ពិធីបុណ្យវិសាខបូជា - MonkCambodia

ពិធីបុណ្យវិសាខបូជា

Share This
ពិធីបុណ្យវិសាខបូជា  គឺជាបុណ្យមួយយ៉ាងធំ ក្នុងព្រះពុទ្ធសាសនា រាប់ថា ជាពុទ្ធានុស្សរណកិច្ច​ ដ៏សំខាន់ សំរាប់រំលឹកដល់ ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។ ការដែលប្រារឰពិធីបូជា នាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយ លោកអ្នកប្រាជ្ញ ខាងពុទ្ធសាសនា បានកំណត់ទុក ក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គល អភិ លក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
ព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃ ពេញបូណ៌មី ខែពិសាខទាំងអស់ ប្លែកតែឆ្នាំប៉ុណ្ណោះ ព្រោះហេតុនោះហើយ បានជាអ្នកប្រាជ្ញ ចងក្រងជា គាថាទុកដូច្នេះថា ៖ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោសេចក្ដីថា ព្រះពុទ្ធយាងចុះកាន់ គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូត ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូល បរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។
នៅក្នុងប្រពៃណីប្រារព្ធ ពិធីវិសាខបូជា គេតែងនាំគ្នា ធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅ​ តាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត ការប្រារឰពិធី ក្នុងពេលរាត្រី អាស្រ័យដោយ លក្ខណៈងាយស្រួល២យ៉ាង គឺម្យ៉ាងដើម្បីនឹងបាន ឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាភ្លើងអគ្គិស នីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាស ឱ្យពុទ្ធបរិស័ទ បានជួបជុំគ្នាដ៏ច្រើន កុះករទាំងប្រុស ទាំងស្រី អាចបំពេញ កុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ ជាវេលាទំនេរផង ។
ពិធីវិសាខបូជា ចាត់ទុកថា ជាបុណ្យដ៏ធំ ដោយមានប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយ នូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលាតូច-ធំ អុជបំភ្លឺព្រោង ព្រាត នៅគ្រប់វត្ដអារាម ។ និយាយរួម ការធ្វើបុណ្យវិសាខបូជា គឺដើម្បីរំលឹកដល់ថ្ងៃ មហាមង្គលអភិល ក្ខិតកាលទាំង៣ ដូចពោលខាងលើ ។ រីឯ ពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមាន ការសម្ដែង រឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូត ដល់ចប់ ដើម្បីជាគ្រឿងបណ្ដុះ បសាទសទ្ធាឱ្យ កើតមាន ក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឱ្យខ្លាំងក្លាឡើង ។
ប្រភពកំណើតនៃវិសាខបូជា 
នៅ ពេលដែលពុទ្ធបរិស័ទ ក្នុងប្រទេសគោរពប្រតិបត្ដិ ពុទ្ធសាសនា ទាំងឡាយ បានជ្រួតជ្រាប អំពី អភិលក្ខិតកាលនិយម គឺថ្ងៃ ប្រសូត ត្រាស់ដឹង និងបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ ថា សុទ្ធតែនៅ ថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយក៏នាំគ្នា ធ្វើពិធីវិសាខបូជា ជារៀងរហូត តាំងពីបុរាណកាលមក ។ តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយ ព្រះពុទ្ធបរិនិព្វាន ទៅថ្មីៗនោះទេ គឺធ្វើក្រោយ ពេលដែល ព្រះពុទ្ធបរមគ្រូ ទ្រង់បរិនិព្វានកន្លង ទៅជាច្រើន រយឆ្នាំ ។
បញ្ជាក់ ៖ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ចំពោះបណ្ដាប្រទេស កាន់ ព្រះពុទ្ធសាសនា លើសាកលលោក ក្នុងនោះមាន ប្រទេសកម្ពុជាមួយដេរ តាំងពីឆ្នាំ២០០០មកម្ល៉េះ ។ បើតាមការស្រាវជ្រាវ ពិនិត្យមើលក្នុង ព្រះរាជពង្សាវតារ ឬក្នុងសេចក្ដី កំណត់ហេតុផ្សេងៗ តាំងពីសម័យនគរភ្នំ “ហ្វូណន” រហូតមកដល់ សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខ បូជាឡើយ ។ តែបើយោងទៅលើ សេចក្ដីថា ព្រះពុទ្ធសាសនា លទ្ធិលង្កា បានផ្សាយចូលមក កម្ពុជរដ្ឋ ក្នុងសម័យ ជាមួយគ្នានឹង ក្រុងសុខោទ័យ គួរសន្និដ្ឋានបានថា មានទំនៀមធ្វើវិសាខ បូជារួចមកហើយ ដូចជា ប្រទេសថៃដែរ តែ នៅកម្ពុជាយើង ពុំឃើញមានឯក សារជាភស្ដុតាង ឬក៏មានដែរ តែត្រូវរលាយ សាបសូន្យអស់ទៅ ។ លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុង អយុធ្យាខាងថៃ និងក្នុងសម័យ ក្រុងលង្វែក ខាងខ្មែរ ទំនៀមទំលាប់ ធ្វើវិសាខបូជា ត្រឡប់ជា សាបសូន្យទៅវិញ ដូចជា ភ្លេច សូន្យឈឹង ទាំងស្រុង ព្រោះមិនមានប្រាកដ ក្នុងឯកសារណា មួយថា បានធ្វើឡើយ ។ ទាំងនេះព្រោះ ហេតុអ្វី?
តាមការសន្និដ្ឋានឃើញថា
១-ព្រោះព្រះសង្ឃអំពីលង្កានោះផុត រលត់អស់ទៅ
២- ព្រោះរឿងបឋមសម្ពោធិកថា ស្ដ្ដីពី រឿងពុទ្ធប្រវត្ដិក្នុងពេលនោះ មានតែភាសា បាលី ហើយនៅ រាត់រាយ ក្នុងគម្ពីរ ព្រះត្រៃបិដក ខ្លះក្នុងអដ្ឋកថា ខ្លះពុំទាន់ចង ក្រងរួបរួម និងពុំទាន់បាន ប្រែរៀបរៀង ជាភាសា សំរាប់ជាតិ នៅឡើយ ។ រីឯអ្នកស្រុក ក៏ពុំទាន់ជ្រួតជ្រាប ជាទូទៅគ្រប់គ្នា មានតែព្រះសង្ឃ ដែលចេះ ភាសាបាលី ទើបអាចដឹងបានខ្លះ ព្រោះហេតុ នេះហើយទើប ពិធីបុណ្យវិសាខបូជា ត្រូវបានសាបសូន្យ ទៅវិញ ។
ចំណេរក្រោយមក ប្រទេសថៃក្នុងសម័យ ក្រុងទេព “បាងកក” តាមសេចក្ដី ដែលមានក្នុង សៀវភៅ ព្រះរាជពិធី ស៊ិបសងដឿនថា ក្នុងរជ្ជកាលទី២ ក្នុងឆ្នាំឆ្លូវ នព្វស័ក ពុទ្ធសក រាជ២៣៦០ គ្រិស្ដសករាជ ១៨១៧ ទើបកើតមាន ពិធីវិសាខបូជា ដោយពេលនោះ មានសម្ដេច ព្រះសង្ឃរាជ ១ព្រះអង្គព្រះនាម “មី” នៅវត្ដរាជបូរណៈ មកថ្វាយព្រះពរ សុំឱ្យទ្រង់ធ្វើវិសាខបូជា ជាដំបូង ។ ឯរបៀបធ្វើពិធី ក៏ប្រហាក់ ប្រហែលគ្នា នឹងរបៀបធ្វើ នៅក្នុងក្រុង សុខោទ័យ ប៉ុន្ដែមិនសូវជា អធិកអធម្ម ដូចគ្រានោះទេ។
ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះ ប្រហែលជា មិនទាន់មាន ទំនៀមធ្វើនៅឡើយ ដោយហេតុថា ការធ្វើ វិសាខបូជា នៅប្រទេសថៃ ក្នុងជំនាន់នោះ នៅមិនទាន់មាំមួន នៅឡើយ ទាំងគម្ពីរ បឋមសម្ពោធិ ដែលសំរាប់ ប្រើប្រាស់ ក្នុងការនេះ ក៏មិនទាន់មាន នៅឡើយដែ ហើយទំនងជា មិនទាន់ បានជ្រួតជ្រាប ដល់ប្រជាជនខ្មែរផង។
ឯគម្ពីរ បឋមសម្ពោធិ ជារឿងពុទ្ធប្រវត្ដិ ដំណាលរឿង ចាប់ផ្ដើមតាំងពី ព្រះអង្គចុះ ចាកតុសិតទេវលោក មកយក កំណើត ជាព្រះរាជបុត្រ ព្រះបាទសុទ្ធោទនៈ និងព្រះនាង មហាមាយា នៅនគរកបិលពស្ដុ ក្នុងមជ្ឈិមប្រទេស រៀងរាបដរាបដល់ ទ្រង់បានត្រាស់ ជាអង្គព្រះពុទ្ធ ប្រោសសត្វ ហើយស្ដេចទ្រង់ រំលត់ខន្ធ ចូលកាន់ព្រះបរមនិព្វាន មភទីបំផុត។ គម្ពីរ បឋមសម្ពោធិនេះ អ្នកប្រាជ្ញ តែងឡើង សំរាប់ប្រើ ប្រាស់ទេសនា នៅក្នុងបុណ្យវិសាខបូជា ព្រោះថា ការដែលនាំ យកប្រវត្ដិរឿងនេះ មកសម្ដែង ដើម្បីជា ភស្ដុតាង បញ្ជាក់ឱ្យដឹងថា វិសាខបូជា កើតឡើងពិតប្រាកដនោះ ពីត្រឹមពេល ដែលកើតគម្ពីរនេះឡើង នៅប្រទេសថៃ ក្នុងរជ្ជកាល ព្រះបាទសម្ដេច ព្រះណាំងក្លៅ “រជ្ជកាលទី៣” ជាដំបូង ហើយក្នុង ជំនាន់នោះ គម្ពីរនេះមាន២ ប្រភេទគឺ
១-បឋមសម្ពោធិសង្ខេបមាន២០បរិច្ឆេទ មិនមានឈ្មោះ អ្នកនិពន្ធពិតប្រាកដទេ ប្រហែលជា និពន្ធឡើង ក្នុងរជ្ជកាល ទី២ ។
២-បឋមសម្ពោធិវិត្ថារ ជាភាសាមគធៈមាន២១ខ្សែ ឬ៣០បរិច្ឆេទ ទាំងជាភាសាបាលី និងសម្រាយ ។
ព្រះបាទ សម្ដេចព្រះណាំងក្លៅ ទ្រង់អារាធនា សម្ដេចក្រុមព្រះបរមានុជិតជិនោរស សង្ឃរាជ នៅវត្ដព្រះ ជេតព័ន ក្នុងក្រុងទេព ឱ្យនិពន្ធឡើង ។ សម្ដេចក្រុមព្រះអង្គនេះ បាន រួបរួមសេចក្ដី ចេញពីគម្ពីរផ្សេងៗ និងនិពន្ធ បន្ថែមឡើងខ្លះ ក្នុងពុទ្ធសករាជ២៣៨៧ គ្រិស្ដ សករាជ១៨៤៥ ។
ចំណែក ប្រទេសខ្មែរយើង គម្ពីរបឋម សម្ពោធិជាភាសាមគធៈ មាន២១ខ្មែរ ឬ៣០ បរិច្ឆេទ ។ គម្ពីរជាសំរាយ មាន៣បែបគឺ១ ហៅថា បឋមសម្ពោធិសង្ខេប ឬហៅថា “បឋមត្រាស់” មាន៥-៦ខ្សែ ឬមួយខ្សែចប់ ពណ៌នាសេចក្ដី តាំងពីព្រះអង្គយាង ចុតិចាកតុសិត មកចាប់បដិសន្ធិ ជាឱរសព្រះបាទសុទ្ធោ ទនៈ និងព្រះនាងសិរិមហាមាយា រហូតមកត្រឹមព្រះអង្គ ចេញទ្រង់ព្រះផ្នួស បានត្រាស់ជាព្រះពុទ្ធ ។ អត្ថបទនេះ មិនដឹងជាអ្នកណាជា អ្នកនិពន្ធ ហើយនិពន្ធ ពីក្នុងពុទ្ធសករាជណា ទេ ។ តែតាមការសង្កេត មើលពាក្យពេចន៍ ក្នុងគម្ពីរនោះ ឃើញថា មិនជាចាស់ណាស់ ណាទេ យ៉ាងយូរណាស់ ត្រឹមសម័យ ក្រុងឧដុង្គ ខាងដើម ។ គម្ពីរនេះ គេច្រើនប្រើសំរាប់ ទេសនាក្នុងពិធី បុណ្យអភិសេក ព្រះពុទ្ធរូប ផង ។
គម្ពីរទី២ ហៅថា បឋមសម្ពោធិវិត្ថារ មាន៣០បរិច្ឆេទ ។ គម្ពីរនេះ សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃ រាជជួន ណាត (កាលនៅជាសង្ឃនាយក) បានមានថេរដីការ ថា មហាណាក មហាភូ និងអាចារ្យសន ។ល។ នៅខេត្ដបាត់ដំបង បានប្រែចេញពី បឋមសម្ពោធិវិត្ថារ របស់សម្ដេចក្រុមព្រះ បរមានុជិត ជិនោរស ក្នុងសម័យព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើជាចៅមឿង បាត់ដំបង ហើយដែលបាន ផ្សព្វផ្សាយ ។
នៅប្រទេសកម្ពុជា បុណ្យ វិសាខបូជា តាមដែលចាស់ទុំ អ្នកមុខអ្នកការ ទាំងឡាយតំណាល តៗគ្នាបានឱ្យ ដឹងថា គេបានផ្ដើមធ្វើ ក្នុងរជ្ជកាលព្រះបាទ ហរិរក្សរាមា ឥស្សរាធិបតី “ព្រះ អង្គឌួង” ដែលគង់នៅ ក្នុងឧដុង្គ ជាដំបូងព្រោះ ថា កាលក្នុងពុទ្ធសករាជ២៣៩៧ គ្រិស្ដសក រាជ១៨៥៤ សម្ដេចអង្គឌួង ទ្រង់សព្វ ព្រះរាជហឫទ័យ ស្នើសុំទូទៅ ក្នុងកម្ពុជរដ្ឋ ។
គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា” គឺ បឋមសម្ពោធិវិត្ថារនោះឯង ដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែ និងរៀបរៀង ចេញពីច្បាប់ របស់សម្ដេច ព្រះមហាសង្ឃរាជ “សា” ក្នុងរជ្ជកាល ព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូច ច្បាប់ដើម ។ គម្ពីរនេះមានជា បែបបទសំរាប់ ទេសនាក្នុង ថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្ម យុត្ដិកនិកាយ ទូទាំងប្រទេសខ្មែរ ។
ការធ្វើ វិសាខបូជា ក្នុងសម័យរជ្ជកាលទី២ នោះ ប្រហែលជាមានធ្វើ តែក្នុងក្រុង មិនទាន់ បានផ្សព្វផ្សាយ ទៅគ្រប់វត្ដ អារាមនៅឡើយទេ ហើយក៏មិន ទាន់មានភាព ឱឡារិកអធិក អធមដែរ ។ពុទ្ធសាសនិក ប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើ វិិសាខបូជា ដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើង តាំងពីត្រឹម រជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះ ជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរ ព្រះត្រៃបិដក ជ្រៅជ្រះ ទ្រង់បានផ្ដើម ធ្វើវិសាខបូជា តាំងពី កាលទ្រង់ ព្រះផ្នួសនៅឡើយ ។ លុះដល់ទ្រង់ ដាក់ព្រះផ្នួស មកទទួលរាជ សម្បត្ដិក៏ទ្រង់នៅ តែបន្ដធ្វើវិសាខបូជា រៀងដរាបមក រហូតដល់ ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរ សំរាប់ទេសនាក្នុង ពិធីបុណ្យនេះ ដូចបានពោលខាងលើ ។ ព្រះ មហាប៉ាន គឺសម្ដេច ព្រះសុគន្ធាធិបតី ជាគណៈ ធម្មយុត្ដិកនិកាយ នៅក្រុងទេព “បាងកក” អំពីព្រះបាទ សម្ដេចព្រះចមក្លៅ “រជ្ជកាលទី៤” ។
បន្ទាប់ មកក្រោយនោះ មួយឆ្នាំគឺក្នុងពុទ្ធ សករាជ២៣៩៨ ព្រះមហាប៉ាន ទើបនិមន្ដមក អំពីក្រុងទេព ព្រះបាទស ម្ដេចព្រះហរិរក្ស ទ្រង់មានព្រះ រាជហឫទ័យ សោមនស្សណាស់ ហើយបាននិមន្ដ ឱ្យគង់នៅជា ចៅអធិការវត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ តរៀងមក ។ ដោយហេតុថា ព្រះមហាថេរនេះ បានគង់នៅទីក្រុងទេព ធ្លាប់ធ្វើវិសាខបូជា រួចមកហើយ ហើយកាល បានគង់នៅប្រទេសខ្មែរ ព្រមទាំង បានធ្វើជាធំ ក្នុងគណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើម ឡើងតាមដែល ធ្លាប់ធ្វើកន្លងមក ។
ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ ផ្ដើមធ្វើក្នុងឆ្នាំណា សករាជ ប៉ុន្មាននោះទេ ព្រោះគ្មាន ឯកសារជាក់ស្ដែង គ្រាន់តែមាន សេចក្ដីអះអាង ពីអ្នកមុខអ្នកការ ទាំងឡាយថា ប្រាកដជាមាន ធ្វើវិសាខបូជា តាំងពីក្នុងពេល ដែលលោក គង់នៅក្រុងឧដុង្គ មកម្ល៉េះ ។ លុះដល់ពេលលោក មកគង់នៅវត្ដ បទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ក៏បាន ប្រារឰវិសាខបូជា រហូតដល់អស់ ព្រះជន្ម។
ពិធីវិសាខបូជា ត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដ គណៈធម្មយុត្ដិកនិកាយជាប់ ជាទំនៀមរហូតមក ។
ចំណែក វត្ដខាងមហានិកាយ ទើបមានធ្វើ ក្នុងសម័យ ក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះ ស៊ីសុវត្ថិ ។ តាមដែលសម្ដេច ព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ ជួន ណាត “កាលនៅ ព្រះសង្ឃនាយក” ដំណាលថា ក្នុងឆ្នាំមួយ នោះលោកគ្រូ ព្រះវនរ័ត ចន្ទ គង់នៅវត្ដ ឧណ្ណាលោម បាននិមន្ដទៅក្រុងទេព ឃើញព្រះ សង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិកនិកាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លា នៅពេលនិមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូល សម្ដេចព្រះមហាសង្ឃរាជ “ព្រះនាមទៀង” សុំឱ្យធ្វើវិសាខបូជា សម្ដេច ព្រះមហាសង្ឃរាជទៀង ក៏ទ្រង់បានព្រះរាជា នុញាតតាមសំណូមពរ ទើបវិសាខបូជាត្រូវ បានធ្វើជាបន្ដបន្ទាប់រៀងដរាបមក ។ ប៉ុន្ដែ ពេលនោះ ក៏ពុំទាន់បានធ្ វើគ្រប់វត្ដនៅឡើយ គឺមានធ្វើចំពោះតែ វត្ដនៅក្នុងក្រុង ។ ឯវត្ដ នៅតាមខេត្ដក្រៅ មានធ្វើតែវត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ ។ ចំណែកព្រះមហាក្សត្រ ដែនដី តាំងពីរជ្ជ កាលព្រះបាទសម្ដេច ព្រះហរិរក្ស “ព្រះអង្គ ឌួង” មក សុទ្ធតែទ្រង់ជ្រះថ្លា បានទទួលធ្វើ គ្រប់ៗព្រះអង្គ ។ តាមឯកសារ បានលើកសរសើរ ព្រះគុណសម្បត្ដិ ព្រះបាទសម្ដេច ព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើ វិសាខបូជាឡើង ជាដំបូង ព្រោះរាជាអង្គនេះ ទ្រង់ធ្លាប់ទៅ គង់នៅក្រុង ទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួស នៅទីនោះ ។ ទ្រង់បានសិក្សា ព្រះបរិយត្ដិធម៌ ជ្រួតជ្រាបគម្ពីរ ព្រះត្រៃបិដក ជ្រៅជ្រះ ។ នៅ ពេលដែល ទ្រង់បានឡើង សោយរាជសម្បត្ដិ ក៏ទ្រង់ផ្ដើមធ្វើ ពិធីបុណ្យនេះតាម ដែលទ្រង់ ធ្លាប់បានជ្រួតជ្រាប និងធ្លាប់បាន ទតឃើញ របៀបបែបផែន ដែលគេធ្វើនៅក្រុងទេព ទើបជាប់ជា ប្រពៃណីរហូតមកដល់សព្វថ្ងៃ ៕
………………………………………………………………………………………………………….
ដកស្រង់ពី ៖ អ្នកស្រី កែវ ច័ន្ទបូណ៍

1 comment:

Flag Counter