🍃ចុន្ទសូត្រ ទី៣
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ មានអាពាធ មានសេចក្តីទុក្ខ មានជម្ងឺធ្ងន់ នៅក្នុងស្រុកនាឡកៈ ក្នុងដែនមគធៈ។ មានសាមណេរ ឈ្មោះចុន្ទ ជាឧបដ្ឋាក របស់ព្រះសារីបុត្តដ៏មានអាយុ។ គ្រានោះឯង ព្រះសារីបុត្ត ក៏បរិនិព្វាន ដោយអាពាធនោះ។
[៥៧] លំដាប់នោះឯង ចុន្ទសាមណេរ ក៏កាន់យកបាត្រ និងចីវរ របស់ព្រះសារីបុត្តដ៏មានអាយុ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ឯវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចុន្ទសាមណេរ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ ម្នាលអាវុសោចុន្ទ នេះជាដំណឹង ដែលអ្នកនាំមកជាដំបូង ម្នាលអាវុសោចុន្ទ មក យើងនឹងនាំគ្នាចូលទៅរកព្រះដ៏មានព្រះភាគ ដើម្បីគាល់ព្រះអង្គ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ចុន្ទសាមណេរ ក៏ទទូលពាក្យព្រះអានន្ទដ៏មានអាយុថា ករុណា លោកម្ចាស់។
[៥៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ និងចុន្ទសាមណេរ ក៏ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសាមណេរនេះ បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាយរបស់ខ្ញុំព្រះអង្គ ហាក់ដូចជារឹងស្តូកស្តឹង ទាំងទិសទាំងឡាយ ក៏មិនប្រាកដ ដល់ខ្ញុំព្រះអង្គ ទាំងធម៌ទាំងឡាយ ក៏មិនភ្លឺច្បាស់ ដល់ខ្ញុំព្រះអង្គដែរ ព្រោះបានឮថា ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានទៅហើយ។
[៥៩] ម្នាលអានន្ទ សារីបុត្តនាំយកសីលក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកសមាធិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកបញ្ញាក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ នាំយកសីលក្ខន្ធ បរិនិព្វានទៅក៏ទេ។បេ។ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅក៏ទេ។ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ លោកជាអ្នកប្រដៅ ជាអ្នកពន្យល់ ជាអ្នកបំភ្លឺ ជាអ្នកបបួល ជាអ្នកឲ្យអាចហាន ជាអ្នកឲ្យរីករាយ ជាអ្នកមិនខ្ជិលច្រអូស ជាអ្នកអនុគ្រោះ ដល់ពួកសព្រហ្មចារ្យ ដោយធម៌ទេសនា យើងខ្ញុំទាំងឡាយ តែងរឭកតាមនូវធម្ម ឱជារស ធម្មសម្បត្តិ ធម្មានុគ្រោះ របស់ព្រះសារីបុត្តដ៏មានអាយុនោះ។
[៦០] ម្នាលអានន្ទ ដំណើរនោះ តថាគតបានប្រាប់មុនហើយថា ការផ្សេងៗគ្នា ការព្រាត់ប្រាស់គ្នា ការប្រព្រឹត្តទៅទីទៃពីគ្នា ចាកសត្វ និងសង្ខារទាំងពួង ជាទីស្រឡាញ់ ជាទីពេញចិត្ត ម្នាលអានន្ទ អ្នកគប្បីបានដំណើរនោះអំពីទីឯណា ដូច្នេះមិនមែនឬ។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ របស់នោះឯង តែងមានសេចក្តីវិនាសទៅជាធម្មតា ។ បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំបីវិនាសឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។
[៦១] ម្នាលអានន្ទ ដូចដើមឈើធំក្រៃលែងជាងឈើធំ ដែលមានខ្លឹម កំពុងតាំងនៅ ស្រាប់តែរលំទៅ យ៉ាងណា។ ម្នាលអានន្ទ កាលបើភិក្ខុសង្ឃជាច្រើន ប្រកបដោយសារធម៌ កំពុងឋិតនៅ ស្រាប់តែសារីបុត្តបរិនិព្វានទៅ ក៏យ៉ាងនោះឯង ម្នាលអានន្ទ ដំណើរនោះ អ្នកគប្បីបានអំពីទីឯណា។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ តែងមានសេចក្តីវិនាសទៅ ជាធម្មតា បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំវិនាសទៅឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭកឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំបីមានវត្ថុដទៃ ជាទីរឭកឡើយ។
[៦២] ម្នាលអានន្ទ ភិក្ខុដែលមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ តែងពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក យ៉ាងនេះឯង។
[៦៣] ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ក្នុងកាលឥឡូវនេះក្តី ក្នុងកាលអំណើះអំពីតថាគតទៅក្តី នឹងមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ ជាទីរឭក កុំបីមានវត្ថុដទៃ ជាទីរឭកចុះ។ ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ជាអ្នកប្រាថ្នាការសិក្សា ភិក្ខុទាំងនោះ នឹងប្រាកដមាន ក្នុងចំណែកដ៏ប្រសើរក្រៃលេង។
សំយុត្តនិកាយ មហាវារវគ្គ ទសមភាគ
(ព្រះត្រៃបិដក ភាគ ៣៨)
……………………………….……………………….
🍃ធម្មទាន FB: សិរីអមតា- ចិរំ តិដ្ឋតុ ពុទ្ធសាសនំ

























No comments:
Post a Comment