របបប្រជាធិបតេយ្យ​ - MonkCambodia

របបប្រជាធិបតេយ្យ​

Share This

និយមន័យពាក្យថា​​ «ប្រជាធិបតេយ្យ»​
ពាក្យថា​ ​«ប្រជាធិបតេយ្យ» ​ភាសាអង់គ្លេសថា​​ «Democracy» ​​ភាសាក្រិចមាន ២ ពាក្យថា​ ​​«Demos»មានន័យថា​ «​ប្រជាជន​» និងពាក្យថា​ ​«​Kratos» មានន័យថា «អំណាច​» កាលបើរួមពាក្យទាំងពីរនេះចូលគ្នាមានន័យថា ​«​អំណាចរបស់ប្រជាជន» ឬថា «​ប្រជាជនជាម្ចាស់នៃអំណាច​»​ 
ចំណែកភាសាខ្មែរ ដែលមានមូលដ្ឋានមកពីភាសាបាលី​ និងភាសាសំស្រ្កឹតវិញថា​​ «ប្រជាធិបតេយ្យ»ញែកចេញជា ២ ពាក្យ គឺ​ «បជា» ឬ «ប្រជា» មានន័យថា « ពួកសត្វ» ​ឬ «ប្រជាជន» និងមួយពាក្យទៀតថា «​អធិបតេយ្យ» មានន័យថា​ «ភាពជាធំ»​​ ​ឬ«អំណាច» ​រួមទាំងពីរពាក្យនេះចូលគ្នា ទៅជា «ប្រជាធិបតេយ្យ»មានន័យថា «ប្រជាជនជាធំ» ឬ «ប្រជាជនជាម្ចាស់នៃអំណាច»​  ចំណែកនៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ភផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា ​«ប្រជាធិបតេយ្យ»មានន័យថា​«ភាពនៃប្រទេសដែលមានប្រជារាស្រ្តជាអធិបតី​​ គឺប្រទេស​ឬរដ្ឋបាលដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ឲ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស » 
ពិតណាស់ សមដូចលោក​រូស្ស៊ីអូ (Rousseau) ជាទស្សនៈវិទូបារាំង​នាសតវត្សទី​ ៨ បានពោលថា​​ «​គោលការណ៍របស់ប្រជាធិបតេយ្យ គឺប្រជាជនទាំងមូលជាម្ចាស់នៃអធិបតេយ្យ ហើយប្រជារាស្រ្តខ្លួនឯង ជាអ្នកប្រើប្រាស់អធិបតេយ្យនោះ​» ។ ក្នុងន័យនេះ ប្រធានាធិបតីទី ១៦ ​របស់សហរដ្ឋអាមេរិក​ គឺលោក Abraham Lincoln បានពោលថា​ «​រដ្ឋាភិបាល (អំណាច) ​ ជារបស់ប្រជាជន​ ដោយប្រជាជន​ និងដើម្បីប្រជាជន​» ។​
ដូច្នេះបញ្ជាក់ឲ្យឃើញថា​ រដ្ឋាភិបាល ដែលមានអំណាច​បានក្លាយជាមេដឹកនាំ និងបានភាពជាធំ​ គឺប្រជាជនជាអ្នកប្រគល់អំណាចឲ្យ​​ ដើម្បីដឹកនាំរដ្ឋ ឬប្រទេសជំនួសពួកខ្លួន​​ (Representative) ដោយខ្លួនមិនចាំបាច់មកអង្គុយក្នុងសភា​មិនចាំបាច់សម្រេចនូវរាល់កិច្ចការនានារវាងរដ្ឋមួយទៅរដ្ឋមួយផ្សេងទៀត (Foreign Affairs)ដូចជាការចុះសន្ធិសញ្ញានានា​ (Treaties) ការប្រកាសង្រ្គាម ​ការចរចារ​(Negotiation) ឬការស្វែងរកសន្តិភាពដោយផ្ទាល់ឡើយ​ ព្រោះគេមានប្រមុខរដ្ឋរបស់ពួកគេ ដែលគេជ្រើសរើសរួចហើយ ដោយសម្លេងភាគច្រើន​ឲ្យចេញមុខជំនួស ​។ ​មេដឹកនាំ ឬរដ្ឋាភិបាលនោះ​​ជាអ្នកធានា ឬនាំមកនូវសមភាព តុល្យភាព​ សុវត្ថិភាព ​ស្ថេរភាព ភាតរភាព សិទ្ធិសេរីភាព ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ និងដឹកនាំរដ្ឋទៅកាន់ភាពរុងរឿងដោយទទួលបាននូវកិត្យានុភាព និងទទួលស្គាល់លើឆាកអន្តរជាតិ​ឲ្យដល់ម្ចាស់អំណាច គឺពលរដ្ឋដែលមានវត្តមាននៅក្នុងសង្គម ឬនៅក្នុងរដ្ឋនោះៗ​​​ ។ ​ដូច្នេះអំណាចនេះ គឺជារបស់ប្រជាជន​​ ដោយប្រជាជន​ និងដើម្បីប្រជាជន​ ។
ប្រជាធិបតេយ្យមាន២ប្រភេទគឺ
១-ប្រជាធិបតេយ្យដោយត្រង់ (Directive Democracy)​ មានន័យថា​ ប្រជាជន​ដែលរស់នៅក្នុងសង្គម ឬរដ្ឋនោះៗ មានសិទ្ធិសេរីភាពស្មើៗ គ្នា​ ក្នុងការរស់នៅ​ ក្នុងការប្រកបមុខរបរ ​មិនថាផ្នែកសេដ្ឋកិច្ច​មិនថាផ្នែកនយោបាយ​ គឺគ្រប់គ្នារួមគ្នាជាកម្លាំងមួយ​ ជួយអភិវឌ្ឍន៍សង្គម​ ឬរដ្ឋ​ ថែមទាំងជួយដោះស្រាយរាល់បញ្ហា ដែលពួកខ្លួនត្រូវប្រឈមមុខ​ទៀតផង ​។ ប្រជាធិបតេយ្យបែបនេះ ច្រើនឃើញមាននៅក្នុងសម័យក្រិចបុរាណ​ ។​ សព្វថ្ងៃប្រជាធិបតេយ្យដោយត្រង់​ (Directive Democracy) ​នេះ​ មិនឃើញមានវត្តមាននៅលើប្រទេសនានាឡើយ ​តែក៏ឃើញមានប្រើនៅក្នុង​សង្គមតូចៗ​ ដូចជា​ សមាគមន៍ សហគមន៍​ ឬអង្គការនានាផងដែរ​ ។
២-ប្រជាធិបតេយ្យដោយតំណាង (Representative Democracy) មានន័យថា​​ គឺពលរដ្ឋជ្រើសរើសតំណាងរបស់ខ្លួនដែលខ្លួនយល់ឃើញថា​ មានសមត្ថភាពដើម្បីដឹកនាំរដ្ឋ​ដោយសន្លឹកឆ្នោត ។ ​ប្រជាធិបតេយ្យបែបនេះ​ ​គឺឲ្យតំលៃខ្លាំងណាស់ទៅលើបុគ្គលដែលមានសុឆន្ទៈ​ មានសុទិដ្ឋិនិយម ​មានទស្សនៈវិស័យល្អ មានសមត្ថភាព ថែមទាំងឲ្យតំលៃទៅលើសិទ្ធិសេរីភាព​​ កម្មសិទ្ធិឯកជនផងដែរ ។
ចំនុចសំគាល់របស់វា ក៏គឺនៅត្រង់
-ពហុបក្ស​ (Multi-parties)
-ការបោះឆ្នោត​​
-ការកំណត់អាណត្តិ
-គោរពសម្លេងភាគច្រើន
-ការ​បែង​ចែក​អំណាច
-មួយនាក់មួយសន្លឹក ​​
-មិនបន្លំសន្លឹកឆ្នោត
-ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត
-គាំទ្រឲ្យមានទីផ្សារសេរី ។
ពហុបក្ស មានន័យថា​ គណបក្សមានចាប់ពីពីរគណៈបក្សឡើងទៅ ហើយ​គណបក្ស​ទាំង​អស់​មាន​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​រង្វង់​ច្បាប់​ 
ការបោះឆ្នោត មានន័យថា សង្គម​ ឬរដ្ឋាភិបាល​នោះ​ មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ ឃុំ សង្កាត់ ទាំង​អស់។​​ កាល​ណាមាន​ការ​បោះ​ឆ្នោត​ទូលំ​ទូលាយ​អញ្ចឹង​ នេះ​ហើយ​ជា​លក្ខណៈ​នៃ​ប្រជាធិបតេយ្យ​ ​ឬក៏​​ប្រើ​ពាក្យ​មួយ​ថា democratization ភាសាខ្មែរ​ថា ប្រជាធិបតេយ្យ​ភាវូបនីយ​កម្ម​ 
ការកំណត់អាណត្តិ មានន័យថា បីឆ្នាំ បួនឆ្នាំ ឬ ប្រាំឆ្នាំ ។ល។ មានការបោះឆ្នោតសារជាថ្មី ។
គោរពសម្លេងភាគច្រើន មានន័យថា រាល់​កិច្ច​ការ​នយោបាយ​ កិច្ច​ការ​ធំ​របស់​ជាតិ​​ត្រូវ​បាន​សម្រេច​ដោយ​មតិ​ភាគ​ច្រើន​ គឺ​ចង់​និយាយ​​ថា ៥០+១ ។
មាន​ការ​បែង​ចែក​អំណាច មានន័យថា​​ មានការបែងចែកអំណាចដាច់ពីគ្នា រវាង​​​អំណាច​នីតិបញ្ញតិ្ត​ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ ​។​
មួយនាក់មួយសន្លឹក ​មានន័យថា ប្រជាពលរដ្ឋមួយនាក់ មានសទ្ធិជ្រើសរើសអ្នកតំណាង ឬបោះឆ្នោតឲ្យបេក្ខជន ឬបេក្ខនារីទាំងនោះ បានតែមួយសម្លង ឬមួយសន្លឹកប៉ុណ្ណោះ ។
មិនបន្លំសន្លឹកឆ្នោត មានន័យថា ការគណនាសម្លេងឆ្នោត ត្រូវសុក្រឹតភាព ដោយជៀសវាងជា ខាច់ខាតនូវការបំភាន់ ក្លែងបន្លំ និងគួរគេចឲ្យផុតនូវរាល់អគតិ គឺការរាប់សម្លងឆ្នោត មានភាពទៀងត្រង់ មិនលំអៀង ។
ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត មានន័យថា សមាជិកក្នុងបក្ស ដែលឈ្នះឆ្នោត​ទាំងអស់ ត្រូវជ្រើសរើសម្នាក់ ដែលមានសុឆន្ទៈ មនោគតិ ឧត្តមគតិ មានវិចារណញ្ញាណ មានទស្សនវិស័យល្អ គិតបានល្អ ជាវាគ្មិន មានវោហារស័ព្ទ ប្រសប់ជានិយាយ ថែមទាំងជាបុគ្គលដែលខ្មីឃ្មាត ឧស្សាហ៍ និងសកម្មក្នុងកិច្ចការបក្ស និងសាធារណប្រយោជន៍ទៀតផង ពោលគឺជាបុគ្គលដែល «​គិតយ៉ាងណា និយាយយ៉ាងណា ធ្វើយ៉ាងនោះ »  ‍ឲ្យធ្វើឯកភាពជានាយករដ្ឋមន្រ្តី ។  
គាំទ្រឲ្យមានទីផ្សារសេរី  មានន័យថា ជាទីផ្សារសម្រាប់សាធារណជន ដើម្បីលក់-ទិញ-ដូរ គឺជាទីផ្សារដែលមានការបើកចំហរ ។ល។ ទីផ្សារនេះ គឺឲ្យតំលៃទៅលើបុគ្គល ឬមូលធនបុគ្គលទាំងក្នុង និងក្រៅស្រុក  ។
ចំណុច​ទាំងនេះ​ហើយ​ គឺជា​ចំណុច​សម្គាល់​ថា (រដ្ឋ​មួយ សង្គម​មួយ​ ឬក៏​រដ្ឋាភិបាល​មួយ​កំពុង​តែ​ដើរ​តាម​​​ផ្លូវ​ប្រជា​ធិបតេយ្យ​​ពិត​​ ។​
Flag Counter