តាមការសង្កេត ឃើញថា បងប្អូន សិស្សនិស្សិតខ្មែរមួយចំនួន តែងតែប្រើប្រាស់ច្របូកច្របល់គ្នា ហើយមិនដឹងថាគួរប្រើមួយណាត្រឹមត្រូវ ពេលនេះខ្មែរលីតនឹងលើកយកមកបង្ហាញពីភាពខុសគ្នាដូចតទៅនេះ៖
- «គូ» មានន័យពីរយ៉ាងគឺ
( ន. ) ស្នាមភ្លោះព័ទ្ធជុំវិញបន្ទាយ ឬ វាំង; ពាក្យបុរាណហៅ កសិណ ដូចយ៉ាងកសិណព័ទ្ធជុំវិញនគរវត្តជាដើម ជាប់ហៅរៀងមករហូតមកដល់សព្វថ្ងៃនេះ ។
( ន. ) ចំនួនពីរផ្ទឹមគ្នា, មួយគូ, ពីរគូ, ។ គូកម្ម គឺបុរសនិងស្ត្រីបានគ្នាជាប្ដីប្រពន្ធ ហើយព្រាត់គ្នាទៅវិញក្នុងកាលរហ័សឆាប់ ។ គូព្រេង គឺបុរសនិងស្រ្តី ដែលយល់ថាបានកសាងជាមួយគ្នាអំពីអតីតជាតិមកហើយ បានគ្នាជាប្ដីប្រពន្ធ នៅឋិតថេរជាមួយគ្នាជាសុខតទៅហៅថា បុព្វេសន្និវាស ។ គូស្រករ គឺប្ដីប្រពន្ធដែលមានអាយុស្រករគ្នា : មានគូស្រករ ។
- «គូរ» មានន័យថា
( កិ. ) ធ្វើឲ្យកើតជាគំនូរតំណាងរូបរាងសរពើ ដោយដីខ្មៅ, ប៉ាកកា ឬ ជក់ : គូររូប, គូរគំនូរ, គូរវាស, គូរផែនទី ។
- ហើយគេច្រើនយកពាក្យនេះទៅផ្សំគ្នាបង្កើតបានជាពាក្យដូចជា៖ គិតគូរ, គិតហើយសឹមគូរ ជាដើម។