តាមការនិយម និងជំនឿរបស់ខ្មែរយើងភាគច្រើន ពេលដែលឮពាក្យថា «ព្រះ» នេះភ្លាម តែងតែបញ្ជូនចិត្ត បញ្ជូនអារម្មណ៍ទៅកាន់ពិភពមួយដែលហួសពីចក្ខុវិស័យ មានឋានសួគ៌ ជាដើម ដោយយល់ថា «ព្រះ» គឺជាអាទិទេព (God) ឬ វត្ថុស័ក្តិសិទ្ធ និងអ្នកមានឥទ្ធិរឹទ្ធណាម្នាក់។ តាមការពិត បើយើងវែកញែកលំអិតពីឫសគល់នៃពាក្យថា «ព្រះ» យើងនឹងឃើញថា ពាក្យនេះនៅជាកណ្តាលនៅឡើយទេ មិនទាន់សំដៅទៅលើបុគ្គលណា អាទិទេពណា ឬវត្ថុស័ក្តិសិទ្ធណាមួយឡើយ។ នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា «ព្រះ» បា. សំ. ( ន. ) (វរ ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន”; ប្រើជា ន. ក៏បាន “ពរ; ស្វាមី; កូនប្រសាប្រុស; សេចក្ដីប្រាថ្នា…”) ពាក្យនេះខ្មែរប្រើក្លាយមកដោយ វ > ព + រ + ះ > ព្រះ; សម្រាប់ហៅឋានន្តរមន្ត្រីស័ក្តិ ៦ ហ៊ូពាន់ចុះបន្ទាប់ពីទីឧកញ៉ាមក : មន្ត្រីទីព្រះ ។ សម្រាប់ប្រើនាំមុខនាមនាមឯទៀត បានច្រើនយ៉ាងជាអនេក : ព្រះសម្មាសម្ពុទ្ធ; ព្រះឥន្ទ្រ, ព្រះព្រហ្ម; ព្រះមហាក្សត្រ, ព្រះរាជា, ព្រះករុណាជាម្ចាស់ជីវិត; ព្រះរាជបុត្រ; ព្រះធម៌; ព្រះសង្ឃ; ព្រះអាទិត្យ; ព្រះចន្ទ្រ; ព្រះពាយ; ព្រះបាទ; ព្រះកេសា; ព្រះអរហន្ត ។ល។
ឯពាក្យមួយទៀតដែលមានឫសគល់ដូចគ្នា នឹងពាក្យថា «ព្រះ» គឺ «ពរ» ដែលយើងតែងតែយល់ថាជាអំណោយនៃភាពជោគជ័យ សេចក្តីសុខ និងភាពចម្រើនរុងរឿង ។ល។ ឫសគល់នៃពាក្យថា «ពរ» នោះគឺ “ពរ សំ. បា. ( ន. ) (វរ) គុណជាតដ៏ប្រសើរ; គុណជាតឬអ្វីៗ ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត : សូមពរ, ឲ្យពរ, ទទួលពរ ។ ឲ្យពរសព្ទសាធុការ បញ្ចេញសូរសព្ទថា សាធុ សូមឲ្យ… បានប្រកបតាមបំណង!… ។ ស្រែកឲ្យពរឲ្យជ័យ ស្រែកឲ្យពរថា សូមឲ្យ… មានជ័យជម្នះ ! ដូចយ៉ាងស្រែកថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព. នោះផង) ។ ពាក្យនេះ សំ. បា. ប្រើជា គុ. ក៏បាន ប្រែថា “ប្រសើរ; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត”; ខ្មែរប្រើក្លាយមកជា ព្រះ ក៏មាន, នៅជា វរ ឬ វរៈ តាមរូបដើមក៏មាន” ។
ដូច្នេះ ត្រឹមតែពាក្យថា «ព្រះ» មួយម៉ាត់ មិនទាន់សំដៅថាជានរណា ឬវត្ថុណាឡើយ ព្រោះពាក្យនេះសម្រាប់ដាក់នាំមុខមនុស្ស សត្វ ឬវត្ថុ ដែលគេយល់ថាមានគុណឧត្តុងឧត្តមខ្ពង់ខ្ពស់គួរគោរពបូជា ដូចជា
-ព្រះពុទ្ធ ព្រះអង្គមិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាអច្ឆរិយបុគ្គលដ៏ចម្បងលើលោក ប្រសើរលើសលប់។
-ព្រះធម៌ មិនមែនជាព្រះអាទិទេពទេ តែជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ និងជាសភាវៈធម្មជាតិដែលស្ថិតនៅជានិច្ចក្នុងលោក។ ដែលហៅថា ព្រះធម៌ ព្រោះសំដៅយកសភាវៈដែលមានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់ នាំអ្នកប្រតិបត្តិតាមឲ្យរួចចាកទុក្ខ។
-ព្រះសង្ឃ មិនមែនជាព្រះអាទិទេពទេ គឺជាក្រុមមនុស្សសុទ្ធសាធ ដែលចេញបួសនិងបដិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។ ដែលហៅថាព្រះសង្ឃ ព្រោះជាអ្នកមានគុណខ្ពង់ខ្ពស់ដោយការបដិបត្តិវៀរចាកនូវអំពើ អាក្រក់គ្រប់យ៉ាង។
-ព្រះរតនត្រ័យ មិនមែនជាព្រះអាទិទេពទេ គឺជាឈ្មោះនៃរតនៈទាំងបី បានដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ជារតនៈឬកែវដ៏មានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់។ល។
-ព្រះអរហន្ត មិនមែនជាព្រះអាទិទេពទេ គឺជាបុគ្គលដែលបានបដិបត្តិតាមអរិយដ្ឋង្គិកមគ្គលះបង់នូវកិលេស តណ្ហា កំចាត់បង់អស់នូវអវិជ្ជា និងសង្ខារទាំងពួង បានដល់ត្រើយគឺព្រះនិព្វាន។ ព្រះអរហន្តគឺរាប់បញ្ចូលទាំងព្រះសម្មាសម្ពុទ្ធ និងពុទ្ធសាវ័ក។
-ព្រះខីណាស្រព មិនមែនជាព្រះអាទិទេពទេ គឺជាអ្នកដែលក្ស័យអស់នូវអាសវក្កិលេស ជាវេវចនស័ព្ទនឹងព្រះអរហន្ត។
-ព្រះកន្លោង មិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាមាតាបិតា ឪពុកម្តាយ ដែលខ្មែរយើងហៅថា ព្រះកន្លោង។ ដោយមាតាបិតាមានគុណដ៏ធំធេងចំពោះកូនប្រុសស្រី ដូច្នេះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រៀបធៀបលោកទាំងពីរទៅនឹងព្រះ អរហន្តរបស់កូនផង ជាព្រះព្រហ្ម ជាព្រះអាទិទេពរបស់កូនផង។ ព្រះអង្គប្រៀបធៀបមាតាបិតាទៅនឹងព្រះអរហន្ត ថាជាអាហុនេយ្យបុគ្គលរបស់កូន គឺមាតាបិតា ជាមនុស្សដែលកូនប្រុសស្រី គួរគោរពបូជាប្រណិបត្តន៍ ជាព្រះព្រហ្មរបស់កូន ព្រោះមាតាបិតាមានព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា និងឧបេក្ខាចំពោះកូន ជាព្រះអាទិទេពរបស់កូន ព្រះអង្គហៅមាតាបិតាថាជា បុព្វទេវា គឺទេវតាដើម បុព្វ មានន័យថាខាងដើម ឬដំបូង មុន, ទេវា គឺទេវតា ឬទេព្តា ស្មើនឹងពាក្យ ថា អាទិទេព ព្រោះ អាទិ មានន័យថា ដំបូង មុន, ទេព មកពីពាក្យថា ទេវ ឬទេវតាហ្នឹងឯង ព្រោះមាតាបិតាជាអ្នកផ្តល់កំណើតដល់បុត្រធីតា និងថ្នាក់ថ្នមថែរក្សាកូនប្រុសស្រីមុននរណាៗទាំងអស់។
-ព្រះមហាក្សត្រ មិនមែនជាព្រះអាទិទេព គឺជាមនុស្សពិតដែលគ្រប់គ្រងផែនដី នគរ ប្រទេស ហើយពាក្យ ព្រះ នេះត្រូវបានប្រើនាំមុខមនុស្សដែលកើតក្នុងរាជវង្ស ដូចជា ព្រះមាតា ព្រះបិតា ព្រះរាម ព្រះអនុជ ។ល។
-ព្រះវិស្ណុ ព្រះព្រហ្ម ។ល។ ត្រូវបានបរិស័ទខាងព្រហ្មញ្ញសាសនាជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹកដី មនុស្ស សត្វ និងពិភពលោក។
-ព្រះគ្រិស្ត ឬព្រះយេហូវ៉ា ត្រូវបានគ្រិស្តបរិស័ទជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹក ដី ព្រៃព្រឹក្សា មនុស្ស សត្វ និងពិភពលោក។
-ព្រះអាឡា ត្រូវបានអ៊ីស្លាមសាសនិក ជឿថាជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតអ្វីៗគ្រប់យ៉ាង ។ល។
ហើយនិងមានព្រះអាទិទេពជាច្រើនអង្គទៀតដែលបរិស័ទក្នុងសាសនាផ្សេងៗលើលោកនេះជឿថាកំពុងតែស្ថិតនៅលើឋានសួគ៌។
ក្នុងការរៀបរាប់ត្រួសៗអំពី «ព្រះ» មកខាងលើនេះ ចង់បញ្ជាក់ឲ្យឃើញថា ពាក្យ «ព្រះ» មួយម៉ាត់នេះ មិនមែនសំដៅលើតែព្រះអាទិទេពមួយមុខដូចដែលមនុស្សមួយចំនួនបានគិត និងសំគាល់ទុកមកនោះទេ។ ពាក្យថា ព្រះ នេះនៅជាសាធារណៈនៅឡើយទេ ទាល់តែដាក់នៅមុខឈ្មោះបុគ្គលណា ក្រុមណា វត្ថុណា ទើបយើងអាចសំគាល់បានថា ជាព្រះអង្គនេះ ព្រះអង្គនោះ ព្រះអាទិទេព ឬព្រះមិនមែនអាទិទេព។ បើអញ្ចឹង តើសំណួរខាងលើនោះឆ្លើយដូចម្តេចទើបត្រូវ? អ្នកណាឆ្លើយដូចម្តេចក៏ឆ្លើយទៅ ប៉ុន្តែចំពោះខ្ញុំ.សូមឆ្លើយថា «នរណាក៏ជាព្រះ» ហេតុអ្វី? ព្រោះថា សាធុជនដែលកំពុងអានអត្ថបទនេះក៏ជាព្រះដែរ អាចជាព្រះភិក្ខុសង្ឃ ព្រះមហា បើលោកអ្នកដែលមានភរិយា-ស្វាមី មានកូនប្រុសស្រី គឹជាព្រះព្រហ្ម ព្រះកន្លោង ព្រះអាទិទេព របស់កូនប្រុសស្រី បើលោកអ្នកដែលមិនទាន់មានគូស្រករទេ ក៏គង់តែនឹងក្លាយទៅជាព្រះមួយអង្គនឹងគេដែរក្រោយពេលរៀបអាពាហ៍ ពិពាហ៍ មានបុត្រធីតា នាពេលអនាគត ហើយបច្ចុប្បន្នបើជាអ្នកប្រព្រឹត្តប្រតិបត្តិធម៌ដ៏ប្រសើរក្នុង ជីវភាពប្រចាំថ្ងៃ បើទុកជាគេមិនបានហៅពាក្យថាព្រះនៅពីខាងមុខក៏ដោយ ក៏បានឈ្មោះថាជាព្រះតាមគុណធម៌ដែលខ្លួនសាង ព្រោះពាក្យថាព្រះ គឺ វរ ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់។ ដូច្នេះមនុស្សដែលសាងល្អ មានគុណធម៌ខ្ពង់ខ្ពស់ គឺសក្តិសមជា «ព្រះ» ពិត។
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
Author Details
Note: Buddha Dharma Monk, Khmer Chef ,Khmer Poem , Khmer Festival,History of Buddha, Grammar Pali, Entertainment, Education, sports, technology, Khmer food, Khmer Housewife, Khmer Literature,Buddhism and society........ ©All rights reserved by MonkCambodia 2020


























