ពុទ្ធលទ្ធិ ឬ ព្រះត្រៃបិដក ( សាសនា Religion ) - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ពុទ្ធលទ្ធិ ឬ ព្រះត្រៃបិដក ( សាសនា Religion )

Share This

ពុទ្ធលទ្ធិ​ ឬ​ ពុទ្ធសាសនា​
ពុទ្ធលទ្ធិ​ ជា​ទស្សនៈ​ ទ្រឹស្ដី​ របស់​ព្រះពុទ្ធ​ កើត​ឡើង​ជា​ដំបូង​ នៅ​ប្រទេស​ឥណ្ឌា​ ក្នុង​សតវត្ស​ទី៦ មុន​គ.ស​ មាន​គោល​ច្បាប់​សម្រាប់​ប្រព្រឹត្តិ​ប្រតិបត្តិ​ ចំនួន​ ៨៤០០០​ ធម្មក្ខន្ធ​ដែល​មាន​ចរឹក​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​។ បច្ចុប្បន្ន​នេះ​ អ្នក​ដែល​គោរព​ជឿ​កាន់​ព្រះពុទ្ធ​សាសនា​ហៅថា​ ពុទ្ធសាសនិក​ មាន​ចំនួន ៥០០.០០០.០០០​ នាក់​ មាន​នៅ​ក្នុង​ប្រទេស​ ខ្មែរ​ សៀម​ លាវ​ ចិន​ យួន​ ភូមា​ ឥណ្ឌា​ លង្កា​ នេប៉ាល​ ទីបេត៍​ ជប៉ុន​ ម៉ុង្គោលី​។ល។

ព្រះត្រៃបិដក​ Tripltaka​
ព្រះត្រៃបិដក​ ជាគម្ពីរ​ ដែល​ជា​ឃ្លាំង​ផ្ទុក​នូវ​ពុទ្ធ​វចនៈ​ចំនួន ៨៤០០០​ ធម្មក្ខន្ធ​ ចែក​ជា​សៀវភៅ​បោះពុម្ព​នៅ​ប្រទេស​ខ្មែរ មាន​ចំនួន​ ១១០ភាគ​ ហើយ​ភាគ​នីមួយៗ​មាន​ចំនួន​ប្រមាណ​ពី ២០០-៣០០-៤០០​ទំព័រ​ ជា​ភាសាបាលី​ ខ្មែរ​។
ព្រះត្រៃបិដក​ ១១០​ភាគ​នោះ​គឺៈ​
១-វិន័យបិដក​ មាន​ ១៣ភាគ​ មាន​ ២១០០០​ធម្មកន្ធ​។
២-សុត្តន្តបិដក​ មាន​ ៦៤​ភាគ​ មាន​២១០០០​ធម្មខន្ធ​។
៣-អភិធម្មបិដក​ មាន​ ៣៣​ភាគ​មាន​៤២០០០​ធម្មខន្ធ​។
ក-វិន័យបិដកៈ​ ជា​គម្ពីរ​ស្ដី​អំពី​ច្បាប់​ក្រឹត្យ​ក្រម ដែល​ព្រះពុទ្ធ​ទ្រង់​បញ្ញាត្ត​ ហាមប្រាម​ និង​ទ្រង់​អនុញ្ញាត​ទុក​សម្រាប់​ជា​គោល​ប្រព្រឹត្ត ប្រតិបត្តិ​ នៃ​បព្វជិត​ និង​គ្រហស្ថ​ដែល​ជា​ភិក្ខុ​ ភិក្ខុនី​ សាមណេរ​ សាមណេរី​ ឧបាសក​ ឧបាសិកា​ ទាយក​ ទាយិកា​ ។ គម្ពីរវិន័យបិដក​ ជា​កញ្ចក់​ សម្រាប់​ឆ្លុះ​មើល​ នូវជីវប្រវត្តិ​ ជីវភាព​ សកម្មភាព​ របស់​ព្រះពុទ្ធ​ ការអប់រំ​ទូន្មាន​ ប្រៀនប្រដៅ​ ពុទ្ធិបរិស័ទ​ និង​សាវ័ក​ដើម្បី​ផ្សាយ​សច្ចធម៌​ ក្នុង​ពេលដែល​ព្រះអង្គ​គង់​ព្រះជន្មាយុ​នៅ​ឡើយ​។
មិន​តែ​ប៉ុណ្ណោះ​ គម្ពីរ​វិន័យបិដក​ ជា​ឯកសារ​មួយ​ដ៏​សំខាន់​ដែល​បាន​មបង្ហាញ​ ព្រឹត្តិការណ៍​ផ្សេងៗ​ ក្នុង​ប្រទេស​ឥណ្ឌា​ ដូចជាៈ​
វិន័យ​គ្រប់គ្រង​ប្រទេស​ របៀបរស់នៅ​ ផ្នែក​ប្រវត្តិសាស្ត្រ​ ភូមិសាស្ត្រ​ ប្រពៃណី​ ទំនៀមទម្លាប់​ សិល្បៈ​ វិជ្ជាផ្សេងៗ​។ល។​
វិន័យបិដក​ មាន​ ៥​ គម្ពីរ​ គឺៈ​
-អាទិកម្ម​ ស្ដី​អំពី​ទោស​ធ្ងន់​
-បាចិត្តិយៈ​ ស្ដី​អំពី​ទោសស្រាល​
-មហាវគ្គៈ​ វគ្គធំ​
-ចុល្លវគ្គៈ​ វគ្គតូច​
-បរិវារៈ​ បទបន្ទាប់បន្សំ​, មាតិការាយរង​។
ខ-សុត្តន្តបិដកៈ​ ជា​គម្ពីរ​ស្ដី​អំពី​សូត្រ ឬ​ អត្ថបទ​ធម៌​ដែល​ព្រះអង្គទ្រង់​ទេសនា​ ពន្យល់​ ប្រោស​មនុស្ស​សត្វ ឲ្យ​ប្រព្រឹត្ត​ល្អ​ស្គាល់​បុណ្យ​ បាប​ ល្អ​ អាក្រក់​ ក្នុង​សម័យ​កាល​ផ្សេងៗ​។ល។ ហើយ​នឹង​មាន​សូត្រធម៌​ខ្លះ​ សាវ័ក​សម្ដែង​ប្រោស​ ពន្យល់​ពួក​បរិស័ទ​មាន​ព្រះ សារីបុត្រ​ មោគល្លាន​ អាន្ទន​ ជា​ដើម​។
សុត្តន្តបិដក​ មាន​ ៥​ គម្ពីរ​ គឺៈ​
-ទីឃនិកាយ​ សូត្រវែង​ ពិស្ដារ​
-មជ្ឈិមនិកាយ​ សូត្រមធ្យម​
-សំយុត្តនិកាយ​ សូត្រ​ប្រហែលៗ​គ្នា
-អង្គុគ្គរនិកាយ​ សូត្រ​ដែល​ចែកជា​ពួក​ជា​ក្រុម​
-ខុទ្ទកនិកាយ​ សូត្រខ្លី​ តូចតាច​។
គ-អភិធម្មបិដកៈ​ ជា​គម្ពីរ​ស្ដី​អំពី​ធម៌អាថ៍ អត្ថនៃ​ធម៌ដ៏​ជ្រាលជ្រៅ​ ល្អិតសុខុម​ ជា​បរមត្ថវិជ្ជា​ បាន​ដល់ទស្សនៈ​វិជ្ជា​ព្រះពុទ្ធសាសនា​ ដែលចែង​ អធិប្បាយ​ អំពីចិត្ត​ ចេតសិក​ រូប​ និព្វាន​។
អភិធម្មបិដក​ មាន​៧​គម្ពីរ​គឺៈ
-ធម្មសង្គណី​ បំណាត់​របៀបធម៌​
-វិភង្គ​ ចំណែក​រំលែក​ធម៌​
-កថាវត្ថុៈ​ ចំណុច​ធម៌​ដែល​ផ្ទុយ​គ្នា​
-បុគ្គលបញ្ញាត្តិ​ បញ្ញាត្តិ​ ថា​បុគ្គល​
-ធាតុកថាៈ​ វិភាគធាតុ​
-យមកៈ​ ធម៌ជាគូៗ​
-បដ្ឋានៈ​ ធម៌​មាន​ទំនាក់ទំនង​គ្នា​។
និកាយ​ ពុទ្ធសាសនា​
ពុទ្ធសាសនា​ បែកចេញ​ទៅ​ជា​និកាយ​ផ្សេងៗ​ក្រោយ​ ពេល​ដែល​ព្រះពុទ្ធ​បរិនិព្វាន​ ប្រមាណ​ជាង​២០០​ឆ្នាំ តែ​និកាយ​ដែល​ធំៗ មាន​២​គឺៈ​
-មហាយាន​ (ឧត្ដរនិកាយ-អាចរិយវាទ)​
-ហីនយាន​ (ទក្ខិណានិកាយ-ថេរវាទ)​។
១-មហាយាន​ (Grand véhicule)​
យានធំ​ ទូលាយ​អាច​ផ្ទុក​មនុស្ស​សត្វ​បាន​ច្រើន​គ្នា ដឹកនាំ​ឆ្ពោះ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​គឺ​ព្រះនិព្វាន​។ និកាយ​មហាយាន​ មាន​វិន័យ​ធូរស្រាល ស្លៀកខោ​ ពាក់អាវ​ ពណ៌លឿង​។ និកាយ​នេះ​ សង្កត់​យ៉ាង​ខ្លាំង​ ឬ​ ឲ្យ​តម្លៃ​ទៅ​លើ​ការ​អប់រំ​ចិត្ត​។ និកាយ​មហាយាន​ គោរព​តាម​លទ្ធិអាចរិយវេទ​ គឺ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​គ្រូអាចារ្យ​របស់​ខ្លួន​តៗ​គ្នា​ មិន​ប្រតិបត្តិ​តាម​គោល​ព្រះត្រៃបិដក​ ដូច​និកាយហីនយាន​ទេ​។ អ្នក​ប្រាជ្ញ​នៃ​និកាយ​មហាយាន​ បាន​បង្កើត​គម្ពីរ​ដីកា​ប្លែក​អំពី​គម្ពីរ​ព្រះត្រៃបិដក​គឺៈ​
-គម្ពីរ​ សទ្ធម្មបុណ្ឌរីក​
-គម្ពីរ​ លង្ការវតាសូត្រ​
-គម្ពីរ​ ប្រាជ្ញា​បារមិតា​ ជាដើម​ ហើយ​សុទ្ធ​តែ​ចារឹក​ជា​អក្សរ​ភាសា សំស្ក្រឹត​ ទាំងអស់​។ និកាយនេះ​លើកយក​ភាសា​ សំស្ក្រឹត​ ជាធំ​ ជាយាន​សម្រាប់​សិក្សា​។ បច្ចុប្បន្ន​នេះ និកាយ​មហាយាន​ មាន​ឋិត​នៅ​ក្នុង​ប្រទេសចិន​ យួន​ ជប៉ុន​ ទីបេត៍​ ម៉ុង្គោលី​។ល។
និកាយ​មហាយាន​គោរព ពោធិសត្វ​ ៣​អង្គ​គឺៈ
១-អវលោ​ កិរតស្វរៈ​
២-មញ្ជុស្រី​
៣-ម៉ៃត្រិយៈ​ ឬ​ ព្រះស្រីអារ្យមេត្រី​។
២-ហីនហាន​ (Petit véhicule)​
យាន​តូច​យាន​ចង្អៀត ផ្ទុក​មនុស្ស​សត្វ​បាន​តិច​ មាន​វិន័យ​តឹងតែង​ មាន​ការ​គោរព​វិន័យ​យ៉ាង​ម៉ត់ចត់​ ជា​បឋមជាធំ​។ និកាយ​នេះ​ឲ្យ​តម្លៃ​ទៅ​លើ​វិន័យ ការអប់រំ​ទូន្មាន​កាយ​ វាចា​ចិត្ត​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ ស្រគត់ស្រគំ​ រម្យទម​។ បព្វជិត​ គ្រងឃ្លុំ​ ស្បង់ចីពរ​ ពណ៌លឿង​។ និកាយហិនហាន​គោរព​ ប្រព្រឹត្ត​ ប្រតិបត្តិ​តាម​គម្ពីរ​ព្រះត្រៃបិដក​​ដោយ​យក​ភាសាបាលី​ ជាធំ​ ជាយាន​ ក្នុង​ការសិក្សា​ ពុទ្ធវចនៈ​។ ពុទ្ធសាសនា​និកាយ​ហីនហាន មាន​ឋិត​នៅ​ប្រទេសៈ​ ខ្មែរ​ សៀម​ លាវ​ ភូមា​ លង្កា​ ឥណ្ឌា​ នេប៉ាល​ ។ល។​ និកាយ​នេះ គោរព​ព្រះពុទ្ធ​តែ​មួយ​អង្គ​ធំ ព្រះសមណគោតម​ និង​ព្រះធម៌​ ព្រះសង្ឃ​។
គោល​ប្រតិបត្តិ​ក្នុង​ពុទ្ធសាសនា​
ពុទ្ធសាសនិក​ គ្រប់រូប​ ទាំងបព្វជិត​ ទាំងគ្រហស្ថ​ គប្បីប្រព្រឹត្ត​ ប្រតិបត្តិ​ តាម​គោលធំៗ​ ៣យ៉ាង​គឺៈ
១-គោព​ ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ ទុកជា​ ត្រៃសរណគមន៍​។
២-ព្យាយាម​ សិក្សា​ រៀនសូត្យ​ ពុទ្ធវចនៈ​ ធម៌វិន័យ​ ឲ្យ​បាន​ចេះ​ចាំ​ពិត​ប្រាកដ ហើយ​ប្រតិបត្តិ​តាម​ ដើម្បី​បាន​ជា​មធ្យោបាយ​សាង​ខ្លួន​ឲ្យ​បាន​ល្អ​។
៣-បំពេញ​ ទាន​ សីល​ សមាធិ​ បញ្ញា​ ដែល​ជា​វិធី​ ឬ​ មាគ៌ា​ អប់រំ​ទូន្មាន​ កាយ​ វាចា​ ចិត្ត​ ឲ្យ​បាន​ល្អ​ ស្អាត​ ត្រឹមត្រូវ​ បរិសុទ្ធ​ផូរផង់​ ប្រាសចាក​លោភៈ​ ទោសៈ​ មោហៈ​ ហើយ​ដែល​ជា​មធ្យោបាយ​រំដោះ​ខ្លួន​ ឲ្យ​ផុតចាក​ទុក្ខទាំងពួង​៕

ដកស្រង់ចេញពីសៀវភៅ ​សិក្សាវប្បធម៌​ អរិយធម៌​ខ្មែរ​-ឥណ្ឌា​
សម្រាប់ថ្នាក់​ទីបញ្ចប់​ និង ​ថ្នាក់ត្រៀមឧត្ដមសិក្សា​
និពន្ធដោយ​ លោក ទាវ ឆៃសុក ​សាស្ត្រចារ្យបរិញ្ញា ​វិទ្យាល័យ ទួលគោក
Flag Counter