វិសាខបូជា គឺជាពិធីបុណ្យដ៏ធំសំខាន់មួយសម្រាប់ពុទ្ធសាសនិកជនក្នុងចំណោមបុណ្យទ្វាទសមាសដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការធ្វើសក្ការៈរំលឹកដល់ព្រឹត្តិការណ៍ធំៗ៣សម័យកាសលរបស់ព្រះសាក្យមុនី សម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់បានប្រសូត្រ, ទ្រង់បានបរមាភិសម្ពោធិ (បានត្រាស់ដឹង) និងទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន ហើយពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៤ ឧសភា ២០១៣ ត្រូវនឹងថ្ងៃ១៥ កើត ខែវិសាខ ព្រះចន្ទពេញបូណ៌មី ។
ពិធីបុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិប្រកាសកាលពីថ្ងៃទី១៥ ធ្នូ ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក ហើយក៏បានក្លាយជាពិធីបុណ្យអន្តរជាតិផងដែរ បើទោះវិសាខបូជាជាបុណ្យប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនាដែលមានអាយុកាល២៥៥៧ឆ្នាំមកហើយនេះ។ គ្រប់ប្រទេសទាំងអស់ដែលកាន់ព្រះពុទ្ធសាសនានៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក្តី នៅក្នុងពិភពលោកទាំងមូលក្តីតែងតែប្រារព្ធធ្វើទិវាវិសាខបូជា ខណៈពុទ្ធសាសនិកជនទាំងអស់បានប្រារព្ធពិធីនេះជាយូរមកហើយ… ។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជានេះ សៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ដែលបោះពុម្ពផ្សាយ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្នុងគ្រិស្តសករាជ ១៩៥១ បានសរសេរកត់ត្រាថា បន្ទាប់ពីព្រះពុទ្ធទ្រង់បានរំលត់ខន្ធចូលកាន់បរិនិព្វានអស់រយៈពេលជាច្រើនរយឆ្នាំទៅហើយ ទើបគេសង្កេតឃើញបុណ្យវិសាខបូជានេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌា ។ ប៉ុន្តែទោះបីជាពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើជាទំនៀមទម្លាប់តាំងពីបុរាណយូរអង្វែងមកហើយក្តី អ្នកសិក្សាស្រាវជ្រាវផ្នែកពុទ្ធសាសនាខ្លះ បានបញ្ជាក់ថា ហាក់ដូចជាពុំមានឯកសារណាមួយកត់ត្រាអំពីកាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ នៃការប្រារព្ធពិធីបុណ្យវិសាខបូជាឱ្យបានច្បាស់លាស់នោះឡើយ ។
តាមការស្រាវជ្រាវអំពីប្រវត្តិបុណ្យវិសាខបូជា ដូចជានៅក្នុងប្រទេសឥណ្ឌាជាដើម ទាំងនៅក្នុងសម័យកាលនៃស្តេចធម្មាសោក ឬព្រះបាទអាសោក ដែលជាអធិរាជមួយអង្គមានសទ្ធាជ្រះថ្លា និងបានឧបត្ថម្ភលើវិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំងក្លាក្រៃលែង ក៏គេមិនឃើញមានឯកសារបញ្ជាក់ថា ព្រះរាជាអង្គនោះបានធ្វើបុណ្យវិសាខបូជាក្នុងរជ្ជកាលព្រះអង្គចាប់ពីឆ្នាំ២៧៣ មុនគ្រិស្តសករាជនោះឡើយ ។ អវត្តមានបុណ្យវិសាខបូជានេះ អាចបណ្តាលមកពីក្រោយពីព្រះពុទ្ធទ្រង់បរិនិព្វានទៅរហូតដល់ពុទ្ធសករាជ១៥០០ កើតមានកលិយុគវិវាទ ផ្នែកសាសនាធ្វើឱ្យពុទ្ធបរិស័ទនៅឥណ្ឌាក្នុងពេលនោះមិនមានឱកាសក្នុងការប្រារព្ធបុណ្យវិសាខបូជាឡើយ… ។
ចំណែកទំនៀមទម្លាប់នៃការប្រារព្ធពិធីបុណ្យវិសាខបូជានៅក្នុងប្រទេសកម្ពុជាវិញ សៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ឬ «ពិធីបុណ្យទាំង១២ខែ» ដែលរៀបរៀងដោយលោកឧកញ៉ា ឈឹម ក្រសេម និងឃុន ឧត្តមប្រឺជា ចាប ពីន ក៏បានកត់ត្រាឱ្យដឹងផងដែរថា គឺបានផ្តើមក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះអង្គដួង ដែលគង់នៅក្រុងឧដុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ ឬគ្រិស្តសករាជ ១៨៥៤ ហើយបន្ទាប់ពីព្រះអង្គបានលើកទីក្រុងមកតាំងនៅភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ គឺ១១ឆ្នាំ ក្រោយមក ពិធីបុណ្យវិសាខបូជា ក៏ត្រូវបានប្រារព្ធធ្វើជាទូទៅនៅគ្រប់វត្តអារាម ជាប់ជាទំនៀមទម្លាប់មកដល់បច្ចុប្បន្ននេះ៕

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

ពិធីបុណ្យវិសាខបូជាចាប់កំណើតនៅឆ្នាំណា?
Share This
Author Details
Note: Buddha Dharma Monk, Khmer Chef ,Khmer Poem , Khmer Festival,History of Buddha, Grammar Pali, Entertainment, Education, sports, technology, Khmer food, Khmer Housewife, Khmer Literature,Buddhism and society........ ©All rights reserved by MonkCambodia 2020