តើអក្សរសិល្ប៍«លក្ខណៈជាតិ»មានអត្ថន័យបែបណា? ដូចជាលក្ខណៈជាតិតាមរយៈរឿងទុំទាវ ស្នាដៃនិពន្ធ ភិក្ខុ សោម ឆ្នាំ១៩១៥
តើអក្សរសិល្ប៍«លក្ខណៈជាតិ»មានអត្ថន័យបែបណា?
នៅក្នុងសទ្ទានុក្រមភាសាវិទ្យា និងអក្សរសិល្ប៍ដែលរៀបរៀងឡើងដោយ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានកំណត់អត្ថន័យអក្សរសិល្ប៍«លក្ខណៈជាតិ» ដូចខាងក្រោម៖
អក្សរសិល្ប៍«លក្ខណៈជាតិ» មានន័យថា ជាលក្ខណៈអក្សរសិល្ប៍មួយប្រភេទដែលតាមរយៈនោះ អ្នកនិពន្ធលើកយកតម្លៃពិសេសរបស់ជាតិមកបង្ហាញក្នុងដំណើរឿងដែលទាក់ទងនឹងសីលធម៌ ជំនឿ ទំនៀមទម្លាប់ សាសនា និងអ្វីៗដែលជាអត្តសញ្ញាណជាតិ ដើម្បីបណ្ដុះគំនិតស្រឡាញ់អភិរក្ស ការពារ អភិវឌ្ឍ អរិយធម៌របស់ជាតិ។
លក្ខណៈជាតិដែលស្តែងឡើងតាមរយៈរឿងទុំទាវ៖
និយមន័យលក្ខណៈជាតិ ៖ លក្ខណៈពិសេសរបស់ជាតិមួយ ដែលឆ្លុះបញ្ចាំងតាមវប្បធម៌អរិយធម៌។
លក្ខណៈជាតិស្តែងឡើងតាមរយៈរឿងទុំទាវ៖
-ភាសារ អក្សរ តំណែងនិពន្ធ “ភាសារខ្មែរ បទពាក្យ៧”
-ទីតាំងភូមិសាស្ត្រ “វិហារធំ ត្បូងឃ្មុំ បាភ្នំ លង្វែក…”
-សាច់រឿងសំខាន់ៗ
-សាសនាបែបខ្មែរ
-ប្រពៃណី ទំនៀមទំលាប់ “ជ្រើសរើស ទុកដាក់កូនចៅ ចូលម្លប់…”
-សិល្បៈ ៖ សូត្រ ផ្លុំប៉ី
-សេដ្ឋកិច្ច ៖ កសិកម្ម សិប្បកម្ម “តោក…”
សរុបមក អាស្រ័យដោយលក្ខណៈដូចរៀបរាប់ខាងលើ បានធ្វើអោយរឿងទុំទាវមានតំលៃពិសេសរបស់ខ្លួនក្នុងរឿងអក្សរសិល្ប៍ជាតិ។
-ប្រភេទ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា
-ចលនា៖ ខេមរនិយម
-ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
-សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
-កាលកំណត់តែង៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ)
-អ្នកនិពន្ធ៖ ភិក្ខុសោម
សង្ខេបរឿងទុំទាវ៖
រឿងចាប់ផ្ដើមនៅខេត្តបាភ្នំ (បច្ចុប្បន្នជាស្រុកមូយក្នុងខេត្តព្រៃវែង) ដែលមាននេនពីរនាក់ ឈ្មោះ ទុំ និង ពេជ្រ បានលាលោកគ្រូខ្លួន ដើម្បីលក់តោក នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។ ទៅដល់ទីនោះ ទុំមានសំនៀងពិរោះ ពេជ្រពូកែផ្លុំខ្លុយ បានទេសនាយ៉ាងពីរោះរណ្ដុំ ដែលធ្វើអោយអ្នកស្រុកត្បូងឃ្មុំ ផ្អើលមើលគ្រប់គ្នា។
និយាយពីគ្រួសារមួយ មានកូនក្រមុំម្នាក់ ដែលមានរូបសម្បត្តិស្រស់សោភា បានធ្វើពិធីចូលម្លប់ ធីតានេះឈ្មោះ ទាវ និង ម្ដាយឈ្មោះ ផាន់។ នាងនោ ដែលជាអ្នកបំរើ បានស្ដាប់បំរៀងរបស់ទុំ ចូលចិត្ត ក៏ប្រាប់ទាវ ដែលធ្វើអោយនាងទ្រាំពុំបាន ក៏សុំម្ដាយនិមន្តលោកមកទេសន៍។ ពេលកំពុងទេសន៍ អ្នកទាំងពីក៏មានចិត្តប្រតិពត្តគ្នា ទាវបានប្រគេន ដន្លាប់ និង ផាហុំ ដល់ទុំ។ ពេលត្រលប់មកវត្តវិញ ដោយទ្រាំពុំបាន នេនទុំ ក៏សុំលោកគ្រូសឹក តែលោកពុំអនុញ្ញាតិ តែ ពេជ្រអាចសឹកបាន។ ទើបទុំលួចសឹកដោយចិត្តឯង និងស្កាត់មករកទាវ (ជាមួយពេជ្រ) នៅត្បូងឃ្មុំ។ ពេលមកដល់ ចំពេលដែលម្ដាយទាវមិននៅ គេក៏បានរួមរស់ជាមួយគ្នារាត្រីនោះ។
ម៉ឺនងួន កូនលោកអរជូន បានស្រលាញ់ទាវ ហើយសុំម្ដាយដណ្ដឹងទាវ ដែលធ្វើអោយយាយផាន់សប្បាយចិត្តយ៉ាងខ្លាំង។ ជាមួយគ្នានោះ ព្រះករុណា បានចេញរាជបញ្ជាស្វែងរកស្នំ ហើយអាមាត្រក៏យកនាងទៅថ្វាយទ្រង់ ដែលធ្វើអោយនាងមិនសប្បាយចិត្តឡើយ។ ទុំដែលត្រូវបានដំណែងជា អ្នកច្រៀងថ្វាយស្ដេច ក្រោយដឹងរឿងនេះ មានការកើតទុក្ខយ៉ាងខ្លាំង ហើយចំពេលដែលស្ដេចត្រាស់បង្គាប់ អោយច្រៀងថ្វាយទ្រង់ព្រោះយល់ថា ទាវនឹកស្រុក ក៏ច្រៀងក្នុងន័យស្ដីអោយទាវដែលល្មោភបុណ្យសក្តិ ចង់ធ្វើស្នំស្ដេច តែនាងទាវប្រកែក ហើយពួកគេត្រូវផ្សំផ្គុំរៀការនឹងគ្នាដោយព្រះមហាក្សត្រ។
ទង្វើនេះ មិនបានធ្វើអោយយាយផាន់សប្បាយចិត្តទេ គាត់ក៏ប្រើល្បិចថ្ញើសារថា គាត់ឈឺ នាងទាវត្រូវទៅមើលជាប្រញាប់ រួចក៏ចាប់បង្ខំអោយរៀបការជាមួយកូនលោកអរជូន។ ក្រោយពីទទួលដំណឹងនេះ ទុំបានថ្វាយដំណឹងដល់ព្រះរាជា ហើយទ្រង់ត្រាស់បង្គាប់អោយនាំរាជសារទៅយកទាវមកវិញ។ ពេលទៅដល់ ចំពេលដែលទាវកំពុងការ ទើបទុំក៏ផឹកស្រា រួចស្កាត់ទៅជួបទាវ។ ក្រោយពេលដឹងរឿងនេះ អរជូនក៏បញ្ជាគេអោយយកទុំទៅសំលាប់ដោយពើបានឃើញរាជសារនៅចង្កេះ។ ទាវក៏រត់តាមរួចសំលាប់ខ្លួនតាម។ នោ និង ពេជ្រក៏សំលាប់ខ្លួនតាមគ្នាដែរ ក្រោយពីបញ្ជូនដំណឹងដល់ព្រះមហាក្សត្រ។
ព្រះមហាក្សត្រក៏ចេញបញ្ជា អោយគេដាក់ទោស គ្រួសារអរជូនយ៉ាងធ្ងន់ធ្ងរ ដោយភ្ជួរត្រឹមក និងអ្នកស្រុកត្បូងឃ្មុំដែលពាក់ពាន់ ត្រួវចាត់ចូលជាអ្នកងារ។
រឿងទុំទាវ ជាប្រលោមលោកស្នេហាមួយរបស់ព្រះភិក្ខុសោម។ រឿងនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ចាត់ទុកថាជារឿងពិតរបស់ភិក្ខុទុំ និងនាងទាវ ក្នុងរជ្ជកាលរបស់ ព្រះបាទបរមរាជា។ រឿងនេះត្រូវបានដាក់បញ្ចូលក្នុងចលនាអក្សរសិល្ប៍ខ្មែរ តាំងពីយូរយាមកហើយ។ មានអ្នកនិពន្ធជាច្រើនដែលសរសេររឿងស្រដៀងគ្នានេះ។ តាមរយៈ រឿងទុំទាវ បានធ្វើឱ្យគេស្គាល់ភូមិស្រុកមួយចំនួន ដូចជានៅ ស្រុកមេសាង, ស្រុកបាភ្នំ និង ស្រុកត្បូងឃ្មុំ លង្វេគ ជាដើម។
រឿងទុំទាវ គឺជារឿងរ៉ាវមួយដែលគេតែងយកមករំលឹកជានិច្ចក្នុងសង្គមខ្មែរដែលជារឿងស្ដែងចេញអំពីសេចក្ដីស្នេហាស្មោះស្ម័គ្ររវាងគូស្នេហ៍មួយគូ ប្រុស គឺ មានឈ្មោះថា ទុំ និងនារីម្នាក់ឈ្មោះថា ទាវ ដែលមានម្ដាយឈ្មោះទន់ សាច់រឿងស្នេហានេះកើតឡើងក្នុង គ្រិស្តសករាជ ១៥៦៩ សម័យលង្វែក រជ្ជកាលព្រះបាទបរមិន្ទរាជា (១៥៦៦-១៥៧៦)។ ដោយសារតែស្នេហាស្មោះស្ម័គ្រហ៊ានលះបង់ជីវិតដើម្បីស្នេហ៍ស្មោះយ៉ាងនេះហើយ ទើបធ្វើឱ្យអ្នកនិពន្ធនាពេលសម័យក្រោយៗមកទៀតបាន និពន្ធជាសាស្ត្រាល្បែង ដែលសព្វថ្ងៃនេះគេហៅថាប្រលោមលោក។ កាលនៅជាសាស្ត្រាល្បែងមានបទនិពន្ធរបស់ព្រះបទុមត្ថេរសោម មានចំណងជើងថា ទុំទាវ, ឧកញ៉ាសន្ធរវោហារម៉ុក ជាកវីល្បីម្នាក់នៅសម័យមុនព្រះបទុមត្ថេរសោម ទុំទាវ និង ឧកញ៉ាវិបុលរាជសេនា នូ-កន បាននិពន្ធជាពាក្យកាព្យ ក្នុងឆ្នាំ១៩២៣ ជាប់លេខ១ខាងអក្សរសាស្រ្ត ចំណងជើងថា ទាវឯក។ ប៉ុន្តែសាច់រឿងទាវនេះក្នុងប្រលោមលោកគេបែរជានិពន្ធក្នុងសម័យព្រះរាមជើងព្រៃទៅវិញ។ រឿងទុំទាវបើប្រៀបធៀបទៅប្រៀបបាននឹងគូស្នេហ៍ក្នុងរឿងប្រលោមលោក រ៉ូមេអូ និង ជូលៀ របស់អង់គ្លេស ដោយលោកឝេកស្ពៀរ និង រឿងប្រលោមលោក ឝាវប៉ូអេងថាយ របស់ចិនកើតក្នុងរជ្ជកាលរាជវង្សជិន សន្តតិវង្សដោយយកត្រកូលស៊ឺម៉ា។