ឥទ្ធិពលអក្សរសាស្រ្ត - MonkCambodia

ឥទ្ធិពលអក្សរសាស្រ្ត

Share This
 
ទិសដៅជាបឋមរបស់សមាគមអក្សរសិល្ប៍ នូ ហាច គឺជំរុញអក្សរសិល្ប៍ខ្មែរឲ្យរីកស្គុះស្គាយ ដោយ​​​រួម​​​សហការជាមួយវិស័យដទៃទៀត ដើម្បីសម្រេចបំណង​ចុង​ក្រោយ គឺជួយសង្គមខ្មែរឲ្យ​មានអធិបតេយ្យ​ភាព ​​​យុត្តិ​​ធម៌ កិត្យានុភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ។ តាមប្រវត្តិសាស្ត្រ អក្សរសិល្ប៍បានជួយបំភ្លឺផ្លូវមនុស្សជាតិ ពីសម័យមួយ​ទៅ​សម័យ​មួយ។ លោក Victor​ Hugo អ្នកនិពន្ធជាតិបារាំងដ៏ល្បីល្បាញនៅសតវត្សទី​១៩ បានសរសេរ​ប្រលោម​​លោក​​មួយ​ មាន​ចំណង​ជើង​ថា Les Miserables(ទុរគតជន)។ រឿង​នោះ តួអង្គឈ្មោះ Jan Valjan ជាជន​ក្រ​​​​កម្សត់ អត់​ឃ្លាន ហើយបាន​ព្យាយាមលួច​នំបុ័ង​គេ តែត្រូវប៉ូលីសចាប់ឃុំឃាំងជា​​​​ច្រើនឆ្នាំ និងបានទទួលរងទុក្ខ​វេទនា​​​​ច្រើន​ប្រការ។ លោក Victor Hugoបានធ្វើឲ្យអ្នកអានរាប់លាននាក់​ស្រក់​ទឹក​ភ្នែក​ អាណិតអាសូរ ចំពោះ​សោក​នាដ​កម្ម ដែល Jan Valjan រែកពុន។ ដោយសារ​ទេព​កោសល្យ​​និពន្ធ​ដ៏​​​​ពិសេស​​នេះ លោក Tenyson អ្នក​និពន្ធ​ជាតិ​អង់គ្លេសបានឲ្យងារ Victor Hugo ថា “អម្ចាស់​​​នៃទឹកភ្នែក​មនុស្ស”​។ អម្ចាស់នៃទឹកភ្នែក បានលាចាកលោកពីរសតវត្សរ៍ហើយ តែពន្លឺនៃឧត្តមគតិរបស់លោកឆ្លុះបញ្ចាំងលើ​ ភា ​ព​​ជាក់ស្តែង នៃរដ្ឋាភិបាលបារាំងបច្ចុប្បន្ននេះ ដោយបានបង្កើតកម្មវិធីសង្គមកិច្ច​ជាច្រើន ​ជួយ​ឧបត្ថម្ភ​មនុស្ស​កម្សត់អត់ឃ្លាន និងគ្រួសារក្រីក្រ។ តើនេះអាចចាត់ទុក​ថា ជាឥទ្ធិពលនៃ​អក្សរ​សាស្ត្រ​​ដែរ​​ឬទេ? បើ​​​មិន​​មែន ហេតុអ្វីក៏កម្មវិធីទាំងនេះមិនមានពីអតីតកាល? ក្នុងសង្គមខ្មែរ កវី អ្នកនិពន្ធ ដែលប្រឹងប្រែងលើកស្ទួយអក្សរសាស្រ្តជាក្រុមតូចៗ ដែល​ពុំសូវ​មាន​ធន​ធាន មុខមាត់ ឬ​កិត្យានុភាពក្នុងសង្គម ដូច្នេះហើយ ទើបឥទ្ធិពលនៃអក្សរសិល្ប៍ មាន​​តិច​តួច​​​នៅឡើយ។ ការលើកស្ទួយអក្សរសាស្រ្ត ពឹងពាក់យ៉ាងខ្លាំងទៅលើគុណសម្បត្តិនៃអ្នកសិក្សា សាស្ត្រាចារ្យ និស្សិត បញ្ញវន្ត និងអ្នកអានទូទៅ។ បណ្តាញព័ត៌មាន រួមទាំងទូរទស្សន៍ វិទ្យុ កាសែត ក៏សំខាន់​ណាស់​​​​ដែរ ក្នុង​​ការ​រួមចំណែកលើកស្ទួយបុព្វហេតុខាងលើនេះ។​ ខូ តារាឫទ្ធិ

Flag Counter