុណដ៏ធំ ទោះត្រូវហែលឆ្លងសង្សារវដ្តរាប់លានឆ្នាំ ក៏ខ្ញុំព្រះករុណាមិនរួញរា។


​កាលព្រះអង្គកើតជាសត្វកំប្រុក តូចទាបក្នុងព្រៃជ្រៅ ព្រះអង្គប្រើកន្ទុយបោកទឹកសមុទ្រព្រោះតែស្រឡាញ់កូននៅក្នុងសំបុក ទោះសមុទ្រធំធេង ព្រះអង្គមិនដែលបោះបង់សេចក្តីព្យាយាមឡើយ សុខចិត្តរងទុក្ខ ខ្ញុំព្រះករុណាគឺជាមេកំប្រុក ឈរក្បែរព្រះអង្គ ផ្តល់កម្លាំងចិត្តមិនឲ្យព្រះអង្គឯកាឡើយ។


​កាលព្រះអង្គជាកុសរាជ មានភ័ក្ត្រអាក្រក់គួរឲ្យខ្លាច តែបេះដូងព្រះអង្គរឹងមាំ មិនញញើតនឹងវាសនាដ៏កំណាច ខ្ញុំព្រះករុណាគឺជាបភាវតីទោះបីជាដំបូងខ្ញុំព្រះករុណារត់ចោលព្រះអង្គដោយក្តីភាន់ភាំង តែចុងក្រោយ ក្តីស្រឡាញ់ព្រះអង្គឈ្នះអស់មោហៈទាំងពួង ខ្ញុំព្រះករុណាបានក្លាយជាកម្លាំងចិត្ត បានបំពេញបារមីថ្វាយព្រះអង្គឱ្យក្លាយជាស្តេចចក្រវាល។


​កាលព្រះអង្គជាចន្ទកិន្នរ រងរបួសដោយព្រួញព្រះរាជា ព្រះអង្គសឹងដកដង្ហើមញាប់ញ័រក្នុងថ្លុកឈាមដ៏វេទនា ខ្ញុំព្រះករុណាគឺជាចន្ទកិន្នរី ឱបកាយព្រះអង្គយំសោកផ្អើលដល់ឋានសួគ៌ ខ្ញុំព្រះករុណាមិនចុះចាញ់នឹងអំណាចស្តេចឡើយ ទោះត្រូវស្លាប់ក៏ខ្ញុំព្រះករុណារក្សាភក្តីភាពចំពោះព្រះអង្គតែម្នាក់គត់រៀងរហូតមក។


​កាលព្រះអង្គជាស្តេចដំរីឆទ្ទន្ត លះបង់ភ្លុកថ្លៃថ្លា ព្រះអង្គស៊ូទ្រាំនឹងការឈឺចាប់ដើម្បីបំពេញទានបារមីមហិមា ខ្ញុំព្រះករុណាគឺជាមេដំរី ឈរយំស្រែកថ្ងូរញ័រអស់ទាំងរូបកាយ ឃើញព្រះអង្គលះបង់សាច់ឈាមដើម្បីសត្វលោកទាំងឡាយ ទឹកភ្នែកខ្ញុំព្រះករុណាស្រក់ចុះលាងឈាមព្រះអង្គដោយក្តីសង្វេគជាពន់ពេក។


​កាលព្រះអង្គជាមហាវេស្សន្តរ ដាក់កូនទាំងទ្វេជាទានញាប់ញ័រផែនដី ខ្ញុំព្រះករុណាគឺជាមទ្រី ដែលវិលត្រឡប់ពីព្រៃទាំងបេះដូងខ្ទេចខ្ទាំ កាលបើព្រះអង្គប្រាប់ថា "ដើម្បីសព្វញ្ញុតញ្ញាណ" ខ្ញុំព្រះករុណាក៏ព្រមស៊ូ លះបង់កូនបង្កើត កាត់ថ្លើមប្រមាត់ទាំងក្តីក្រៀមក្រំ និងសាធុការទាំងទឹកភ្នែក ដើម្បីឲ្យព្រះអង្គបានសម្រេចនូវពុទ្ធភូមិ។


​ដល់ជាតិចុងក្រោយ... កាលព្រះអង្គចាកចោលខ្ញុំព្រះករុណាក្នុងរាត្រីស្ងាត់ ព្រះអង្គដើរចេញទាំងមិនលា ទុកឲ្យខ្ញុំព្រះករុណា និងរាហុលដេកលក់ស្ងប់ស្ងាត់ ខ្ញុំព្រះករុណាដឹង... ព្រះអង្គយាងទៅដើម្បីសត្វលោក មិនមែនស្អប់ខ្ញុំព្រះករុណាឡើយ ខ្ញុំព្រះករុណានេះហើយ យសោធរា សុខចិត្តរស់ក្នុងទុក្ខដែលរកអ្វីប្រៀបមិនបាន កាត់សក់ កាន់សីល ដេកលើព្រះធរណី តាមដានដំណឹងព្រះអង្គគ្រប់ដង្ហើមចេញចូល។


​កាលព្រះអង្គត្រាស់ដឹង យាងមកវិញក្នុងនាមជាព្រះពុទ្ធដ៏ប្រសើរ ខ្ញុំព្រះករុណាទប់ចិត្តមិនជាប់ ក្រាបយំទៀបបាទាព្រះអង្គដែលធ្លាប់ជាស្វាមី ទឹកភ្នែកដែលហូររាប់លានជាតិ បានស្រក់លាងធូលីព្រះបាទព្រះមុនី ខ្ញុំព្រះករុណាប្រាប់រាហុលឲ្យទៅសុំមរតកពី "នរសីហៈ" កំពូលបុរស ខ្ញុំព្រះករុណានេះហើយ យសោធរា ដែលលះបង់គ្រប់យ៉ាងដោយចិត្តសណ្តោស។


​បពិត្រព្រះអង្គ! បួនអសង្ខេយ្យ និងសែនកប្បដែលបានដើរតាម ថ្ងៃនេះ ការបំពេញបារមីចំពោះព្រះអង្គ បានដល់ទីបញ្ចប់ហើយ។ សូមព្រះមហាមុនីអត់ទោសរាល់កំហុស កាលដែលខ្ញុំព្រះករុណាធ្លាប់ត្អូញត្អែរក្នុងគ្រាដែលព្រះអង្គចាកចោលនគរ កាលដែលខ្ញុំព្រះករុណាធ្លាប់យំសោកព្រោះក្តីស្រឡាញ់រាប់ប្រមាណមិនបាន រាល់ក្តីមោហៈទាំងឡាយ សូមរលាយបាត់ទៅជាមួយសង្ខារនេះចុះ!


​មហាបាដិហារ្យ និងការរលត់ខន្ធ

​បន្ទាប់ពីក្រាបបង្គំសុំខមាទោស ព្រះនាងភទ្ទាកច្ចានាបានសម្តែងមហាបាដិហារ្យ ហោះហើរឡើងលើអាកាស បង្ហាញឫទ្ធិដ៏អស្ចារ្យដើម្បីជាសក្ខីភាពនៃបារមីដែលបានសន្សំក្បែរព្រះពុទ្ធអង្គ។ នេះមិនមែនដើម្បីអួតអាងនោះទេ តែដើម្បីបញ្ជាក់ពីកម្លាំងចិត្តថា ស្ត្រីម្នាក់ដែលធ្លាប់តែទន់ជ្រាយក្នុងសេចក្តីស្នេហា ក៏អាចបំពេញបារមីរហូតសម្រេចធម៌ខ្ពស់បំផុតក្នុងលោកបានដែរ។


​រួចហើយ ព្រះនាងក៏បានបន្លឺវាចាលាចុងក្រោយ៖


​«លាហើយ រាហុល... បុត្រាដែលជាចំណងចុងក្រោយ»

«លាហើយ កបិលព័ស្តុ ទីក្រុងនៃក្តីស្រឡាញ់ និងការចាកចេញរហូតមិនវិលវិញ»

«លាហើយ សង្សារវដ្ត... វាលដាច់ស្រយាលនៃទឹកភ្នែក និងការកើតស្លាប់

យសោធរា លែងជួបគ្នាជារៀងរហូតហើយ។»


​ព្រះនាងភទ្ទាកច្ចានា បានយាងចុះមកវិញ រួចចូលកាន់សមាបត្តិយ៉ាងជ្រាលជ្រៅ ហើយរលត់ខន្ធដោយក្តីស្ងប់បំផុត។ គ្មានការវិលត្រឡប់ គ្មានការរង់ចាំ និងគ្មានការឈឺចាប់ទៀតឡើយ។ ដួងព្រលឹងដែលធ្លាប់ជាមហេសីភក្តី បានក្លាយជាព្រះអរហន្តីដ៏បរិសុទ្ធ រលាយចូលក្នុងមហានិព្វានដ៏ត្រជាក់ត្រជុំ បន្សល់ទុកតែសេចក្តីល្អជាអមតៈ។


​«កិច្ចសន្យាទាំងឡាយបានបញ្ចប់ សង្សារវដ្តត្រូវបានកាត់ផ្តាច់។ បួនអសង្ខេយ្យ និងសែនកប្ប... ភារកិច្ចខ្ញុំព្រះករុណាបានបញ្ចប់ហើយ។ ខ្ញុំព្រះករុណាលែងជាកន្សៃសារពេជ្ញទៀតហើយ តែខ្ញុំព្រះករុណាគឺជាពន្លឺដែលរលត់ទៅក្នុងសេចក្តីស្ងប់ដ៏បរិសុទ្ធ មិនកើត មិនស្លាប់ រៀងរហូតតទៅ។»


បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា


#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth

No comments:

Post a Comment

Flag Counter