
សោយទិវង្គតទៅនៅឆ្នាំណាទេ។ ព្រះអង្គទំនងជាសោយរាជ្យរហូតដល់ គ.ស. ១២១៨។ ព្រះអង្គមានព្រះមរមនាមថា មហាបរមសៅគត។ ព្រះនាមនេះសឲ្យឃើញថា ព្រះអង្គជាពុទ្ធសាសនិកជនមួយរូប តែទោះបីយ៉ាងហ្នឹងក៏ដោយ ក៏ព្រះអង្គមានព្រាហ្មណ៍បុរោហិតមួយរូប ឈ្មោះ ឫសីកេស (ឫឞិកេឝ) ដែលជាសក្ខីភាពប្រាប់ថា សាសនាព្រាហ្មណ៍នៅពេលនោះ នៅមានឥទ្ធិពលខ្លាំងគួរសមដែរ។ តាមរូបបដិមាព្រះបាទជយវរ្ម័ន ទី ៧ មានសាច់មាំ ព្រះកេសមានផ្នួងសក់តូច។ លក្ខណៈនេះមានច្បាស់នៅ លើក្បាច់ចម្លាក់ជាច្រើន គេបានឃើញរូបបដិមាពីរ គឺមួយនៅអង្គរធំ និងមួយទៀតនៅប្រាសាទពិមាយជិតគោរាជ (โคราช ខូរ៉ាត) (នគររាជ) ដែលថែរក្សានៅសារមន្ទីរក្រុងបាងកក។ រូបបដិមាទាំងពីរនេះ គឺជាព្រះរូប របស់ព្រះបាទជយវរ្ម័ន ទី ៧។ អំពីកាលបរិចេ្ឆទនៃការសោយទិវង្គត គេពុំបានដឹងពិតប្រាកដទេ។ គេចោទជាសំណួរថា តើព្រះអង្គ មានព្រះរោគអ្វី ដែលនាំឲ្យព្រះអង្គសោយទិវង្គត ? មានរូបចម្លាក់ពីរនាសម័យនោះ គឺរូបចម្លាក់ នៅហោជាងប្រាសាទតូច ដែលគេហៅថា មន្ទីរពេទ្យ ស្ថិតនៅខាងកើតប្រាសាទតាកែវ។ លោក វិកទរ ហ្គោលូបេវ (V. Goloubew) បានសិក្សាយ៉ាងល្អិតល្អន់លើក្បាច់ចម្លាក់ ដើម្បីសែ្វងយល់អំពីរឿង « សេ្តច គម្លង់ » ប៉ុនែ្ត ពុំមានរូបបដិមាណា ដែលត្រូវនឹងរឿងនេះឡើយ។ ហើយលោកបានផ្តល់អត្ថបទរបស់លោកវេជ្ជបណ្ឌិត ម៉េស៍ណារដ៍ (Mesnard) ជានាយកវិទ្យាស្ថានប៉ាស្ទ័រ នៅក្រុងព្រៃនគរ បានប្រគល់ឲ្យគាត់ នៅ គ.ស. ១៩៣៤ អំពីអត្ថាធិប្បាយលើក្បាច់ចម្លាក់នៃប្រាសាទបាយ័នដូចតទៅ ៖ « កំភួនដៃ និងដៃនៃអ្នកជំងឺ ជាវត្ថុបំណងនៃការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីស្រ្តីដែលនៅព័ទ្ធជុំវិញ។ កាយវិការនៃស្រ្តីម្នាក់ មានលក្ខណៈដូចជាចាប់កាន់ត្រចៀកខាងស្តាំ បើកឲ្យធំ ដើម្បីឲ្យគេចាប់អារម្មណ៍ទៅលើចំណុចដែលសំខាន់បំផុត »។ « អវយវៈក្រោម ទ្រដោយវត្ថុមួយនៅក្រោមជង្គង់ »។ « ស្រ្តីម្នាក់លើកជើងស្តាំរបស់មនុស្សនោះ ដោយដៃឆេ្វង និងដៃស្តាំដូចជារឹតច្របាច់គក់ជើងឆេ្វង »។ « កាយវិការនៃស្រ្តីទាំងនេះ ដូចជាចង្អុលបង្ហាញថា មនុស្សនោះមានជំងឺនៅចុងអវយវៈ គឺជំងឺឃ្លង់?» ការកត់ចំណាំសំខាន់មួយទៀតនៅជិតខ្លួន នៃមនុស្សនោះ មានថូមួយ ដែលដាក់ផែ្លឈើរាងមូលពេញ។ ផែ្លឈើនេះប្រហែលជាផែ្លក្របៅ (Chaulmoogra) ។ ដើមក្របៅ (Hydnocarpus anthelmintica) ជាដើមឈើ ដែលដុះពាសពេញព្រៃ [៣]។ប្រភពពី: